អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

សន្តិសុខជាតិ​រុស្ស៊ី​បាន​វែកមុខ​ក្រុម​ជ្រុលនិយម​នៅ​គ្រីមេ

ស្ថាប័ន​សន្តិសុខជាតិ​រុស្ស៊ី​ថ្ងៃចន្ទ ២១ ឧសភា បាន​ចង្អុល​ឲ្យ​ឃើញ​ពី​អត្តសញ្ញាណ​ក្រុម​ជ្រុលនិយម​នៃជនជាតិ Tatars រស់នៅ​គ្រីមេ ជា​សហគមន៍​កាន់​សាសនាអ៊ីស្លាម ប្រឆាំង​នឹង​រុស្ស៊ី ដែល បាន ភ្ជាប់​យកទឹកដី​គ្រីមេ ។ តាម​អាជ្ញាធរ​រុស្ស៊ី ក្រុម​ជ្រុលនិយម​នេះ បាន​ត្រៀម​ប្រព្រឹត្ត​អំពើ​បង្កហេតុ​ដើម្បី ក្រោម​ការគាំទ្រ​ពី​ខាង​ក្រុងគៀវ ផ្លុំបញ្ឆេះ ឲ្យមាន​ភាព​តានតឹង​រវាង​ជនជាតិ​នៅ​ឧបទ្វីប​នេះ។

សហគមន៍ Tatars គ្រីមេ
សហគមន៍ Tatars គ្រីមេ REUTERS
ផ្សាយពាណិជ្ជកម្ម

ស្ថាប័ន​សន្តិសុខជាតិ FSB ប្រកាស​ថា រួម​ជាមួយ ក្រសួង​មហាផ្ទៃ​រុស្ស៊ី បាន​បើក​ការ​ស៊ើបអង្កេត លើ សកម្មភាព​ជ្រុលនិយម​នៃ ក្រុម​ដែល​បង្កើត​ឡើង​ដោយ ឈ្មោះ Erol Veliev ជា ជំនួយការ​របស់​ឈ្មោះ Moustafa Djemiliev មេដឹកនាំ​ប្រវត្តិសាស្ត្រ របស់​សហគមន៍ Tatars គ្រីមេ ដែល​សព្វថ្ងៃ​រស់នៅ ក្នុង ស្ថានភាព​និរទេស នៅ​អ៊ុយក្រែន- ការ​នេះ មាន​និយាយ ក្នុង​សេចក្តី​ជូនដំណឹង FSB ចេញថ្ងៃ ២១ ឧសភា ដែល​លើក​ឡើង​ត​មក​ទៀត​ថា សមាជិក​ម្នាក់​នៃ​ក្រុម​នេះ ឈ្មោះ Oleksandr Stechenko ជាអ្នកប្រដាល់ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​មេសា ចំណែក​សមាជិក ពីរនាក់​ទៀត ក្នុង​នោះមាន​ទាំង​ឈ្មោះ Veliev ផង ត្រូវ អាជ្ញាធរ​រុស្ស៊ី ប្រកាស​រក​ចាប់​ខ្លួន។

FSB លំអិត​ថា ពួកជ្រុលនិយម បាន​គ្រោង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ដើម្បី​បំភ័យ និង​សម្លុត​ជនជាតិT atars ណា នៅ​គ្រីមេ​ដែល​រុស្ស៊ីនិយម ហើយ ផ្លុំបញ្ឆេះ ភាព​តានតឹង​រវាង​ជនជាតិ​ប្លែកៗ រស់​នៅ គ្រីមេ។ តាម FSB កាល​ពី​ខែ​មករា ពួក​គេ បាន​គប់​ដប​សាំង ដុត​ផ្ទះ​ចៅក្រមអ៊ីស្លាម​នៅ​ខាង​រុស្ស៊ី ហើយ នៅ ខែ មេសា បាន​ដុត​អគារ​ក្រសួង​មហាផ្ទៃ​គ្រីមេ។ FSB អះអាង​ថា ចំពោះ​អំពើ​បង្កហេតុ​ប្រព្រឹត្ត​មួយ​លើកៗ លើ​ទឹកដី​គ្រីមេ ដោយ​មាន​ការ​គាំទ្រ​ពី​ខាង ស្ថាប័នសន្តិសុ​ខអ៊ុយក្រែន សមាជិក​ក្រុមជ្រុលនិយមនោះ ទទួល ម្នាក់ៗ បាន ៥០០ ដុល្លារ។ ដោយ​ភាគ​ច្រើន ប្រឆាំង​នឹង​រុស្ស៊ី ដែល​បាន​ភ្ជាប់​យក​ទឹកដី​គ្រីមេ ជាទី​ដែល​គេ​រស់​នៅ ហើយ​ការ​ភ្ជាប់​នេះ ត្រូវ អ៊ុយក្រែន​និង​បស្ចិមលោក ចាត់​ទុក​ថា​ខុស​ច្បាប់ សហគមន៍ Tatars អ៊ីស្លាម រមែង​រង​នូវ​សម្ពាធ​យ៉ាង​ខ្លាំង ពី​ខាង​អាជ្ញាធរ​រុស្ស៊ី។

តុលាការ​រុស្ស៊ី មិន​គ្រាន់​តែ​ហាមប្រាម និង ចាត់ទុក Medjlis សភា Tatars នៅ​គ្រីមេ​ថា ជា​អង្គការ​ភេរវនិយម​ប៉ុណ្ណោះ​ទេ តែ ថែម​ទាំង​បាន​បិទ មិន​ឲ្យ​ដំណើរការ កាណាល់​ទូរទស្សន៍ របស់​សហគមន៍ ជនជាតិភាគតិច​នេះ ។ អតីត​ប្រធាន​សភា Medjlis ដែល​ជា​មេដឹកនាំ​ប្រវត្តិសាស្ត្រ​របស់​សហគមន៍ Tatars លោក  Moustafa Djemilev តាំង​ពី​ខែ​មេសា​ឆ្នាំ២០១៤​មក ត្រូវ​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​គ្រីមេ សម្រាប់ រយៈពេល ៥ ឆ្នាំ  ហើយ​ក្នុង​ស្ថានភាព​និរទេស គាត់​ក្លាយ​ជា តំណាងរាស្ត្រ​នៅ​អ៊ុយក្រែន។ កាល​ពី​ចុង​ខែ​កញ្ញាឆ្នាំ ២០១៧ អសប បាន​វិនិច្ឆ័យ​អំពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​គ្រីមេ ថា “ ស្រុតចុះ អាក្រក់​មែនទែន” ដោយ​ចោទ​អាជ្ញាធរ​រុស្ស៊ី ក្នុង​បទ រំលោភបំពាន​សិទ្ធិមនុស្ស យ៉ាង​ធ្ងន់ធ្ងរ​និង​ច្រើន ឥត គណនា ក្នុង​លក្ខណៈ​និទ្ទណ្ឌភាព​ពេញទី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ