អានតួអត្ថបទ

មូស្គូ និង​ប៉េកាំង​រុញ​កូន​អុក​ខ្លួនទៅមុខ​នៅ​អ៊ីរ៉ង់ ខណៈដែល​អឺរ៉ុប​គំរាម​ដោយ​ទណ្ឌកម្ម​អាមេរិកាំង

ថ្ងៃព្រហស្បតិ៍ ១៧ ឧសភា រុស្ស៊ីនិងចិន រុញ​កូន​អុក​ខ្លួន​ទៅ​មុខ ដើម្បី​បន្ត​រក​ស៊ី ជាមួយ​អ៊ីរ៉ង់ ដោយផ្ទុយ​នឹង​ឆន្ទៈ​ប្រធានាធិបតី​អាមេរិកាំង ដូណាល់ ត្រាំ ដែល​ខ្ទប់ ក្រុងតេហេរ៉ង់ ឲ្យ​នៅ​ក្នុងភាព​ឯកោ​សេ​ដ្ឋកិច្ច ពេល​ដែល​សហភាព​អឺរ៉ុប ខំ​រក្សា​ទុក​ទាំង​លំបាកលំបិន ទីផ្សារ​អ៊ីរ៉ង់ ដែល​ជាទីផ្សារ​អំណោយផល សម្រាប់ខ្លួន។

ប្រធានាធិបតី​អ៊ីរ៉ង់ និងលោក​ពូទីន ក្នុង​ជំនួប​ថ្ងៃទី ២៨ មីនា ២០១៧ នៅទីក្រុង​ម៉ូស្គូ
ប្រធានាធិបតី​អ៊ីរ៉ង់ និងលោក​ពូទីន ក្នុង​ជំនួប​ថ្ងៃទី ២៨ មីនា ២០១៧ នៅទីក្រុង​ម៉ូស្គូ REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

ការដកខ្លួន​នៃ​សរអា​ចេញ​ពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហែហម​ទៅដោយ​ការវិល​ត្រឡប់​វិញ នៃ​ទណ្ឌកម្ម​អាមេរិកាំង​គួរឲ្យខ្លាច បង្ក​ឡើង​ជា​ហានិភ័យ​ហិរញ្ញវត្ថុ​មិន​លេង​សើច​ឡើយ សម្រាប់​សហគ្រាស​ណា ដែល​ចង់​បោះទុននៅ​អ៊ីរ៉ង់ ក្រោយពី​មាន​ចុះ​បាន​ឯកសារ​ប្រវត្តិសាស្ត្រ​នេះ កាល​ក្នុងឆ្នាំ ​២០១៥។

ខណៈដែល សហគ្រាសពហុជាតិ​ប្រទេស​ខាងលិច នាំគ្នា​ដក​សន្លឹក​បៀ​ខ្លួន​ចេញ​ពីល្បែង​នៅ​អ៊ីរ៉ង់ រុស្ស៊ី ជា​សម្ព័ន្ធមិត្ត​ក្រុង​តេហេរ៉ង់ ដោយ​ទ្រទ្រង់​នឹង​គ្នា​ចំណង​ពាណិជ្ជកម្ម ទាំងពេល​ដែល​ទណ្ឌកម្ម​បស្ចិមលោក ប្រឆាំង​អ៊ីរ៉ង់ នៅជា​ធរមាន​នៅ​ឡើយ បាន​ឈាន​មួយ​ជំហាន​ដ៏​សំខាន់ ទៅ​បង្ខិត​អ៊ីរ៉ង់ មក​នៅ​ជិតនឹង លំហ​សេដ្ឋកិច្ច ដែល​ស្ថិត​នៅក្រោម​ឥទ្ធិពល​រុស្ស៊ី។

ថ្ងៃព្រហស្បតិ៍ ១៧ ឧសភា នៅក្រុង អាស្តាណា រដ្ឋធានី​កាហ្សាក់ស្ថាន អ៊ីរ៉ង់ បាន​ចុះ​ហត្ថលេខា​លើ កិច្ច ព្រមព្រៀង​បណ្តោះអាសន្ន ជាមួយ​អង្គការ​សេដ្ឋកិច្ច​នាំមុខ ដោយ​រុស្ស៊ី គឺ សហភាព​សេដ្ឋកិច្ចអឺរ៉ុប​-អាស៊ី ដែល​ផ្សំឡើ​ង​ពី ៥ អតីត​សាធារណរដ្ឋ​សូវៀត។ កិច្ចព្រមព្រៀងនេះ ជា ដំណាក់ទី១ ឆ្ពោះទៅ​បង្កើត​ឡើង​​ជា លំហ​ពាណិជ្ជកម្ម​សេរីអចិន្ត្រៃយ៍ ដែល​ប្រមើល​លុបចោល ឬ​បន្ទាប​ពន្ធគយ នៃ​ទំនិញ​ខ្លះ សម្រាប់​រយៈពេល ៣ ឆ្នាំសិន។

កិច្ចព្រមព្រៀងនេះ ដែលត្រូវបាន​ចាប់ផ្តើ​ម​តាក់តែង​ឡើង តាំងពីឆ្នាំ ២០១៦ ម៉្លេះ គឺ មុនបន្តិច​ពីការដកខ្លួន ចេញ​នៃ​សរអា បង្ហាញ​ឲ្យ​ឃើញ​ពី​ចេតនា របស់​រុស្ស៊ី ក៏ដូចជា ចិន ពង្រឹង​ចំណង​ពាណិជ្ជកម្មជាមួយក្រុង តេហេរ៉ង់ ទោះបី​ក្រុង​វ៉ាស៊ីនតោន ស្តារឡើងវិញ​ក៏ដោយ ទណ្ឌកម្ម​សេដ្ឋកិច្ច។

ដោយថ្កោលទោស ការប្រកាស​របស់​លោក ដូណាល់ ត្រាំ ដកខ្លួន​ចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ រុស្ស៊ី ខិតខំ​សហការ​ជាមួយ​សហភាពអឺរ៉ុប ដើម្បី​សង្គ្រោះ​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ ក្នុង​ឋានៈ​ជា​សម្ព័ន្ធមិត្ត​របស់ ក្រុងតេហេរ៉ង់ យល់ថា បណ្តា​សហគ្រាស​ខ្លួន​ត្រូវតែ​មាន​ទីតាំង​ល្អ ដើម្បី​បន្ត​រកស៊ី​ជាមួយ​នឹងអ៊ីរ៉ង់ ចំណែក បណ្តា​សហគ្រាស​បស្ចិមលោក ដែល​ជាគូ​ប្រជែង​នឹង​រុស្ស៊ី នឹង​អភ័ព្វ​ជាង សម្រាប់​បន្តសកម្មភាព​នៅ​អ៊ីរ៉ង់ ទោះបី​គេបាន​បោះទុន​ច្រើន​ទៅហើយ​ក្តី​ក្នុង​ប្រទេស​នោះ។

រីឯប៉េកាំង ដែលត្រូវការ​ប្រេងឆៅ និង ឧស្ម័ន​របស់អ៊ីរ៉ង់ ហើយ​ជាដៃ​គូ​ពាណិជ្ជកម្ម​ទី​១ របស់​ក្រុងតេហេរ៉ង់ តាម​មើលទៅ ក៏​មិនខ្វល់ឡើយ​នឹង​ទណ្ឌកម្ម​អាមេរិកាំង ដោយ​តាំងគោលដៅ​ធ្វើ​វិនិយោគ​ក្រាស់ក្រែល​តែម្តង ទៅក្នុង​ប្រទេស​អ៊ីរ៉ង់ ទាំងប្រថុយ​​បន្តឹង​ទំនាក់ទំនាក់ទំនង​ជាមួយ​ក្រុងវ៉ាស៊ីនតោន ដែលតានតឹង​ស្រាប់ ទៅហើយ​ក្រោយពី​សរអា បាន​ដំឡើង​ពន្ធគយ លើ​ដែកថែប និង អាលុយមីញុម នាំចូល​ពី​ប្រទេសចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ