អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

រដ្ឋអំណាច​អ៊ុយក្រែន​ថា ឃាតកម្ម​សម្លាប់​អ្នកកាសែត​រុស្ស៊ី​លោក​អាកាឌី បាបឆេនកូ​​គ្រាន់​​ជា​​ឆាកល្ខោន​

នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន រដ្ឋអំណាច​បាន​ប្រកាស​បញ្ជាក់​នា​ថ្ងៃ​ពុធ ទី៣០ ឧសភា​ថា ឃាតកម្ម​សម្លាប់​អ្នកកាសែត​រុស្ស៊ី​ម្នាក់​ឈ្មោះ​អាកាឌី បាបឆេនកូ​ក្នុង​រាត្រី​ថ្ងៃ​អង្គារ ទី២៩ ឧសភា​គ្រាន់​ជា​ឆាកល្ខោន​ទេ មាន​ន័យ​ថា អ្នក​កាសែត​រុស្ស៊ី​រូប​នេះ​មិន​ស្លាប់​ទេ។ ក្រសួង​សន្តិសុខ​អ៊ុយក្រែន​បាន​អះអាង​ថា ខ្លួន​បាន​រៀបចំ​ឆាកល្ខោន​នេះ​ឡើង​ដើម្បី​ដឹកនាំ​ប្រតិបត្តិការពិសេស​មួយ​ប៉ុណ្ណោះ។ តែ​រុស្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​ក្តៅក្រហាយ​ដោយ​បរិហារ​លើ​ឆាកល្ខោន​នេះ​ថា​ជា​ឧបាយទុច្ចរិត និង​ជា​ការ​បង្ករឿង​ប្រឆាំង​រុស្ស៊ី។

រដ្ឋអំណាច​អ៊ុយក្រែន​ថា ឃាតកម្ម​សម្លាប់​អ្នកកាសែត​រុស្ស៊ី​លោក​អាកាឌី បាបឆេនកូ​​គ្រាន់​​ជា​​ឆាកល្ខោន​
រដ្ឋអំណាច​អ៊ុយក្រែន​ថា ឃាតកម្ម​សម្លាប់​អ្នកកាសែត​រុស្ស៊ី​លោក​អាកាឌី បាបឆេនកូ​​គ្រាន់​​ជា​​ឆាកល្ខោន​ Mykola Lazarenko/Ukrainian Presidential Press Service/Handout vi
ផ្សាយពាណិជ្ជកម្ម

២៤ម៉ោង​ក្រោយ​ពី​ប្រកាស​ថា​ស្លាប់​ដោយ​ត្រូវ​គេ​បាញ់​ចំ​កណ្តាល​ខ្នង​ចំនួន ៣គ្រាប់​មក រូប​អ្នកកាសែត​រុស្ស៊ី​អាកាឌី បាបឆេនកូ​បាន​លេចមុខ និង​ត្រូវ​បាន​មិត្តរួមការងារ​ទទួល​យ៉ាង​រាក់ទាក់​ក្នុង​ក្តី​រំភើប​ក្រៃលែង​នៅ​ទីលាន​មួយ​ក្នុង​ទីក្រុង​កៀវ។ តាម​ពិត​ទៅ និង​បើ​យោង​តាម​ក្រសួង​សន្តិសុខ​អ៊ុយក្រែន សេណារីយ៉ូ​នៃ​ឃាតកម្ម​សម្លាប់​លោក​អាកាឌី បាបឆេនកូ​គ្រាន់​តែ​ជា​ឆាកល្ខោន​មួយ​ដើម្បី​ដឹកនាំ​ប្រតិបត្តិការពិសេស​ក្នុង​គោលដៅ​ព័ទ្ធចាប់​ក្រុម​ឃាតករ​សង្ស័យ នឹង​ដើម្បី​ជា​ការ​បញ្ចៀស​ករណី​ប៉ុនប៉ង​ធ្វើឃាត​ពិតប្រាកដ។

លោក​អាកាឌី បាបឆេនកូ​បាន​ថ្លែង​នៅ​ចំពោះ​ហ្វូង​អ្នកកាសែត​ថា រូប​លោក និង​ក្រសួង​សន្តិសុខ​អ៊ុយក្រែន​បាន​រៀបចំ​ឆាកល្ខោន​មួយ​អស់​ជា​ច្រើន​សប្តាហ៍​មក​ហើយ និង​ថា ក្រុមគ្រួសារ​របស់​លោក​ក៏​បាន​ដឹង​រឿង​នេះ​ដែរ។ ។ ចំណែក​លោក​វ៉ាស៊ីល គ្រីសាគ ប្រធាន​សន្តិសុខ​អ៊ុយក្រែន​​បាន​បញ្ជាក់​ថា ប្រតិបត្តិការពិសេស​នៃ​ឆាកល្ខោន​នោះ​បាន​ឈាន​ដល់​ការ​ខ្លួន​ជនជាតិ​អ៊ុយក្រែន​ម្នាក់​ដែល​ក្រសួង​សន្តិសុខ​រុស្ស៊ី​បាន​ជ្រើសរើស​ឲ្យ​រៀបចំ​ឃាតកម្ម​សម្លាប់​មនុស្ស​ប្រមាណ​ជា ៣០នាក់ ពិសេស​ពលរដ្ឋ​រុស្ស៊ី​ដែល​កំពុង​ជ្រកកោណ​ក្នុង​ទឹកដី​អ៊ុយក្រែន។ តែ​លោក​គ្រីសាគ​មិន​បាន​ផ្តល់​ព័ត៌មាន​លំអិត​លើ​ប្រតិបត្តិការពិសេស ឬ​អត្តសញ្ញាណ​របស់​ជនជាតិ​អ៊ុយក្រែន​ចាប់​ខ្លួន​រូប​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ ឆាកល្ខោន​មួយ​នេះ​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ក្តៅ​ស្លឹកត្រចៀក​ងំ​ដោយ​ចាត់​ទុក​ជា​ឧបាយកលទុច្ចរិត និង​ជា​ការ​បង្ករឿង​ប្រឆាំង​រុស្ស៊ី។ សហភាព​អឺរ៉ុប​ដែល​ហាក់​បាន​ធូរស្រាល​ចិត្ត​វិញ​កំពុង​រង់ចាំ​ការ​ពន្យល់​បកស្រាយ​ពី​រដ្ឋអំណាច​អ៊ុយក្រែន​ចំពោះ​ឆាកល្ខោន​មួយ​នេះ។ រីឯ​អ្នក​តំណាង​ឲ្យ​អ្នកកាសែត​របស់​អង្គការ​ដើម្បី​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប​បាន​សម្តែង​ការ​សោកស្តាយ​ក្នុង​ការ​យក​ជីវិត​អ្នកកាសែត​ម្នាក់​ទៅ​លេង​សើច។ ចំណែក​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន​បាន​បរិហារ​ត្រង់ៗ​លើ​សេណារីយ៉ូ​ដែល​ខ្លួន​យល់​ថា ជា​ការ​បើក​ផ្លូវ​ឲ្យ​មាន​សង្រ្គាម​ព័ត៌មាន​រវាង​ក្រុង​កៀវ និង​ក្រុម​មូស្គូ។

គួរ​រម្លឹក​ជូន​ថា អ្នក​កាសែត​រុស្ស៊ី​លោក​អាកាឌី បាបឆេនកូ​បាន​ចាក​ចេញ​ពី​ប្រទេស​រុស្ស៊ី​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៧ ទៅ​ជ្រកកោណ​ក្នុង​ប្រទេស​ឆែក និង​អ៊ីស្រាអែល មុន​នឹង​ទៅ​ជ្រកកោណ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​ធ្វើ​ការងារ​ជា​អ្នក​ពីធីករ​ទូរទស្សន៍។ លោក​អាកាឌី បាបឆេនកូ​ធ្លាប់​បាន​និយាយ​ថា លោក​បាន​ទទួល​ការ​គំរាមកំហែង​ដល់​ជីវិត បន្ទាប់​ពី​បាន​រិះគន់​រដ្ឋអំណាច​រុស្ស៊ី​ក្នុង​ជម្លោះ​នៅ​ប៉ែកខាងកើត​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ