ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/12 12h00 GMT

​លោក​ម៉ាក្រុង​​ទៅ​​នូវែលកាឡេដូនី មុន​ប្រជាមតិទាមទារ​ឯករាជ្យពីបារាំង

​លោក​ម៉ាក្រុង​​ទៅ​​នូវែលកាឡេដូនី មុន​ប្រជាមតិទាមទារ​ឯករាជ្យពីបារាំង
 
ប្រធានាធិបតី​បារាំង​និង​រដ្ឋមន្ត្រីការបរទេស ក្នុង​ពិធី​ជា​ប្រពៃណី​នៅ​ក្រុង​នូម៉េអា AFP

លោកប្រធានាធិបតីបារាំង អេម៉ាណុយអែល ម៉ាក្រុង កំពុង​​បំពេញ​ទស្សនកិច្ច​នៅ​ ​នូវែលកាវែលកាឡេដូនី ដែនដី​ឯ​នាយ​សមុទ្ទរបស់​បារាំង ក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិក ដែល​គ្រោង​នឹង​រៀប​ចំ​ប្រជាមតិ​ស្តីពី​ការ​ទាមទារ​ឯករាជ្យ​ពី​ប៉ារីស នៅ​ថ្ងៃទី ៥ វិច្ឆិកា ២០១៨​ខាង​មុខ។ ជា​ទស្សនកិច្ច​ដែល​គេទន្ទឹង​ចាំ​​ខ្លាំង តែ​ក៏​ជា​តំណាង​ភាព​ចម្រូង​ចម្រាស​ខ្លាំង​ដែរ។​

លោក​ម៉ាក្រុង​ជា​ប្រធានាធិបតី​បារាំង​ទី​៧ហើយ​ដែល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ដែនដី​ឯនាយសមុទ្ទ​នូវែលកាឡេដូនី ប៉ុន្តែ​ទស្សនកិច្ច​នេះ មាន​អត្ថន័យ​ពិសេស​ ខុស​ពី​សព្វមួយដង ពី​ព្រោះ​នៅសល់​តែ​៦​ខែគត់​ទៀត​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​នូវែល​កាលេដូនី ត្រូវផ្តល់​ចម្លើយ​ក្នុង​ប្រជាមតិ​ ថា​តើ ពួក​គេ​ចង់​ឱ្យ​នូវែលកាឡេដូនី មាន​អធិបតេយ្យ​​ពេញ​លេញ និង​ក្លាយ​ជា​តំបន់​ឯករាជ្យដែរឬទេ? ប្រជាមតិ​នេះ​ជាដំណាក់កាល​ប្រវត្តិសាស្ត្រនៃ​​ដំណើរ​ដកខ្លួន​ចេញ​ពី​អាណានិគមបារាំង ផ្ទុះ​ឡើង​​កាលពី​៣០​ឆ្នាំ​មុន។

សូម​អាន ៖ ហេតុអ្វី បានជា​កោះ​នូវែល​កាឡេដូនី ចង់​ផ្តាច់ទឹកដី​ចេញ​ពី​បារាំង

ថ្ងៃទី ៥​ឧសភា ១៩៨៨ យោធា​បារាំង​បាន​បើក​ប្រតិបត្តិការ​វាយលុក​រូង​ភ្នំ ដែល​កង​កម្មង់ដូ​អ្នក​ឯករាជ្យ​និយម​កាណាក់ (ប្រជាជន​ដើម​របស់​នូវែលកាឡេដូនី) ចាប់​នគរបាល​បារាំង​ជា​ចំណាប់​ថ្នូរ។ អំពើ​ហិង្សា​នោះ​បាន​សម្លាប់​ជីវិត​មនុស្ស​១៩នាក់ និង​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉ារីស ចរចានិងព្រមចុះ​កិច្ចព្រមព្រៀងក្រុង​នូមេអា ថ្ងៃទី ៥​ ឧសភា ១៩៩៨ ​​ផ្តល់​ស្វ័យភាព​យ៉ាង​ទូលំទូលាយ​ដល់​កោះ​ និង​រៀប​ចំ​ដំណើរ​ចេញ​ពី​អាណានិគម​បន្តិចម្តងៗ ដោយ​ចាប់​ផ្តើម​ពី​​ការ​ធ្វើ​ប្រជាមតិ​ទាមទារ​ឯករាជ្យ ​នៅ​ចុង​ឆ្នាំ២០១៨។

​​​​​និម្មិត្តរូបដ៏សំខាន់​មួយ​ទៀត គឺ​លោក​ម៉ាក្រុងជា​ប្រធានាធិបតី​បារាំង​ដំបូង​គេ​ ដែល​ធ្វើដំណើរ​ទៅ​ដល់​កោះ​អ៊ូវេអា។ Ouvéa ​​​តំបន់​កាន់​កាប់​របស់​​ក្រុម​អ្នក​ឯករាជ្យ​និយម។ ជា​ទស្សនកិច្ច​ដែល​ប្រពឹត្ត​ទៅ ​ចំ​ថ្ងៃ​ខួប​៣០​គត់​នៃ​ហេតុការណ៍​​ដ៏​សោក​សៅ​ ​ថ្ងៃទី ៥ ឧសភា ២០១៨។ ប៉ុន្តែ​ ជម្រើស​នេះ​មិន​សូវ​មាន​ការ​មូល​មតិ​គ្នា​ប៉ុន្មាន​ទេ​។ ក្រុម​អ្ន​កឯករាជ្យ​និយម យល់​ថា​ នៅ​ថ្ងៃ​ ​៥​ឧសភា​មុន​ ​ប្រធានាធិបតី​បារាំង​ម្នាក់​មុន (លោក​ហ្វ្រង់ស័រ មីតេរ៉ង់) បាន​ចុះ​ហត្ថលេខា​បញ្ជា​ឱ្យ​ធ្វើ​ប្រតិបត្តិការ​យោធា។ ៥ឧសភា​​នេះ ប្រធានាធិបតី​បារាំង​ម្នាក់​ទៀត​មក ធ្វើ​ទស្សនកិច្ច​ តើ​មិន​មែន​ជា​​គាស់​កកាយ​បង្ក​ហេតុទេ​ឬ​ ?! ពួក​គេ​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​ផង។

ប្រគល់​បណ្ណកម្មសិទ្ធិ​ដី​ឱ្យ​វិញ

លោក​ម៉ាក្រុង​នៅ​រក្សា​កម្មវិធី​ទស្សនកិច្ច​របស់លោក​ដដែល ប៉ុន្តែ​បាន​កំរិត​សកម្មភាព​របស់​លោកក្នុង​ដែនដី​អ្នក​ឯករាជ្យនិយម ដោយ​មាន​ត្រឹម​តែអញ្ជើញ​ទៅគោរព​វិញ្ញាណក្ខន្ធ​​អ្នកដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី ៥ ឧសភា ១៩៨៨​នោះ ដើម្បី​ផ្សះផ្សា​អនាគត និង​មិន​ធ្វើ​សុន្ទរកថា​អ្វី​នៅទឹក​ដី​អ្នក​ឯករាជ្យ​និយម​​ទេ​។ ​លោក​ប្រធានាធិបតី​មិន​ចង់​ឱ្យ​មាន​ការ​បក​ស្រាយ​ផ្សេងៗ ថា​លោក​យក​ហេតុការណ៍​សោកនាដកម្ម​មក​ធ្វើ​ជា​ឧបករណ៍​នយោបាយ។

​លោក​ប្រធានាធិបតី​នឹង​ថ្លែង​សុន្ទរកថា​ នៅ​ពេលទៅ​ដល់​​រដ្ឋធានី នូ​មេអា របស់​នូវែលកាឡេដូនី។ សុន្ទរកថា​ដែល​ទំនង​ជា​នឹង​គ្មាន​ខ្លឹម​សារ​ជា​ការ​បញ្ជាក់​​ជំហរ​របស់​លោក ក្នុង​សំណុំ​រឿង​ទាមទារ​ឯករាជ្យ​ឡើយ ព្រោះ​នេះ​ជា​ឱកាស​សម្រេច​របស់​ពលរដ្ឋ​នូវែល​កាឡេដូនី។ លោក​ ម៉ាក្រុង នឹង​​លើកតែ​អំពី​តម្លៃ​និង​អនាគត​របស់​ដែន​ដី ព្រម​ទាំង​រំលឹក​អំពី​ប្រវត្តិចលាចល​នៃ​ការ​ធ្វើ​អាណានិគមនូវែលកាឡេដូនី តាំង​ពី​ឆ្នាំ​១៨៥៣​មក។ តែ​តាមរយៈ​​​កិច្ចព្រមព្រៀង​ ៥ឧសភា ១៩៩៨ ដល់​វេលា​ដែល​គេ​អាច​មើល​ឃើញ​ច្បាស់​អំពី​ស្រមោល​នៃ​អាណានិគម​ហើយ។

ហើយនា​ឱកាស​នេះ ​លោក​ម៉ាក្រុង នឹង​ប្រគល់​បណ្ណ​កម្មសិទ្ធិ​ប្រគល់​កោះ​មក​ឱ្យ​បារាំង​គ្រប់គ្រង កាលពី​ឆ្នាំ ១៨៥៣ ទៅ​ឱ្យ​រដ្ឋាភិបាល​នូវែលកាឡេដូនី។ បណ្ណ​កម្ម​សិទ្ធិ​នេះ ធ្លាប់ត្រូវ​បាន​រក្សា​ទុក​នៅ​ប៉ារីស​ជា​រហូត​មកទេ។ នូវែល​កាឡេដូនី ជា​ដែនដី​មរតក​នៃ​​អាណានិគមបារាំង ប៉ុន្តែ​ថ្ងៃ​នេះ វិមាន​ប្រធានាធិបតី​ចង់​បង្ហាញ​ប្រាប់នូវែលកាឡេដូនី​ថា ជោគ​វាសនា​កោះ​ស្ថិត​ក្នុង​កណ្តាប់​ដែ​របស់​ពួក​គេ​ហើយ។

ដំណើរ​ផ្លូវវែង​ឆ្ងាយ​នៃ​ការ​ទាមទារ​ឯករាជ្យ​

មតិ​សាធារណៈ ជាទូទៅ ហាក់​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ដំណើរ​ទស្សនកិច្ច​​របស់​លោក​ប្រធានាធិបតី​ទេ ហើយ​ក៏​មិន​ខ្វល់​នឹង​ជំហរ​របស់​ប្រធានាធិបតី​ចំពោះ​ប្រជាមតិ​ និង​ការ​ប្រគល់​បណ្ណ​កម្មសិទ្ធិ​ដែនដី​នូវែលកាឡេដូនី​នេះ​ទេ។ ការ​ប្រគល់​បណ្ណកម្មសិទ្ធិនេះ​គ្រាន់​តែ​ជា​និម្មិត្តរូប​តែ​ប៉ុណ្ណោះ ! ឯដំណើរ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ឯករាជ្យ​នៅ​ឆ្ងាយ​នៅ​ឡើយ​ ! និង​ត្រូវ​ឆ្លង​កាត់​ប្រជាមតិ​ ដែល​នឹង​ត្រូវ​រៀប​ចំ​ធ្វើ​ នៅថ្ងៃ​ទី ៤​វិច្ឆិកា ២០១៨​សិន។

បើតាម​ការ​ស្ទង់​មតិថ្ងៃទី ២​ឧសភា ២០១៨ ជុំ​វិញ​ប្រជាមតិ​ អ្នក​គាំទ្រ​ឯករាជ្យ​មាន​ត្រឹម​តែ​២២,៥% ប៉ុណ្ណោះ ឯសំឡេង​ប្រឆាំង​មានដល់​ទៅ​៥៩,៧%​ និង​១៧%​មិន​ទាន់​សម្រេចចិត្ត៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ