អានតួអត្ថបទ
រុស្ស៊ី-តួកគី-អ៊ីរ៉ង់-ស៊ីរី

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី តួកគី និង​អ៊ីរ៉ង់​បាន​រួមប្រជុំ​នៅ​មូស្គូ​ពិភាក្សា​បញ្ហា​ស៊ីរី

ថ្ងៃសៅរ៍ ទី២៨ មេសា ប្រមុខ​ការទូត​រុស្ស៊ី តួកគី អ៊ីរ៉ង់ បាន​ជួបជុំ​គ្នា​នៅ​ទីក្រុងមូស្គូ​ដើម្បី​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​ស្វែង​ដំណោះស្រាយ​ឲ្យ​ជម្លោះ​នៅ​ស៊ីរី ជាទី​ដែល ៣ ប្រទេស​នេះ បន្ក​ដើរ​តួ​ចម្បង។ ជំនួប ត្រីភាគី​នេះ ប្រព្រឹត្ត​ទៅ​ជា​លើក​ដំបូង ក្រោយ​ពី សម្ព័ន្ធ​អាមេរិក-បារាំង និង​អង់គ្លេស បាន​វាយប្រហារ​ទៅលើ​ស៊ីរី កាល​ពី​កន្លះ​ខែ​មុន ដើម្បី​សងសឹក​របប​ក្រុង​ដាម៉ាស់ ដែល​ត្រូវ​គេ​ចោទ​ថា បាន​ប្រើ​អាវុធ​គីមី ប្រឆាំង បណ្តា​ជនស៊ីវិល។

ពីឆ្វេង​ទៅ​ស្តាំ លោក Zarif រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ សមភាគី​រុស្ស៊ី​លោក  Lavrov និង​សមភាគី​តួកគីលោក Cavusoglu ថ្ងៃទី២៨ មេសា ២០១៨ ក្នុង​ទីក្រុង​មូស្គូ
ពីឆ្វេង​ទៅ​ស្តាំ លោក Zarif រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ សមភាគី​រុស្ស៊ី​លោក Lavrov និង​សមភាគី​តួកគីលោក Cavusoglu ថ្ងៃទី២៨ មេសា ២០១៨ ក្នុង​ទីក្រុង​មូស្គូ Reuters
ផ្សាយពាណិជ្ជកម្ម

ជា​តុល្យាការ​ជំនួប​នៅ​មូស្គូ រសៀល​ម្សិលមិញ រដ្ឋមន្ត្រី​ការបរទេស​ទាំង​បី​ប្រទេស បាន​ចេញ សេចក្តីថ្លែងការណ៍​រួម ដែល​សង្កត់​ធ្ងន់​ថា រុស្ស៊ី តួកគី និង​អ៊ីរ៉ង់​ចាត់​ទុក​ជា​ការ​មិន​អាច​ទទួល​យក​បាន​ឡើយ សកម្មភាព​ណា ដែល​សំដៅ​ពុះ​ចែក​ប្រទេស​ស៊ីរី ។ រុស្ស៊ី តួកគី និង​អ៊ីរ៉ង់​នឹង​ប្រឈម​ប្តូរ​ប្តេជ្ញ ទល់​នឹង​ការ ប៉ុនប៉ង​ណា បំផ្លិច​បំផ្លាញ​លទ្ធផល​ដ៏​ស័ក្តិសិទ្ធិ​ហុច​មក​ដោយ កិច្ចចរចា​អន្តរស៊ីរី នៅក្រុង Astana ។ រុស្ស៊ី តួកគី និង​អ៊ីរ៉ង់ ថ្លែង​ជា​ថ្មី​អំពី សារសំខាន់​នៃ​ការ​ប្រយុទ្ធ​ឥត​សម្រុះសម្រួល ទល់​នឹង​ពួក​ភេរវជន ដោយ​ឈរ​លើ គោរព​តាម​បទ​ឈប់បាញ់ នៅ​តាម​តំបន់​សន្តិសុខ​ចំនួន ៤ ដែល​មាន​បង្កើត​បាន​នៅ​ស៊ីរី ពិត​ជា ដោយសារ ជំនួប​នៅ រដ្ឋធានី​កាហ្សាក់ស្ថាន​នោះ។

សេចក្តីថ្លែងការណ៍​រួម​នេះ ត្រូវ ៣ ប្រទេស​ផ្ញើ​ជូន អសប។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម ដែលប្រព្រឹត្ត​ទៅ​បន្ទាប់​មក លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov លើក​ឡើង​ជា​អាទិ៍ ដូច​ដែលព្រឹត្តិការណ៍​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​បង្ហាញ​ឲ្យ​ឃើញ​ស្រាប់ មិនមែន គ្រប់​គ្នា​ទេ ដែល​ត្រូវ​ការ​ឲ្យ​មានសន្តិភាព​នៅ​ស៊ីរី។ រៀងរាល់​តែ​លើក កាលណា​ក្នុង​ដំណោះស្រាយ​ស៊ីរី​មាន​លេច​ចេញ​មក​ជា​ក្តីសង្ឃឹម គឺ វា​តែង​រង​នូវ​ព្រនង់​ទូង។ ដូច្នេះ ពេល​ដែល​យើង​ស្រាក់​កម្លាំង​គ្នា បង្កបង្កើត និង​កសាង ដៃគូ​ឯ​ទៀតរបស់​យើង បែរ​ទៅ​ជា​ខិតខំ​កំទេចចោល ការ​ប្រឹងប្រែង​របស់​យើង​ស្ថាបនា​រួម​គ្នា ដោយ​គេ​មិន​ខ្វល់ឡើយ ទោះ​បី​ទង្វើ​គេ​បំពាន​លើ​ច្បាប់​អន្តរជាតិ​ក្តី ហើយ​ទង្វើ​បែប​នេះ គឺ ការ​វាយប្រហារ ទៅ​លើ​ស៊ីរី កាល ពី ថ្ងៃ ១៤ មេសា ដោយ អាមេរិក អង់គ្លេស និងបារាំង។

ចំណែក​លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ Mohammad Javal Zarif កត់​សម្គាល់​ថា ដំណើរ​វិវឌ្ឍ​ទៅ នៃ ព្រឹត្តិការណ៍​នៅ​ស៊ីរី ជាពិសេស សកម្មភាព​យោធា របស់ សរអា និង សម្ព័ន្ធមិត្ត​ឯ​ទៀត ទល់ នឹង​ស៊ីរី គឺបាន បង្ក​លក្ខណៈ​ស្មុគស្មាញ លុះ​ទាល់​តែ បន្ទាប​លទ្ធភាព​សម្រាប់​រក​ដំណោះស្រាយ​តាម​ផ្លូវនយោបាយ ឲ្យ​វិបត្តិ នៅ​ស៊ីរី។ ដោយ​ឯកភាព​នឹង ប្រមុខ​ការទូត​អ៊ីរ៉ង់ លោក រដ្ឋមន្ត្រី​ការបរទេស​តួកគី Mevlut Cavusoglu ថ្លែង​ថា ដំណោះស្រាយ​ដ៏​ល្អ​ប្រសើរ​បំផុត គឺ ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ។ ដំណោះស្រាយ​ណា​ក៏​ដោយ តាម​ផ្លូវ​ប្រើ​កម្លាំងអាវុធ គឺ ខុសច្បាប់ និង​ពាំនាំ​តែ ក្តី​អន្តរាយ។

ប្រមុខ​ការទូត​ទាំង ៣ ប្រទេស ជា​បង្ហើយ​កិច្ច​បាន​ឯកភាព​គ្នា​ថា ក្នុង​ដំណាក់​ឥឡូវ គ្មាន​ជម្រើស​ណាផ្សេង ក្រៅ​ពី កិច្ចចរចា​នៅ​ក្រុង Astana ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ កណ្តាល​ខែ​ឧសភា ដើម្បី​ដោះស្រាយបញ្ហា ផ្តល់ ជំនួយ​មនុស្សធម៌​ឡើង​វិញ និង​បញ្ហា​ដោះដូរ​ឈ្លើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ