កំណែទម្រង់ច្បាប់អន្តោប្រវេសន៍អឺរ៉ុប បន្តជាប់គាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១១
ក្រុមប្រទេសជាសមាជិកសហភាពអឺរ៉ុប បានប្រកាសទទួលស្គាល់កាលពីថ្ងៃអង្គារនេះថា គម្រោងកំណែទម្រង់ប្រព័ន្ធច្បាប់អន្តោប្រវេសន៍ ដែលអឺរ៉ុបបានរៀបចំឡើងធ្វើតាំងពីពីរឆ្នាំមកហើយ ទំនងជាគ្មានច្រកចេញរួចទេ នាពេលនេះ។ ជាព័ត៌មាន ដែលធ្លាក់មកជួនចំពេលទិដ្ឋភាពនយោបាយអឺរ៉ុបកំពុងអាប់អួរស្រាប់ ព្រោះតែអ៊ីតាលី ទើបមានរដ្ឋាភិបាលថ្មី ជាក្រុមអ្នកប្រជាភិថុត។
បើទោះបីជាមានសំណើកំណែទម្រង់បែបសម្របសម្រួលក្តី ក៏រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហភាពអឺរ៉ុប នៅតែបន្តខ្វែងគំនិតគ្នា ! ទោះបីជាប៊ុលហ្ការី ប្រធានផ្លាស់វេនអឺរ៉ុប បានបង្ហាញសុទិដ្ឋនិយម ថាប្រមុខដឹកនាំប្រទេសជាសមាជិកទាំងអស់ នឹងធ្វើសេចក្តីសម្រេចប្រកបដោយភាពទទួលខុសត្រូវក្តី ក៏អឺរ៉ុបទំនងជាមិនអាចរកឃើញកិច្ចព្រមព្រៀង ធ្វើកំណែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍របស់ខ្លួន នៅចុងខែមិថុនានេះដែរ !
ថ្នាក់ដឹកនាំម្នាក់ៗសុទ្ធតែបានបង្ហាញទស្សនៈបែបអវិជ្ជមានទាំងអស់គ្នា។ ប៊ែលហ្សិក បានលើកដោយចំៗថា កំណែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍អឺរ៉ុបបានស្លាប់បាត់ទៅហើយ ! គេមិនត្រូវទម្លាក់ដៃមុនប្រយុទ្ធចប់ទេ ! នេះជាទស្សនៈរបស់ស៊ុយអែតដែលទទួលស្គាល់ថា ចំណុចត្រូវគ្នានៅឆ្ងាយណាស់ ! ទិដ្ឋភាពនយោបាយនៅអឺរ៉ុបកាន់តែតានតឹងឡើងៗ ព្រោះអ្នកជាតិជ្រុលនិយមរីកលូតលាស់ជាលំដាប់។ សូម្បីតែអាល្លឺម៉ង់ ក៏រិះគន់ចំណុចចរចាធ្វើកំណែទម្រង់នេះដែរ។
ចំណែកអ៊ីតាលី ដែលរងថ្មបាក់ខ្លាំងជាងគេ និងដែលទើបមានរដ្ឋាភិបាលថ្មី ជាអ្នកជាតិនិយម ជាក្រុមអ្នកមាននយោបាយបែបប្រជាភិថុតនោះ បានអវត្តមាន មិនមកចូលប្រជុំពិភាក្សាជាមួយគេឯងឡើយ ដើម្បីសម្តែងការប្រឆាំងនឹងស្ថានភាពចរចាបច្ចុប្បន្ន។ រដ្ឋាភិបាល ថ្មីបានប្រកាសថា អ៊ីតាលីមិនមែនជាជំរំជនភៀសខ្លួនអឺរ៉ុបឡើយ !
តើអឺរ៉ុបចង់ធ្វើកំណែទម្រង់យ៉ាងដូចម្តេច ទើបពិបាកសម្រេចចេញយ៉ាងដូច្នេះ ? តាំងពីមានវិបត្តិអន្តោប្រវេសន៍ដ៏ធ្ងន់ធ្ងរ នៅឆ្នាំ២០១៥មក អឺរ៉ុបទាំងមូលសុទ្ធតែទទួលស្គាល់អំពីភាពបន្ទាន់នៃការធ្វើកំណែទម្រង់ប្រព័ន្ធទទួលជនអន្តោប្រវេសន៍ចាស់។ ច្បាប់ចុចចង្អុលឈ្មោះប្រទេសទទួលខុសត្រូវលើការសុំសិទ្ធិជ្រកកោន ដែលហួសសម័យនិងមិនអាចអនុវត្តប្រើបានទៀត សម្រាប់មតិសាធារណៈទូទៅ។ ហេតុដូច្នេះហើយបានជាអឺរ៉ុបបានផ្តួចផ្តើមគំនិត ធ្វើកំណែទម្រង់ ដោយចាត់ចេញជាវិធានការបែងចែកអន្តោប្រវេសន៍គ្នា។
ប៉ុន្តែការបែងចែកទំនួលខុសត្រូវផ្នែកទទួលជនអន្តោប្រវេសន៍ ក្នុងរង្វង់សហភាពអឺរ៉ុប ដើម្បីជួយរំលែកបន្ទុកប្រទេសជាប់ព្រំដែន ប្រទេសអ្នកទទួលជនភៀសខ្លួនមុនគេ ដូចយ៉ាងអ៊ីតាលី និងក្រិក នៅតែជាចំណុចខ្ទាស់ដ៏សំខាន់នៃកិច្ចចរចាដដែល។ ប្រទេសអ៊ីតាលីបានស្រែកទាមទារ ឱ្យប្រព័ន្ធបែងចែកអន្តោប្រវេសន៍ដែលដាក់ពាក្យសុំសិទ្ធិជ្រកកោនជាស្វ័យប្រវត្តិ និងជាអល្លជី តែម្តង។ ឯនៅក្នុងសំណើរបស់ប៊ុលហ្ការី អន្តោប្រវេសន៍មកដល់ប្រទេសអឺរ៉ុបណាមុនគេ ប្រទេសនោះត្រូវមានកាតព្វកិច្ចសិក្សាសំណុំឯកសារសុំសិទ្ធិជ្រកកោន ដែលមានតម្លៃរយៈពេល៨ឆ្នាំ។ តែក្រុមប្រទេសជាព្រំដែនអឺរ៉ុបយល់ថាយូរជ្រុល ឬឆាប់ជ្រុលសម្រាប់អាល្លឺម៉ង់។
មានជំហរត្រូវគ្នានឹងអាល្លឺម៉ង់ និងស្រដៀងគណៈកម្មការអឺរ៉ុប បារាំងចង់ឃើញទំនួលខុសត្រូវទទួលពាក្យសុំសិទ្ធិជ្រកកោន ជាបន្ទុករបស់ក្រុមប្រទេសដែលជនអន្តោប្រវេសន៍ទៅដល់ជាន់ដីមុនគេ លើកលែងតែករណីមានវិបត្តិលំហូរអន្តោប្រវេសន៍ធ្ងន់ធ្ងរខ្លាំង ទើបមានការលើកប្តូរទំនួលខុសត្រូវទៅប្រទេសផ្សេងខ្លះ។
ចំណែកខាងសមាជិកសហភាពអឺរ៉ុប នៅភាគខាងកើតវិញ ក្រុមប្រទេសអឺរ៉ុបខាងកើតដូចជា សាធារណរដ្ឋឆែក ស្លូវ៉ាគី នាំមុខដោយប៉ូឡូញ និងហុងគ្រី គាំទ្រដោយអូទ្រីស បានប្រឆាំងដាច់ខាតតែម្តងនឹងវិធានការបែបចែកអន្តោប្រវេសន៍ ដូចអ្វីដែលពួកគេធ្លាប់ច្រានចោលកូតាឆ្នាំ២០១៥-២០១៧យ៉ាងដូច្នោះ។
បើយោលទៅលើភាពចម្រូងចម្រាសនេះ គម្រោងកំណែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍ទំនងជាមិនអាចកើតចេញជារូបរាងបាននៅចុងខែមិថុនា នាឱកាសជំនួបកំពូលអឺរ៉ុបថ្នាក់ប្រមុខរដ្ឋ-រដ្ឋាភិបាល ថ្ងៃទី ២៨-២៩មិថុនាទេ។ ប៉ុន្តែអឺរ៉ុបអាចនឹងមានសន្ទុះថ្មី ព្រោះចាប់ពីខែកក្កដា ទៅអូទ្រីសនឹងក្លាយជាប្រធានផ្លាស់វេនអឺរ៉ុប។ ប្រភពការទូតបានបង្ហើបឱ្យដឹងថា អូទ្រីសបានព្រលយថានឹងធ្វើសំណើថ្មី ដែលខុសប្លែកពី សំណើនិងគម្រោងកំណែទម្រង់កំពុងចរចាបច្ចុប្បន្ន។ សង្ឃឹមថាសំណើអូទ្រីស អាចនឹងរុញច្រានម៉ាស៊ីនអឺរ៉ុបឱ្យដំណើរការទៅមុខ និងឱ្យប្រទេសដែលធ្វើគធ្វើថ្លង់ខ្លាំងព្រមទទួលដឹងឮនឹងគេនឹងឯងទៅចុះ !
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ