អានតួអត្ថបទ
រុស្ស៊ី

លោក​ វ៉្លាឌីមៀរ ពូទីន ​ឡើង​កាន់​តំណែង​ជាផ្លូវការ​ជា​ប្រធានាធិបតី​រុស្ស៊ី​អាណត្តិ​ទី៤​

នៅ​រុស្ស៊ី ពិធី​ទទទួល​សច្ចាប្រណិធាន​ដោយ​លោក វ៉្លាឌីមៀរ ពូទីន ឡើង​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​៤ បាន​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ចន្ទ​នេះ នៅ​​វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់។ បុរស​ខ្លាំង​នៃ​វិមានក្រេមឡាំង បាន​ទទួល​ជ័យជំនះ​ដ៏ត្រចះត្រចង់​ដោយ​សម្លេង​គាំទ្រ​ដល់​ទៅ​ជាង ៧៦%​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពី​ថ្ងៃ ១៨ មីនា​កន្លងទៅ។

លោក វ៉ាឌីមៀរ​ ពូទីន​(Vladimir Putin) ក្នុងពិធី​ទទួល​សច្ចាប្រណិធាន​ឡើងជា​ប្រធានាធិបតីរុស្ស៊ី​អាណត្តិទី៤ នៅ​វិមាន Kremlin ​នៅមូស្គូ​ថ្ងៃ​​ ៧​ឧសភា​២០១៨​​ ​
លោក វ៉ាឌីមៀរ​ ពូទីន​(Vladimir Putin) ក្នុងពិធី​ទទួល​សច្ចាប្រណិធាន​ឡើងជា​ប្រធានាធិបតីរុស្ស៊ី​អាណត្តិទី៤ នៅ​វិមាន Kremlin ​នៅមូស្គូ​ថ្ងៃ​​ ៧​ឧសភា​២០១៨​​ ​ Sputnik/Alexei Druzhinin/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

លើក​នេះ លោក​ពូទីន បាន​សម្រេច​ថា​មិន​យាត្រា​ទៅ​កាន់​វិមាន​ក្រេមឡាំង ដោយ​ខាឃាំង​វិថី​ជា​ច្រើន​ក្នុង​រដ្ឋធានី​នាំ​ឲ្យ​ស្ទះ​ចរាចរណ៍​ដូច​កាល​ពី ៦​​ឆ្នាំ​មុន​ឡើយ។ ក្នុង​ឆ្នាំ ២០១២ រូបភាព​បង្ហាញ​ពី​ក្បួន​រថយន្ដ លោក​ប្រធានាធិបតី​នៅ​តាម​ផ្លូវ​ដែល​សំអាត​ពី​ចរាចរណ៍​ពី​បណ្តា​ជន បាន​ញ៉ាំង​ឲ្យ​ភ្នែក​នៅ​បរទេស​ក៏​ដូច​ជា​នៅ​រុស្ស៊ី​ផ្ទាល់​មាន​ចំណាប់​អារម្មណ៍​ថា មេ​ដឹក​នាំ​រុស្ស៊ី​រូប​នេះ ហាក់បី ញែក​ខ្លួន​ឯង ឲ្យនៅ​ដាច់​ឯកោ​ពី​ប្រជាជន។

ឆ្នាំ​នេះ លោក​ពូទីន​បាន​វត្តមាន​ជាស្រេច​ក្នុង​បរិវេណ​នៃ​កំពែង​វិមាន​ក្រេមឡាំង។ ពិធី​ទទួល​សច្ចា​ប្រណិធាន​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​មហាសាល​ដ៏​សែន​អ៊ឹកធឹក​នៃ​វិមាន​ក្រេមឡាំង ​ដោយ​មាន​ការ​ចូល​រួម​នៃ ឥស្សរជន​ដ៏​ល្បីៗ​នៃ​ប្រទេស​ប្រមាណ ៥.០០០ នាក់​ដែល​ក្នុង​នោះ​មាន​គ្រប់​តែ​សមាជិក​នៃ​សភា​ទាំងពីរ​ថ្នាក់​គ្រប់តែ​សមាជិក​រដ្ឋាភិបាល​​គ្រប់តែ​អភិបាលខេត្ត​ចំណុះ​សហព័ន្ធ​រុស្ស៊ី ប្រធាន​តុលាការ​ធម្មនុញ្ញ​ប្រធាន​តុលាការ​កំពូល​បណ្តា​តំណាង​នៃ​គ្រប់​មជ្ឈដ្ឋាន​សាសនា​ក្នុង​ប្រទេស។ល។

ស្រប​នឹង​មាត្រា​ទី​៨២ នៃ​រដ្ឋធម្មនុញ្ញ​ដោយយោង​ទៅលើ​លទ្ធផល​បោះឆ្នោត លោក​ប្រធាន​តុលាការធម្មនុញ្ញ​បាន​ប្រកាស​យ៉ាង​ឧឡារឹក អំពី​ការ​ចូល​កាន់​តំណែង​ជាផ្លូវការ​នៃ​លោក វ៉្លាឌីមៀរ ពូទីន ជាប្រធានាធិបតី​អាណត្តិ​ទី​៤។ នាទី​គន្លឹះ​នៃ​ពិធី​គឺ​លោក ពូទីន​បាន​ដាក់​បាតដៃ​ស្តាំ​របស់​គាត់​លើ​ក្រាំង​រដ្ឋធម្មនុញ្ញ​ទាំង​បន្លឺ​ឡើង​នូវ​ពាក្យ​សម្បថ​មាន ៣៣ ព្យាង​ដូច​ត​ទៅ ៖

-“ខ្ញុំ​សូម​ស្បថ​ថា​ក្នុង​ដំណើរ​បំពេញ​មុខងារ​ជា​ប្រធានាធិបតី​សហព័ន្ធ​រុស្ស៊ី​គោរព​និង​ការពារ​សិទ្ធិ​និង​សេរីភាព​ពលរដ្ឋ,គោរព​និង​ការពារ​រដ្ឋធម្មនុញ្ញ​សហព័ន្ធ​រុស្ស៊ី ,ការពារ​អធិបតេយ្យ​និង​ឯករាជ្យ​សន្តិសុខ​និង​បូរណភាពរដ្ឋ , បម្រើ​ប្រជាជន​ដោយ​ស្មោះត្រង់”។

បន្ទាប់មក ក្នុង​សុន្ទរកថា​ខ្លួន លោក​ប្រធានាធិបតី​ពូទីន ថ្លែង​ថា មនៈសិការ​គាត់​ជ្រួតជ្រៀប​ទៅ​ដោយ​នាទី​ទទួលខុសត្រូវ​នៅ​ពីមុខ​ពលរដ្ឋ​ម្នាក់ៗ នៅ​ពី​មុខ​ប្រជាជន​ពហុជាតិ​នៃ​ប្រទេស​រុស្ស៊ី - ប្រទេស ដែល​មាន​ប្រវត្តិខ្លួន​ជា​រដ្ឋចាស់​ឆ្នាំ​ច្រើន​សតវត្សរ៍​មក​ហើយ​ដែល​ធ្លាប់​ដណ្តើម​បាន​ជ័យជំនះ​និង​សមិទ្ធិផល​ដ៏​សំបើមៗ។

លោក ពូទីន គូស​បញ្ជា្កក់​ថា​គាត់​ចាត់​ទុក​ករណីយកិច្ច​គាត់​និង​អត្ថន័យ​នៃ​ជីវិត​គាត់​ទាំង​មូល​គឺ​ធ្វើ​សព្វបែប​យ៉ាង​សម្រាប់​ប្រទេស​រុស្ស៊ី​សម្រាប់​បច្ចុប្បន្នកាល​និង​អនាគតកាល​ប្រទេស​នេះ​ក្នុង​ឋានៈ​ជា​ប្រទេស​មាន​សេចក្តីសុខ​និង​ចម្រើន​រុងរឿង​ដើម្បី​សុខុមាលភាព​ក្នុង​គ្រួសារ​រុស្ស៊ី​និមួយៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ