ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT
អឺរ៉ុប

នៅ​អេស្ប៉ាញ សភា​បាន​បោះឆ្នោត​ទម្លាក់​លោក​ម៉ារីយ៉ាណូ រ៉ាហយ​ពី​ប្រមុខ​រដ្ឋាភិបាល

media  
លោក​ប៉េដ្រូ សង់ឆេរ នាយករដ្ឋមន្រ្តី​ថ្មី​អេស្ប៉ាញ (រូបឆ្វេង) និង​លោកម៉ារីយ៉ាណូ រ៉ាហយ នាយករដ្ឋមន្រ្តី​ធ្លាក់​ពី​អំណាច ថ្ងៃទី១ មិថុនា ២០១៨ Pierre-Philippe Marcou/REUTERS

នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ ទំព័រ​សករាជ​នយោបាយ​បាន​បើក​ថ្មី​ជាមួយ​នឹង​ការ​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ពី​លោក​នាយករដ្ឋមន្រ្តី​ម៉ារីយ៉ាណូ រ៉ាហយ​ពី​សំណាក់​ក្រុម​អ្នកតំណាងរាស្រ្ត​នា​ថ្ងៃ​សុក្រ ទី១ មិថុនា។ ទន្ទឹម​នឹង​ការ​បោះឆ្នោត​ទម្លាក់​លោក​ម៉ារីយ៉ាណូ រ៉ាហយ​ដែល​ជាប់​ជំពាក់​វាក់វិន​ក្នុង​រឿង​អាស្រូវ​ពុករលួយ សភា​ក៏​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុក​ចិត្ត​ដល់​លោក​ប៉េដ្រូ សង់ឆេរ​ឲ្យ​ឡើង​ជំនួស​កន្លែង​លោក​ម៉ារីយ៉ាណូ រ៉ាហយ​ដែរ។

ចាប់​ពី​ពេល​នេះ​ទៅ លោក​ប៉េដ្រូ សង់ឆេរ​ដែល​ជា​ប្រធាន​គណបក្ស​សង្គមនិយម​បាន​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ថ្មី​នៃ​ប្រទេស​អេស្ប៉ាញ ក្រោយ​ពី​សភា​បាន​បោះឆ្នោត​ទម្លាក់​លោក​ម៉ារីយ៉ាណូ រ៉ាហយ​ពី​តំណែង​ជា​មួយ​នឹង​១៨០សម្លេង​គាំទ្រ ទល់​១៦០សម្លេង​ប្រឆាំង និង​១សម្លេង​អនុប្បវាទ។ គួរ​រម្លឹក​ជូន​ថា ញត្តិ​ទម្លាក់​លោក​រ៉ាហយ​ត្រូវ​បាន​គណបក្ស​សង្គមនិយម​របស់​លោក​ប៉េដ្រូ សង់ឆេរ​បញ្ជូន​ទៅ​កាន់​សភា​កាល​ពី​ថ្ងៃ​សុក្រ ទី២៥ ឧសភា ពោល​មួយ​ថ្ងៃ​ក្រោយ​ពី​ការ​ប្រកាស​កាត់ទោស​គណបក្ស​ប្រជាមានិត​របស់​លោក​រ៉ាហយ​ក្នុង​រឿង​អាស្រូវ​ពុករលួយ​ដ៏​ធំ​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា « Gürtel »។

នៅ​មុន​ការ​បោះឆ្នោត​ពី​ក្រុម​អ្នកតំណាងរាស្រ្ត​បន្តិច លោក​ម៉ារីយ៉ាណូ រ៉ាហយ​បាន​ទទួល​ស្គាល់​ពី​ភាព​បរាជ័យ​របស់​លោក។ « យើង​អាច​សន្មត់​បាន​ថា ញត្តិ​ដក​សេចក្តី​ទុកចិត្ត​នឹង​ត្រូវ​អនុម័ត ហើយ​លោក​ប៉េដ្រូ សង់ឆេរ​នឹង​ក្លាយ​ជា​ប្រមុខ​រដ្ឋាភិបាល​ថ្មី » នេះ​ជា​ការ​ថ្លែង​របស់​លោក​រ៉ាហយ​ក្នុង​រយៈពេល​ខ្លី​ក្រោម​សម្លេង​ទះដៃ​របស់​ក្រុម​សកម្មជន​អ្នក​គាំទ្រ​លោក។ ទន្ទឹម​គ្នា​នេះ លោក​រ៉ាហយ​មិន​ភ្លេច​សាទរ​លោក​ប៉េដ្រូ សង់ឆេរ ហើយ​ក៏​មិន​ភ្លេច​គូសបញ្ជាក់​ពី​កិត្តិយស​ខ្លួន​ឯង​ដែល​បាន​ដឹកនាំ​ប្រទេស​ទេ។

សូម​ជម្រាប​ជូន​ថា តាំង​ពី​ការ​វិលត្រឡប់​នៃ​របប​ប្រជាធិបតេយ្យ​នៅ​អេស្ប៉ាញ​មក លោក​រ៉ាហយ​ជា​ប្រមុខ​រដ្ឋាភិបាល​ទី១ ដែល​ត្រូវ​បាន​សភា​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត។ កាន់​តំណែង​តាំង​ពី​ឆ្នាំ ២០១១ លោក​រ៉ាហយ​បាន​ឆ្លង​កាត់​វិបត្តិ​សំខាន់ៗ​ជា​ច្រើន ពិសេស​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ដែល​លោក​បាន​ស្រោចស្រង់​រួច​ជាមួយ​នឹង​នយោបាយ​សន្សំសំចៃ ហើយ​ចុង​ក្រោយ គឺ​វិបត្តិ​នៃ​ការ​ប៉ុនប៉ង​ផ្តាច់ខ្លួន​របស់​តំបន់​ស្វយ័ត​កាតាឡូញ៉ា។

ពេល​នេះ​នៅ​អេស្ប៉ាញ ទំព័រ​សករាជ​របស់​លោក​ម៉ារីយ៉ាណូ រ៉ាហយ​បាន​បិទបញ្ចប់​ជាមួយ​នឹង​ការ​បើក​ទំព័រ​សករាជ​ថ្មី​របស់​លោក​ប៉េដ្រូ សង់ឆេរ។ « ថ្ងៃ​នេះ យើង​បាន​សរសេរ​ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្រ្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​របស់​យើង » នេះ​ជា​ការ​ថ្លែង​របស់​លោក​សង់ឆេរ​ដែល​ជា​អតីត​គ្រូបង្រៀន​សេដ្ឋកិច្ច និង​ត្រូវ​បាន​គេ​ដាក់​ងារ​ថា​ជា​បុរសសង្ហា៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ