ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/06 12h00 GMT

សហភាពអឺរ៉ុប​បញ្ជូន​តំណាង​ទៅ​អ៊ីរ៉ង់ ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា ​ក្នុង​ការ​ថែ​រក្សា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ

សហភាពអឺរ៉ុប​បញ្ជូន​តំណាង​ទៅ​អ៊ីរ៉ង់ ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា ​ក្នុង​ការ​ថែ​រក្សា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ
 
អគ្គនាយកនុយក្លេអ៊ែរអ៊ីរ៉ង់ Ali Akbar Salehi (ឆ្វេង) ផ្តល់សន្និសីទកាសែត ជាមួយលោក​​Miguel Arias ​Canete ​តំណាងផ្នែក​ថាមពល​​ឲ្យ​សហភាព​អឺរ៉ុប។ ក្រុង​តេអេរ៉ង់ ថ្ងៃទី​១៩ ឧសភា ២០១៩ REUTERS/Alissa de Carbonnel

នៅថ្ងៃសៅរ៍ទី១៩ឧសភានេះ សហភាពអឺរ៉ុប​ បានបញ្ជូនតំណាងម្នាក់ ឲ្យទៅក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់។ បំណងនៃការធ្វើដំណើរនេះ គឺដើម្បីធានាអះអាង ប្រាប់ថ្នាក់ដឹកនាំអ៊ីរ៉ង់ អំពីការតាំងចិត្តប្តេជ្ញារបស់សហភាពអឺរ៉ុប ក្នុងការការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ព្រមទាំងការសហការគ្នារវាងប្រទេសសមាជិកអឺរ៉ុប ដើម្បីទប់ទល់ នឹងទណ្ឌកម្មសេដ្ឋកិច្ច ដែលអាមេរិកអាចនឹងអនុវត្តិមកលើអ៊ីរ៉ង់ និងក្រុមហ៊ុនដែលរកស៊ីជាមួយអ៊ីរ៉ង់។ តំណាងសហភាពអឺរ៉ុប នឹងយក​ឱកាសនេះ ដើម្បីធ្វើបទបង្ហាញប្រាប់ថ្នាក់ដឹកនាំអ៊ីរ៉ង់ ថា វិធានការរបស់សហភាពអឺរ៉ុប មានអ្វីខ្លះ ដើម្បីបន្តបើកចំហរសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់ ហើយចៀសចេញពី ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក។

តំណាងរបស់សហភាពអឺរ៉ុប លោក Miguel Arias Canete សមាជិកគណកម្មការអឺរ៉ុប ទទួលបន្ទុកផ្នែកកិច្ចការថាមពល បានទៅដល់ទីក្រុងតេអេរ៉ង់ នៅថ្ងៃសៅរ៍ទី ១៩ឧសភា ។ អ្នកតំណាងសហភាពអឺរ៉ុបនេះ នឹងជួបជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់ ចំនួន៥ផ្សេងៗពីគ្នា ដែលក្នុងនោះ មានដូចជា លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោករដ្ឋមន្ត្រីក្រសួងថាមពលប្រេងកាត និងមន្ត្រីជាន់ខ្ពស់ អគ្គនាយកថាមពលនុយក្លេអ៊ែរ អ៊ីរ៉ង់។

ធានាប្រាប់អ៊ីរ៉ង់ ពីការប្តេជ្ញារបស់សហភាពអឺរ៉ុប

កម្មវត្ថុ ធំចំបងបំផុត នៃដំណើរទៅដល់ របស់តំណាងសហភាពអឺរ៉ុប គឺទៅនិយាយប្រាប់ភាគីអ៊ីរ៉ង់ថា សហភាព ដែលមានប្រទេសធំៗ ដូចជាបារាំង អង់គ្លេស អាល្លឺម៉ង់ ជាដើមហ្នឹង  និងមិនបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ ហើយគឺគេប្តេជ្ញាអនុវត្តវាតទៅទៀត បើទោះបីអាមេរិក បានដកខ្លួនចេញក៏ដោយ។ ការដែលអាមេរិក ដកខ្លួនចេញ គឺអាមេរិក និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងទៅលើក្រុមហ៊ុនណា ដែលហ៊ានរកស៊ី ជាមួយអ៊ីរ៉ង់។

ដូច្នេះពេលនេះ អ្វីដែលសហភាពអឺរ៉ុប ​ចង់អះអាងប្រាប់អ៊ីរ៉ង់ គឺថា ទោះបីអាមេរិក គំរាមដាក់ទណ្ឌកម្មក៏ដោយ ក៏សហភាពអឺរ៉ុប ក៏ដូចជាក្រុមហ៊ុនរបស់អឺរ៉ុប នៅតែបន្តរកស៊ីជាមួយអ៊ីរ៉ង់ដែរ។ ហើយក្នុងន័យនេះ គឺទាំងអ៊ីរ៉ង់ ទាំងសហភាពអឺរ៉ុប នឹងបន្តអនុវត្ត នូវអ្វីដែលមានចែង ក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ពោលគឺអ៊ីរ៉ង់ បន្តផ្អាកចំរាញ់ធាតុអ៊ុយរ៉ានីញ៉ូម ឯសហភាពអឺរ៉ុបវិញ បន្តបើកចំហរសេដ្ឋកិច្ច បោះទុនវិនិយោគ រកស៊ីជាមួយអ៊ីរ៉ង់ជាធម្មតា។ ក៏ប៉ុន្តែ ដើម្បីទប់ទល់ជាមួយនឹងទណ្ឌកម្មរបស់អាមេរិក សហភាពអឺរ៉ុប ត្រូវតែបង្ខំចិត្ត ដាក់ចុះនូវវិធានាការមួយចំនួន ហើយគឺវិធានការទាំងនោះហើយ ដែលលោកតំណាងសហភាពអឺរ៉ុប ត្រូវទៅនិយាយពន្យល់ភាគីអ៊ីរ៉ង់ នៅក្នុងពេលនេះ។

វិធានការរបស់អឺរ៉ុប ដើម្បីទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ចអាមេរិកនេះ

វិធានការ នោះបើសរុបជារួម គឺមាន២ផ្នែកធំៗ។ ទីមួយមួយគឺជាវិធានការ ការពារផ្លូវច្បាប់ ជូនដល់សហគ្រាស ឬក្រុមហ៊ុន ដែលទៅរកស៊ីជាមួយអ៊ីរ៉ង់។ ការពារយ៉ាងម៉េច គឺការពារ ក្នុងករណីក្រុមហ៊ុនទាំងនោះ ត្រូវរដ្ឋាភិបាលអាមេរិក ដាក់ពិន័យ មិនឲ្យទៅរកស៊ី លើដីអាមេរិក ឬក៏បង្អាក់ចរាចរណ៍មូលធន នៅលើទីផ្សារហិរញ្ញវត្ថុរបស់អាមេរិក ជាដើម។

អ្វីដែលអឺរ៉ុបអាចធ្វើបាន ដើម្បីការពារសហគ្រាសខ្លួន គឺតាមរយៈអត្ថបទច្បាប់ពិសេសមួយ ដែលមានខ្លឹមសារ ច្រានចោលនូវការដាក់ពិន័យទាំងឡាយណា ពីសំណាក់ប្រទេសមួយផ្សេង មកលើក្រុមហ៊ុនអឺរ៉ុប បើសិនជាការដាក់ពិន័យនោះ មិនស្របត្រឹមត្រូវទៅតាមច្បាប់របស់អឺរ៉ុប ដែលមានជាធរមាន។ ធ្វើយ៉ាងនេះ ដើម្បីឲ្យក្រុមហ៊ុនរបស់អឺរ៉ុប អាចមានបង្អែក ក្នុងករណីដែលខ្លួនទៅរកស៊ីជាមួយអ៊ីរ៉ង់​ តែត្រូវអាមេរិក ដាក់ពិន័យ។

ផ្នែកទី២ គឺទាក់ទិននឹងវិធីសាស្ត្រ ធ្វើយ៉ាងណា​ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មរបស់អាមេរិក។ គណកម្មការអឺរ៉ុប បានសម្រេច កាលពីប៉ុន្មានថ្ងៃមុននេះ ដោយបង្កើតបណ្តាញពិសេស ក្នុងការទូទាត់ ឬចរារចណ៍មូលធនរវាងក្រុមហ៊ុនអឺរ៉ុប និងក្រុមហ៊ុននៅអ៊ីរ៉ង់។ ធ្វើដូចនេះ គឺដើម្បីចៀស មិនប្រើប្រាក់ដុល្លារ ហើយមិនប្រើបណ្តាញទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ឬក៏ធនាគារ ដែលស្ថិតក្នុងបណ្តាញរបស់អាមេរិក។ ដូចយើងដឹងហើយថា ធនាគារមួយចំនួនធំ ដោយខ្លាចជាប់ពិន័យអាមេរិក បានបដិសេដ មិនផ្តល់ប្រាក់កំចី វិនិយោគឲ្យក្រុមហ៊ុនផ្សេង ដែលចង់រកស៊ីជាមួយអ៊ីរ៉ង់ទេ។

ដើម្បីដោះស្រាយបញ្ហានេះ សហភាពអឺរ៉ុប មានបំណងប្រើប្រាស់ ធនាគារវិនិយោគអឺរ៉ុប ឲ្យក្លាយជាស្ថាប័នស្នូល ក្នុងការរៀបចំគំរោងវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងទីផ្សារអ៊ីរ៉ង់។​ ហើយវិធានការមួយទៀត ជាពិសេស ទាក់ទិននឹងការទូទាត់ការនាំចូលប្រេងកាតពីអ៊ីរ៉ង់ គឺការផ្ទេរប្រាក់ដោយផ្ទាល់ ពីធនាគារកណ្តាលរបស់ប្រទេសនីមួយៗ ទៅកាន់ធនាគារកណ្តាលរបស់អ៊ីរ៉ង់តែម្តង ដើម្បីទូទាត់គ្នា។ ជារួមទៅ កិច្ចប្រឹងប្រែង របស់សហភាពអឺរ៉ុប គឺធ្វើយ៉ាងណា ការពារកុំឲ្យការវិនិយោគ ព្រមទាំងកិច្ចសន្យាពាណិជ្ជកម្មនានា ដែលក្រុមហ៊ុនអឺរ៉ុប បានចុះជាមួយអ៊ីរ៉ង់ នោះត្រូវធ្លាក់ទឹក។

អឺរ៉ុប ខ្លាចក្រុមហ៊ុនខ្លួន រត់ចោលអ៊ីរ៉ង់

ជាការពិត វិធានការទាំងអំបាលម៉ាណ មិនមែនប្រាកដថាអាចធ្វើឲ្យក្រុមហ៊ុនអឺរ៉ុប ទាំងអស់ មានការស្ងប់ចិត្ត អាចបន្តរកស៊ី នៅអ៊ីរ៉ង់ ទៀតបានទេ។​ ការគំរាមដាក់ទណ្ឌកម្មពីសំណាក់រដ្ឋាភិបាលអាមេរិក បានធ្វើឲ្យពួកគេភ័យបារម្ភណាស់។ មានក្រុមហ៊ុនមួយចំនួន នៅតែមិនស្ងប់ចិត្តដដែល ដោយបានប្រកាសថា គេអាចលប់ចោលគំរោងរកស៊ីនៅអ៊ីរ៉ង់ ដូចជាការក្រុមហ៊ុន តូតាល់ ជាដើម។

បើគិតចាប់ពីខែកក្កដា ឆ្នាំ២០១៥ នៅពេលកិច្ចព្រមព្រៀងបានចូលជាធរមាន ក្រុមហ៊ុនអឺរ៉ុបជាច្រើន បាននាំគ្នាទៅរកស៊ី នៅអ៊ីរ៉ង់។ ប្រទេសដែលមានក្រុមហ៊ុន ទៅរកស៊ីនៅអ៊ីរ៉ង់ ច្រើនជាងគេ គឺមានបារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញជាដើម។ បើគិតជាសរុប ការដោះដូរពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងអ៊ីរ៉ង់ មានប្រាក់ប្រមាណ ២ម៉ឺនលានអឺរ៉ូ។ អ៊ីរ៉ង់  ទិញទំនិញអឺរ៉ុប ក្នុងទឹកប្រាក់ ១ម៉ឺនលានអឺរ៉ូ រីឯអឺរ៉ុប​វិញទិញទំនិញអ៊ឺរ៉ង់ ក្នុងទឹកប្រាក់ស្មើគ្នា។ គ្រាន់តែការនាំចូលប្រេង ដែលអឺរ៉ុបទិញពីអ៊ីរ៉ង់ គឺមានតម្លៃ ៩ពាន់លានអឺរ៉ូទៅហើយ។

ចាប់តាំងពីបើកទ្វារសេដ្ឋកិច្ចមក អ៊ីរ៉ង់ ផលិតប្រេងឆៅ បានប្រមាណជា៣,៨លានធុងបារីល ក្នុងមួយថ្ងៃ ដែលក្នុងនេះ ៧០%បញ្ជូនទៅចិន និងតំបន់អាស៊ីយើង ហើយប្រមាណ២០% នាំចេញទៅអឺរ៉ុប។ កាលពីក្នុងពេលជាប់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ មុនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់នាំចេញប្រេង បានតែប្រមាណ១លានធុងបារីលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

ដូច្នេះ ជាមួយនឹងការគំរាមដាក់ទណ្ឌកម្ម ពីសំណាក់អាមេរិក ក្រុមហ៊ុនខ្លះ អាចនឹងឈប់ទិញប្រេងអ៊ីរ៉ង់។ ក្រុមហ៊ុនខ្លះបានលើកឡើងថា ចង់ចាកចេញពីអ៊ីរ៉ង់ ឬគេចេញពីទីផ្សារអ៊ីរ៉ង់។ ជាក់ស្តែង គឺក្រុមហ៊ុនតូតាល់ របស់បារាំង ដែលបានប្រកាសថា គឺកំពុងពិចារណា រឿងលក់គំរោងស្ថាបនាអណ្តូង បូមយកឧស្ម័នធម្មជាតិ នៅអ៊ីរ៉ង់ ទៅឲ្យក្រុមហ៊ុនចិន ឬមួយក៏បោះបង់គំរោងនេះចោលតែម្តង។ គំរោងនេះ ជាគំរោងធំបំផុត ហើយមានតំលៃជានិម្មិតរូបធំណាស់​ សម្រាប់រដ្ឋាភិបាលអ៊ីរ៉ង់ ក្នុងក្របខណ្ឌជោគជ័យនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ បើគំរោងនេះលប់ចោលវិញ បូកបន្ថែម នឹងការនាំចេញប្រេង ត្រូវធ្លាក់ចុះទៀត គឺមានន័យថា អ៊ីរ៉ង់ អាចបាក់ទឹកចិត្តខ្លាំង។

ចុះបើ បរាជ័យ ហើយអ៊ីរ៉ង់បាក់ទឹកចិត្ត?

លោក Ali Akbar Salehi អគ្គនាយកថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ បានលើកឡើងថា បើសិនជាសហភាពអឺរ៉ុប ទប់មិនឈ្នះ នឹងទណ្ឌកម្មអាមេរិកទេ នោះអ៊ីរ៉ង់ និងមានជ្រើសរើសផ្លូវដើរផ្សេង។ ផ្លូវផ្សេង នោះ គឺអ៊ីរ៉ង់ អាចនឹងតំឡើងចំនួន នៃការចម្រើនធាតុអ៊ុយរ៉ានីញ៉ូម ឲ្យបានដល់កំរិត ២០%។ បច្ចុប្បន្ននេះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ចែងថាអ៊ីរ៉ង់​មានសិទ្ធិចំរាញ់ធាតុអ៊ុយរ៉ានីញ៉ូម បានតែត្រឹមកំរិត ៣,៦% ប៉ុណ្ណោះ ដែលកំរិតនេះ សម្រាប់តំរូវការប្រើប្រាស់ផលិតអគ្គីសនីធម្មតា។ កំរិត២០% គឺជាកំរិតដែលអង្គការ AIEA បានកំណត់ ថាជាកំរិតអតិបរមា បើលើសពីនេះ មានន័យថាធាតុអ៊ុយរ៉ានីញ៉ូមនោះ គឺគេមានបំណងយកទៅប្រើក្នុងផែនការយោធា ដូចជាការផលិតគ្រាប់បរមាណូជាដើម។

ត្រង់នេះហើយ ដែលជាការព្រួយបារម្ភ។ គឺគេខ្លាចថាអ៊ីរ៉ង់ ឈប់គោរពកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ នៅថ្ងៃនេះ ក្នុងពេលទស្សនកិច្ច របស់តំណាងសហភាពអឺរ៉ុប ភាគីអ៊ីរ៉ង់ បានអបអរ​សាទរ និងអរគុណ សហភាពអឺរ៉ុប ដែលបានប្តេជ្ញា ថែរក្សាកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ មានន័យថា រដ្ឋាភិបាលអ៊ីរ៉ង់ នៅតែរឹង ចង់បន្តគោរពកិច្ចព្រមព្រៀងនេះតទៅទៀត។ ក៏ប៉ុន្តែទៅពេលខាងមុខ វាមិនប្រាកដទេ បើសិនជាសេដ្ឋកិច្ចអ៊ីរ៉ង់ មិនដើរទៅមុខ។ ជាងនេះទៅទៀត សម្រាប់ពេលនេះ រដ្ឋាភិបាលលោក រ៉ូហានី កំពុងតែត្រូវបានក្រុមថ្នាក់ដឹកនាំនយោបាយអ៊ីរ៉ង់ ដែលមានទំនោរប្រឆាំងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ បានឱកាសរិះគន់ជាខ្លាំង។ មតិសាធារណៈអ៊ីរ៉ង់ ក៏អាចនឹងរិះគន់ដែរ ថារដ្ឋាភិបាលអ៊ីរ៉ង់ ចាញ់បោកប្រទេសមហាអំណាចដែរ។ ដូច្នេះ ទៅពេលមុខ រដ្ឋភិបាលអ៊ីរ៉ង់ អាច​ងាក​មក​ចំរាញ់​ធាតុអ៊ុយរ៉ានីញ៉ូម ដើម្បីផលិតគ្រាប់បរមាណូ ក៏ថាបាន៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ