អានតួអត្ថបទ

បារាំង ៖ ប្រធានាធិបតី​បង្ហាញ​ផែនការ​លើក​ស្ទួយ​តំបន់​ជាយ​ក្រុង​ក្រីក្រ

លោក​ប្រធានាធិបតី​​ អេម៉ាណុយអែល ម៉ាក្រុង បានសន្យា មិនស្នើ​ផែនការ​​លើក​ស្ទួយ​តំបន់​ជាយ​ក្រុង តាម​បែប​ចាស់​គំរិល​​ដដែល​ទេ ! ​តែ​លោក​បាន​ប្រកាស​ប្រើ​វិធីសាស្ត្រ​ថ្មី ខុស​ពី​មុន ដោយ​ឆ្កឹះ​ឱ្យ​ចំ​បញ្ហា​នៅ​តាម​សង្កាត់​ក្រីក្រ តាម​រយៈ​​វិធានការ​ជាក់​ស្តែង​ និង​ពិត​ប្រាកដ។ សមាគម តំណាង​ឃុំ​សង្កាត់ និង​ប្រជាពលរដ្ឋ កំពុង​រង់ចាំ​​យ៉ាង​ខ្លាំង​​ អន្តរាគមន៍​របស់​លោក​ប្រមុខ​រដ្ឋ។

លោកប្រធានាធិបតី​ Emmanuel Macron បង្ហាញ​ផែនការ​ស្រោចស្រង់តំបន់​ជាយក្រុង
លោកប្រធានាធិបតី​ Emmanuel Macron បង្ហាញ​ផែនការ​ស្រោចស្រង់តំបន់​ជាយក្រុង Ludovic Marin/Pool via Reuters
ផ្សាយពាណិជ្ជកម្ម

លោកម៉ាក្រុង​ បាន​បង្ហាញ​យុទ្ធសាស្ត្រ​​នយោបាយ​ស្រោច​ស្រង់​តំបន់​ជាយក្រុង​ នៅ​ចំពោះ​មុខ​ឥស្សរជន​ អ្នក​មុខ​អ្នក​ការ​ជាង​៦​រយ​នាក់ នៅ​ថ្ងៃអង្គារ​ទី ២២​ឧសភា​នេះនៅ​វិមាន​ប្រធានាធិបតី។ ជា​យុទ្ធសាស្ត្រ​ប្លែក​ និង​មិន​មែន​ជា​គម្រោង​ផែនការ​​​ ដែលជា​យុទ្ធសាស្ត្រ​ចាស់​គំរិត​​ចំណាស់​ស្មើអាយុ​​លោក​ទេ។ លោក​ប្រធានាធិបតី​ចង់​​ប្រើ​ទស្សនៈ​វិជ្ជា​ផ្សេង មាន​​វិធានការ​ជាក់ស្តែង អាច​អនុវត្ត​តាម​បាន​យ៉ាង​ឆាប់រហ័ស បើក​ទារកដ្ឋាន​​ឱ្យ​បាន​ច្រើន​កន្លែង​ជាមុន ជួយ​រក​កម្មសិក្សា​ឱ្យ​សិស្ស​នៅ​ថ្នាក់​បញ្ចប់​អនុវិទ្យាល័យ​ ពង្រាយ​បន្ថែម​កម្លាំង​ប៉ូលិស​ ដែល​ជា​វិធានការ​ប្រកាស​ឡើង​កាល​ពី​ប៉ុន្មាន​ខែ​មុន។

ស្តី​អំពី​បញ្ហា​អសន្តិសុខ​ នៅ​ក្នុង​សង្កាត់​ជាយ​ក្រុង​ប៉ារីស ដែល​មាន​ប្រជាជន​រស់​នៅ​ប្រមាណ​ជិត​៥​លា​ននាក់ លោក​ប្រធានាធិបតី​ចង់​បង្កើត​ ឱ្យ​ក្លាយ​ជា​ សង្គម​មាន​ការ​ប្រុងប្រយ័ត្ន​ ដោយ​មាន​ការ​ពង្រាយ​បន្ថែម​នូវ​កម្លាំង​ប៉ូលិស​ចំនួន ១៣០០​នាក់។ លោក ម៉ាក្រុង ក៏​បាន​ប្រកាស​បង្ហាញ​ទិសដៅការងារ​​ធំៗ ដោយ​បាន​បរិហារ​ការងារគ្មាន​លទ្ធផល​​របស់​ក្រុម​​តំណាងឃុំ​សង្កាត់ និង​ការធ្វើ​ទំនើប​កម្ម​ក្រុង ជាមួយ​នឹង​ការ​វិនិយោគ​ទំហំ​១ពាន់​លានអឺរ៉ូ ក្នុង​មួយ​ឆ្នាំៗ។

លោកប្រធានាធិបតី​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​សហគ្រាស​ធំៗជាងគេ​​របស់​បារាំង ចំនួន​១២០​ ចូល​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អត់​ការងារ​ធ្វើ​ ដែល​មាន​កំរិត​ខ្ពស់ខ្លាំង​​នៅ​តាម​សង្កាត់​​នៃ​តំបន់​​ជាយ​ក្រុង​ប៉ារីស។ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ទៀត ក្រុមហ៊ុន​សហគ្រាស​ទាំង​នេះ នឹង​​ត្រូវ​ឆ្លង​កាត់​វិញ្ញាសា​តេស្ត​ប្រឆាំង​នឹង​​​ពី​ការ​រើសអើងក្មេង​មក​សង្កាត់​ក្រីក្រជាយក្រុង។

ក្រុម​សកម្មជនពាក់ព័ន្ធ​នឹង​តំបន់​ជាយ​ក្រុង​ទាំង​អស់​នេះ នឹង​ត្រូវ​ចាប់​ផ្តើមរៀប​កម្មវិធី​​ជួប​ពិភាក្សា​គ្នា។ នៅ​ខែ​កក្កដា នឹង​មាន​ការ​រៀប​ផែនការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។ គំនិត​ថ្មី​មួយ​ដែល​លោកប្រធានាធិបតី​បាន​ប្រកាស​នៅថ្ងៃនេះ គឺ​ការ​បង្កើត​តុលាការ​ នៅ​ក្នុង​សភា ដើម្បី​កុំ​ឱ្យ​មាន​ការ​ប្រឈម​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ដើម្បី​វាយ​តម្លៃ​អំពី​នយោបាយ​ដែល​ពួក​គេ​ប្រកាន់​យក។

ប៉ុន្តែ​វិធានការ​ប្រកាស​ដោយ​លោក​ម៉ាក្រុង​ថ្ងៃ​នេះ ​មាន​ទម្រង់ស្រាល​ ​​​ឆ្ងាយ​ស្រលះពី​​ផែនការ ៤០ពាន់​លាន​ (សម្រាប់​អាណត្តិ​៥​ឆ្នាំ) ​ដែល​ស្នើ​ឡើង​ដោយ​អតីត​រដ្ឋមន្ត្រី​ទទួល​បន្ទុក​អភិវឌ្ឍ​ក្រុង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ