អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​សហភាពអឺរ៉ុប​ជាអ្នកលូកដៃ ចាត់ចែង​លទ្ធិប្រជាធិបតេយ្យ​នៅ​អ៊ីតាលី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ៊ីតាលី​នៅ​ថ្ងៃចន្ទទី ២៨ ឧសភា បានធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ដ៏ធ្ងន់ធ្ងរ មិនធា្លប់មាន តាំង​ពី​សង្រ្គាម​លោកលើកទី២ បន្ទាប់ ពី​ប្រធានាធិបតី​បដិសេធ មិនតែងតាំង បេក្ខជន​រដ្ឋមន្រ្តី​សេដ្ឋកិច្ច ស្នើឡើង​ដោយ​នាយករដ្ឋមន្រ្តី​ឈ្នះឆ្នោត។ នៅក្រោយ​ការបដិសេធ របស់​ប្រធានាធិបតី បេក្ខជន​នាយករដ្ឋមន្រ្តី បាន​ប្រកាស​ដកខ្លួន លែង​បង្កើត​រដ្ឋាភិបាល ដែល​ជាហេតុ​ធ្វើ​ឲ្យ​អ៊ីតាលី នៅ​តែ​គ្មាន​រដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ប្រទេស ចាប់តាំង​ពី​ការបោះឆ្នោត​នាខែ​មីនា។ នៅក្រោយ​ការបដិសេធ បេក្ខជន​រដ្ឋមន្រ្តី ដែល​ចេញពី​គណបក្ស​ឈ្នះឆ្នោត សម្ព័ន្ធ​បក្ស​ពីរ ដែល​ឈ្នះ​ឆ្នោត កាលពី​ខែ​មីនា បាន​បរិហារ​រិះគន់​ប្រធានាធិបតី អ៊ីតាលី ថា រណប ដើរតាម​ខ្សែបន្ទាត់​របស់​សហភាព​អឺរ៉ុប។ 

អតីត​មន្រ្តី​ជាន់ខ្ពស់​របស់IMF លោក Carlo Cottarelli ត្រូវ​បាន​ប្រធានាធិបតី​អ៊ីតាលី លោក Sergio Mattarella តែងតាំង​ជា​នាយករដ្ឋមន្រ្តី ដើម្បី​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្នអ៊ីតាលី នៅថ្ងៃចន្ទទី ២៨​ឧសភា ២០១៨
អតីត​មន្រ្តី​ជាន់ខ្ពស់​របស់IMF លោក Carlo Cottarelli ត្រូវ​បាន​ប្រធានាធិបតី​អ៊ីតាលី លោក Sergio Mattarella តែងតាំង​ជា​នាយករដ្ឋមន្រ្តី ដើម្បី​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្នអ៊ីតាលី នៅថ្ងៃចន្ទទី ២៨​ឧសភា ២០១៨ ©REUTERS/Tony Gentile
ផ្សាយពាណិជ្ជកម្ម

វិបត្តិនយោបាយ​នៅ​តែ​ជាប់គាំង នៅអ៊ីតាលី នៅក្រោយ​ប្រធានាធិបតី​អ៊ីតាលី បាន​បដិសេធ មិន​ព្រម តែងតាំង បេក្ខជន​រដ្ឋមន្រ្តី សេដ្ឋកិច្ច​តាម​ការស្នើ​របស់​នាយករដ្ឋមន្រ្តី​ដែល​ចេញ​មក​ពី​ការឈ្នះឆ្នោត សភា កាលពី​ខែ​មីនា។ ដោយសារ​តែ​ប្រធានាធិបតី​បដិសេធ​មិន​ទទួល​យក​បេក្ខជន​ដែល​ខ្លួន​ស្នើឡើង នាយករដ្ឋមន្រ្តី​ដែល​សភា​ទើប​តែ​ជ្រើសរើសបាន នៅ​សប្តាហ៍មុននេះ បាន​ប្រកាស​ដកខ្លួន មិន​បង្កើត​រដ្ឋាភិបាល។

នៅ​ក្នុង​សារ​ថ្លែង​តាម​ទូរទស្សន៍ អ៊ីតាលី លោក​ប្រធានាធិបតី Sergio Mattarella បាន​និយាយថា លោកព្រម​ទទួល​តែងតាំង គ្រប់​បេក្ខជន​រដ្ឋមន្រ្តី​ដែល​ស្នើ​ឡើង​ដោយ​លោក​នាយករដ្ឋមន្រ្តី ប៉ុន្តែ លើកលែង តែ​បេក្ខជន​សម្រាប់​តំណែង រដ្ឋមន្រ្តី​សេដ្ឋកិច្ច​តែម្នាក់​ប៉ុណ្ណោះ។

ដោយសារ​តែ​គ្មាន​គណបក្ស​នយោបាយ​ណា ឈ្នះ​ដាច់មុខ គណបក្ស​ពីរ គឺ ចលនា​ផ្កាយ៥ ហើយ​និង​គណបក្ស​ឈ្មោះ សម្ព័ន្ធ ដែល​ទទួល​បាន​សំឡេង​ច្រើន​ជាង​គណបក្ស​ដទៃ នៅ​ក្នុង​ការបោះឆ្នោត​សភា បាន​ចរចា យល់ព្រម​រួបរួម​គ្នា បង្កើត​រដ្ឋាភិបាលអ៊ីតាលី​ថ្មី។ លោក​Giuseppe Conte អ្នកច្បាប់ ប៉ុន្តែ គ្មាន​បទពិសោធន៍​ធ្វើ​នយោបាយ​មកពី​គណបក្ស​ផ្កាយ៥ ត្រូវ​បាន​គណបក្ស​ទាំងពីរ យល់ព្រមព្រៀង​គ្នា ជ្រើសរើស​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី បង្កើត​រដ្ឋាភិបាល​ថ្មី។

នៅ​ថ្ងៃ អាទិត្យ​ម្សិលមិញ លោក​នាយករដ្ឋមន្រ្តី ថ្មី​របស់​អ៊ីតាលី បាន​ជ្រើសរើស​សេដ្ឋកិច្ច​វិទូ លោក Paolo Savona ដែល​ល្បី​ឈ្មោះ​ជាអ្នកចេញ​មុខ ស្អប់ ប្រឆាំង​នឹង​ការចាយលុយ​អឺរ៉ូ សម្រាប់​តំណែង រដ្ឋមន្រ្តី សេដ្ឋកិច្ច​អ៊ីតាលី។ ប៉ុន្តែ នៅ​ក្នុង​សារ​នៅថ្ងៃ​ម្សិលមិញ ប្រធានាធិបតី​អ៊ីតាលី​បាន​បញ្ជាក់ថា សម្រាប់​តំណែង រដ្ឋមន្រ្តី សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អ៊ីតាលី ដែលដើរតួ​សំខាន់​ក្នុង​ការចាត់ចែង ថវិកា​របស់​ប្រទេស លោក​មិន​អាច​ទទួល​យក​បេក្ខជន ដែល​មាន​នយោបាយ​ជ្រុលនិយម រហូត​ធ្វើ​ឲ្យ​អ៊ីតាលី ត្រូវ​ដើរចេញ​ពី​តំបន់​ចាយប្រាក់​អឺរ៉ូ​នោះទេ។ ជារួម លោកប្រធានាធិបតី អ៊ីតាលី​បដិសេធ​មិន​ព្រម​ទទួល​យក​លោក​Paolo Savona ក្នុង​ហេតុផលថា លោក​Savona​នេះ ជា​បុគ្គល​ស្អប់ អរិភាព​ជាមួយ​ប្រាក់​អឺរ៉ូ ហើយ​និង​ស្ថាប័ន​អឺរ៉ុប។

សូមអាន​៖ ស្ថានភាព​នយោបាយ​អ៊ីតាលី​វិលវល់ ក្រោយ​លទ្ធផល​បោះឆ្នោត​សភា

នៅ​អ៊ីតាលី បេក្ខភាព​សេដ្ឋកិច្ចវិទូ ស្អប់​ប្រាក់អឺរូ សម្រាប់ តំណែង​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អ៊ីតាលី បាន​ធ្វើ​ឲ្យ​អ្នកវិនិយោគទុន ព្រួយបារម្ភ​មិន​តិច​ទេ ព្រោះថា លោកPaolo Savona ដែល​ប្រឆាំង​ឥទ្ធិពល​របស់​អាល្លឺម៉ង់ បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការកំណត់​ចាយលុយ​អឺរ៉ូ នៅ​ក្នុង​សហភាព​អឺរ៉ុប តាំង​ពី​ឆ្នាំ ១៩៩២​មកម្ល៉េះ។ សម្រាប់​ប្រធានាធិបតី​អ៊ីតាលី បច្ចុប្បន្ន ការប្រើ​ចាយលុយ​អឺរ៉ូ នៅ​អ៊ីតាលី គឺ​ជា​ជម្រើស​មូលដ្ឋាន​គ្រឹះ។ នៅថ្ងៃ​ចន្ទ លុយអឺរ៉ូ នៅ​អាស៊ី ដែល​ធ្លាក់ចុះ បើ ប្រៀបធៀប​នឹង​លុយដុល្លារ នៅ​សប្តាហ៍មុន ដោយសារ​តែ​អស្ថិរភាព​នយោបាយ​នៅ​អ៊ីតាលី បាន​កើន​ឡើង​វិញ​បន្តិច។

មេបក្ស​ស្តាំនិយមជ្រុល៖ ប្រធានាធិបតី​អ៊ីតាលី​កំពុង​ក្បត់​ឆន្ទៈ​របស់​ប្រជាជន​អ៊ីតាលី

មេដឹកនាំ​របស់គណបក្ស​ឈ្នះឆ្នោត ដូចជា ចលនា ផ្កាយប្រាំ ហើយ​និង​សម្ព័ន្ធ ដែល​ជា​គណបក្ស​ស្តាំ​និយមជ្រុល បានចេញមុខ​រិះគន់​បរិហារ​ខ្លាំងៗ ប្រធានាធិបតី អ៊ីតាលី ថា កំពុង​ដើរ​តាម​ខ្សែបន្ទាត់​នយោបាយ​របស់​សហភាព​អឺរ៉ុប ស្តាប់​ទទួល​យកតែ​លទ្ធិប្រជាធិបតេយ្យ​ដែល​កំនត់​ដោយ​សហភាព​អឺរ៉ុប ដោយ​ព្រងើយ​បែរខ្នង ក្បត់ លទ្ធិ​ប្រជាធិបតេយ្យ  ជ្រើសរើស​ដោយ​ប្រជាជន​អ៊ីតាលី។ លោក​Mattéo Salvini ប្រធាន​បក្ស​ស្តាំ​និយមជ្រុល​អ៊ីតាលី ដែល​បានឈ្នះឆ្នោត កាលពី​ខែមីនា កន្លងទៅ បាន​សរសេរ​នៅក្នុង​សារ Twitter ​នៅថ្ងៃ​ម្សិលមិញថា លោក​ខឹងខ្លាំងណាស់ ដែល​ប្រធានាធិបតី អ៊ីតាលី ប្រឆាំង មិន​ព្រមតែងតាំង លោក​Savona ដោយសារ​តែ​លោក​Savona ​ជា​សត្រូវ ស្អប់​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់។

មេបក្ស​ស្តាំ​និយមជ្រុល​នៅ​បាន​និយាយ​បែបចំអក​ថា បើសិន​ប៊ែរឡាំង ប៉ារីស និង​ព្រុចសែល មិន​បើកភ្លើង​ខៀវទេ នោះ គ្មាន​រដ្ឋាភិបាល​អ៊ីតាលី​ណាមួយ ដែល​អាច​កើតចេញ​រូបរាង​បាន​នោះទេ។ សម្រាប់​ប្រធាន​បក្ស​សម្ព័ន្ធ ដោយ​មិន​ព្រម​ទទួល​យក​បេក្ខជន Savona ធ្វើ​ជា​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អ៊ីតាលី ប្រធានាធិបតី​អ៊ីតាលី កំពុង បង្កើត​ជម្លោះ ដើរផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ មិន​ស្តាប់​តាម​ការទាមទារ​របស់​ប្រជាជន​អ៊ីតាលី ដែល​កំពុង តែ​រងគ្រោះ​ទាំង​ផ្នែក​សេវា​សង្គម សុខភាព និង​សេដ្ឋកិច្ច ដោយសារ​តែ​នយោបាយ​រឹតត្បិត​ថវិកា របស់​រដ្ឋាភិបាល ប៉ុន្តែ កំណត់​ដោយ​សហភាព​អឺរ៉ុប។ ប្រធានាធិបតី​អ៊ីតាលី​វិញ នៅ​បាន​ពន្យល់ថា ដោយ​មិន​ជ្រើសរើស​បុគ្គល​ដែលនឹង​ធ្វើ​ឲ្យ​អ៊ីតាលី​ដើរចេញ​ពី​តំបន់​ចាយប្រាក់​អឺរ៉ូ លោក​កំពុង​ជួយ​ការពារ​ប្រាក់​សន្សំ​អឺរ៉ូ​របស់​ប្រជាជន​អ៊ីតាលី។

សូមអាន៖ តើ​បារាំង ​អ៊ីតាលី អាល្លឺម៉ង់ និង​អេស្ប៉ាញ ចង់​បានគំរូ​​អឺរ៉ុប​បែប​ណាសម្រាប់​អនាគត ?

ប្រធានាធិបតី​ជ្រើសរើស​អតីត​អ្នកទទួលខុសត្រូវ​នៅ​IFM ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី

នៅ​យប់​អាទិត្យ នៅក្នុង​ពេល​ដែល​បេក្ខជន​នាយករដ្ឋមន្រ្តី​បដិសេធ​មិន​ព្រម​បង្កើត​រដ្ឋាភិបាល ប្រធានាធិបតី អ៊ីតាលី បាន​កោះហៅ​សេដ្ឋកិច្ច​វិទូ​ម្នាក់ទៀត គឺ​លោក Carlo Cottarelli ដែល​ធ្លាប់ធ្វើ​ជា​អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​នៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IFM ឲ្យ​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន មួយ ដែល​មាន​នាទី​អនុម័ត​កញ្ចប់​ថវិកា​ជាតិ​អ៊ីតាលី​សម្រាប់​ឆ្នាំ ២០១៩។ ប្រធានាធិបតី​អ៊ីតាលី សង្ឃឹមថា រដ្ឋាភិបាល​បណ្តោះអាសន្ន របស់​លោក​Cottarelli ដែល​មាន​រហស្សនាម​ថា កន្ត្រៃ កាត់ ចញ្រ្ចាំ​ឲ្យល្អិត ដែល​ប្រមូល​ផ្តុំ​ដោយ​ក្រុមអ្នកជំនាញ​សេដ្ឋកិច្ច នឹង​អាច​អនុម័ត​កញ្ចប់​ថវិកា​សម្រាប់​ឆ្នាំ​២០១៩ ឲ្យ​បាន​មុន​ខែ ធ្នូ ពោល​គឺ​ដើម្បី ជួយ​ឲ្យ​អ៊ីតាលី មិន​ដំឡើង​ពន្ធ​លើ​តំលៃ​បន្ថែម TVA ដែល​កើតឡើង ដោយ​ស្វ័យប្រវត្តិ នៅក្នុង​ករណី មាន​ឱនភាព​ថវិកា។

រដ្ឋាភិបាល របស់​លោក​Carlo Cottarelli ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​ផ្តល់​ការទុកចិត្ត​ពី​សភា។ ប៉ុន្តែ សភាអ៊ីតាលី  ដែល​ពេលនេះ កំពុង​កាន់កាប់​ភាគច្រើន​ដោយ​គណបក្ស​ចងសម្ព័ន្ធ​ទាំងពីរ គឺ​ចលនា​ផ្កាយប្រាំ ហើយ​និង​គណបក្ស​សម្ព័ន្ធ ប្រាកដ​ជា​នឹង​មិន​បោះឆ្នោត​គាំទ្រនោះទេ។ ទោះ​ជា​គ្មាន​ការអនុម័ត​ទទួល​ស្គាល់​ពី​សភា ប៉ុន្តែ រដ្ឋាភិបាល​បណ្តោះអាសន្ន របស់​លោក​Cottarelli នឹង​អាច​ធ្វើការ​រហូត​ដល់​មាន​ការរៀបចំ​បោះឆ្នោត​សាជាថ្មី ដែល​នឹង​អាច​រៀបចំ​ឡើង​នៅ​ខែ​តុលា បើសិន​គ្មាន​ការចុះ​សម្រុងគ្នា​រវាង​អ្នកនយោបាយ អ៊ីតាលី។ ការស្ទង់មតិ​បាន​បង្ហាញថា គណបក្ស​ទាំងពីរ​ដែល​ឈ្នះ​ឆ្នោត នៅ​ខែ​មីនា នឹង​អាច​ឈ្នះម្តងទៀត។យ៉ាងណាដោយ វិបត្តិ​នយោបាយ​របស់​អ៊ីតាលី នឹង​អាច​នៅ​ជាប់គាំង​បន្តយូរ​តទៅទៀត ដរាបណា​អ៊ីតាលី នៅតែ​មាន​ចរន្ត​ដើរ​បញ្ច្រាសទិស ឬ​នយោបាយ​ប្រទាញប្រទង់​គ្នា​រវាង​អ្នកនយោបាយ​ដែល​ស្អប់​ចង់​ដើរ​ចេញ​ពី​អឺរ៉ុប ហើយ​និង​អ្នក​ដែល​គាំទ្រ​អឺរ៉ុប។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ