អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​គំរាម​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

វ៉ាស៊ីនតោន​បាន​ប្រកាស​សន្យា​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​អ៊ីរ៉ង់ យ៉ាង​ខ្លាំង​បំផុត​មិន​ធ្លាប់​ក្នុង​ប្រវត្តិសាស្ត្រ ប្រសិន​បើ​អ៊ីរ៉ង់​មិន​ព្រម​បន្ទន់​ខ្លួន​ទទួល​យក​លក្ខខណ្ឌដាច់​ខាត​​របស់​អាមេរិក ស្នើ​ចរចា​ឡើង​វិញ ដើម្បីរក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​ថ្មី​ទេ។ បន្ទាប់​ពី​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​បញ្ជី​លក្ខខណ្ឌនៃ​ការ​ស្វែង​រក​កិច្ចព្រមព្រៀង​ថ្មី ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ខ្លាំង។ ប៉ុន្តែ​តេអេរ៉ង់ មិន​បង្អង់​នឹង​បញ្ចេញ​ប្រតិកម្ម​ឡើយ។

ប្រមុខ​ការទូត​អាមេរិក លោក Mike Pompeo បង្ហាញ​លក្ខខណ្ឌ​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់
ប្រមុខ​ការទូត​អាមេរិក លោក Mike Pompeo បង្ហាញ​លក្ខខណ្ឌ​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ​លោក ម៉ាយ ប៉ុមប៉េអូ Mike Pompeo បាន​បង្ហាញ​យុទ្ធសាស្ត្រ​​​ចំពោះ​អ៊ីរ៉ង់​ នៅ​យប់​មិញ ដោយ​​សន្យា​ថា​នឹង​ដាក់​គំនាប​ហិរញ្ញវត្ថុ​ ដ៏​ខ្លាំងក្លា​បំផុត​មិន​ធ្លាប់​មាន​ លើ​របបតេអេរ៉ង់ ពោល​គឺជា​ទណ្ឌកម្ម​ដែល​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ សម្រាប់​លោក​ប្រមុខ​ការ​ទូតអាមេរិក ដែល​ល្បី​ខាង​មាន​និន្នាការ​នយោបាយ​តឹង​តែង​បំផុត​នោះ សេចក្តី​ប្រកាស​ទណ្ឌកម្ម​ថ្ងៃ​នេះ គ្រាន់​តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ !​ ទម្ងន់​នៃ​ទណ្ឌកម្ម​អាមេរិក​នឹង​រុញ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ឱ្យ​បង្ខំ​ចិត្ត​ត្រូវ​ជ្រើសរើស​​រវាង ស្តារ​សេដ្ឋកិច្ច​ជាតិ ឬ​បន្ត​តស៊ូ​ប្រឈម​ជាមួយ​នឹ​ងបរទេស។

​អាមេរិកដាក់​លក្ខខណ្ឌ១២​ចំណុច

ប៉ុន្តែ​អ៊ីរ៉ង់​អាច​ចៀស​ផុត​ពី​ទណ្ឌកម្ម​នេះ​បាន ប្រសិន​បើ​អ៊ីរ៉ង​ព្រម​បន្ទន់​ខ្លួន​តាម​លក្ខខណ្ឌ​របស់​អាមេរិក ដែល​ក៏​ត្រៀម​ខ្លួន​ធ្វើ​ការ​ចរចា​ឡើង​វិញ ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​ថ្មី ជាមួយ​នឹង​​លក្ខខណ្ឌ​ដ៏​តាន​តឹង​ ​១២​ចំណុច ៖

លើ​វិស័យ​នុយក្លេអ៊ែរ អាមេរិក​បាន​ទាមទារ​ហួស​ពី​អ្វី​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ក្រុង​វីយ៉ែន ឆ្នាំ​២០១៥​ទៀត ដោយ​អ៊ីរ៉ង់​ត្រូវ​ទទួល​ស្គាល់​ថា កម្មវិធីនុយក្លេអ៊ែរ​អ៊ីរ៉ង់​ពី​​មុន​មាន​ទម្រង់​យោធា អ៊ីរ៉ង់​ត្រូវ​បញ្ឈប់​ការ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម និង​បិទ​ម៉ាស៊ីនប្រតិករ​ដើរ​ដោយ​ទឹក ព្រមទាំង​បើក​ផ្លូវ​ដោយ​​ក្រុម​អធិការ​អន្តរជាតិ​ចុះ​ទៅ​ត្រួត​ពិនិត្យ​គ្រប់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទាំង​អស់​​ដែល​អ៊ីរ៉ង់​មាន​នៅក្នុង​ប្រទេស ដោយ​ឥត​លក្ខខណ្ឌ។

វ៉ាស៊ីនតោន បាន​ថែម​ទាំង​ស្នើ​ឱ្យ​តេអេរ៉ង់ ​បោះបង់​​កម្មវិធី​មីស៊ីល​បាលីស្ទិក ឈប់​អភិវឌ្ឍន៍​និង​សាក​ល្បងមីស៊ីល​ដែល​មាន​សមត្ថភាព​​នុយក្លេអ៊ែរ ដោះលែង​អ្នក​ទោស​អាមេរិក​ទាំង​អស់​ពី​ពន្ធនាគារ​អ៊ីរ៉ង់ បញ្ឈប់​ការ​គាំទ្រ​ក្រុម​ភេរវនិយម​ (ហេស្បូឡា ហាម៉ាស តាលីបង់​ ... )។ ហើយ​ជា​ចុង​ក្រោយ សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ត្រូវ​ដក​ខ្លួន​ចេញ​ពី​ប្រទេស​ស៊ីរី ចេញ​ពី​ជម្លោះ​និង​វិបត្តិ​នៅ​ក្នុង​តំបន់ដូច​ជា​នៅ​យេម៉ែន អ៊ីរ៉ាក់ ឬ​លីបង់​ ជា​ដើម​។ល។ ដើម្បី​កុំ​ឱ្យ​​គំរាម​កំហែង​ប្រទេស​ដទៃ មាន​ជា​អាទិ៍​អ៊ីស្រាអែល ឬ​អារ៉ាប៊ីសាអូឌីត។

លោក ប៉ុមប៉េអូ បាន​​ទទួល​ស្គាល់​ថា លក្ខខណ្ឌទាំង​១២​នេះ ហាក់​ពិបាក​នឹង​សម្រេច​បាន​ណាស់ ! តែ​ជា​សំណើ​គ្រឹះ​ និង​បាន​អំពាវនាវ​ឱ្យមាន​ការ​​គាំទ្រ​ពី​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​ទាំង​អស់​ ជាពិសេស​សហភាពអឺរ៉ុប ​ដោយ​ព្រមាន​ថា​អឺរ៉ុប​ជា​អ្នក​ទទួល​ខុស​ត្រូវ​បើ​សិន​បណ្តោយ​ឱ្យ​ក្រុមហ៊ុន​រក​ស៊ី​ជាមួយ​អ៊ីរ៉ង់ ក្នុង​ផ្នែក​ជាប់​ទណ្ឌកម្ម។

សម្រាប់អ៊ីរ៉ង់ ​អាមេរិកមិន​អាចសម្រេច​អ្វី​តែ​ម្នាក់ឯង​

​​លោក​ប្រមុខ​ការ​ទូត​អាមេរិក​ ​បាន​អំពាវនាវ ដោយ​ចំៗ​ ជា​ច្រើន​លើក​ច្រើន​សា ឱ្យ​មាន​​ការ​ប្តូរ​ផ្លាស់​របប​នយោបាយ​នៅអ៊ីរ៉ង់ ឱ្យ​ប្រជាពល​រដ្ឋ​អ៊ីរ៉ង់​ចេះ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​​ទៀត​ផង។ នេះ​ជា​​​យុទ្ធសាស្ត្រ​ដាក់​សម្ពាធ កៀបឱ្យ​​ខ្លាំង​បំផុត ដូច​អ្វី​ដែល​អាមេរិក​បាន​ប្រើ​ជាមួយ​កូរ៉េខាងជើង។ ប៉ុន្តែ​​អ៊ីរ៉ង់ មិន​បង្អង់​នឹង​​បញ្ចេញ​ប្រតិកម្ម​តប​វិញ​ទេ !

លោក ហាសាន រ៉ូហានី Hassan Rohani ​ប្រធានាធិបតី​អ៊ីរ៉ង់ ដែល​ជា​អ្នក​មាន​ជំហរ​មិន​តឹង​តែង​និយម តែ​ត្រូវ​បាន​អាមេរិក​ចាត់​ទុក​រាប់​បញ្ចូល​ជា​ក្រុមអ៊ីស្លាម​ប្រកាន់​តឹង​​តែមួយ​ បាន​ថ្លែង​តប​វិញ​ភ្លាម​ថា “ពិភពលោក​បច្ចុប្បន្ន​លែង​ត្រូវ​ការ​ឱ្យ​អាមេរិក​សម្រេច​អ្វី​តែ​ម្នាក់​ឯង​ហើយ ! ប្រជាពលរដ្ឋ​អ៊ីរ៉ង់​ឮ​សំដី​អាមេរិក​បែប​នេះ រាប់​សិប​ដង និងមិន​​ចាប់​អារម្មណ៍​ទៀត​ទេ។ សម្រាប់​លោក​រ៉ូហានី អ៊ីរ៉ង់ រង​ទណ្ឌកម្ម​អាមេរិក​ ​ជិត​៤០​ឆ្នាំ មក​ហើយ ហើយ២០​ឆ្នាំ​ចុងក្រោយ​នេះ ​អាមេរិក​ពង្រឹង​ទណ្ឌកម្ម​ខ្លាំង​ឡើង​ៗ​ ជា​លំដាប់។ ដូច្នេះ​គ្មាន​ហេតុ​ផល​អ្វី​ដែល​អ៊ីរ៉ង់​ត្រូវ​ព្រម​ទទួល​យក​លក្ខខណ្ឌ​កំណត់​ដោយ​អាមេរិក​ឡើយ !”

ថ្នាក់​ដឹកនាំ​អ៊ីរ៉ង់ស្ទើរ​តែ​គ្រប់​រូប​ សុទ្ធ​តែ​បាន​អះអាង​គ្រប់​គ្នា​ ៗ នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ថា​មិន​ត្រូវការ​ចរចា​រក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ថ្មី​ទេ ហើយ​ក៏​មិន​ត្រូវ​ការ​​ផ្តើម​ចរចា​ស្តី​អំពី​កម្មវិធី​បាលីស្ទិក​របស់​អ៊ីរ៉ង់​និង​តួនាទី​ឬ​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​ឡើយ។ សាធារណរដ្ឋ​អ៊ីសា្លម​អ៊ីរ៉ង់ ​អាច​រំពឹង​លើ​អឺរ៉ុប និង​រុស្ស៊ី​ព្រមទាំង​ចិន ដើម្បី​ទប់ទល់​​នឹង​សម្ពាធ​របស់​អាមេរិក។

​អឺរ៉ុប​​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​

​លោក​ស្រី​ប្រមុខ​ការ​ទូត​សហភាព​អឺរ៉ុប ជា​អ្នក​បញ្ចេញ​ប្រតិកម្ម​មុន​គេ ថា គ្មាន​ដំណោះស្រាយ​ផ្សេង​សម្រាប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ទេ ! សេចក្តី​ប្រកាស​របស់​លោក ប៉ុមប៉េអូ មិន​បាន​លាត​ត្រដាង​ឱ្យ​ឃើញ​សោះ​ថា ការ​ដក​ខ្លួន​របស់​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ នាំ​សុវត្ថិភាព​ដល់​តំបន់​នោះ ហើយ​ក៏​មិន​បាន​បង្ហាញ​ឱ្យ​ឃើញ​សោះ​ថា​តើ​ជំហរ​បែប​ណា​ដែល​មាន​ឥទ្ធិល​ខ្លាំង​ធ្វើ​ឱ្យ​អ៊ីរ៉ង់​ដើរ​ត្រង់​ផ្លូវ។

ប្រមុខ​ការ​ទូត​អាល្លឺម៉ង់ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​ បាន​ប្រកាស​ធ្វើ​ដំណើរ​ទៅ​វ៉ាស៊ីនតោន ដើម្បី​ជួប​ជជែក​ជាមួយ​សមភាគី​អាមេរិក​ នៅ​សប្តាហ៍​នេះ​តែ​ម្តង។ ចំណែក​ប្រមុខ​ការទូត​អង់គ្លេស ដែល​ធ្លាប់​ជា​អ្នក​គាំទ្រអាំមេរិក​​ដំបូង​គេក្នុង​សំណុំ​រឿង​អ៊ីរ៉ង់ ​​​បាន​ព្រមាន​លោក ប៉ុមប៉េអូ ថា គំនិត​ចង់​បាន​សន្ធិសញ្ញា​យក្ស​​ជាមួយ​អ៊ីរ៉ង់ ដូច​ជាលំបាក​​បន្តិច​ហើយ។

តាំង​ពី​សហរដ្ឋ​អាមេរិកបាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ នៅ​ថ្ងៃទី ៨ ឧសភា​មក​ អង់គ្លេស​-បារាំង-​អាល្លឺម៉ង់ ទន្ទេញជាប់​ជានិច្ច​ឆន្ទៈ​ស្រោច​ស្រង់​​កិច្ចព្រមព្រៀង​នោះ។ កាលពី​ថ្ងៃសុក្រ គណៈកម្មការអឺរ៉ុប​បាន​ដាក់​ឱ្យ​ដំណើរការ​ច្បាប់​​ការពារ​ក្រុមហ៊ុន​អឺរ៉ុប​ដែល​រក​ស៊ី​នៅ​អ៊ីរ៉ង់ ប៉ុន្តែ​បើ​តាម​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ​ មិន​យូរ​មិន​​ឆាប់​ប្រទេស​ជា​សមាជិក​អឺរ៉ុប​ នឹង​ត្រូវ​ដើរ​តាម​គន្លង​យុទ្ធសាស្ត្រ​អាមរិក​ ព្រោះ​គេ​មិន​អា​ច​បង្ខំ​ក្រុមហ៊ុន​​អឺរ៉ុប​ដែល​ទទួល​ប្រយោជន៍​ច្រើន​ពី​អាមេរិក ឱ្យ​ជ្រើសរើស​​រវាង​អាមេរិក​និង​អ៊ីរ៉ង់​ឡើយ។ សម័យ​នេះ អ្នក​សេដ្ឋកិច្ច​សម្រេច​អ្វី​ដោយ​ឯករាជ្យ មិន​រំពឹង​លើ​អំណាច​នយោបាយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ