អានតួអត្ថបទ

លីទុយអានី​និង​រូម៉ានី រង​ការថ្កោលទោស​ពី​បទ​មាន​ពន្ធនាគារ​សម្ងាត់

តុលាការ​សិទ្ធិ​មនុស្ស​អឺរ៉ុប​បាន​សម្រេចកាត់​​ទោស​​ប្រទេស​លីទុយអានី និង​រូម៉ានី ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៣១​ឧសភា​នេះ ពី​បទ​បានចូល​រួម​បង្កើត​ពន្ធនាគារ​សម្ងាត់​ជាមួយ​ភ្នាក់ងារ​ចារកិច្ច​អាមេរិកសេអ៊ីអា CIA។ សម្រាប់​តុលាការ​អឺរ៉ុប ប្រទេស​ទាំ​ងពីរ​បាន​រំលោភ​សិទ្ធិមនុស្ស​ជា​ច្រើន​ករណី និង​​​ត្រូវ​ផ្តល់​សំណង​ជំងឺចិត្ត​​ជា​ទឹក​ប្រាក់​១០​ម៉ឺន​អឺរ៉ូទៅ​ឱ្យ​​អ្នក​ទោស ដែល​រង​ការ​បំពាន។

អ្នក​ទោស​នៅ​ពន្ធនាគារ​យោធា​អាមេរិក​ Guantanamo
អ្នក​ទោស​នៅ​ពន្ធនាគារ​យោធា​អាមេរិក​ Guantanamo REUTERS/Michelle Shephard/Pool/File Photo
ផ្សាយពាណិជ្ជកម្ម

តុលាការ​អឺរ៉ុប បាន​ផ្តើម​ត្រួត​ពិនិត្យ​​អង្កេត​​​ជា​សាធារណៈ កាល​ពី​ឆ្នាំ​២០១៦ ក្រោយ​ពី​​​​អ្នក​ទោស​នៅ​ពន្ធនាគារ​ហ្គ័នតាណាមូ​ ពីរ​នាក់ ម្នាក់​ប្រឆាំង​នឹង​លីទុយអានី ម្នាក់​ប្រឆាំង​នឹង​រូម៉ានី បាន​អះអាង​ថា​ប្រទេស​ទាំង​ពី​របាន​ស៊ុំគ្រលំ​ជាមួយ​ភ្នាក់ងារ​ចារកិច្ច​អាមេរិក CIA លួច​បើក​ពន្ធនាគារ​សម្ងាត់​នៅ​ចន្លោះ​ពី​ឆ្នាំ​២០០៤-២០០៦។

​នៅ​ថ្ងៃនេះ តុលាការ​បាន​ចេញ​សេចក្តី​សម្រេច​​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ថ្កោល​ទោស​អាជ្ញាធរ​លីទុយអានី និង​រូម៉ានី ក្នុង​ន័យ​តែ​មួយ​ថា ការ​​​ផ្សំ​គំនិត​ជា​មួយ​ភ្នាក់ងារ​ចារកិច្ច​អាមេរិកលួច​មាន​គុក​សម្ងាត់ គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ ! បទ​​រំលោភសិទ្ធិមនុស្សរបស់​លីទុយអានី​ និង​រូម៉ានី មាន​ច្រើន​ករណី ដូចជា បំពាន​​បម្រាម​ហាម​ធ្វើ​ទារុណកម្ម​ រំលោភ​​សិទ្ធិ​មាន​សេរីភាព មាន​សុវត្ថិភាព​ មានជីវិត​ឯកជន របស់​​អ្នក​ទោស។ល។

លីទុយអានី និង​រូម៉ានី មិន​ទទួល​ស្គាល់​ថា​មាន​​ពន្ធនាគារ​សម្ងាត់​បែបនេះទេ ប៉ុន្តែ​តុលាការ​អឺរ៉ុប​មាន​ភស្តុតាង​​មក​ពី​ប្រភព​ផ្សេងៗ​ជា​ច្រើន​ មាន​ជា​អាទិ៍​របាយការណ៍​របស់​គណៈកម្មការ​អង្កេត​ព្រឹទ្ធ​សភា​អាមេរិក ស្តី​ពី​​របៀប​ធ្វើ​ទារុណកម្ម​អ្នក​ទោសរបស់​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​។ របាយការណ៍​នោះ បាន​ផ្សព្វផ្សាយ​ជា​សាធារណៈកាលពី​ខែ​ធ្នូ​២០១៤។ ​ រ៉ូមានី​លួច​មាន​គុក​សម្ងាត់​បម្រើ​ឱ្យ​CIA ក្រោម​លេខ​កូដ​ « site Black » នៅ​រវាង​ពី​ខែ​កញ្ញា​ ទៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៥ និង​ពី​ខែ​កុម្ភៈ​២០០៥​ដល់​ខែ​មីនា​២០០៦​ សម្រាប់​​លីទុយអានី។ នេះ​បើ​តាម​សេចក្តី​ចោទ​ប្រកាន់​របស់​តុលាការ​អឺរ៉ុប ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ​ទាំងពីរ សង​ជំងឺ​ចិត្ត​ដល់​អ្នក​ទោស​ទាំង​ពីរ​នោះ ម្នាក់ៗ​ ១០​ម៉ឺន​អឺរ៉ូ។

តើ​អ្នក​ទោស​ទាំង​ពី​នោះ​ជានរណា ? ជាជន​ជាតិ​អារ៉ាប៊ីសាអូឌីត អាល់ ណាហ្ស៊ីរី Abd Al-Rahim Al-Nachiri ដែល​អាមេរិក​សង្ស័យ​ថា​បាន​បង្ក​ភេរវកម្ម​ប្រឆាំង​នឹង​នាវា​អាមេរិក​នៅ​កំពង់​ផែ​យេមែន កាលពី​ឆ្នាំ​២០០០។ ជន​នេះ​បាន​អះអាង​បាន​ជាប់​ឃុំ​ដោយ​សម្ងាត់​នៅ​រូម៉ានី​ពី​ខែ​មេសា​២០០៤​ដល់​កញ្ញា​២០០៦​ និង​រង​ការ​ធ្វើ​បាប​យ៉ាង​ខ្លាំង​។ ចំណែក​អ្នក​ទោស​ទីពីរ ជា​ជនជាតិ​ប៉ាឡេស្ទីន គ្មាន​ប្រទេស។ អាប៊ូ ហ្ស៊ូបៃដាAbou Zoubaida ដែល​​វ៉ាស៊ីនតោន​ចាត់​ទុក​ជា​សមាជិក​សំខាន់​ម្នាក់​របស់​បណ្តាញ​អាល់កៃដា បាន​អះអាង​ថា​ធ្លាប់​ជាប់​ពន្ធនាគារ​សម្ងាត់​នៅ​លីទុយអានី​រយៈ​ពេល​ជាង​មួយ​ឆ្នាំ។

រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​មាន​ពេល​បី​ខែ​ សម្រាប់​ធ្វើ​ឧទ្ធរណ៍។ លីទុយអានី​បាន​បញ្ចេញ​ប្រតិកម្មភាព​នៅថ្ងៃ​នេះ ប្រឆាំង​នឹង​សេចក្តី​សម្រេចកម្រាស​៣០០​ទំព័រ​​របស់​តុលាការ​អឺរ៉ុប និង​ត្រៀម​ធ្វើ​ឧទ្ធរណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ