អានតួអត្ថបទ
ស៊ីរី-រុស្ស៊ី

ដំណើរ​ទស្សនកិច្ច​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​ប្រធានាធិតី​ស៊ីរី​ក្នុង​ប្រទេស​រុស្ស៊ី

លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​បាន​ទៅ​ទស្សនកិច្ច​ដោយ​គ្មាន​គ្រោង​ទុក​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ លោក​អាសាដ​ត្រូវ​បាន​សមភាគី​រុស្ស៊ី​លោក​ពូទីន​ទទួល​ជួប​ក្នុង​ទីក្រុង​សុតឈី​នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ឧសភា។ នៅ​ក្នុង​ជំនួប ឥស្សរជន​ជាន់ខ្ពស់​ទាំង​ពីរ​រូប​បាន​សាទរ​លើ​ជោគជ័យ​នៃ​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី និង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ផ្តើម​ឲ្យ​មាន​ឡើង​វិញ​នូវ​កិច្ចសន្ទនា​នយោបាយ​សម្រាប់​អនាគត​ស៊ីរី។

លោក​ប្រធានាធិបតី​​រុស្ស៊ី Vladimir Poutine ទទួល​ជួប​សមភាគី​ស៊ីរី​លោក Bachar el-Assad ក្នុង​ទីក្រុង Sotchi ថ្ងៃទី១៧ ឧសភា ២០១៨
លោក​ប្រធានាធិបតី​​រុស្ស៊ី Vladimir Poutine ទទួល​ជួប​សមភាគី​ស៊ីរី​លោក Bachar el-Assad ក្នុង​ទីក្រុង Sotchi ថ្ងៃទី១៧ ឧសភា ២០១៨ Sputnik/Mikhail Klimentyev/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត និង​ក៏​ដូច​ជា​ទម្លាប់​សព្វ​មួយ​ដង លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​តែង​ទៅ​ជួប​សមភាគី​រុស្ស៊ី​លោក​ពូទីន​ដោយ​មិន​បាន​ជូន​ដំណឹង​ជាមុន​ទេ ហើយ​ក៏​ដូច​ជា​នៅ​ក្នុង​ជំនួប​លើក​មុនៗ​ដែរ លោក​អាសាដ​ត្រូវ​បាន​លោក​ពូទីន​ទទួល​យ៉ាង​រាក់ទាក់​ជា​ទីបំផុត។ អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​ដែល​ឥស្សរជន​ជាន់ខ្ពស់​ទាំង​ពីរ​មិន​បាន​ជួប​គ្នា​ទេ។ ជំនួប​ចុង​ក្រោយ​រវាង​លោក​ពូទីន និង​លោក​អាសាដ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៧ នៅ​លើ​មូលដ្ឋាន​យោធា​រុស្ស៊ី​ក្នុង​ទឹកដី​ស៊ីរី។ កាលណោះ លោក​ពូទីន​បាន​ប្រកាស​ពី​ការ​ដកទ័ព​រុស្ស៊ី​មួយ​ភាគ​ចេញ​ពី​ទឹកដី​ស៊ីរី។

តាំង​ពី​ពេល​នោះ​មក ទ័ព​រុស្ស៊ី និង​ទ័ព​ស៊ីរី​បាន​វាយ​ដណ្តើម​យក​ទីក្រុង​សំខាន់ៗ​សឹង​តែ​ទាំង​អស់​ពី​កណ្តាប់ដៃ​ក្រុមប្រឆាំង។ អ៊ីចឹង​ហើយ​បាន​ជា​ក្នុង​កិច្ចសន្ទនា​ជាមួយ​លោក​អាសាដ​នៅ​ឆ្នេរសមុទ្រខ្មៅ​ក្នុង​ទីក្រុង​សុតឈី លោក​ពូទីន​មិន​ភ្លេច​សរសើរ​លោក​អាសាដ​ពី​ជោគជ័យ​ដែល​លោក​ហៅ​ថា ជា​ជោគជ័យ​របស់​ទ័ពស៊ីរី​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​ភេរវជន។ សម្រាប់​លោក​ពូទីន លក្ខខណ្ឌ​នៃ​កិច្ចសន្ទនា​នយោបាយ​អាច​ចាប់​ផ្តើម​ឡើង​វិញ​បាន​ហើយ។

« ថ្ងៃ​នេះ ជោគជ័យ​ផ្លូវ​យោធា​បាន​បង្កើត​ចេញ​នូវ​លក្ខខណ្ឌ​អំណោយផល​មួយ​សម្រាប់​ផ្តើម​ជា​ថ្មី​នូវ​នីតិវិធី​នយោបាយ។ មាន​កិច្ចការ​ជា​ច្រើន​ត្រូវ​បាន​សម្រេច​នា​កិច្ចប្រជុំ​ក្នុង​ទីក្រុង​អាស្តាណា ក៏​ដូច​ជា​នៅ​ក្នុង​សមាជប្រជាជន​ស៊ីរី​ដែល​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង​សុតឈី។ ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​អាច​បោះ​មួយ​ជំហាន​ថ្មី​ទៅ​មុខ ហើយ​កម្មវត្ថុ​របស់​យើង​នា​ពេល​ខាង​មុខ គឺ​ការ​ស្តារ​សេដ្ឋកិច្ច និង​ផ្តល់​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ពលរដ្ឋ​ស៊ីរី​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក »។

លោក​អាសាដ​បាន​ឆ្លើយ​តប​វិញ​ដោយ​បញ្ជាក់​ថា ស្ថិរភាព​នៅ​ស៊ីរី​មាន​ភាព​រីកចម្រើន​ដែល​អនុញ្ញាត​ឲ្យ​បើក​ទ្វារ​កិច្ចចរចា​នយោបាយ​ឡើង​វិញ។ អ្វី​ជា​ការ​កត់សម្គាល់ វត្តមាន​របស់​លោក​អាសាដ​ក្នុង​ទឹកដី​រុស្ស៊ី​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ឧសភា​បាន​ធ្វើ​ឡើង មុន​នឹង​លោក​ពូទីន​ទទួល​ជួប​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​មែរកិល​ក្នុង​ថ្ងៃ​សុក្រ ទី១៨ ឧសភា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ