អានតួអត្ថបទ
បារាំង

សមិទ្ធិករ​អេហ្ស៊ីប៖ ឃ្លង់​មិនមែន​ជាបញ្ហា​សុខភាព ​ប៉ុន្តែជាបញ្ហា​សង្គម​រើសអើងរូបសម្បត្តិ

បន្ទាប់ពី​រឿង អ្នកណាក៏ដឹង Everybody knowរបស់​សមិទ្ធិករ​អ៊ីរ៉ង់ ដែល​និយាយ​ពី​អាថ៌កំបាំង​រឿង​សម្ងាត់​ក្នុង​គ្រួសារ មហោស្រពកាន នៅ​យប់​ម្សិលមិញ​បាន​ចាក់​បញ្ចាំង​កុន​មួយ​ទៀត រឿង​Yomeddine ដែល​និយាយ​ពី​សង្គម​រើសអើង​ទៅលើ​អ្នកកើត​ជម្ងឺ​ឃ្លង់ នៅ ប្រទេស​អេហ្ស៊ីប។​

រឿង Yomeddine ដែល​និយាយ​ពី​ការរើសអើង​ទៅលើ​អ្នកកើត​ជម្ងឺ​ឃ្លង់​នៅ អេហ្ស៊ីប​របស់​សមិទ្ធិករ​A.B SHAWKY
រឿង Yomeddine ដែល​និយាយ​ពី​ការរើសអើង​ទៅលើ​អ្នកកើត​ជម្ងឺ​ឃ្លង់​នៅ អេហ្ស៊ីប​របស់​សមិទ្ធិករ​A.B SHAWKY ©FDC
ផ្សាយពាណិជ្ជកម្ម

ជាភាសា​អារ៉ាប់ Yomeddine មាន​ន័យ​ថា ការកាត់ទោស​ចុងក្រោយ ទៅ​តាម​កម្ពី​របស់​ព្រះយេស៊ូ ជា​ខ្សែភាពយន្ត​ខ្នាតវែង​លើកដំបូង របស់​សមិទ្ធិករអេហ្ស៊ីប ​Abu Bakr Shawky។ ជាមួយការជ្រើសរើស​រឿង ​Yomeddine សម្រាប់ប្រកួតប្រជែង​ដណ្តើម​តាល់ប័ត្រ​មាស សមិទ្ធិករ​ជាតិអេហ្ស៊ីប​បានឱកាស​មក​បង្ហាញមុខជាលើកទី​១ នៅ​ក្នុង​មហោស្រពកាន។

Yomeddine និយាយ​ពី​លក្ខខណ្ឌ​ជីវិត​ និង​ការរើស​អើង​ក្នុង​សង្គម​ទៅលើ​អ្នកកើត​ជម្ងឺឃ្លង់ នៅប្រទេស​អេហ្ស៊ីប។ Beshay មានមុខ​មាត់​អាក្រក់ រើកកាយ​គំនរ​សំរាម​ដើម្បី រើស​បាន​របស់​​​ល្អ​ខ្លះ យក​ទៅ​លក់​ឲ្យ​ឈ្មួញ។ ពី​ឈុត​មួយទៅ​ឈុតមួយ គេឃើញ​ថា Beshay កើត​ជម្ងឺ​ឃ្លង់ រស់នៅ ក្នុង​មណ្ឌល​មួយ ដែល​គេ​បង្កើតឡើង​សម្រាប់​អ្នកកើតជម្ងឺឃ្លង់ និង​ ស្ថិត​នៅមិនឆ្ងាយ​ប៉ុន្មាន​ពី វាលខ្សាច់​​រហោឋាន។ នៅក្រោយ​ប្រពន្ធស្លាប់ បាត់ទៅ Beshay ដែល​បាន​ជួប​ម្តាយក្មេក​​ មក​គោរព​ផ្នូរ​របស់​ប្រពន្ធ ចាប់ផ្តើម​នឹកគិត ចង់​ស្វែងរក​ក្រុម​គ្រួសារ​។ Beshay នៅ ចាំបានថា ឪពុក​របស់ខ្លួន​បាន​យក​ខ្លួន​មក​ដាក់​នៅ​មណ្ឌល​ព្យាបាល​ជម្ងឺ​ឃ្លង់ និង​បាន​សន្យា​ថា នឹង​ត្រលប់​មក​យក​កូន នៅពេល​កូន​ជាពីជម្ងឺ​ឃ្លង់។

មិត្តភក្តិកើត​ជម្ងឺ​ឃ្លង់​ដូច Beshay បាន​ហាមឃាត់​មិន​ឲ្យ​ Beshay ផ្សងព្រេង​ទៅ​ស្វែងរក​ឪពុកម្តាយ ដែល​រស់នៅខេត្ត​​ដ៏សែនឆ្ងាយ​នៅភាគខាងត្បូង​អេហ្ស៊ីបនោះទេ។ គ្រប់​មិត្តភក្តិ​របស់​ Beshay និយាយ​បែបចំអកថា អ្នកកើតឃ្លង់នៅក្នុង​មណ្ឌល គឺ​មិនអាច​នៅ​សល់​មាន​ក្រុមគ្រួសារ​ទៀតនោះទេ។ ពាក្យនេះ​មានន័យ​ស្មើ​នឹង​ការបោះបង់​ចោល​កូន​កើតឃ្លង់ ប៉ុន្តែ សម្រាប់ Beshay គេ​ត្រូវ​តែ​ចេញ​ទៅ​ស្វែងរក​ឪពុក ដែល​បាន​សន្យាថា នឹង​ត្រលប់​មក​ទទួល​យកទៅវិញ នៅ​ពេល​ខ្លួនគេ​ជា។

នៅ​តាម​ផ្លូវ Beshay បាន​រកឃើញ​ថា កុមារ​អូបាម៉ា បាន​លបលាក់​ខ្លួន​ក្នុង​រទេះព្រោះ​តែ​គេ​ចង់​ធ្វើដំណើរ​ជាមួយ Beshay និង​មិន​ចង់​ទ្រាំទ្រ​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា តទៅទៀត។ នៅ​តាម​ផ្លូវ Beshay និង​កុមារ​អូបាម៉ា​បានជួប​ឧបសគ្គ​មិន​ថា គ្រោះថ្នាក់​បែកក្បាល ចោរ​ប៉ុនប៉ង​លួច​លា លា​ដែល​ស្លាប់​ដោយសារ​តែ​បាក់កម្លាំង​ដើរ​កាត់​វាលរហោឋាន ហើយ​និង​ការមើលងាយ រើសអើង​ខ្លាច​ឆ្លងជម្ងឺ​ឃ្លង់​របស់​អ្នកស្រុក។

នៅ​ត្រង់​ឈុត​មួយ​ដែល​កុមារ​អូបាម៉ា​ចុះ​មុជទឹកស្ទឹង នៅ មិនឆ្ងាយ​ប៉ុន្មាន​ពី​ហ្វូងសត្វគោ ស្រ្តី​មុខមាត់​ស្អាតបាត​ម្នាក់ស្រែក​ឲ្យ Beshay និង​អូបាម៉ា ប្រញាប់​ងើ​ប​ចេញពី​ទឹក ព្រោះ​គេ​ខ្លាច​ ជម្ងឺ​ឃ្លង់​របស់​Beshay ឆ្លង​ទៅ​កូន​របស់​នាង។ ​ស្រ្តីម្នាក់នោះ​មិននិយាយ​អ្វី នៅ​ពេល​​សត្វគោ ចុះទឹក​ ឬ​សំរាម​នៅ​ស្កេកស្កះនៅ​តាម​ច្រាំង ប៉ុន្តែនៅពេល​ Beshay​ដែល​ជា​ពីជម្ងឺ​ឃ្លង់ ប៉ុន្តែ នៅ​តែ​មាន​មុខមាត់​ស្នាមខូចដោយសារ​ឃ្លង់ បែរ​ជា​ត្រូវ​មាត់​ជេ​ផ្តាសា​ទៅវិញ។ សម្រាប់​សមិទ្ធិករ​អេហ្ស៊ីប អ្នកដែលធ្លាប់​កើត​ជម្ងឺ​ឃ្លង់ មិនមែន​ប្រឈម​នឹង​​​បញ្ហា​ខ្វះថ្នាំពេទ្យ​ការព្យាបាល​នោះទេ ប៉ុន្តែ គឺ ប្រឈមខ្លាំង​នឹង​ការមើលងាយ រើសអើង​លើរូបរាង មុខមាត់​នៅក្នុង​សង្គម​តែម្តង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ