អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វត្តមាន និង​ប្រយោជន៍​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការ​រំសាយ​គ្រឿងសពា្វវុធ​កំពុង​ចោទ​ជា​បញ្ហា!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​ថ្ងៃ​ចន្ទ ទី២៨ ឧសភា និង​មាន​រយៈពេល ១ខែ ប្រទេស​ស៊ីរី​នឹង​ឡើង​ជំនួស​កន្លែង​ប្រទេស​ស្វ៊ីស​ធ្វើ​ជា​ប្រធាន​ផ្លាស់វេន​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការ​រំសាយ​គ្រឿងសពា្វវុធ។ ជម្រើស​ប្រទេស​ស៊ីរី​មិនមែន​ជា​ជម្រើស​ចៃដន្យ​ទេ តែ​ជា​ជម្រើស​ដែល​បាន​ធ្វើ​ឡើង​តាម​លំដាប់​តួអក្សរ​នៃ​ឈ្មោះ​ប្រទេស។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​បាន​នាំ​គ្នា​សម្តែង​ភាព​មិន​សប្បាយចិត្ត​ដោយសារ​តែ​ប្រទេស​មួយ​នេះ​បាន​ប្រើ​អាវុធគីមី​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង។ តើ​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​នេះ​បាន​ចាប់​កំណើត​ពី​ពេល​ណា និង​មាន​គោលដៅ​អ្វី​ខ្លះ?

លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ
លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ © AP Photo/ Khalil Senosi
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​ស្តីពី​ការ​រំសាយគ្រឿងសព្វាវុធ​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​បង្កើត​ឲ្យ​មាន​ឡើង​កាល​ពី​ឆ្នាំ ១៩៧៩ ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ អ្វី​ជា​ការ​កត់សម្គាល់ ស្ថានប័ន​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​មិនមែន​ជា​ការ​បង្កើត​ថ្មី​ទេ តែ​ជា​ការ​ស្នង​ពី​ស្ថាប័ន​មុនៗ​ដែល​មាន​គោលដៅ​ដូច​គ្នា មាន​ជាអាទិ៍ គណៈកម្មាធិការ​នៃ ១០មហាអំណាច​ស្តីពី​ការ​រំសាយ​គ្រឿង​សព្វាវុធ គណៈកម្មាធិការ​នៃ ១៨មហាអំណាច​ស្តីពី​ការ​រំសាយ​គ្រឿង​សព្វាវុធ និង​សន្និសីទ​នៃ​គណៈកម្មាធិការ​រំសាយ​គ្រឿងសព្វាវុធ។ ពី​ដំបូង សន្និសីទ​ស្តីពី​ការ​រំសាយគ្រឿងសព្វាវុធ​មាន​សមាជិក ៤០ប្រទេស និង​ជជែក​លើ​បញ្ហា​ទាំង​អស់​ដែល​មាន​នៅ​លើ​លោក តាំង​ពី​ការ​មិន​សាយភាយ ការ​រំសាយគ្រឿងសព្វាវុធ និង​ការ​ហាមឃាត់។

បច្ចុប្បន្ន ស្ថាប័ន​មួយ​នេះ​មាន​សមាជិក​ចំនួន ៦៥ប្រទេស តែ​បណ្តា​ប្រទេស​ផ្សេង​ដែល​មិនមែន​សមាជិក​អាច​នឹង​អញ្ជើញ​ឲ្យ​ចូលរួម​តែ​នៅ​ក្នុង​សម័យប្រជុំ​ខ្លះ​ប៉ុណ្ណោះ។ សន្និសីទ​ស្តីពី​ការ​រំសាយគ្រឿងសព្វាវុធ​ត្រូវ​រៀបចំ​ជា​រៀងរាល់​ឆ្នាំ ហើយ​ប្រទេស​ធ្វើ​ប្រធាន​សន្និសីទ និង​រូប​ប្រធាន​នឹង​ត្រូវ​ផ្លាស់ប្តូរ​ដឹកនាំ​ក្នុង​រយៈពេល ៤សប្រាហ៍​ដោយ​ផ្អែក​តាម​លំដាប់​តួអក្សរ​នៃ​ប្រទេស​សមាជិក។ គេ​ត្រូវ​រង់ចាំ​ដល់​ទៅ ១៤ឆ្នាំ ពោល​ក្នុង​ឆ្នាំ ១៩៩៣ និង​បន្ទាប់​ពី​មាន​ការ​ចរចា​គ្នា​យ៉ាង​តានតឹង​អស់​រយៈពេល ១០ឆ្នាំ​ទើប​សន្និសីទ​ស្តីពី​ការ​រំសាយគ្រឿងសព្វាវុធ​អនុម័ត​បាន​ជោគជ័យ​នូវ​កិច្ចព្រមព្រៀង​ទី១ របស់​ខ្លួន។

គឺ​ជា​អនុសញ្ញា​ស្តីពី​ការ​ហាម​ប្រើ​អាវុធគីមី​បាន​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ ១៩៩៧។ តែ​ចូរ​កុំ​ភ្លេច​ថា ការ​សម្រេច​បាន​នូវ​អនុសញ្ញា​មួយ​នេះ​ក្នុង​ឆ្នាំ ១៩៩៣ ក៏​ដោយសារ​តែ​មាន​ការ​វាយប្រហារ​ដោយ​ប្រើ​អាវុធគីមី​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន។ ជាក់ស្តែង អាវុធ​គីមី​ត្រូវ​បាន​គេ​ប្រើ​ក្រោម​ទ្រង់ទ្រាយ​ធំ​លើកទី១ បង្អស់​នៅ​ក្នុង​ទីក្រុង Ypres ប្រទេស​បែលហ្សិក​ក្នុង​ឆ្នាំ ១៩១៥ នា​សម័យ​សង្រ្គាមលោក​លើកទី១ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៩០ ០០០នាក់។ នៅ​អ៊ីរ៉ាក់ អាវុធ​គីមី​ត្រូវ​បាន​ប្រើ​ប្រឆាំង​នឹង​ពួក​គួដឌីស្ថាន​នៅ​ទីក្រុង Halabja ក្នុង​ទសវត្ស​ឆ្នាំ ៨០។ បន្ទាប់​មក​ក្នុង​ឆ្នាំ ១៩៩៥ មាន​ការ​វាយប្រហារ​ដោយ​ប្រើ​សារធាតុ​គីមី​នៅ​ក្នុង​ស្ថានីយ៍​រថភ្លើង​ក្រោមដី​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ថ្មីៗ​ចុង​ក្រោយ គឺ​ការ​ប្រើ​អាវុធគីមី​សម្លាប់​ជនស៊ីវិល​ស្លូតត្រង់​ពី​សំណាក់​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ។ គិត​ត្រឹម​ថ្ងៃ​នេះ មាន ១៩៣ប្រទេស​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ស្តីពី​ការ​ហាម​ប្រើ​អាវុធគីមី។ នៅ ៣ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ឆ្នាំ ១៩៩៦ សន្និសីទ​ស្តីពី​ការ​រំសាយគ្រឿងសព្វាវុធ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ទៀត​ដែល​គេ​ហៅ​ថា សន្ធិសញ្ញា​ហាម​សាកល្បង​នុយក្លេអ៊ែរ។ សន្ធិសញ្ញា​នេះ​បាន​ចែង​យ៉ាង​ច្បាស់​ពី​ការ​ហាម​មិន​ឲ្យ​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​តាម​គ្រប់​រូបភាព ទោះ​នៅ​លើ​ដី ក្រោមដី ក្រោម​សមុទ្រ ឬ​នៅ​ក្នុង​លំហអាកាស​ក៏​ដោយ។ បារាំង​ដែល​ជា​ប្រទេស​ទី១ មាន​អាវុធ​នុយក្លេអ៊ែរ​បាន​ចុះ​ហត្ថលេខា និង​ឲ្យ​សច្ចាប័ន្រ​លើ​សន្ធិសញ្ញា​នេះ​ក្នុង​ឆ្នាំ ១៩៩៨។

ការ​សម្រេច​បាន​នូវ​សន្ធិសញ្ញា​ហាម​សាកល្បង​នុយក្លេអ៊ែរ​ក្នុង​ឆ្នាំ ១៩៩៦ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជោគជ័យ​ចុង​ក្រោយ​នៃ​សន្និសីទ​ស្តីពី​ការ​រំសាយគ្រឿងសព្វាវុធ ព្រោះ​តាំង​ពី​ពេល​នោះ​មក សន្និសីទ​មិន​បាន​សម្រេច​អ្វី​ទាំង​អស់។ តាម​ពិត​ទៅ គឺ​នីតិវិធី និង​របៀប​ធ្វើការ​ដែល​បាន​ធ្វើ​ឲ្យ​ស្ថាប័ន​មួយ​នេះ​ពិបាក​នឹង​អនុម័ត​នូវ​កិច្ចព្រមព្រៀង ឬ​សន្ធិសញ្ញា​អ្វី​មួយ​នោះ ព្រោះ​ថា បើ​មាន​ប្រទេស​សមាជិក​ណា​មួយ​មិន​យល់ព្រម អ្វីៗ​នឹង​ត្រូវ​ជាប់គាំង​ទាំង​អស់។ ឃើញ​ថា​តាំង​ពី​ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៧៩ សន្និសីទ​ស្តីពី​ការ​រំសាយគ្រឿងសព្វាវុធ​សម្រេច​បាន​អនុសញ្ញា​មួយ និង​សន្ធិសញ្ញា​មួយ​ប៉ុណ្ណោះ។

អ៊ីចឹង​ហើយ​បាន​ជា​មាន​សំណួរ​ចោទ​ឡើង​ថា តើ​គួរ​បន្ត​ទុក ឬ​មិន​បន្ត​ទុក​ឲ្យ​មាន​សន្និសីទ​ស្តីពី​ការ​រំសាយគ្រឿងសព្វាវុធ។ ក្នុង​ឆ្នាំ ២០១០ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន គីមូន​ធ្លាប់​បាន​លើក​ឡើង​ពី​ភាព​គ្មាន​ប្រយោជន៍​របស់​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ដែល​លោក​យល់​ថា ជា​ការ​ចាយវាយ​លុយកាក់​ខ្ជះខ្ជាយ​យ៉ាង​ច្រើន​សម្បើម។ នេះ​ដោយ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ពី​ការ​រំលោភបំពាន​លើ​អនុសញ្ញា ឬ​សន្ធិសញ្ញា​ពី​ក្រុម​ប្រទេស​ហត្ថលេខី​ទេ។ យ៉ាង​ណា​ក៏​ដោយ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​កំពុង​បន្ត​ដំណើរការ​ទៅ​មុខ ហើយ​ការ​រំលាយ​រចនាសម្ព័ន្ធ​របស់​ស្ថាប័ន​នេះ​មិន​បាន​ឋិត​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ពេល​នេះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ