វិបត្តិជនភៀសខ្លួនតាមទូកកំពុងធ្វើឱ្យអ៊ីតាលីនិងបារាំង មើលមុខគ្នាមិនចំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥៨
បន្ទាប់ពីមានតានតឹង ទម្លាក់បន្ទុកដាក់គ្នាទៅវិញទៅមក រវាងអ៊ីតាលីនិងម៉ាល់ត៍ ក្នុងការទទួលជនភៀសខ្លួនចំនួន៦២៩នាក់ ដែលអង្គការមនុស្សធម៌ស្រង់បានពីដែនទឹកលីប៊ីមក សំណុំរឿងដដែលនេះ បាននិងកំពុង ធ្វើឱ្យអ៊ីតាលីនិងបារាំងប្រឈម បោះបោកពាក្យសំដីដាក់គ្នាយ៉ាងខ្លាំង។ អ៊ីតាលីបដិសេធមិនទទួលមេរៀនពីបារាំង និងថែមទាំងកោះហៅឯកអគ្គរដ្ឋទូតបារាំង ដើម្បីធ្វើការតវ៉ា បន្ទាប់ពីប្រធានាធិបតីបារាំងបានបន្ទោសអ៊ីតាលីថាមិនគោរពច្បាប់អន្តរជាតិ ខ្វះទំនួលខុសត្រូវ។
បារាំង-អ៊ីតាលី ជិតស្និទ្ធនឹងគ្នាខ្លាំងណាស់ ពីមុនមក ! ប៉ុន្តែបើតាមអ្នកវិភាគនិងអ្នកជំនាញកិច្ចការអន្តរជាតិ ទំនាក់ទំនងអ៊ីតាលី-បារាំង ហាក់ដូចជាផ្តើមមានកករ តាំងពីឆ្នាំ២០១១ និងតាំងពីមានប្រតិបត្តិការនៅប្រទេសលីប៊ីមក។ ជាច្រើនខែចុងក្រោយនេះទៀត អ៊ីតាលីនិងបារាំង មានទំនាក់ទំនងកាន់តែលំបាកនឹងគ្នាឡើង និងកាន់តែផុយស្រួយ ស្ទើរតែផ្ទុះតែម្តងលើសំណុំរឿងខ្លះ នៅពេលក្រុមអ្នកស្តាំនិយមជ្រុល និងក្រុមប្រឆាំងនឹងប្រព័ន្ធ ដែលឡើងសំឡេងខ្លាំង ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតការពារតែប្រយោជន៍ជាតិអ៊ីតាលី មិនខ្វល់ពីបារាំង និងអឺរ៉ុប ហើយពេលនេះបក្សទាំងពីរឈ្នះឆ្នោត និងក្លាយជាអ្នកដឹកនាំរដ្ឋាភិបាលអ៊ីតាលីថ្មី។
អ៊ីតាលីចង់សើរើច្បាប់វិធានអឺរ៉ុបមួយចំនួន ការត្រួតពិនិត្យអន្តោប្រវេសន៍ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងប្រធានបទជាច្រើនផ្សេង ដែលពេលខ្លះត្រូវទង្គិចដោយចំៗជាមួយបារាំងតែម្តង ជាពិសេសបញ្ហាដណ្តើមទិញក្រុមហ៊ុនផលិតនាវា និងបញ្ហាត្រួតពិនិត្យអន្តោប្រវេសន៍នៅតាមព្រំដែន។
ទោះបីស្ថានភាពហាក់តានតឹងមែន ប៉ុន្តែលោកម៉ាក្រុង ប្រធានាធិបតីបារាំង ដែលមានមហិច្ឆតាខ្ពស់ ដែលចង់ធ្វើកំណែទម្រង់អឺរ៉ុប បានប្រឹងសង្កត់ចិត្ត ប្រយ័ត្នប្រយែងខ្លាំងពាក្យសំដីខ្លាំងណាស់។ ព្រោះបារាំងដឹងថាដើម្បីសម្រេចបំណងធំ បារាំង ត្រូវការអ៊ីតាលី ដូចបារាំងត្រូវការការគាំទ្រពីអាល្លឺម៉ង់យ៉ាងដូច្នោះ។ ប្រធានាធិបតីបារាំង បានទូរស័ព្ទទៅលោកនាយករដ្ឋមន្ត្រីអ៊ីតាលី តាំងពីសភាមិនទាន់ទទួលស្គាល់ជាផ្លូវការផង។
ប៉ុន្តែសួរថាតើបារាំងអាចអត់ធ្មត់ និងប្រុងប្រយ័ត្នបានប៉ុណ្ណា ? បើយោលទៅតាមការរៀបរាប់ខាងលើ បារាំង និងអ៊ីតាលី កំពុងស្ថិតបរិបទតានតឹងខ្លាំងណាស់ទៅហើយ! ដូច្នេះ ឱ្យតែមានហេតុការណ៍ប៉ះទង្គិចគ្នាអ្វីបន្តិចបន្តួច ទោះជារឿងអ្វីក៏ដោយ ក៏អាចរាលដាលទៅជាធំ ទៅជាកិច្ចការរដ្ឋភ្លាមបានដែរ។ នេះជាអ្វីដែលគេខ្លាច និងជាអ្វីកំពុងកើតមាន ចំពោះបារាំង និង អ៊ីតាលី។
ប្រតិកម្មរបស់បារាំងទាក់ទងនឹងការបដិសេធរបស់អ៊ីតាលី មិនឱ្យនាវាដឹកជនភៀសខ្លួន ចូលចត កំពុងក្លាយជាវិបត្តិរដ្ឋ។
នៅថ្ងៃពុធនេះជាការដ៏កម្រណាស់ ដែលអ៊ីតាលីបានកោះហៅឯករដ្ឋទូតបារាំងប្រចាំក្រុងរ៉ូម ដើម្បីធ្វើការតវ៉ា។ អ៊ីតាលីមិនអាចទទួលយកពាក្យរិះគន់របស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ដែលថាអ៊ីតាលីខ្វះទំនួលខុសត្រូវ ដោយមិនទទួលឱ្យនាវារបស់អង្គការក្រៅរដ្ឋាភិបាលបារាំង SOS Méditerranée ដឹកជនភៀសខ្លួន ៦២៩នាក់ ចូលចតក្នុងផែរបស់ខ្លួន។ សម្រាប់អ៊ីតាលី បារាំង ដែលតែងតែងាកមុខចេញពីវិបត្តិអន្តោប្រវេសន៍ គ្មានហេតុផលអ្វីត្រូវមកផ្តល់មេរៀនឱ្យអ៊ីតាលីទេ។ ក្រោយពីការផ្លោងសំដីដាក់គ្នាមួយខ្សែហើយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអ៊ីតាលី បានប្រកាសលុបចោលជំនួបជាមួយសមភាគីបារាំងនៅទីក្រុងប៉ារីស នៅថ្ងៃពុធនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាអ្នកជាតិនិយមជ្រុល បានគំរាមទាមទារថែមទៀត ឱ្យបារាំងធ្វើការសុំទោសជាផ្លូវការ បើពុំនោះអ៊ីតាលីអាចនឹងលុបចោលគម្រោងជំនួបរវាងលោកនាយករដ្ឋមន្ត្រីអ៊ីតាលីថ្មី និងលោកប្រធានាធិបតីម៉ាក្រុងទៀត។ តាមគម្រោងលោកនាយករដ្ឋមន្ត្រីអ៊ីតាលី ត្រូវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និងមានជំនួបជាលើកដំបូងជាមួយប្រធានាធិបតី ថ្ងៃសុក្រទី១៥មិថុនា ២០១៨។
អ៊ីតាលីខឹងសម្បារបារាំងខ្លាំងដល់ថ្នាក់នេះមកពីការបដិសេធរបស់អ៊ីតាលី ជាសិទ្ធដ៏ត្រឹមត្រូវឬ ? បើតាមច្បាប់អន្តរជាតិ ទីតាំងនៃទូកមនុស្សធម៌ ជាកត្តាដ៏សំខាន់កំណត់ថាប្រទេសជាអ្នកជួយ។ ទីតាំងនៅជិតប្រទេសណាជាងប្រទេសនោះជាអ្នកជួយ។ ហើយបើនាវាមនុស្សធម៌ចូលកៀកដល់ត្រឹម១២ម៉ាយពីរដ្ឋមួយច្បាប់អនុវត្តផ្សេង។ ក្នុងករណីនាវាAquarius របស់អង្គការសង្គ្រោះSOS Méditerranée នាវាបានទទួលបញ្ជាពីកងសុវត្ថិភាពសមុទ្ទអ៊ីតាលី ឱ្យឈប់នៅចម្ងាយ ៣២ម៉ាយពីអ៊ីតាលី និង២៧ម៉ាយពីម៉ាល់ត៍ តែក្នុងដែនទឹករួម ! ដោយសារហេតុផលបែបនេះហើយ បានជាដំបូងឡើយ អ៊ីតាលីនិងម៉ាល់ត៍ ដំឡើងសរសៃក ច្រានទំនួលខុសត្រូវដាក់គ្នាទៅវិញទៅមក។
ម្យ៉ាងវិញទៀត សម្រាប់នាវាដឹកជនភៀសខ្លួន មិនមែនជានាវារងគ្រោះ ឬកំពុងប្រឈមនឹងគ្រោះថ្នាក់ទេ ឬការគំរាមកំហែងសន្តិភាព ឬសណ្តាប់ធ្នាប់សន្តិសុខឆ្នេរប្រទេសណាមួយ! នាវានេះទៅមក ដឹកជញ្ជូន សង្គ្រោះមនុស្សចេញពីផែមួយទៅផែមួយ។ ដូច្នេះអ៊ីតាលីពុំមានកាតព្វកិច្ចថាត្រូវតែជួយឡើយ តែអាចការពារខ្លួនដោយបន្ទោសនាវារបស់អង្គការមនុស្សធម៌ ថារំលោភច្បាប់អន្តរជាតិវិញផងក៏បាន ទៅដឹកចម្លងជនភៀសខ្លួនមើលតែទូកដ។ ដោយយល់ថាមានអង្គការខ្លះជួយសង្គ្រោះជនភៀសខ្លួនដោយមនុស្សធម៌ពិតៗ និងខ្លះទៀតឆ្លៀតធ្វើជំនួញ អ៊ីតាលីបានទាមទារឱ្យមានអន្តរាគមន៍ ពី អូតង់។
ក្នុងពេលដែលសម្ពាធកំពុងតានតឹងខ្លាំងនេះ និងមុនពាក្យគំរាមលុបចោលទស្សនកិច្ចរបស់អ៊ីតាលី បារាំងបានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរបញ្ជាក់ជំហរគាំទ្រអ៊ីតាលី និងត្រូវការកិច្ចសហប្រតិបត្តិការពីអ៊ីតាលី ក្នុងចំណាត់ការវិបត្តិអន្តោប្រវេសន៍ ដែលនឹងក្លាយជាប្រធានបទស្នូលនៃជំនួបកំពូលបារាំង-អ៊ីតាលីថ្ងៃសុក្រស្អែក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ