អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

G៧ ៖ លោក ត្រាំ ទាមទារ​ហៅ​រុស្ស៊ី​ឱ្យ​មក​ចូល​ក្រុម​វិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​កំពូល​ក្រុម​ប្រទេស​មហាអំណាច​ពិភពលោក​ទាំង​៧ដំបូង ឬហៅ​កាត់​ថា G៧ ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​បរិបទ​នៃកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង ដើម្បី​ស្តារ​រូបភាព​ជា​មហាអំណាច​ផង និង​ដើម្បី​កាត់​បន្ថយ​ភាព​ប្រេះឆា បង្ក​ឡើងដោយ​នយោបាយ​អាត្មា​និយម​របស់​លោក​ដូណាល់​ត្រាំ។ បើ​តាម​ប្រភព​ព័ត៌មាន​បារាំង អាមេរិក​និង​អឺរ៉ុប​បាន​ស្រុះស្រួល​គ្នា​បន្តិច​លើ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម ប៉ុន្តែ​អឺរ៉ុប​បាន​រួម​គ្នា​ជា​សំឡេង​តែ​មួយ​ប្រឆាំង​នឹង​សំណើ​របស់​អាមេរិក​ដែល​ចង់​ហៅ​រុស្ស៊ី​ឱ្យ​មក​ចូល​ក្រុម​មហាអំណាច​វិញ។

លោក​ប្រធានាធិបតី​អាមេរិក​ពេល​មក​ដល់​កន្លែង​រៀប​ចំ​ជំនួប​កំពូល​G7 នៅកាណាដា ថ្ងៃទី ៨ មិថុនា ២០១៨
លោក​ប្រធានាធិបតី​អាមេរិក​ពេល​មក​ដល់​កន្លែង​រៀប​ចំ​ជំនួប​កំពូល​G7 នៅកាណាដា ថ្ងៃទី ៨ មិថុនា ២០១៨ REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូល​ក្រុម​ប្រទេស​មហាអំណាច​ពិភពលោក​ទាំង​៧ដំបូង ឬហៅ​កាត់​ថា G៧ កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​កាណាដា ហើយ​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​នេះ។ ​សង្គ្រាម​ពាណិជ្ជកម្ម​ប្រកាស​ដោយ​លោក ដូណាល់ ត្រាំ ប្រឆាំង​នឹង​បណ្តាប្រទេស​នៅលើ​ពិភពលោក វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ស្ថានភាព​នៅលីប៊ី​ឬស៊ីរី ព្រម​ទាំង​បញ្ហា​អាកាសធាតុ ជា​សំណុំរឿងសំខាន់​មាន​ចែង​ក្នុង​របៀបវារៈ​នៃ​ជំនួប​កំពូល​ឆ្នាំ​២០១៨។​

​រុស្ស៊ីត្រលប់​ចូល​ក្រុមមហាអំណាច​វិញ ?

ប៉ុន្តែ​នៅ​ពេលចូល​​ប្រជុំ ​ស្រាប់​តែ​លោក​ដូណាល់​ត្រាំ ដែល​មក​យឺត​យ៉ាវ​ជាង​គេ​ដល់​ទៅ​មួយ​ម៉ោង បាន​ញាត់​បញ្ចូល​សំណើ​ថ្មី​មួយ​ដែល​គ្មាន​ក្នុង​របៀប​វារៈ​សោះ នោះ​ការ​ហៅរុស្ស៊ី​ឱ្យ​ចូល​ក្នុង​ក្រុម​​មហាអំណាចហ្សេ៧​វិញ ឱ្យ​ឡើង​ទៅ​ជា​៨​ប្រទេស ដូច​មុន (G​៨)។ ការ​ទុក​រុស្ស៊ី​ដោយឡែក​បែប​នេះ គឺ​មិន​ខុស​អ្វី​ពី​ការ​អនុវត្ត​នយោបាយ​ការពារ​ប្រយោជន៍​អាត្មានិយម​ទេ។ នេះ​ការ​ចោទ​ប្រកាន់របស់​លោក​ត្រាំ​ឡង​មក​ឱ្យ​អឺរ៉ុប​និង​កាណាដា។ សម្រាប់​លោក​ដូណាល់ ត្រាំ រុស្ស៊ី​ ត្រូវ​តែ​មាន​ចំណែក​នៅ​​ក្នុង​ចរចា​ ព្រោះ​គេ​មិន​អាច​ឱ្យ​ម៉ូស្គូ​​ធ្វើ​មិន​ដឹង​មិន​ឮ​ នឹង​សំណុំ​រឿង​អន្តរជាតិ​ធំៗ​បាន​ឡើយ។

សូម​បញ្ជាក់​ថា រុស្ស៊ីធ្លាប់​​​ត្រូវ​បានរាប់​បញ្ចូល​​ជាក្នុង​ក្រុម​​ប្រទេស​មហាអំណាច​ធំៗ​ ​៨​ដំបូង​នៅលើ​ពិភពលោក ឬ​ហៅ​កាត់​ក្រុម​G8 ចំនួន​១៦​ឆ្នាំ​ មុន​នឹង​ក្រុមមហាអំណាច​G៧ បណ្តេញ​ចេញ​ក្រុម​ កាលពី​ឆ្នាំ​២០១៤ ក្រោយ​ពី​រុស្ស៊ី​បានទៅ​​ក្រសោប​យក​ទឹក​ដី​គ្រីមេ។

សំណើ​របស់​លោក​ត្រាំ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​មហាអំណាច​ផ្សេង​ទៀត ហាក់​ដូច​ជា​ប្រេះញែក​គំនិត​គ្នា​បន្តិច​ នៅ​ពេល​ដំបូងភ្លាម។ ខាង​កាណាដា បាន​ច្រាន​ចោល​ភ្លាម​ តែ​​​​នាយក​រដ្ឋមន្ត្រីថ្មី​អ៊ីតាលី លោក Giuseppe Conte ដែល​ទើប​ចូល​ប្រជុំ​ខ្នាត​អន្តរជាតិ​លើក​ទី​មួយ គាំទ្រ​។ ប៉ុន្តែ​ ក្រោយ​ពី​មាន​ជំនួប​ដាច់​ឡែក​ ដើម្បី​បញ្ចេញ​សំឡេង​ជា​ធ្លុង​មួយ ក្រុម​មហាអំណាច​អឺរ៉ុប (បារាំង អង់គ្លេស អាល្លឺម៉ង់ រួម​ទាំង​អ៊ីតាលី​ផង) បាន​ព្រមព្រៀង​ក្នុង​ជំហរ​រួម​តែ​មួយ ​ប្រឆាំងនឹង​ការ​វិល​ត្រលប់​របស់​រុស្ស៊ី​មក​ចូល​ក្នុង​ក្រុម​ តែ​ព្រម​បើក​កិច្ចចរចា​ជាមួយ​លោក វ្លាដេមៀ ពូទីន។

លោក​ដូណាល់ ​ត្រាំ ​ចង់​បង្វែរ​ពេល​វេលា​ដើម្បី​បញ្ចៀស​ភាព​ប្រឈម​នឹង​ប្រធានបទ​ក្តៅៗ​? ប៉ុន្តែគាត់​មិន​អាច​​បង្វៀង​បាន​យូរ​ទេ ! ​មាន​តែ​បញ្ហា​អាកាសធាតុ​មួយ​ប៉ុណ្ណោះ ដែល​លោក​ដូណាល់ ត្រាំ អវត្តមាន ដោយ​ត្រូវ​ចាក​ចេញ​ពី​តុ​ប្រជុំ​មុន​គេ នៅ​ថ្ងៃ​ត្រង់​នេះ ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​សិង្ហបុរី។ ទី​ដែល​នឹង​មាន​ជំនួប​ដ៏​សំខាន់ និង​ជា​ប្រវត្តិសាស្ត្រ​ផង រវាង​ប្រធានាធិបតី​អាមេរិក​និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង នៅ​ថ្ងៃទី ១២​មិថុនា។ ត្រង់​ចំណុច​ក្រុម​ហ្សេ​៧ បាន​អបអរ​និង​លើក​ចិត្ត​លោក​ដូណាល់ ត្រាំ​ ចំពោះ​កិច្ច​ខំប្រឹង​ប្រែង​ស្វែង​រក​ស្ថិរភាព​ឱ្យ​ឧបទ្វីប​កូរ៉េ។

ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ក្រុម​ប្រទេស​មហាអំណាច​G៧ និង​ប្រធាន​គណៈកម្មការ​អឺរ៉ុបថតរូប​ជុំ​គ្នាក្នុង​ថ្ងៃ​​ប្រជុំ
ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ក្រុម​ប្រទេស​មហាអំណាច​G៧ និង​ប្រធាន​គណៈកម្មការ​អឺរ៉ុបថតរូប​ជុំ​គ្នាក្នុង​ថ្ងៃ​​ប្រជុំ Reuters

ព្រមព្រៀង​ចរចា​ពាណិជ្ជកម្ម

​ទាក់ទង​នឹង​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ ដៃគូ​រកស៊ី​ជាមួយ​អាមេរិក ដែល​បាននាំ​គ្នា​ច្រឡោត​ខឹង​ខ្លាំង ក្រោយ​ពី​លោក​ដូណាល់ ត្រាំ បាន​សម្រេចអនុវត្ត​យក​ពន្ធ​បន្ថែម​លើ​ការ​នាំ​ចូល​ដែកថែប​និង​អាលុយមីញ៉ូម មកពី​កាណាដា អឺរ៉ុប​ និង​ម៉ិចស៊ិក​ កាលពី​សប្តាហ៍​មុន​មក ក្រុម​សមាជិកG៧ រួមទាំង​សហរដ្ឋ​អាមេរិក​ផ្ទាល់ បាន​ព្រមព្រៀង​គ្នា​ជា​គោលការណ៍ បង្កើត​ឱ្យ​មានទម្រង់​ជា​​​ការ​​ចរចា ដែល​ចាប់​រៀប​ចំ​ធ្វើ​ឡើង​ នៅ​ពី​រសប្តាហ៍​ទៀត​ខាងមុខ។ ការ​ចរចា​នេះ មាន​ទម្រង់​ជា​ការ​ចរចា​បច្ចេកទេស​ និង​នយោបាយ​។

ប៉ុន្តែគេ​មិន​ដឹង​ថា​តើ​ជប៉ុន​ដែល​មិន​សូវ​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​តប​អាមេរិក ព្រោះ​ខ្លាច​ឯកា​ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង ហ៊ាន​ប៉ុណ្ណាទេ ?! ចំណែក​អាល្លឺម៉ង់​ក៏​ប្រយ័ត្ន​ខ្លាំង ព្រោះ​ខ្លាច​ប៉ះពាល់​ដល់ឧស្សាហកម្ម​​​រថយន្ត​ដែល​ជា​​ពាណិជ្ជកម្ម​មាន​ប្រយោជន៍​ធំ។​ បើ​តាម​ប្រភព​ព័ត៌មាន​បារាំង លោកស្រី​នាយក​រដ្ឋមន្ត្រីអាល្លឺម៉ង់ ​​បាន​ស្នើទៅ​លោក​ដូណាល់​ត្រាំ ឱ្យ​បង្កើត​ក្របខណ្ឌ​ត្រួត​ពិនិត្យ​​ពាណិជ្ជកម្ម​ផ្សេងៗ​រវាងសហរដ្ឋ​​អាមេរិក​និងសហភាព​​អឺរ៉ុប ដើម្បី​ឱ្យ​ក្រុមការងារ​នេះ​ជា​អ្នកត្រួតពិនិត្យ​ឡើង​វិញ មុន​នឹង​​សម្រេចអនុវត្ត​ដំឡើង​​ពន្ធលើ​ដែកថែប​និង​អាលុយមីញ៉ូម។ លោក​ប្រធាន​គណៈ​កម្មការអឺរ៉ុប​ ​ ហ្សង់ក្លូត ចាំងគ័រ បាន​ស្នើ​សុំ​ខ្លួន​ធ្វើ​ដំណើរ​​ទៅ​វ៉ាស៊ីន​តោន​ ដើម្បី​ជួយ​រក​ដំណោះស្រាយ​អឺរ៉ុប​និង​អាមេរិក។

ទាំង​នេះ សុទ្ធ​សឹង​ជា​សំណើ​ដែល​ហ្សេ៧​បាន​យល់​ព្រម​គ្នា​ លើក​ទៅ​ចរចា មិនមែនជា​​​​​សេចក្តី​សម្រេច ឬ​ដំណោះស្រាយ​នៃ​វិបត្តិ​សង្គ្រាម​ពាណិជ្ជកម្មរក​ឃើញ ក្នុង​ជំនួប​ថ្ងៃ​នេះឡើយ។ និយាយ​បែប​ផ្សេង សង្គ្រាម​ពាណិជ្ជកម្មមិន​អាច​ដោះស្រាយ​ចេញ​នៅក្នុង​ជំនួប​នេះ​បាន​ឡើយ។ G៧ ​មិន​សង្ឃឹម​ថា​នឹងអាច​ចេញ​ជា​សេចក្តី​ថ្លែងការណ៍​រួម​ទេ តែក្រុម​សម្ព័ន្ធមិត្ត​ដែល​ធ្លាប់​សហការ​គ្នា​តាំង​ពី​ជាង​៤២​ឆ្នាំ ចង់​គេច​ឱ្យ​បាន​នូវ​អ្វី​ដែល​ហៅ​ភាព​ភាព​ប្រេះ​ឆា​គ្នា ដោយ​ផ្តល់​អាទិភាព​ដល់​ការ​សម្រុះសម្រួល តាម​រយៈ​ការ​​សេចក្តី​ថ្លែងការណ៍សម្របសម្រួល​។ សម្មតិកម្ម​មួយ​យល់​ថា​ G៧​អាច​​សេចក្តីថ្លែងការ​បង្ហើយ ចុះ​ហត្ថលេខា​ដោយ​ភាគី​កាណាដា​ដែល​ជា​ប្រធាន​ផ្លាស់​វេន​G៧​តែ​ម្នាក់ឯង រួច​បញ្ជាក់​អំពី​ចំណុច​ខ្វែងគ្នា។ សម្រាប់​អ្នក​ការទូត​នេះ​ជា​លទ្ធផល​ប្លែកខុស​ពី​សព្វដង តែ​មតិ​សាធារណៈ​មើល​ឃើញ​ពីភាព​ខុស​គ្នា​នេះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ