ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT

ជន​ដៃ​ដល់​បង្កការ​វាយប្រហារ​ដោយ​កាំបិត​នៅ​ប៉ារីស ជា​ជនជាតិ​បារាំង​ ដើមកំណើត​រុស្ស៊ី

ជន​ដៃ​ដល់​បង្កការ​វាយប្រហារ​ដោយ​កាំបិត​នៅ​ប៉ារីស ជា​ជនជាតិ​បារាំង​ ដើមកំណើត​រុស្ស៊ី
 
ក្រុមអ្នក​អង្កេត​នៅ​កន្លែងកើតហេតុ​ក្រោយ​ការ​វាយប្រហារ​ដោយ​កាំបិត ថ្ងៃទី ១២ ឧសភា ២០១៨ នៅ​ប៉ារីស AFP/Geoffroy van der Hasselt

ការ​វាយប្រហារ​ដោយ​កាំបិត នៅ​​កណ្តាល​ទីក្រុង​ប៉ារីស កាលពី​យប់ថ្ងៃ​សៅរ៍ ជា​ស្នាដៃ​របស់​ពួក​ជីហាត​​អង្គការ​រដ្ឋ​អ៊ីស្លាម​ ! ជន​ដៃ​ដល់​ជា​ជន​ជាតិ​បារាំង កើតនៅឆ្នាំ​១៩៩៧ នៅ​​ឆេតឆេនី (រុស្ស៊ី) បាន​ចាក់​សម្លាប់​អ្នក​ដំណើរ​ម្នាក់ និងបួន​នាក់​ផ្សេង​ទៀត ​រង​របួស​ មុន​នឹង​ត្រូវ​បាញ់​សម្លាប់​ដោយ​ប៉ូលិស។

ហេតុការណ៍​វាយប្រហារ​ដោយ​កាំបិត បាន​កើត​ឡើង​ នៅ​យប់​មិញ យប់​ថ្ងៃ​សៅរ៍ វេលា​ម៉ោងជិត ៩​យប់ ម៉ោង​នៅ​ប្រទេស​បារាំង ដែលមនុស្ស​ម្នា​ទូទៅ​ នៅ​កំពុង​ដើរ​កំសាន្ត​កកកុញ​នៅ​ឡើយ និង​នៅ​ចំ​កណ្តាល​ទី​ក្រុង​ប៉ារីស ទី​ដែល​មានរោង​ល្ខោន ​ភោជនីដ្ឋាន ហាង​ទំនិញ និង​ជា​សង្កាត់​ទេសចរណ៍​ដ៏​សកម្ម។ បើ​តាម​សាក្សី ​បុរស​ម្នាក់ ក្នុង​សណ្ឋាន​ដូច​មនុស្ស​ឆ្កួត កាន់​កាំបិត​នៅ​នឹង​ដៃ ស្ទុះ​ទៅ​ចាក់​អ្នក​ដំណើរ ជា​ច្រើន​នាក់ ដែល​ឆ្លង​កាត់​តាម​ទីនោះ ជា​មួយ​នឹង​សម្រែក​ថា Allah Akbar។

ភ្លាម​មួយ​រំពេញ​ ប៉ូលិស​បាន​មក​ដល់​ និង​សាក​ល្បង​ចាប់​ខ្មាន់​កាំបិត ដែល​យារ​ដៃ​​វិញ ទើប​ប៉ូលិស​ម្នាក់បាន​ដក​កាំភ្លើង​ឆក់​មក​បាញ់ ហើយប៉ូលិស​ម្នាក់​ទៀត​បាន​បាញ់​​​ពីរ​គ្រាប់​ឱ្យ​ជនដៃ​ត្រូវ​របួស​រហូត​ដល់​ស្លាប់។

ចំណែក​ឯ​ជន​រង​គ្រោះ​ របួស​ទាំង​បួន​វិញ មានពីរ​នាក់​​រង​របួស​ធ្ងន់ខ្លាំង ប៉ុន្តែ​សង្គ្រោះ​ទាន់ពេល​ ​និង​ប៉ះពាល់​ដល់ជីវិត​ទេ។ ជន​រងគ្រោះ​ដល់​ស្លាប់​ ជា​បុរស​មាន​អាយុ​២៩​ឆ្នាំ តែ​អាជ្ញាធរ​មិន​ផ្តល់​និង​បញ្ចេញ​អត្តសញ្ញាណ ព្រម​ទាំង​សញ្ជាតិ​ឱ្យ​ដឹង​ជា​សាធារណៈ​ទេ។

​ជន​ដៃ​ដល់ជា​ជាតិ​បារាំង​ដើម​កំណើត​រុស្ស៊ី​

មិន​ខុស​អ្វី​ពី​ជនល្មើស​មុនៗ ជនដៃដល់រូប​នេះ​​គ្មាន​ក្រដាសស្នាម​ជាប់​នឹង​ខ្លួន​ទេ ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ត្រូវ​ពេលវេលា​ជា​ម៉ោង​ទម្រាំ​អ្នក​អង្កេត​រក​ឃើញ​អត្តសញ្ញាណ។ ខ្មាន់​កាំបិត​នេះ ជា​ជន​ជាតិ​បារាំង ដើម​កំណើត​រុស្ស៊ី កើត​នៅ​តំបន់ ឆេតឆេនី ក្នុង​ឆ្នាំ​១៩៩៧។ ឪពុក​និង​ម្តាយ​ របស់​ជន​នេះ ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ តាំង​ពី​ព្រឹក​​ថ្ងៃអាទិត្យ​នេះ​មក។

​គ្មាន​ប្រវត្តិ​ប្រលាក់​ប្រលូស​នៅ​តុលាការ​ទេ ប៉ុន្តែ​ជន​ដៃ​ដល់មាន​ជាប់​ឈ្មោះ​ក្នុង បញ្ជី​របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ ឬ​បញ្ជី « S » សន្តិសុខ​ជាតិ។ បញ្ជី​នេះ មាន​កត់​ឈ្មោះ​ជន​សង្ស័យគួរ​តាមដាន ចំនួន​ដល់​ទៅ​ជាង ១​ម៉ឺន​នាក់ ដែលជាក្រុម​​មនុស្ស​​ ផ្តាច់​ខ្លួន​ធ្វើ​ជា​ជន​អ៊ីស្លាម​ជ្រុល​និយម​ ឬ​ជា​បុគ្គល​មាន​ទំនាក់ទំនង​ជា​​​ចលនា​ភេរវនិយម ជាមួយ​ក្រុម​ហិង្សា​និយម ជាមួយ​ក្រុម​​ជ្រុល​និយម​ ស្តាំ​ជ្រុល ឬ​ឆ្វេង​ជ្រុល។ល។ ជន​ដៃ​ដល់​ក្នុង​ហេតុការណ៍​​យប់​មិញ ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អង្កេត ពីបទ​ផ្តាច់​ខ្លួន​ទៅធ្វើ​ជា​ជន​អ៊ីស្លាម​ជ្រុលនិយម។

​​​អង្គការ​រដ្ឋ​អ៊ីស្លាម ​ថា​​​ជា​ស្នាដៃ​របស់​កូន​ទាហាន​គេ

ក្រោយ​ហេតុការណ៍​នេះ​តែ​បន្តិច អង្គការ​រដ្ឋ​អ៊ីស្លាម បាន​ចេញ​សារ​បង្ហោះ​តាម​ប្រព័ន្ធ​ឃោសនា Amag ​របស់​ពួក​គេ និង​ដែល​ក្រុម​អ្នក​ជំនាញ​តានដាន​វិបសៃត៍​អ៊ីនធ័រនែត​អ៊ីស្លាម​ជ្រុល​និយម​ មើល​ឃើញ អង្គការ​រដ្ឋ​អ៊ីស្លាម បាន​អះអាង​ថា “ខ្មាន់​កាំបិត​នេះ ជា​ទាហាន​របស់​គេ ដែល​ចេញ​ធ្វើ​ប្រតិបត្តិការ​​ដើម្បី​សង​សឹក​រដ្ឋ​ដែល​ជា​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​ជីហាត​នៅ​ស៊ីរី​និង​នៅ​អ៊ីរ៉ាក់”។

ក៏​ប៉ុន្តែ​អាជ្ញាធរប៉ារីស ទទួល​បន្ទុក​អង្កេត​ភេរវកម្ម​ បានមើល​ឃើញ​ដាន និងចាត់​បញ្ចូល​ហេតុការណ៍​​នេះ ក្នុង​សំណុំ​អង្កេត​ភេរវកម្ម តាំង​ពី​ដំបូង​ភ្លាម​ម្ល៉េះ។ រដ្ឋ​អាជ្ញារ​បាន​ប្រកាស​តាំង​ពី​យប់ ថា ដោយ​យោល​ទៅ​លើ​ភស្តុតាង​ផ្តល់​ដោយ​សាក្សី និង​ទង្វើ​ជាក់ស្តែងរបស់​ជន​ដៃដល់ ស្រែកឧទ្ទិស​ដល់​ព្រះ​អាឡា ក្នុង​វាយប្រហារ​លើ​អ្នក​ដំណើរ​ និង​បើ​យោល​ទៅ​របៀប​ធ្វើ​សកម្មភាព ហេតុការណ៍​នេះ​ត្រូវ​ប្រគល់​ឱ្យ​ក្រុម​ប្រយុទ្ធ​ប្រឆាំង​ភេរវនិយម​ទទួល​បន្ទុក​អង្កេត។

បារាំង​បង់ខាត​ជីវិត​ជា​ថ្មី

តាំងពី​អង្គការ​រដ្ឋ​អ៊ីស្លាម បាន​ដួល​រំលំ ខ្ចាត់​ខ្ចាយ​នៅ​អ៊ីរ៉ាក់ និង​ស៊ីរីមក ក្រុម​នេះ​នៅ​តែ​បន្ត​ឃោសនា​អំពាវនាវ​ឱ្យ​ក្រុម​ជំនិត​ និង​អ្នក​គាំទ្រ​អង្គការ​សេសសល់​ទាំង​ប៉ុន្មាន នាំ​គ្នា​ធ្វើ​ភេរវកម្ម​ នៅ​ផ្ទាល់​កន្លែង និង​ដោយ​ប្រើ​មធ្យោបាយ​ដែល​មាន​ ដូច​ជា​បើក​ឡាន​បុក​សម្លាប់​មនុស្ស ឬ​ប្រើ​កាំបិត ពូថៅ និងជា​លក្ខណៈ​បុគ្គល​ ដាច់​ដោយ​ឡែក មិន​បាច់​ចាំ​រៀប​ផែនការ​ជា​ក្រុម​ជា​ហ្វូង​ឡើយ។

ការ​វាយប្រហារ​ដោយ​កាំបិត​លើក​នេះ ប្រព្រឹត្ត​ទៅ​តែ​ប្រមាណ​មិន​ដល់​ពីរ​ខែ​ផង ពី​ការ​វាយប្រហារ​នៅភាគ​ខាង​ត្បូង​ប្រទេស​បារាំង ដែល​បាន​ធ្វើ​ឱ្យ​ប៉ូលិស​ម្នាក់​ស្លាប់​ ព្រោះ​សុខ​ចិត្ត​បូជា​ជីវិត​ទៅ​សង្គ្រោះ​ចំណាប់​ថ្នូរ។ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៥ ឆ្នាំ​ដែល​បារាំង​រង​ភេរវកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត​មក ការ​វាយប្រហារ​ភេរវកម្ម ឬ​ដោយ​កាំបិត​ ដោយ​បើក​ឡាន​កិន​បុក បាន​សម្លាប់​ជីវិត​មនុស្ស​អស់ ២៤៥នាក់។ បារាំង​ជា​សមាជិក​ម្នាក់​នៃ​សម្ព័ន្ធ​អន្តរជាតិ​ ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី​និងអ៊ីរ៉ាក់៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ