អានតួអត្ថបទ

បារាំងបង្កកទ្រព្យធនក្រុមហ៊ុនជាច្រើនជុំវិញ​សំណុំរឿង​អាវុធគីមី​នៅស៊ីរី

បារាំង​បាន​សម្រេច​បង្កក​ទ្រព្យ​ធន​របស់​ក្រុមហ៊ុន​ ៩ និង​មនុស្ស​បី​នាក់ ដែល​ជាប់​សង្ស័យ​ថា​បាន​ឧបត្ថម្ភ​កម្មវិធី​អាវុធ​គីមី នៅ​ស៊ីរី។ នេះ​បើ​តាម​សេចក្តី​ប្រកាស​រួម​គ្នា របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ការបរទេស​បារាំង។ សេចក្តីប្រកាស​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​ប៉ារីស​កំពុង​ទទួល​រៀប​ចំ​​ជំនួប​ប្រជុំ​អន្តរជាតិ​ស្តី​អំពី​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ប្រើ​អាវុធ​គីមី។

អង្គការ​ហាមឃាត់អាវុធ​គីមីអន្តរជាតិ ចុះ​ទៅអង្កេត​ផ្ទាល់​ដល់​ស៊ីរី
អង្គការ​ហាមឃាត់អាវុធ​គីមីអន្តរជាតិ ចុះ​ទៅអង្កេត​ផ្ទាល់​ដល់​ស៊ីរី REUTERS/ Ali Hashisho
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សេដ្ឋកិច្ច​បារាំង បាន​ប្រកាស​​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​ចំនួន​៩ ដែល​ជា​ក្រុមហ៊ុន​របស់​ស៊ីរី និង​លីបង់ ព្រមទាំង​ទ្រព្យ​សម្បត្តិ​របស់​បុគ្គលបី​នាក់ ម្នាក់​ជា​ពលរដ្ឋ​ស៊ីរី និងម្នាក់​ទៀត​កើត​នៅ​លីបង់។ ទ្រព្យ​របស់​ក្រុមហ៊ុន​និង​បុគ្គល​នេះ នឹង​ត្រូវ​បង្កករយៈ​ពេល​៦​ខែ ដោយ​រាប់​ចាប់​ពី​ថ្ងៃទី ១៨ ឧសភា​ ២០១៨​នេះ​ទៅ។ កាលពី​មករា បារាំង​បានបង្កក​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​ចំនួន​២៥​រួច​ហើយ ក្នុង​ហេតុផល​តែ​មួយ​ដូច​គ្នា​នេះ។

ក្រោយ​ហេតុការណ៍​ប្រើ​សារធាតុគីមី​ក្លរ និង​ឧស្ម័ន​សារាំង នៅ​តំបន់​ហ្គូតាខាង​កើត​ក្បែរ​ក្រុងដាម៉ាស​ប្រទេស​ស៊ីរី និង​ការ​បំពុល​អតីត​ភ្នាក់ងារ​រុស្ស៊ី​នៅ​អង់គ្លេស​មក ប្រទេស​ចំនួន​៣៣​កំពុង​ជួប​ប្រជុំ​គ្នា​នៅទីក្រុង​ប៉ារីស​ ក្នុង​ក្របខ័ណ្ឌ​នៃ​ភាព​ជា​ដៃគូ​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​គ្មាន​ទោស​នៃ​ការ​ប្រើ​អាវុធ​គីមី ដើម្បី​ជា​កិច្ច​​បន្ថែម​ពី​លើ​ការងារ​​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី​អន្តរជាតិ។ គម្រោង​ការងារ​របស់​ពួកគេ គឺ​បង្កើត​យន្តការ​អង្កេត​មួយ​ និង​អាច​ធ្វើ​ការ​ចោទ​ប្រកាន់​អ្នក​ប្រើ​អាវុធ​គីមី បើ​ទោះ​បី​ជា​រុស្ស៊ី​និងអ៊ីរ៉ង់​ សម្ព័ន្ធ​មិត្ត​របស់​ស៊ីរី​ប្រឆាំង​ក៏​ដោយ។

អង្គការ​ហាមឃាត់​អាវុធ​គីមីអន្តរជាតិ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១៦​ឧសភា ថា​ពិត​ជា​មាន​ការ​ប្រើ​សារធាតុ​ក្លរ​ នៅ​ក្នុង​ការ​វាយប្រហារ​នៅក្រុង​ Saraqeb របស់​ស៊ីរី​មែន គ្រាន់​តែ​មិន​បញ្ជាក់​ជា​ក្រុមណា។ ភ្នាក់ងារ​អង្កេត​របស់​អង្គការ​ហាមជាត់​អាវុធ​គីមី បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង។ គេ​កំពុង​រង់​ចាំ​លទ្ធផ​ល​​អង្កេតនៃ​ការ​ប្រើ​អាវុធ​គីមី នៅ​ហ្គូតា និង​ឌូម៉ា​​ កាលពី​ថ្ងៃទី ៧​មេសា ២០១៨​នៅ​ឡើយ។ ការវាយប្រហារ​គីមី ដែល​បាន​ជំរុញ​ឱ្យ​អាមេរិក ​បារាំង​និងអង់គ្លេស​ចេញធ្វើ​អន្តរាគមន៍​យោធា​លើ​ស៊ីរី នៅ​​ថ្ងៃទី ១៤​មេសា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ