ជនដៃដល់បង្កការវាយប្រហារដោយកាំបិតនៅប៉ារីស ជាជនជាតិបារាំង ដើមកំណើតរុស្ស៊ី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៦
ការវាយប្រហារដោយកាំបិត នៅកណ្តាលទីក្រុងប៉ារីស កាលពីយប់ថ្ងៃសៅរ៍ ជាស្នាដៃរបស់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាម ! ជនដៃដល់ជាជនជាតិបារាំង កើតនៅឆ្នាំ១៩៩៧ នៅឆេតឆេនី (រុស្ស៊ី) បានចាក់សម្លាប់អ្នកដំណើរម្នាក់ និងបួននាក់ផ្សេងទៀត រងរបួស មុននឹងត្រូវបាញ់សម្លាប់ដោយប៉ូលិស។
ហេតុការណ៍វាយប្រហារដោយកាំបិត បានកើតឡើង នៅយប់មិញ យប់ថ្ងៃសៅរ៍ វេលាម៉ោងជិត ៩យប់ ម៉ោងនៅប្រទេសបារាំង ដែលមនុស្សម្នាទូទៅ នៅកំពុងដើរកំសាន្តកកកុញនៅឡើយ និងនៅចំកណ្តាលទីក្រុងប៉ារីស ទីដែលមានរោងល្ខោន ភោជនីដ្ឋាន ហាងទំនិញ និងជាសង្កាត់ទេសចរណ៍ដ៏សកម្ម។ បើតាមសាក្សី បុរសម្នាក់ ក្នុងសណ្ឋានដូចមនុស្សឆ្កួត កាន់កាំបិតនៅនឹងដៃ ស្ទុះទៅចាក់អ្នកដំណើរ ជាច្រើននាក់ ដែលឆ្លងកាត់តាមទីនោះ ជាមួយនឹងសម្រែកថា Allah Akbar។
ភ្លាមមួយរំពេញ ប៉ូលិសបានមកដល់ និងសាកល្បងចាប់ខ្មាន់កាំបិត ដែលយារដៃវិញ ទើបប៉ូលិសម្នាក់បានដកកាំភ្លើងឆក់មកបាញ់ ហើយប៉ូលិសម្នាក់ទៀតបានបាញ់ពីរគ្រាប់ឱ្យជនដៃត្រូវរបួសរហូតដល់ស្លាប់។
ចំណែកឯជនរងគ្រោះ របួសទាំងបួនវិញ មានពីរនាក់រងរបួសធ្ងន់ខ្លាំង ប៉ុន្តែសង្គ្រោះទាន់ពេល និងប៉ះពាល់ដល់ជីវិតទេ។ ជនរងគ្រោះដល់ស្លាប់ ជាបុរសមានអាយុ២៩ឆ្នាំ តែអាជ្ញាធរមិនផ្តល់និងបញ្ចេញអត្តសញ្ញាណ ព្រមទាំងសញ្ជាតិឱ្យដឹងជាសាធារណៈទេ។
ជនដៃដល់ជាជាតិបារាំងដើមកំណើតរុស្ស៊ី
មិនខុសអ្វីពីជនល្មើសមុនៗ ជនដៃដល់រូបនេះគ្មានក្រដាសស្នាមជាប់នឹងខ្លួនទេ ! ហេតុដូច្នេះហើយបានជាគេត្រូវពេលវេលាជាម៉ោងទម្រាំអ្នកអង្កេតរកឃើញអត្តសញ្ញាណ។ ខ្មាន់កាំបិតនេះ ជាជនជាតិបារាំង ដើមកំណើតរុស្ស៊ី កើតនៅតំបន់ ឆេតឆេនី ក្នុងឆ្នាំ១៩៩៧។ ឪពុកនិងម្តាយ របស់ជននេះ ត្រូវបានប៉ូលិសឃាត់ខ្លួន តាំងពីព្រឹកថ្ងៃអាទិត្យនេះមក។
គ្មានប្រវត្តិប្រលាក់ប្រលូសនៅតុលាការទេ ប៉ុន្តែជនដៃដល់មានជាប់ឈ្មោះក្នុង បញ្ជីរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់ ឬបញ្ជី « S » សន្តិសុខជាតិ។ បញ្ជីនេះ មានកត់ឈ្មោះជនសង្ស័យគួរតាមដាន ចំនួនដល់ទៅជាង ១ម៉ឺននាក់ ដែលជាក្រុមមនុស្ស ផ្តាច់ខ្លួនធ្វើជាជនអ៊ីស្លាមជ្រុលនិយម ឬជាបុគ្គលមានទំនាក់ទំនងជាចលនាភេរវនិយម ជាមួយក្រុមហិង្សានិយម ជាមួយក្រុមជ្រុលនិយម ស្តាំជ្រុល ឬឆ្វេងជ្រុល។ល។ ជនដៃដល់ក្នុងហេតុការណ៍យប់មិញ ជាប់ឈ្មោះក្នុងបញ្ជីអង្កេត ពីបទផ្តាច់ខ្លួនទៅធ្វើជាជនអ៊ីស្លាមជ្រុលនិយម។
អង្គការរដ្ឋអ៊ីស្លាម ថាជាស្នាដៃរបស់កូនទាហានគេ
ក្រោយហេតុការណ៍នេះតែបន្តិច អង្គការរដ្ឋអ៊ីស្លាម បានចេញសារបង្ហោះតាមប្រព័ន្ធឃោសនា Amag របស់ពួកគេ និងដែលក្រុមអ្នកជំនាញតានដានវិបសៃត៍អ៊ីនធ័រនែតអ៊ីស្លាមជ្រុលនិយម មើលឃើញ អង្គការរដ្ឋអ៊ីស្លាម បានអះអាងថា “ខ្មាន់កាំបិតនេះ ជាទាហានរបស់គេ ដែលចេញធ្វើប្រតិបត្តិការដើម្បីសងសឹករដ្ឋដែលជាសម្ព័ន្ធអន្តរជាតិប្រឆាំងជីហាតនៅស៊ីរីនិងនៅអ៊ីរ៉ាក់”។
ក៏ប៉ុន្តែអាជ្ញាធរប៉ារីស ទទួលបន្ទុកអង្កេតភេរវកម្ម បានមើលឃើញដាន និងចាត់បញ្ចូលហេតុការណ៍នេះ ក្នុងសំណុំអង្កេតភេរវកម្ម តាំងពីដំបូងភ្លាមម្ល៉េះ។ រដ្ឋអាជ្ញារបានប្រកាសតាំងពីយប់ ថា ដោយយោលទៅលើភស្តុតាងផ្តល់ដោយសាក្សី និងទង្វើជាក់ស្តែងរបស់ជនដៃដល់ ស្រែកឧទ្ទិសដល់ព្រះអាឡា ក្នុងវាយប្រហារលើអ្នកដំណើរ និងបើយោលទៅរបៀបធ្វើសកម្មភាព ហេតុការណ៍នេះត្រូវប្រគល់ឱ្យក្រុមប្រយុទ្ធប្រឆាំងភេរវនិយមទទួលបន្ទុកអង្កេត។
បារាំងបង់ខាតជីវិតជាថ្មី
តាំងពីអង្គការរដ្ឋអ៊ីស្លាម បានដួលរំលំ ខ្ចាត់ខ្ចាយនៅអ៊ីរ៉ាក់ និងស៊ីរីមក ក្រុមនេះនៅតែបន្តឃោសនាអំពាវនាវឱ្យក្រុមជំនិត និងអ្នកគាំទ្រអង្គការសេសសល់ទាំងប៉ុន្មាន នាំគ្នាធ្វើភេរវកម្ម នៅផ្ទាល់កន្លែង និងដោយប្រើមធ្យោបាយដែលមាន ដូចជាបើកឡានបុកសម្លាប់មនុស្ស ឬប្រើកាំបិត ពូថៅ និងជាលក្ខណៈបុគ្គល ដាច់ដោយឡែក មិនបាច់ចាំរៀបផែនការជាក្រុមជាហ្វូងឡើយ។
ការវាយប្រហារដោយកាំបិតលើកនេះ ប្រព្រឹត្តទៅតែប្រមាណមិនដល់ពីរខែផង ពីការវាយប្រហារនៅភាគខាងត្បូងប្រទេសបារាំង ដែលបានធ្វើឱ្យប៉ូលិសម្នាក់ស្លាប់ ព្រោះសុខចិត្តបូជាជីវិតទៅសង្គ្រោះចំណាប់ថ្នូរ។ គិតចាប់តាំងពីឆ្នាំ២០១៥ ឆ្នាំដែលបារាំងរងភេរវកម្មដ៏ធ្ងន់ធ្ងរបំផុតមក ការវាយប្រហារភេរវកម្ម ឬដោយកាំបិត ដោយបើកឡានកិនបុក បានសម្លាប់ជីវិតមនុស្សអស់ ២៤៥នាក់។ បារាំងជាសមាជិកម្នាក់នៃសម្ព័ន្ធអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ប្រយុទ្ធប្រឆាំងនឹងពួកអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរីនិងអ៊ីរ៉ាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ