អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង ៖ តំបន់ជាយក្រុង ជាតំបន់ក្រីក្រ ស្តារ​មិនរួចឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំ​ងពី​ដើម​ឡើយ ​តំបន់​ជាយក្រុង មាន​រូបភាព​ជា​តំបន់​អវិជ្ជមាន ជា​ដែនដី​ដែល​គេបោះបង់​ ដែល​គេ​មិន​រាប់​រក ក្រីក្រ ហិង្សា ​គួរ​ឱ្យ​ខ្លាច ... ថ្វី​បើ​តំបន់​ជាយក្រុង​មាន​ការ​ប្តូរ​ផ្លាស់ ពង្រីកកាន់​តែ​ធំ បាន​ទទួល​ការ​អភិវឌ្ឍសព្វបែប​យ៉ាង​ ​ អ្នក​នយោបាយ​បាន​ខំគិត​គូរ ជា​អាទិភាព​ យ៉ាងណា​ក្តី ក៏តំបន់​ជាយក្រុង​នៅ​តែ​​ងើប​មុខ​មិន​រួច ! ​រូប​ភាព​អវិជ្ជមាន និង​បរាជ័យ​​ បាន​ដក់​ក្នុង​អារម្មណ៍​មនុស្ស​ទូទៅ។ នៅ​ថ្ងៃ​អង្គារ​ទី ២២​ឧសភា ប្រធានាធិបតី​បារាំង បាន​ប្រកាស​ចង់​ប្រើ​វិធីសាស្ត្រ​ថ្មី ប្លែក​ខុស​ពី​អ្នក​នយោបាយ​មុន ដើម្បី​ស្រោច​ស្រង់​តំបន់​ជាយក្រុង​ពី​ភាព​ក្រីក្រ។

ប្រធានាធិបតី​បារាំង លោក Emmanuel Macron បង្ហាញ​នយោបាយ​​​របស់​រដ្ឋាភិបាលចំពោះ​តំបន់​ជាយក្រុង
ប្រធានាធិបតី​បារាំង លោក Emmanuel Macron បង្ហាញ​នយោបាយ​​​របស់​រដ្ឋាភិបាលចំពោះ​តំបន់​ជាយក្រុង AFP/Ludovic Marin
ផ្សាយពាណិជ្ជកម្ម

ក្នុង​សម័យ​មុន​ តំបន់​​ជាយក្រុង ជា​ភូមិឋាន​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​កំរិត​មធ្យម ពលករ​កម្មករ ដោយ​មាន​រោង​ច្រក​ឧស្សាហកម្ម​​បំពុល​បរិយាកាស​ជា​ច្រើន​ទៅ​តាំ​ងទី និង​ផ្តល់​ការងារ​។ ក្រោយ​​សម័យ​សង្គ្រាម​លោកលើក​ទីពីរ សង្កាត់​ជាយក្រុង​បាន​លូតលាស់​ខ្លាំង ដើម្បី​ឆ្លើយ​តប​ទៅ នឹង​កំណើន​ប្រជាជន​ ភាព​ជឿន​លឿន​បាន​រុញ​ច្រាន​កសិករ​ឱ្យ​ខិ​តកាន់​តែ​ឆ្ងាយ​ទៅ​ពី​ក្រុង ប៉ុន្តែ​ទីផ្សារ​ការងារ​ចាប់​រួញ​និង​បាត់​បង់​បន្តិចម្តងៗ អ្នក​រស់​នៅ​សង្កាត់​ជាយ​ក្រុង​ ត្រូវ​ទៅ​ធ្វើការ​កាន់​តែ​ឆ្ងាយឡើងៗ​ពី​ផ្ទះ ជីវភាព​រស់នៅកាន់​តែ​លំបាក គម្លាត​ជាមួយ​អ្នក​កណ្តាលក្រុង​កាន់​តែ​ធំ។

បច្ចុប្បន្ន​នេះ តំបន់​ជាយ​ក្រុង​ លាត​សន្ធឹង​រាប់​សិប​​គីឡូម៉ែត្រ​ពីទីប្រជុំ​ជនក្រុង។ មាន​ផ្នែក​ខ្លះ​នៃ​តំបន់​ជាយក្រុង ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តំបន់​អ្នក​មាន ជា​សង្កាត់​អ្នក​មាន​ជីវភាព​ធូរ​ធារ។ ប៉ុន្តែ​ខុស​ពី​បណ្តា​ប្រទេស​ជឿន​លឿន​ជា​ច្រើន​ផ្សេង​ទៀត ដែល​តំបន់​ជាយក្រុង ច្រើន​តែ​ជា​ភូមិដ្ឋាន​​ទូលំទូលាយ ជា​សង្កាត់​អ្នក​មាន លក្ខខណ្ឌ​រស់​នៅ​ស្ងប់ស្ងាត់​មាន​ផាសុក​ជាង​​កណ្តាល​​ក្រុង តំបន់​ជាយក្រុង​បារាំងភាគ​ច្រើន​ ជាប់​​ឈ្មោះ​អាក្រក់ ៖ ជា​តំបន់​ហិង្សា បងធំ​បង​តូច ក្រីក្រ រខេករខាក អត្រា​អ្នកការងារ​ធ្វើ​ខ្ពស់ ក្មេងបរាជ័យ​ក្នុង​ការ​សិក្សា​ច្រើន​ ...។

រដ្ឋាភិបាល​មួយ​ហើយ​មួយ​ទៀត បាន​លើក​ផែនការ​ស្តារ​តំបន់ ជាប​ន្ត​បន្ទាប់​ ប៉ុន្តែ​ជាង​៤០​ឆ្នាំចុងក្រោយ​ កន្លង​មក​នេះ គេ​សង្កេត​មាន​តែ​ប្រវត្តិនៅ​តែចំដែលៗ។

ប្រវត្តិ​នៃ​ការ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​នយោបាយ​ស្តារ​តំបន់​ជាយក្រុង បាន​កកើត​ជា​លើក​ដំបូង នៅ​ឆ្នាំ​១៩៧១ ដោយ​នាយក​រដ្ឋមន្ត្រី​បារាំងលោក Jacques Chaban-Delmas បាន​​ចុះ​ផ្ទាល់​ទៅដល់​​តំបន់​ជាយក្រុង​រខេករខាក។ ដោយ​មិនប្រើពាក្យ “​ផែនការ​ស្តារ​តំបន់ជាយក្រុង” ប្រមុខ​រដ្ឋាភិបាល​បារាំង​សម័យ​នោះ បាន​ប្រកាស​ឈូស​ឆាយ​កម្ទេច​​តំបន់​រខេករខាក ទៅ​ជា​សំណង់អគារ​ខ្ពស់ៗ​ជា​ផ្ទះ​រដ្ឋ ជូន​ដល់​គ្រួសារ​ (បារាំង​និង​អន្តោប្រវេសន៍​បរទេស) ដែល​មាន​កូន​ច្រើន។ ប្រមុខ​រដ្ឋាភិបាល​បានបង្ហាញ​ពី​មោទនភាព​នៅពេល​ឃើញ​ក្មេងៗ​ក្រីក្រ​មាន​សុភមង្គល មាន​ជំរក​សមរម្យ។

នៅ​ឆ្នាំ​១៩៧៧ ក្រោម​អាណត្តិ​របស់​ប្រធានាធិបតី​វ័យ​ក្មេង​ជា​អ្នក​កណ្តាល​និយម Giscard d’Estaing តំបន់​ជាយក្រុង​បាន​ទទួល​ចំណាប់​អារម្មណ៍​ថ្មី ក្រោម​ផែនការ​មាន​ឈ្មោះ “ជម្រក​និង​ជីវិត​សង្គម” ដែលមាន​កម្មវត្ថុ​ជួសជុល​សំណង់​ផ្ទះ​សម្បែង​ចាស់​ទ្រុឌទ្រោម។

នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​៨០ មាន​ផ្ទុះ​អំពើ​ហិង្សា​នៅ​ក្នុង​សង្កាត់​ដ៏ក្រីក្រ​បំផុត​មួយ នៅ​ជាយក្រុង​ទីក្រុង​លីយ៉ុង រវាង​ពលរដ្ឋ​និង​ប៉ូលិសដែល​ជ្រុលដៃ​ក្នុង​ពេល​ល្បាត​។ ពីរ​ឆ្នាំ​ក្រោយ​ រដ្ឋាភិបាល​រក​ដំណោះស្រាយ​ឃើញ គឺ កម្ទេច​សំណង់​អគារស្នាក់​នៅ​ខ្ពស់ៗ​នោះ​ចោល។ រូប​ភាព​នៃ​ការ​កម្ទេច​ ត្រូវ​បាន​បង្ហោះ​ផ្សាយ​តាម​កញ្ចក់ទូរទស្សន៍ ! បារាំង​បាន​ប្រកាន់​យក​ជម្រើស​នេះ រយៈ​ពេល​២០​ឆ្នាំ​និង​ស្ទើរ​នៅ​ពេញ​​ទូទាំង​ប្រទេស ​ព្រោះកម្ទេច​អគារ​ ​ជា​តំណាង​ការ​លុប​បំបាត់​ សំណង់​ចាស់​គំរិល​ផង តែ​ជា​កម្ទេច​​បំបាត់​ភាព​ក្រីក្រ​តោក​យាក និង​អំពើ​ហិង្សា បំបែង​ហ្វូង​​បានទៀត។

នៅ​ឆ្នាំ​១៩៩៩ បារាំង​បាន​បង្កើត​ភ្នាក់ងារទទួល​បន្ទុក​​កែ​លម្អ​ក្រុង (សង្កាត់​ជាយក្រុង)។ ការ​កែលម្អ​ក្រុង​ បាន​ក្លាយ​ជា​មហាអាទិភាព​នៃ​នយោបាយ​ក្រុង​ ចាប់​ពី​ឆ្នាំ​២០០៤​មក។ មាន​សង្កាត់ជាយ​ក្រុង​​ចំនួន​៥០០ បាន​ទទួល​ផែនការ​នេះ ក្នុង​អំឡុង​ពេល​តែ​១០​ឆ្នាំ។ កែលម្អ​បន្តិច​បន្តួច តែ​កម្ទេច​ចោល​ច្រើន ! ជា​លទ្ធផល​ របាយការណ៍​ឆ្នាំ​២០១១ បាន​បង្ហាញ​ថា កម្មវត្ថុ​មិន​​សម្រេច​ដូច​បំណង និង​គ្មាន​ទេ​ល្បាយ​សង្គម​ នៅ​ក្នុង​សង្កាត់​ក្រីក្រ​ជាយក្រុង។

ក្នុង​សម័យ​លោក​នីកូឡា សាកូហ្ស៊ី រដ្ឋមន្ត្រី​ទទួល​បន្ទុក​អភិវឌ្ឍន៍​ក្រុង បាន​លើក​ផែនការ​ដឹក​ជញ្ជូន​ក្មេង​ក្នុង​គ្រួសារ​ក្រីក្រ-កូន​ច្រើន ទៅ​រៀន​នៅ​សាលា​ល្អៗ ឆ្ងាយ​ពី​សង្កាត់​ក្រីក្រ​ខ្លួន ដើម្បី​បើក​ភ្នែក​ពួក​គេ​ឱ្យ​ឃើញ​ពិភព​ផ្សេង និងដើម្បី​ឱ្យ​​មាន​ល្បាយ​សង្គម លាយ​គ្នា​ខ្លះ កុំ​សុទ្ធ​តែ​ក្រ ឬ​មាន​ផ្តុំ​គ្នា​ពេក ប៉ុន្តែ​លទ្ធផល​ក៏​មិនបាន​ប្រសើរ។

នៅឆ្នាំ​២០០៨ ពោល​គឺ​បី​ឆ្នាំ​ក្រោយ​អំពើ​ហិង្សា​មរណៈ​នៅ​ជាយក្រុង​មក ​ប្រធានាធិបតី​ ដែល​កាលណោះ ជា​រូប​លោក​នីកូឡា សាកូហ្ស៊ី បាន​ប្រកាស​ផែនការ កណ្តាប់​ដៃ​ដែក ចង់​​លុប​បំបាត់​ពួក​ក្មេង​ពាល​នៅ​សង្កាត់​ជាយក្រុង​ ដោយ​ឈរលើ​ដំណោះស្រាយ​បើ​កម្លាំង​ប៉ូលិស​ឱ្យ​បាន​ច្រើន​ជាង​មុន។ ប៉ុន្តែ​ផែនការ​លោ​កសាកូហ្ស៊ី​បន្ថែម​ប៉ូលិស​ ​នៅ​តែ​មិនគ្រប់គ្រាន់ និង​តិច​ជាងសម័យ​ឆ្នាំ​២០០​០ផង ព្រោះ​ទន្ទឹម​ពេល​គ្នា​នោះ លោកកាត់​បន្ថយ​​ប៉ូលិស​តាម​ភូមិ​អស់​ទៅ​ហើយ។

ជា​សរុប​ទៅ​គ្រប់​ផែនការ​ស្តារ​តំបន់​ជាយ​ក្រុង​សុទ្ធ​​តែពុំ​បាន​ទទួល​លទ្ធផល​ជា​ទី​សក្តិសម​សោះ។ បំណង​ប្រាថ្នា​ចង់​ផ្តល់​សំណាង​ឱ្យ​ពលរដ្ឋ​អ្នក​រស់​នៅ​តាម​តំបន់​ជាយក្រុង មាន​រចនាសម្ព័ន្ធ សាលា សេវាសាធារណៈ​ ដូច​តំបន់​ផ្សេង​ទៀត​របស់​បារាំង បាន​ត្រឹម​តែ​បន្សល់​ទុក​​នូវ​ស្លាក​ស្នាម​​នៃ​ភាព​ប្រេះឆា​សង្គម​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប្រធានាធិបតី ម៉ាក្រុង បាន​ប្រកាស​មិន​ចេញ​ផែនការ​ ឬ គម្រោង​អ្វី​សម្រាប់​ស្តារ​តំបន់​ជាយក្រុង​ឡើយ។ លោក​ម៉ាក្រុង បានសម្រេច​ប្តូរ​សិល្ប៍​វិធី ជា​ពាក្យ​សន្យា​ទៅ​ជា​ការ​បញ្ចេញ​សកម្មភាព​ដោយ​ជាក់ស្តែង និង​ចំៗ ក្នុ​ងវិស័យ​សន្តិសុខ​ យុត្តិធម៌ និង​លំនៅដ្ឋាន ៖ មេឃុំ​និង​សមាគមន៍​ត្រូវ​ជួប​ពិភាក្សា​ជារៀង​រាល់​ពីរ​ខែ ដើម្បី​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ជន​បង្ក​បញ្ហា​ដល់​សង្កាត់ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្នុង​ភូមិ​រស់​នៅ បង្ខំ​ក្រុមហ៊ុន​រដ្ឋ​ឱ្យ​ដល់​កម្មសិក្សា​ដល់​យុវជន​ពី​​សង្កាត់​ក្រីក្រ​រៀន​ចប់​អនុវិទ្យាល័យ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រើ​ពាក្យ​សំដី​រើង​អើង​ ប្រកាន់​ពូជសាសន៍ ។ល។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ