ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/09 12h00 GMT

បារាំង​ចេញមុខ​រក​មធ្យោបាយ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

បារាំង​ចេញមុខ​រក​មធ្យោបាយ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់
 
លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង នៅ​អាល្លឺម៉ង់ ថ្ងៃទី ៩ ឧសភា ២០១៨ 路透社。

ក្រោយ​សេចក្តី​​ប្រកាសរបស់​លោក​ដូណាល់ ត្រាំ ​ដកសហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មក​ ស្ថាន​ភាព​នៅ​តំបន់​ដើម​បូព៌ា បាន​វិវត្ត​ដល់​មាន​ការ​ផ្ទុះ​អាវុធ។ នៅយប់​មិញ អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​ទៅ​ដែនដី​ស៊ីរី​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល។ អ៊ីស្រាអែល​ក៏​បាន​​បាញ់​តប​វិញ លើ​គ្រប់​ទីតាំង និង​រចនា​សម្ព័ន្ធ​​របស់​អ៊ីរ៉ង់​ទាំង​អស់នៅ​ស៊ីរី។ ប្រធានាធិបតី​បារាំង ដែល​កំពុង​​ជួប​ពិភាក្សា​ជាមួយ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ នៅ​​រសៀល​នេះ ដើម្បី​រក​វិធី​ផ្តុំ​កម្លាំង​អឺរ៉ុបការ​ពារកិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ អ៊ីរ៉ង់ និង​អ៊ីស្រាអែល បញ្ឈប់​សកម្មភាព​បង្ក​ហេតុ​គ្នា។

លោក ម៉ាក្រុង​ ក៏​បាន​ជួប​ជជែកតាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ ​​ ដែល​សន្យា​​បន្ត​គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ប្រសិន​បើ​មាន​ការ​ធានា​ពី​អឺរ៉ុប​ច្បាស់លាស់។

លោកប្រធានាធិបតី​បារាំង​បាន​ទូរស័ព្ទ​ជួប​សមភាគី​អ៊ីរ៉ង់ រយៈ​ពេល​ជាង​មួយ​ម៉ោង ដោយ​បាន​ជជែក​គ្នា​លើ​ប្រធានបទជា​ច្រើន​រាប់​តាំង​ពី កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដល់​បញ្ហា​ស្ថិរភាព​តំបន់​។ ​ខាង​អឺរ៉ុប ​ត្រូវ​ការ​ឱ្យ​អ៊ីរ៉ង់ ​គោរព​ទាំង​ស្រុង​តាម​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​​ឆ្នាំ ២០១៥ និង​បាន​ស្នើ​សុំ​ឱ្យ​អ៊ីរ៉ង់ បើក​កិច្ចចរចា​ស៊ីជម្រៅ​ស្តី​អំពី​ស្ថិរភាព​តំបន់ ជា​លក្ខណៈរួម រាប់​​បញ្ជូល​ទាំង​សកម្មភាព​នុយក្លេអ៊ែរ កម្មវិធី​បាលីស្ទិកអ៊ីរ៉ង់ និង​ដំណោះ​ស្រាយ​វិបត្តិ​នៅ​តំបន់​ដើមបូព៌ា​ ជាទូទៅ។ បារាំងក៏​​បាន​ស្នើ​ឱ្យ​អ៊ីរ៉ង់​ដក​ខ្លួន​ចេញ​ពី​ឈប់​គាំទ្រ​ទាំង​ងងឹត​ងងុល​របប​ក្រុង​ដាម៉ាស និងការ​​តាំង​មូល​ដ្ឋាន​ទ័ព​នៅ​ស៊ីរី ដែល​មាន​ទម្រង់​ជា​ការ​ប្រឆាំង​នឹង​អ៊ីស្រាអែល ច្រើន​ជាង​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​ស៊ីរី។

ត្រង់​ចំណុច​នេះ លោក​ហាសាន រ៉ូហានី បានព្រមព្រៀង​ជាមួយ​ប្រធានាធិបតី​បារាំង​ថា​នឹងចរចា​គ្នា​ឡើង​វិញ​ និង​​បាន​យល់​ព្រម​​បន្ត​គោរព​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​តាម​សំណើ​បារាំង ប៉ុន្តែអ៊ីរ៉ង់ ​បាន​ដាក់​លក្ខខណ្ឌ​និង​ទាមទារ​ឱ្យ​មាន​ការ​ធានា​យ៉ាង​ច្បាស់​លាស់​ពី​​អឺរ៉ុប ថានឹង​​បន្តការ​ផ្តោះ​ប្តូរ​សេដ្ឋកិច្ច ការពារ​ផលប្រយោជន៍​អ៊ីរ៉ង់​ ដូច​ជា​ការ​លក់​ប្រេង ទំនាក់ទំនង​ក្នុង​វិស័យ​ធនាគារ វិនិយោគ និង​ ​ធានារ៉ាប់រង ព្រមទាំង​វិស័យ​​ដឹក​ជញ្ជូន។

​ដើម្បី​បញ្ជាក់​អំពីភាព​ច្បាស់​លាស់ និង​តម្លាភាព​នៃ​​ការ​ធានា​របស់​អឺរ៉ុប ប្រធានាធិបតី​ បារាំង​និងអ៊ីរ៉ង់ បាន​ព្រមព្រៀង​គ្នា រៀប​ចំ​ដាក់​ឱ្យ​ដំណើរ​ការ​ ក្រុម​ការងាររួម​​ អឺរ៉ុប​និង​អ៊ីរ៉ង់ ដោយ​គ្មាន​បង្អង់។ ក្រុមការងារ​ បារាំង អាល្លឺម៉ង់​ អង់គ្លេស និង​អ៊ីរ៉ង់ នឹង​ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​សប្តាហ៍​ក្រោយ​។ ​​បន្ទាប់​ពី​​អឺរ៉ុប អ៊ីរ៉ង់​ត្រូវ​ការ​ការ​ធានា​ដូច​គ្នា​ពី​ខាង​ចិន​និង​រុស្ស៊ី​ដែល​ជា​ប្រទេស​ហត្ថលេខី​ពីរផ្សេង​ទៀត ដោយ​មាន​គម្រោង​ជួប​ពិភាក្សា​គ្នា​នៅ​សប្តាហ៍​ខាង​មុខ។

ឱកាស​ពង្រឹង​អឺរ៉ុប

បើ​តាម​ប្រភព​ស្និទ្ធ​នឹង​វិមាន​ប្រធានាធិបតី​បារាំង ប៉ារីស នឹង​ប្រឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បីការពារ​ប្រយោជន៍​ក្រុមហ៊ុន​អឺរ៉ុប។ ប៉ារីស គ្រោង​នឹង​មាន​ជំនួប​ពិភាក្សា ដ៏​តាន​តឹង​និង​ស្មុគ​ស្មាញ​បំផុត​ជាមួយ​វ៉ាស៊ីនតោន លើ​ប្រធានបទ​នេះ។ បារាំងមាន​យុទ្ធ​សាស្ត្រ​ចង់ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​យល់​ថា អាមេរិក​កំពុង​ឯកា​លើ​ឆាក​អន្តរជាតិ​ ហើយ​បណ្តោយ​ឱ្យ​ក្រុមហ៊ុន​រុស្ស៊ី ឬ​ក្រុមហ៊ុន​ចិន ទាញ​ចំណេញ​ពី​ទីផ្សារ​អ៊ីរ៉ង់ និង​យល់​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ជា​ការ​​បញ្ចុះ​ខ្សោយ​ផលប្រយោជន៍​អឺរ៉ុប និ​ងអាមេរិក​ខ្លួន​ឯង​។​

ប៉ុន្តែ​ដើម្បី​សម្រេច​កម្មវត្ថុ​នេះ​បាន បារាំង​តែ​ម្នាក់​ឯង​ធ្វើ​មិន​បាន​ទេ ! គេ​ត្រូវ​ការ​មាន​សម្ពាធ​ពី​អឺរ៉ុបទាំង​មូល ! សហភាព​អឺរ៉ុប គួរ​តែ​ត្រូវ​បាន​ឡើង​ជួរ​មុខ ទើប​បាន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​នេះ លោក​ ម៉ាក្រុង ត្រូវ​មាន​ជំនួប​ជាមួយ​ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ដើម្បី​ជំរុញ​ឱ្យ​អាល្លឺម៉ង់​រួម​ដៃ​យ៉ាង​ពេញ​លេញ​ជាមួយ​បារាំង​ក្នុង​ស្ថាបនា​អឺរ៉ុប​ឡើង​វិញ អឺរ៉ុប​ដែល​ខ្លាំង ព្រោះ​ពេល​នេះ​ជា​ឱកាស​ដ៏​ចាំ​បាច់​​បំផុត បើ​គេ​ចង់​យក​ឈ្នះ​លោក​ត្រាំ ដែល​គិត​តែ​ពី​ប្រយោជន៍​ជាតិ​ឯង។

នៅ​យប់​មិញ ថ្លែង​ទៅ​កាន់​ទូរទស្សន៍​អាល្លឺម៉ង់លោក ម៉ាក្រុង បាន​បញ្ជាក់​ជំហរ​ ដោយ​ចំៗ ថា “នេះ​ជា​វេលា​ប្រវត្តិសាស្ត្រ​ដែល​អឺរ៉ុប​ត្រូវ​​ចេះទទួល​បន្ទុក​ធានារ៉ាប់​រង​​សណ្តាប់​ធ្នាប់​នយោបាយ​​បែប​ពហុភាគី ដែល​សម្ព័ន្ធមិត្ត​បាន​ស្ថាបនា​ឡើង​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ តែ​ត្រូវ​​ក្រឡាប់​ចាក់​នៅ​ថ្ងៃ​នេះ”។

វិបត្តិ​អ៊ីរ៉ង់​នេះ មិន​មែន​ពាក់ព័ន្ធ​តែ​អ៊ីរ៉ង់​ម្នាក់​ឡើយ ! តែ​មាន​បង្កប់ និង​ជា​ការ​បន្តុះ​ឫសដែល​​អាច​ដុះ​ចេញ​ជា​វិបត្តិ​ឆ្លង​អាត្លង់​ទិក​តែ​ម្តង ប្រសិន​បើ​ទណ្ឌកម្ម​អាមេរិកលើ​អ៊ីរ៉ង់​ពិត​ជា​ប៉ះពាល់​ដល់​ក្រុមហ៊ុន​និង​ប្រយោជន៍​របស់​អឺរ៉ុប​នោះ។

ម្យ៉ាង​ទៀត​ បើ​អឺរ៉ុប​ប្រកាស​ខ្លួន​ជា​ឧបសគ្គ​របស់​អាមេរិកយ៉ា​ងដូច្នេះ មាន​ន័យ​ថាអឺរ៉ុប​កំពុង​ជ្រើសរើស​​​យុទ្ធសាស្ត្រ​ ​​ប្រថុយ​ប្រថាន រវាង​ការ​រុញ​អ៊ីរ៉ង់​ឱ្យ​ចេញ​ពី​កិច្ចព្រមព្រៀង​កាន់​តែ​លឿន ឬ​ជា​ការ​សង​សឹក​លើ​​ពាណិជ្ជកម្ម​អាមេរិក។ យុទ្ធសាស្ត្រ​បែប​នេះ ​មិន​ដឹង​ថាជា​ការ​ បង្ហាញ​ពី​រោគាចាស់​​នៃ​ភាព​ទន់​ខ្សោយ​របស់​​អឺរ៉ុប​ ឬ​ក៏​យ៉ាងណាទេ។ ប៉ុន្តែ​លោក​ម៉ាក្រុង ដែល​កំពុង​ដើរតួនាទី​ស្នូល​ ចង់​ប្រែក្លាយ​​វិបត្តិ​នេះ​ជា​ឱកាស​​សម្រាប់អឺរ៉ុប​និង​បារាំង៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ