ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/12 12h00 GMT
អឺរ៉ុប

បារាំង ៖ បក្ស​ប្រឆាំង​និង​សហជីព ព្រួត​ដៃ​គ្នា​ធ្វើ​​​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ជា​ថ្មី

media  
បាតុកម្ម​រៀប​ចំ​ឡើង​ដោយ​សហជីព CGT និង Solidaires កាលពីថ្ងៃទិ ១៩ មេសា ២០១៨ REUTERS/Jean-Paul Pelissier

នៅ​ថ្ងៃសៅរ៍​ទី ២៦​ឧសភា នេះ ចលនា​បាតុកម្ម​ប្រឆាំង​នឹង​នយោបាយ​ដឹកនាំ​ប្រទេស​របស់​លោក អេម៉ាណុយអែល ម៉ាក្រុង ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ស្ទើរ​ទូទាំង​ប្រទេស។ ជា​បាតុកម្ម​ដែលមាន​ការ​ចូល​រួម​ពី​សំណាក់​​បក្ស​នយោបាយ​ឆ្វេង​និយម ឆ្វេង​និយម​ជ្រុល អង្គការ​មូលនិធិ ​សមាគម សហជីព​ ចំនួន​ជាង​៦០។ នៅ​ថ្ងៃ​នេះ​ ជា​ការ​ដ៏​កម្រ​បំផុត ដែល​សហជីព​ដ៏​ធំ​ជាង​គេ​បំផុត​របស់​បារាំង ព្រម​ចុះ​ធ្វើ​បាតុកម្ម​ជាមួយ​បក្ស​នយោបាយ។ តើ​ការ​ចាប់​ដៃ​គ្នា​នេះ ពិត​ជា​គ្រប់​គ្រាន់​នឹង​ប្រែក្លាយ​បាតុកម្ម​​ឱ្យ​ទៅ​ជំនោរ​ពលរដ្ឋ​ប្រឆាំង​រដ្ឋាភិបាល​ បាន​ឬ ?

​​​នៅ​ក្នុង​ក្បួន​បាតុកម្ម ​ដែល​​ជា​ល្បាយ​នៃនិន្នាការ​​​នយោបាយ​ផ្សេងៗ​គ្នា​ផង និងតំណាង​សហជីព​ផ្សេងៗ ព្រមទាំង​​​សង្គមស៊ីវិលចម្រុះ​​​ (ជា​សមាគមអ្នកការពារ​​បរិស្ថាន អ្នក​ការពារ​សត្វ ការ​ជីវិត​ សន្តិភាព និង​សុខភាព) ផង ​គេក៏​សង្កេត​ឃើញមាន​​ក្រុម​អ្នក​បុគ្គលិក​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែរហ្វ្រង់ បុគ្គលិក​នៅអាកាសយានដ្ឋាន មនុស្ស​ចាស់​ចូលនិវត្តន៍ បញ្ញាវន្តអ្នក​ស្រាវជ្រាវ បុគ្គលិក​សុខាភិបាល ​ចូល​លាយ​លំ​ ជាមួយ​ដែរ។

​អ្វី​ដែល​គួរ​ឱ្យកាន់​តែ​​​ចាប់​អារម្មណ៍ ប្លែក​ខុស​ពីសព្វ​មួយដង គឺ​សហជីព​កម្មករ CGT ដែល​ជា​សហជីព​ដ៏​ធំ​ជាង​បំផុត​របស់​បារាំង បាន​ចុះ​ដង្ហែ​ក្បួន​បាតុកម្ម​ជាមួយ​នឹង​គណបក្ស​ឆ្វេង​និយម​ជ្រុល La France Insoumise របស់​លោក​ ហ្សង់លុច មេឡង់ស្ហុង Jean Luc Mélanchon ដែល​តាំង​ខ្លួន​ជា​បក្ស​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដ៏​ធំ​ជាង​គេ​នៅ​បារាំង។ ប៉ុន្តែ​ដើម្បី​បញ្ចៀស​ការ​រិះគន់​ និង​ដើម្បី​តម្លាភាព ប្រធានគណបក្ស​នយោបាយ​ La France Insoumise បាន​ជ្រើសរើស​ទៅ​ដឹក​នាំ​បាតុកម្ម​នៅ​ក្រុងម៉ាក្សី ភាគ​ខាង​ត្បូង​ប្រទេស និង​ទុក​ឱ្យ​ប្រធាន​សហជីព CGT ដឹក​មុខ​នៅ​ប៉ារីស។

លោក មេឡង់ស្ហុង សន្យា​​ថា​បាតុកម្ម​ថ្ងៃ​នេះ មិនមែន​ជា​បាតុកម្ម​ចុងក្រោយ​ឡើយ​ ! ប្រមុខ​ដឹកនាំ​បាតុកម្ម​​ដែល​ចង់​ប្រែក្លាយ​ចលនា​​ថ្ងៃទី ២៦​ឧសភា ទៅ​ជា​ជំនោរ​កំហឹង​មហាជន​ និង​ណាត់​ជួប​ជា​គ្នាលើ​ថ្នល់​​ជា​ថ្មី​ទៀត នៅ​សប្តាហ៍ ក្រោម​កម្មវត្ថុ​តែ​មួយ រុញ​លោក​ម៉ាក្រុង​ឱ្យ​ដក​ថយ។

ប៉ុន្តែ​តាំង​ពី​ល្ងាច​ម្សិលមិញ លោក ម៉ាក្រុង ប្រធានាធិបតី​បារាំង បាន​បញ្ចេញ​ប្រតិកម្ម​ព្រមាន​ទុក​ជាមុន​ថា​ “​គ្មាន​កម្លាំង​អ្វី​មក​បញ្ឈប់​សកម្មភាព​លោ​ក​បាន​ទេ” ! និង​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ អ្នក​ដែល​ចង់​បិទ​ខ្ទប់​ប្រទេស មិន​អាច​បិទ​ខ្ទប់​លោក​បាន​ឡើយ !

បាតុកម្ម​រៀប​ចំ​ឡើង​ដោយ​សន្តិភាព​ទេ ប៉ុន្តែតែង​មាន​ការ​​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​បំផ្លិច​បំផ្លាញ​និងប៉ូលិស។ គ្រាន់​តែ​ចាប់​ផ្តើម​ភ្លាម ​មាន​​ការ​ចាប់​ខ្លួន​បាតុករ​ជា​ច្រើន​នាក់៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ