នៅរុស្ស៊ី ស្ពានប្រវត្តិសាស្ត្រ ត្រូវបានសង់ឡើង ទាំងក្រោមគំនាបទណ្ឌកម្មបស្ចិមលោក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៤
ស្ពានដ៏អស្ចារ្យ ដែលភ្ចាប់ទឹកដីគ្រីមេ ទៅនឹងរុស្ស៊ី ក្រោមឈ្មោះជាផ្លូវការថា “ ស្ពានគ្រីមេ” ដែលមាន ប្រវែងវែងបំផុតនៅអឺរ៉ុប ដល់ទៅ ១៩ គម ហើយសម្ពោធ ដោយលោកប្រធានាធិបតីរុស្ស៊ី ថ្ងៃ ១៥ ឧសភា រួចបើកឲ្យប្រើប្រាស់នៅថ្ងៃបន្ទាប់មក កំពុងក្លាយជាសាច់រឿងក្តៅគគុក នៃប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ក៏ដូចជាបរទេស។ ស្ពាននេះ ឆ្លងកាត់លើដៃសមុទ្រ ដែលខ័ណ្ឌសមុទ្រ Azov ពីសមុទ្រខ្មៅ ។ វាភ្ជាប់ ទៀប កោះ Kerch នៅខាងគ្រីមេ ទៅនឹង ទៀបកោះ Taman នៅខាងរុស្ស៊ី។ ដោយមកពីទណ្ឌកម្មបស្ចិមលោក ដែលថ្កោលទោសមូស្គូ ចំពោះការបញ្ចូល ឧបទ្វីបគ្រីមេ ទៅជាដែនដីឧបសម្ព័ន្ធរបស់រុស្ស៊ី កាលពី ៤ ឆ្នាំមុន រុស្ស៊ី ដោយពឹងផ្អែកតែលើ បច្ចេកវិជ្ជា សម្ភារៈសំណង់ និង ពួកអ្នកឯកទេស របស់ខ្លួនសុទ្ធសាធ ចេះសាង សង់ស្ពាននេះ បានរួចដូចចិត្ត ទាំងផ្គើនឲ្យ អាកប្បកិរិយាពេបជ្រាយ ដាក់ទំនាយរុស្ស៊ី ពីខាង ក្រុងគៀវថា ក្រោមទណ្ឌកម្មបស្ចិមលោក រុស្ស៊ី មិនអាចសង់ស្ពាននេះសោះឡើយ។ ឥឡូវ កាលដែល ស្ពាននេះ ចាប់ដំណើរការទៅហើយ ដែលមូស្គូចាត់ទុកជា “សរសៃឈាម “ នៃសរីរាង្គកាយរុស្ស៊ី រលាយចូលគ្នាជាសាច់មួយ លោកប្រធានាធិបតីអ៊ុយក្រែន ខំព្យាករថា គឺតាមស្ពាននេះឯង ដែលពួកកាន់កាប់រុស្ស៊ី នឹងចាកចេញ ពីគ្រីមេ ត្រឡប់ទៅស្រុកខ្លួនវិញ។