ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/05 12h00 GMT
អឺរ៉ុប

លោក​ពូទីន​ បាន​សម្ពោធ​ស្ពាន​ដែល​ភ្ជាប់​ទឹកដី​គ្រីមេ​ទៅ​នឹង​ប្រទេស​រុស្ស៊ី​

media លោក Vladimir Poutine ថ្លែងនៅចំពោះមុខអ្នកគាំទ្ររបស់លោក​នៅមូស្គូ​ថ្ងៃទី១៨​មីនា​២០១៨​ Yuri Kadobnov/POOL via Reuters

ដោយ​កាច់​ចង្កូត​ឡាន​កាម៉្ញុង​សម្រាប់​ដឹក​ដី​ព័ណ៌​លឿងទុំ លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន​ថ្ងៃ​អង្គារ១៥​ឧសភា បាន​សម្ពោធ​ស្ពាន​ដែល​ភ្ជាប់​ទឹកដី​គ្រីមេ​ទៅ​នឹង​ប្រទេស​រុស្ស៊ី ​ស្ពាន​ដែល​ជា​ការដ្ឋាន​ធំ​សំបើមនិង​មាន​ន័យ​ជានិមិត្តរូប​ថ្លៃថ្លា​ណាស់​តម្រង់​ទៅ​បន្ថយ​ឲ្យ​បាន​មែនទែន ភាពឯកកោ​នៃ​ឧបទ្វីប​នោះ​ដែល​ត្រូវ​បាន​ម៉ូស្គូ​បញ្ចូល​មក​ជា​ដែនដី​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី​កាល​ក្នុង​ឆ្នាំ ២០១៤។

ក្រោម​មេឃ​ស្រឡះ​ចែងចាំង​ដោយ​រស្មី​ព្រះអាទិត្យ លោក ពូទីន​ដែល​ស្លៀកខោ​ខូវបោយ​និង​ពាក់​អាវរឹបចង្កេះ​ព័ណ៌ខៀវ​ចាស់​បាន​ឡើង​ទៅ​អង្គុយ​នៅ​កន្លែង​តៃកុង​ហើយ​ដាក់​លេខ​កាច់​ចង្កូត​ឡាន​កាម៉្ញុង​ម៉ាកKamaz នាំមុខ​ក្បួន​រថយន្ដ​បែប​នេះ​ប្រមាណ ១០ គ្រឿង​ដែល​និមួយៗ​ទម្ងន់ ២០ តោន​បើក​បរ​ធ្វើតេស្តល្បង​មើល​គុណភាព​ថ្នល់​លើ​ស្ពាន​នោះ​។ ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​នៃ​ស្ពាន​នេះ ដែល​មាន​ប្រវែង​ដល់​ទៅ ៩ គម ជា​ស្ពានវែង​បំផុត​នៅ​រុស្ស៊​និង​នៅ​អឺរ៉ុប គាត់​បាន​ចំណាយពេល​តែ​១៦​នាទី។ ស្ពាន​នេះ ដែល​មាន​ឈ្មោះ​ថា“ ស្ពាន​គ្រីមេ"​តភ្ជាប់​ទៀបកោះ Kertch នៅ​ខាង​គ្រីមេ​ទៅ​នឹង​ទៀបកោះ Taman នៅ​ខាង​រុស្ស៊ី។

ដោយចេញ​ពី​ខាង​រុស្ស៊ី​លុះទៅដល់ ខាង​គ្រីមេ​លោក​ប្រធានាធិបតី​ពូទីន ត្រូវ​បាន​ស្វាគម​ដោយ​ជនានុជនដែល​បាន​ទះដៃ​ទទួល​គាត់​យ៉ាង​កក់ក្តៅ។

 

ថ្លែង​នៅពីមុខ​ប្រជាពលរដ្ឋ​ទាំង​នោះ លោក​ពូទីន​មាន​ប្រសាសន៍ ៖ ក្នុង​ដំណាក់​ប្លែកៗ​នៃ​ប្រវត្តិ​ប្រទេស​យើង​ទាំង​សម័យ​អធិរាជ ត្សារ អ្នកស្រុក​តែងនឹក​ស្រមៃចង់​ឲ្យ​មាន​ស្ពានបែប​នេះ​សង់​ឡើង។ គេ​បាន​សាកល្បង​សង់​ម្តងហើយម្តងទៀត ក្នុង​ទសវត្សរ៍ ១៩៣០ ១៩៤០ ១៩៥០ ហើយ​នៅ​ទីបំផុត ដោយសារ​ពលកម្មនិង​ទេពកោសល្យ​បង​ប្អូន​គម្រោង​នេះ អច្ឆរិយវត្ថុ​នេះ កើតចេញ​ជារូបរាង​ជ្រងោង​មែន​ហេតុដែល​សម្រាប់រុស្ស៊ី​ជា​ទិវា​មិនធ្លាប់មាន ទិវាបុណ្យ​ប្រជាជន​ទិវា​ប្រវត្តិសាស្ត្រ។ ទាំង​ត​ទៅ​ថ្ងៃ​មុខ យើង​នឹង​បន្ត​សម្រេច​ឲ្យបាន​នូវ​គម្រោង​ដ៏​សំបើមបែប​នេះ​ក្នុង​ប្រទេស​រុស្ស៊ី​ទាំង​មូល។

 

ទូរទស្សន៍​រុស្ស៊ី ដែល​ផ្សាយ​បទយកការណ៍​ពី​កន្លែង​ផ្ទាល់ បាន​សំដែង​គារវកិច្ច​ចំពោះ “ បណ្តា​វីរជន“ ដែល ចេះសាងសង់​បាន​ស្ពាន​នេះ។

 

ថ្ងៃ​១៦ ឧសភា ចាប់ពី​ម៉ោង ៥​កន្លះ​ព្រឹក​ទៅ រថយន្ដ​ធុនស្រាល​និង​ឡាន​បឺស អាច​បើកបរ ជា​ប្រក្រតី ដោយ​ល្បឿន​ដល់​ទៅ ១២០ គម ក្នុង​១​ម៉ោង​លើ​ស្ពាន​នេះ​ដែល​ត្រូវ​បាន​សង់​ឡើង តែក្នុង​រយពេល ២​ឆ្នាំ ២​ខែ ១៦​ថ្ងៃ ដោយ​ចំណាយ​អស់ ២.៩០០ លាន​អឺរ៉ូ។ ដោយ​មាន​ផ្លូវ ២​ខ្សែ​ទៅ​ ២​ខ្សែ​មក​ក្នុង​១​ឆ្នាំៗ វា​អាចអនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​ដល់​ទៅ ១៤ លាន​នាក់​និង​ទំនិញ​ដល់​ទៅ ១៣ លាន​តោន​ធ្វើ​ចរាចរណ៍ ឆ្លងកាត់។

ចំណែក​ក្រុង​គៀវ​ដែល ៤ ឆ្នាំ​មុន របូត​បាត់​ពី​ខ្លួន ឧបទ្វីប​គ្រីមេ បាន​ប្រតិកម្ម​អវិជ្ជមាន​ក្រៃ ទល់​នឹង​ការ សម្ពោធន៍​ស្ពាន​នេះ។ លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ ថ្លែង​ថា​ការសាងសង់​ស្ពាន​នេះ​ គឺខុស​ច្បាប់​ហើយ​អ៊ុយក្រែន​នឹង​បន្ត​ការពារ​ផលប្រយោជន៍​ខ្លួន​នៅ​តាម​គ្រប់​ស្ថាប័ន​អន្តរជាតិ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ