អានតួអត្ថបទ

ETA ចលនា​ភេរវនិយម​ដ៏​ចំណាស់​បំផុត​នៅអឺរ៉ុប ប្រកាស​ឈប់​ធ្វើ​សកម្មភាព

ក្រុម​ឧទ្ទាម​​​ផ្តាច់​ទឹក​ដីនិយម ​ETA បាន​ប្រកាសជូន​ដំណឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៣ ឧសភា ២០១៨​ ​រំសាយចោល​​រចនា​សម្ព័ន្ធ​របស់​អង្គការ​ និង​បិទ​បញ្ចប់រាល់​គ្រប់​សកម្មភាព​នយោបាយប៉ះបោរ​ ត្រឹម​ពេល​នេះ​។ ​សកម្មភាព​ប៉ះបោរ​ប្រដាប់​អាវុធរបស់ពួកគេ បាន​បង្ក​ស្លាប់​ជីវិត​មនុស្ស​ជាង ៨០០​នាក់ និង​របួស​រាប់​ពាន់​នាក់ ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍។

គំនូរ​តាម​ជញ្ជាំង​របស់​ចលនា​ផ្តាច់​ទឹក​ដី​និយម​ETA
គំនូរ​តាម​ជញ្ជាំង​របស់​ចលនា​ផ្តាច់​ទឹក​ដី​និយម​ETA 法新社资料
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​​សេចក្តី​ថ្លែងការណ៍ចុងក្រោយ​ ​ចុះ​ថ្ងៃ​ទី ៣ ឧសភា ផ្សព្វផ្សាយ​តាម​អ៊ីនធ័រនែត និង​ ​ចែក​ចាយ​ជូន​គ្រប់​ប្រព័ន្ធ​សារព័ត៌មាន ETA ក្រុម​​ផ្តាច់​ទឹក​ដី​និយម​បាស្ក ដែល​ជា​ចលនាប្រដាប់​អាវុធ​ខុស​ច្បាប់​​ដ៏​ចំណាស់ជាង​គេ​នៅ​អឺរ៉ុប​ខាង​លិច បាន​អះអាង​រំសាយ​រចនា​សម្ព័ន្ធ​របស់​អង្គការ​ទាំង​ស្រុង​ និង​បញ្ឈប់​រាល់​គ្រប់​សកម្មភាព​នយោបាយ និង​​តស៊ូ​ប្រដាប់​អាវុធ​របស់​ខ្លួន។

កកើ​ត​ឡើង​នៅ​ឆ្នាំ​១៩៥៩ ក្រោម​សម័យ​ដឹកនាំ​ផ្តាច់ការ​អេស្ប៉ាញ Francisco Franco ក្រុម​ឧទ្ទាម​ផ្តាច់​ទឹក​ដី​និយម​ETA បាន​សាបព្រោះ​អំពើ​ឃាតកម្ម​ ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​​ ​ នៅ អេស្ប៉ាញ និង​នៅ​បារាំង​ ប្រល័យ​ជីវិត​មនុស្ស​ អស់​ជាង​៨​រយ​នាក់ របួស​រាប់​ពាន់​នាក់ ធ្វើ​មាន​ស្ត្រី​មេមាយ ក្មេង​កំព្រា កាន់​តែច្រើន​ ... ក្រោម​ហេតុផល​ប៉ះបោរ​ទាមទារ​ឯករាជ្យ​ឱ្យ​តំបន់​បាស្ក។ តំបន់​បាស្ក ដែល​មួយ​ចំណែក​ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំង​និង​មួយ​ចំណែក​ទៀត​ស្ថិត​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។

​ផ្តាច់​ឬស​គល់​ដោយ​ការ​ចាប់​ខ្លួន​មេកើយ​ធំៗ ច្រាន​ដោយ​ប្រជាពលរដ្ឋ​ស៊ីវិល អង្គការ​ផ្តាច់ទឹក​ដី​និយម ដែល​ត្រូវ​បាន​សហភាព​អឺរ៉ុប​ចាត់​បញ្ចូល​ជា​បណ្តាញ​ភេរវនិយម​ ធ្លាប់​បាន​ប្រកាស​បោះបង់​ទង្វើ​ហិង្សា​ កាលពី​ឆ្នាំ​២០១១ និង​រំសាយ​អាវុធ​កាលពី​ឆ្នាំ​កន្លង​ទៅ។ អង្គការ​បាន​បង្ហាញ​ឆន្ទៈ​ល្អ​ថ្មីបន្ថែម​មួយ​ទៀត កាលពីកន្លះ​ខែ​មុន ដោយ​បានសរសេរ​​លិខិត​ប្រាប់​ទៅ​សារព័ត៌មាន​អេស្ប៉ាញ​​ថា​នឹង​រំសាយ​រចនា​សម្ព័ន្ធ​របស់​អង្គការ​ចោល​ទាំង​ស្រុង​ និង​បាន​ប្រកាស​សុំ​ទោស​ជន​រងគ្រោះ។ លិខិតនេះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​ឥស្សរជន​ដែល​ជា​អ្នក​ជំរុញ​ឱ្យ​ចលនា​ETA​បោះបង់​អំពើ​ហិង្សា មាន​ជា​អាទិ៍​លោក​កូហ្វី អាណាន់ អតីត​អគ្គលេខាធិការ​អង្គការ​ប្រជាជាតិ។

នៅ​ថ្ងៃ​សុក្រ​ទី ៤ ឧសភា ក្រុមអន្តរការី​ និង​តំណាង​បក្ស​នយោបាយ​អេស្ប៉ាញ ដែល​ទទួល​បន្ទុក​បញ្ចុះ​បញ្ចូល​អង្គការ​ETA​ឱ្យ​បញ្ឈប់​សកម្មភាព នឹង​ធ្វើ​សន្និសីទ​កាសែត​អន្តរជាតិ​មួយ នៅ​ក្នុង​តំបន់​បាស្ក​ក្នុង​ទឹក​ដី​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ