ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អឺរ៉ុប

មរណភាព​របស់​ប្រធាន​ក្រុមហ៊ុន​ផលិត​យន្តហោះ​ចម្បាំង​របស់​បារាំង

media លោក​ស៊ែរ ដាសូ ប្រធាន​ក្រុមហ៊ុន​ផលិត​យន្តហោះ Dassault ឈរ​នៅមុខ​យន្តហោះ​ចម្បាំងRafale នៅ​Bourget នៅ​ខែ​មិថុនា ឆ្នាំ១៩៩៩ © REUTERS/Charles Platiau/File Photo

ថ្នាក់ដឹកនាំ​បារាំង ដែល​មាន​តាំង​ពី​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​ផង នៅថ្ងៃ​អង្គារនេះ បាន​ចូលរួម​សំដែងទុក្ខ​ជាមួយ​ក្រុមគ្រួសារ​របស់​លោក ស៊ែក ដាសូ Serge Dassault។ លោក​ស៊ែក ដាសូ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ផលិត​យន្តហោះ​ចម្បាំង ដ៏ល្បីល្បាញ​របស់​បារាំង បាន​ទទួល​មរណភាព នៅថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​រោគ​គាំង​បេះដូង ក្នុង​អាយុ ៩៣ឆ្នាំ។

 

តាម​ក្រុម​គ្រួសារ​របស់​សព លោក ស៊ែក ដាសូ Serge Dassault បាន​ទទួល​អនិច្ចកម្ម ដោយ​រោគគាំង​បេះដូង នៅ​ក្នុង​ការិយាល័យ​ធ្វើការ​របស់​លោក នៅកណ្តាល​ក្រុង​ប៉ារីស កាលពី​រសៀល​ថ្ងៃ​ចន្ទ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​វិមានអេលីហ្សេ លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បាន​ចូលរួម​សំដែង​ការកាន់ទុក្ខ​ជាមួយ​ក្រុមគ្រួសារ និង​បុគ្គលិក​របស់​ក្រុមហ៊ុន​ដាសូ។ សម្រាប់​លោក​ម៉ាក្រុង បារាំង​កំពុងបាត់បង់ មនុស្ស​ដ៏សំខាន់​ម្នាក់ ដែល​បាន​ចំណាយ​ពេញ​មួយ​ជីវិត​របស់ខ្លួន ដើម្បី​អភិវឌ្ឍន៍ វត្ថុពិសេស​បំផុត នៃ​ឧស្សាហកម្ម​បារាំង។ សូមបញ្ជាក់ថា យន្តហោះ​ចម្បាំង​រ៉ាហ្វាល់ របស់​ក្រុមហ៊ុន​ដាសូ ដែល​ជា​សព្វាវុធ ចំបង បំពាក់​ឲ្យ​កងទ័ព​បារាំង ជា​មោទនភាពជាតិ និងជា​ផលិតផល​យោធា ដែល​រដ្ឋាភិបាល​បារាំង យក​ទៅផ្សព្វផ្សាយ​លក់​នៅ​បរទេស។

ជា​ប្រធាន​ក្រុមហ៊ុន​ដាសូ ដែល​ជំនាញ​ខាង​ផលិត​យន្តហោះ​ចម្បាំង រ៉ាហ្វាល់ និង​យន្តហោះ ជំនួញ Falcon លោក​Serge Dassault ត្រូវ​បាន​ទស្សនាវដ្តី Forbes ចាត់ចំណាត់​ថ្នាក់​ជា​មហាសេដ្ឋី ទី៤ របស់​ប្រទេស​បារាំង។ កើតនៅ​ឆ្នាំ ១៩២៥ និង​ធ្លាប់​បាន​រៀន​នៅ​សាលាវិស្វករ Polytechnique ដ៏​ល្បីល្បាញ របស់​បារាំង និង​មាន​សញ្ញាប័ត្រ​ជាន់ខ្ពស់​ពី​សាលាជាតិ​ខាង​អាកាសចរណ៍ និង​លំហអាកាស លោក​ស៊ែរ ដាសូ បាន​ចូល​គ្រប់គ្រង នៅ​ឆ្នាំ ១៩៨៦ ក្រុមហ៊ុន​ដាសូ ដែល​បង្កើត​ឡើង​ដោយ​ឪពុក​របស់​លោក គឺ Marcel Dassault។

លោក​ស៊ែរ ដាសូ ដើរតាម​ផ្លូវ​ជីវិត ដូច​ឪពុក​របស់លោក ព្រោះថា ក្រៅតែ​ពី​ជា​ប្រធាន​ក្រុមហ៊ុន​ផលិតយន្តហោះ​ចម្បាំង​ដ៏ល្បី​របស់​បារាំង​ហើយ លោក​នៅ​បាន​ចូលប្រលូក​ក្នុង​នយោបាយ ធ្វើ​ជា​អ្នកតំណាងរាស្រ្ត និង​ជា​ម្ចាស់​កាសែត Le Figaro។ លោក ស៊ែរ​ដាសូ សមាជិក​របស់​គណបក្ស​ស្តាំនិយម បារាំង ជា​អ្នកជំនួញ ចេញមុខ រិះគន់ នយោបាយ​ធ្វើការតែ​៣៥ ម៉ោង ក្នុង​មួយសប្តាហ៍​របស់​រដ្ឋាភិបាល​ឆ្វេងនិយម ហើយ​និង​ប្រឆាំង​នឹង​ការយក​ពន្ធ​លើ​ទ្រព្យសម្បត្តិ។ ជាអ្នកជំរុញ​ឲ្យ​មាន​ចលនា​សេរីនិយម មហាសេដ្ឋី​របស់​បារាំង បាន​ទទួល​មរណភាព នៅតែ​មួយ​សប្តាហ៍ មុន​ដែល​តុលាការ​ឧទ្ធរណ៍​បារាំង ត្រូវ​ជំនុំជម្រះ លោក ក្នុង​ករណី​លួចគេច មិន​បង់​ពន្ធរដ្ឋ។ នៅ​ឆ្នាំ ២០១៧ លោក​ស៊ែរ ដាសូ ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់ទោស ម្តងហើយ ឲ្យ​បង់​ពិន័យ ប្រាក់ ២លាន​អឺរ៉ូ ក្នុង​បទ​ចោទប្រកាន់​ថា លោក​បាន​បន្លំ មិន​បង់ពន្ធ​រដ្ឋ​បារាំង ក្នុង​រយៈពេល​១៥ឆ្នាំ។ នៅ​ថ្ងៃ​អង្គារនេះ មន្រ្តី​តុលាការ​បាន​បង្ហើប​ឲ្យ​ដឹងថា បទចោទប្រកាន់​ផ្នែក​ព្រហ្មទ័ណ្ឌ នឹង​ត្រូវ​គេ​ទម្លាក់ចោល ដោយសារ​មរណភាព​របស់លោក​ស៊ែរ ដាសូ ប៉ុន្តែ តុលាការ​នឹង​អាច​នៅ​រក្សា​ដដែល ប្រាក់ពិន័យ ដែល​គ្រួសារ​របស់​លោក​ដាសូ ត្រូវ​បង់ទៅ​តុលាការ សម្រាប់​ការលួចគេចពន្ធ​របស់លោក​ស៊ែរ ដាសូ កន្លងមក៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ