អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិ​ជនភៀស​ខ្លួន​តាម​ទូក​កំពុង​ធ្វើឱ្យ​អ៊ីតាលី​និង​បារាំង មើលមុខ​គ្នា​មិន​ចំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពីមាន​តាន​តឹង ទម្លាក់​បន្ទុក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រវាង​អ៊ីតាលី​និង​ម៉ាល់ត៍ ក្នុង​ការ​ទទួល​​​​ជនភៀស​ខ្លួន​ចំនួន​៦២៩​នាក់ ដែលអង្គការ​មនុស្សធម៌​​ស្រង់​បាន​ពី​ដែន​ទឹកលីប៊ីមក សំណុំ​រឿង​ដដែល​នេះ បាន​និង​កំពុង​ ធ្វើ​ឱ្យ​អ៊ីតាលី​និង​បារាំងប្រឈម​ បោះបោក​ពាក្យ​សំដី​ដាក់​គ្នា​យ៉ាង​ខ្លាំង។ អ៊ីតាលី​បដិសេធ​មិន​ទទួល​មេរៀន​ពី​​បារាំង និង​​ថែម​ទាំង​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​បារាំង ដើម្បី​ធ្វើ​ការ​តវ៉ា បន្ទាប់​ពី​ប្រធានាធិបតី​​បារាំង​បាន​​បន្ទោស​អ៊ីតាលី​ថា​មិន​គោរព​ច្បាប់​អន្តរជាតិ ខ្វះ​ទំនួល​ខុស​ត្រូវ។ ​

វិបត្តិ​អន្តោប្រវេសន៍ រាលដាល​ជាភាព​តានតឹង​ អ៊ីតាលីចាំពាក្យ​សុំទោស​ជា​ផ្លូវការ​ពី​បារាំង
វិបត្តិ​អន្តោប្រវេសន៍ រាលដាល​ជាភាព​តានតឹង​ អ៊ីតាលីចាំពាក្យ​សុំទោស​ជា​ផ្លូវការ​ពី​បារាំង Karpov / SOS Mediterranee/
ផ្សាយពាណិជ្ជកម្ម

បារាំង​-អ៊ីតាលី​ ជិត​ស្និទ្ធ​នឹង​គ្នា​ខ្លាំង​ណាស់​ ពី​មុនមក ! ប៉ុន្តែ​បើ​តាម​អ្នក​វិភាគ​និង​អ្នក​ជំនាញ​កិច្ចកា​រអន្តរជាតិ​ ទំនាក់ទំនង​អ៊ីតាលី-​បារាំង​​ ហាក់​ដូច​ជា​ផ្តើម​មាន​កករ តាំង​ពី​ឆ្នាំ​២០១១ និង​តាំង​ពី​មាន​ប្រតិបត្តិការ​នៅ​ប្រទេស​លីប៊ី​មក។ ជា​ច្រើន​​ខែ​ចុងក្រោយ​នេះទៀត អ៊ីតាលី​និង​បារាំង មាន​ទំនាក់ទំនង​កាន់តែ​លំបាក​នឹង​គ្នាឡើង និងកាន់​តែ​ផុយ​ស្រួយ ​ស្ទើរ​តែ​ផ្ទុះ​តែ​ម្តងលើ​សំណុំ​រឿង​ខ្លះ​ នៅ​ពេលក្រុម​​អ្នកស្តាំនិយម​ជ្រុល និង​ក្រុម​ប្រឆាំង​នឹង​ប្រព័ន្ធ ដែល​​ឡើង​សំឡេងខ្លាំង ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ការពារ​តែ​ប្រយោជន៍​ជាតិ​អ៊ីតាលី​ មិន​ខ្វល់​ពីបារាំង និង​អឺរ៉ុប ហើយ​ពេល​នេះ​បក្ស​ទាំង​ពីរ​ឈ្នះ​ឆ្នោត និង​ក្លាយ​​​ជា​អ្នក​ដឹកនាំ​​រដ្ឋាភិបាលអ៊ីតាលី​ថ្មី។

អ៊ីតាលី​​ចង់​សើរើ​ច្បាប់​វិធាន​អឺរ៉ុប​មួយ​ចំនួន ការ​ត្រួត​ពិនិត្យ​អន្តោប្រវេសន៍ គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ ព្រមទាំង​ប្រធានបទ​ជា​ច្រើន​ផ្សេង​ ដែល​ពេល​ខ្លះ​ត្រូវ​ទង្គិច​ដោយ​ចំៗ​ជា​មួយបារាំងតែម្តង ជាពិសេស​បញ្ហា​ដណ្តើម​ទិញ​ក្រុមហ៊ុន​ផលិត​នាវា​ និង​បញ្ហា​ត្រួត​ពិនិត្យ​អន្តោប្រវេសន៍​នៅតាម​ព្រំដែន​។

ទោះបី​ស្ថានភាព​ហាក់​តាន​តឹង​មែន ប៉ុន្តែ​​លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង​ ដែល​​មាន​មហិច្ឆតា​ខ្ពស់​ ដែល​​ចង់​ធ្វើ​កំណែទម្រង់​អឺរ៉ុប បាន​ប្រឹង​សង្កត់​ចិត្ត​ ប្រយ័ត្ន​ប្រយែង​ខ្លាំងពាក្យ​សំដី​ខ្លាំងណាស់។ ព្រោះ​បារាំង​ដឹង​ថា​ដើម្បី​សម្រេច​បំណង​ធំ បារាំង ​ត្រូវ​ការ​អ៊ីតាលី ដូច​បារាំង​ត្រូវ​ការ​ការ​គាំទ្រ​ពី​អាល្លឺម៉ង់​យ៉ាង​ដូច្នោះ។ ប្រធានាធិបតី​បារាំង បាន​ទូរស័ព្ទ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី តាំង​ពី​សភា​មិន​ទាន់​ទទួល​ស្គាល់​ជា​ផ្លូវការ​ផង។

ប៉ុន្តែ​សួរ​ថា​តើ​បារាំង​អាច​អត់​ធ្មត់​ និង​ប្រុង​ប្រយ័ត្ន​បាន​ប៉ុណ្ណា ? បើ​យោល​ទៅ​តាម​ការ​រៀប​រាប់​ខាង​លើ ​បារាំង និង​អ៊ីតាលី​ កំពុង​ស្ថិត​​​​បរិបទ​​តាន​តឹង​ខ្លាំង​ណាស់ទៅ​ហើយ! ដូច្នេះ​ ឱ្យ​តែ​មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​អ្វី​បន្តិច​បន្តួច ទោះ​ជា​រឿង​អ្វី​ក៏​ដោយ ក៏​អាច​​រាល​ដាល​ទៅ​ជា​ធំ ទៅ​ជាកិច្ចការ​​រដ្ឋ​ភ្លាមបាន​ដែរ។ នេះ​ជា​អ្វី​ដែលគេ​ខ្លាច​ និង​ជា​អ្វី​​កំពុង​កើតមាន ​ចំពោះ​បារាំង ​និង អ៊ីតាលី។

ប្រតិកម្ម​របស់​បារាំងទាក់ទង​នឹងការ​បដិសេធ​របស់​អ៊ីតាលី​ មិន​ឱ្យ​​នាវា​ដឹកជនភៀស​ខ្លួន​ ចូល​ចត​ កំពុង​ក្លាយ​ជា​វិបត្តិ​រដ្ឋ​។

​នៅ​ថ្ងៃពុធ​នេះជា​ការ​ដ៏​កម្រណាស់​ ​ដែល​អ៊ីតាលី​បានកោះ​ហៅ​ឯករដ្ឋ​ទូត​​​បារាំងប្រចាំ​ក្រុង​រ៉ូម ដើម្បីធ្វើការ​តវ៉ា។ អ៊ីតាលី​មិន​អាច​ទទួល​យក​ពាក្យ​រិះគន់​របស់​​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង ដែល​ថា​អ៊ីតាលី​ខ្វះ​​ទំនួល​ខុស​ត្រូវ ដោយ​​មិន​ទទួល​ឱ្យ​​​នាវា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បារាំង​ SOS Méditerranée ដឹក​ជន​ភៀស​ខ្លួន​ ៦២៩​នាក់​ ចូល​ចត​ក្នុង​ផែ​របស់​ខ្លួន។ សម្រាប់​អ៊ីតាលី​ បារាំង ដែលតែង​តែ​​ងាក​មុខ​ចេញ​ពី​វិបត្តិ​អន្តោប្រវេសន៍ គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​មក​ផ្តល់​មេរៀន​ឱ្យ​អ៊ីតាលីទេ។ ក្រោយ​ពី​ការ​ផ្លោង​សំដី​ដាក់​គ្នាមួយ​ខ្សែ​ហើយ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មអ៊ីតាលី បាន​ប្រកាស​លុប​ចោល​ជំនួប​ជាមួយ​សមភាគី​បារាំង​​នៅ​ទី​ក្រុង​ប៉ារីស នៅ​ថ្ងៃពុធ​នេះ។ ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែល​ជា​អ្នក​ជាតិ​និយម​ជ្រុល​ បានគំរាម​​ទាមទារថែម​ទៀត​ ​ឱ្យ​​បារាំង​ធ្វើ​ការ​សុំ​ទោស​ជា​ផ្លូវការ បើ​ពុំ​នោះអ៊ីតា​លី​អាច​នឹង​លុបចោល​គម្រោង​ជំនួប​រវា​​ងលោក​នាយក​រដ្ឋមន្ត្រីអ៊ីតាលី​ថ្មី​ និង​លោក​ប្រធានាធិបតី​ម៉ាក្រុងទៀត។ តាម​គម្រោងលោក​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី ត្រូវ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង និង​មាន​​ជំនួប​ជា​លើក​ដំបូង​ជាមួយ​ប្រធានាធិបតី​​​ ថ្ងៃសុក្រ​ទី១៥​មិថុនា ២០១៨។

​អ៊ីតាលី​ខឹង​សម្បារ​បារាំង​ខ្លាំងដល់​ថ្នាក់​នេះមក​ពី​ការ​​​បដិសេធ​របស់​អ៊ីតាលី ជា​សិទ្ធដ៏​ត្រឹមត្រូវ​ឬ ? បើ​តាម​ច្បាប់​អន្តរជាតិ ទីតាំង​នៃ​ទូក​មនុស្សធម៌ ជា​កត្តា​ដ៏​សំខាន់​កំណត់​ថា​ប្រទេស​ជា​អ្នក​ជួយ។ ទីតាំង​នៅ​ជិត​ប្រទេស​ណា​ជាង​ប្រទេសនោះ​ជា​អ្នក​ជួយ។ ហើយ​បើ​នាវា​មនុស្ស​ធម៌​ចូល​កៀក​ដល់​ត្រឹម​១២ម៉ាយ​ពី​រដ្ឋ​មួយច្បាប់​អនុវត្ត​ផ្សេង។ ​ក្នុង​ករណី​នាវា​Aquarius របស់​អង្គការ​សង្គ្រោះ​SOS Méditerranée នាវា​បាន​ទទួល​បញ្ជា​ពី​កង​សុវត្ថិភាព​សមុទ្ទអ៊ីតាលី ឱ្យ​ឈប់​នៅ​ចម្ងាយ​ ៣២​ម៉ាយ​ពី​អ៊ីតាលី និង​២៧ម៉ាយ​ពី​ម៉ាល់ត៍​ តែ​ក្នុង​ដែន​ទឹក​រួម ! ដោយ​សារ​ហេតុ​ផល​បែបនេះ​ហើយ បាន​ជា​ដំបូង​ឡើយ អ៊ីតាលី​និង​ម៉ាល់ត៍ ដំឡើង​សរសៃ​ក ​ច្រាន​ទំនួល​ខុស​ត្រូវ​ដាក់​គ្នាទៅ​វិញ​ទៅ​មក។

ម្យ៉ាង​វិញ​ទៀត ​សម្រាប់​នាវា​ដឹកជនភៀស​ខ្លួន មិន​មែន​ជា​នាវា​រងគ្រោះ ឬកំពុង​ប្រឈម​នឹង​គ្រោះថ្នាក់ទេ ឬការ​គំរាម​កំហែង​សន្តិភាព​ ឬ​សណ្តាប់​ធ្នាប់​សន្តិសុខ​ឆ្នេរ​ប្រទេស​ណាមួយ! នាវា​នេះ​ទៅ​មក ដឹកជញ្ជូន​ សង្គ្រោះ​មនុស្ស​ចេញ​ពីផែមួយ​ទៅ​ផែ​មួយ។ ដូច្នេះ​អ៊ីតាលី​ពុំ​មាន​កាតព្វកិច្ចថា​ត្រូវ​តែ​ជួយ​ឡើយ តែ​អាច​​ការ​ពារ​ខ្លួន​ដោយ​បន្ទោស​​នាវា​របស់​អង្គការ​មនុស្ស​ធម៌​ ថា​រំលោភ​ច្បាប់អន្តរជាតិ​វិញ​ផង​ក៏​បាន ទៅ​ដឹកចម្លងជនភៀស​ខ្លួន​មើល​តែ​ទូកដ។ ដោយ​យល់​ថា​មាន​អង្គការ​ខ្លះ​ជួយសង្គ្រោះ​ជនភៀស​ខ្លួន​ដោយ​មនុស្ស​ធម៌​ពិត​ៗ និង​ខ្លះ​ទៀត​ឆ្លៀត​ធ្វើ​ជំនួញ អ៊ីតាលី​បាន​ទាម​ទារ​​ឱ្យ​មាន​អន្តរាគមន៍ ពី អូតង់។

ក្នុង​ពេល​ដែល​សម្ពាធ​កំពុង​តាន​តឹង​ខ្លាំង​នេះ និង​មុនពាក្យ​គំរាម​លុប​ចោល​ទស្សនកិច្ច​របស់អ៊ីតាលី ​បារាំង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​ជា​លាយ​លក្ខណ៍​អក្សរ​បញ្ជាក់​ជំហរ​គាំទ្រ​អ៊ីតាលី និង​ត្រូវ​ការ​កិច្ចសហប្រតិបត្តិការពី​អ៊ីតាលី ក្នុង​ចំណាត់ការ​វិបត្តិ​អន្តោប្រវេសន៍​ ដែលនឹង​ក្លាយ​​ជា​ប្រធានបទ​ស្នូល​នៃ​ជំនួប​កំពូល​បារាំង-អ៊ីតាលី​ថ្ងៃ​សុក្រ​ស្អែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ