អានតួអត្ថបទ
បារាំង-អ៊ីតាលី

បារាំង និង​អ៊ីតាលី​បាន​កាត់​បន្ថយ​ភាព​តានតឹង​រវាង​គ្នា​ក្នុង​សំណុំរឿង​អន្តោប្រវេសន៍

នៅ​ថ្ងៃ​សុក្រ ទី១៥ មិថុនា លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​បាន​ទទួល​ជួប​លោក​នាយករដ្ឋមន្រ្តី​អ៊ីតាលី​យូសសេប៉េ កុងតេ​នៅ​វិមាន​អេលីហ្សេ។ ជំនួប​រវាង​លោក​ម៉ាក្រុង និង​លោក​កុងតេ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទីក្រុង​ប៉ារីស និង​ទីក្រុង​រ៉ូម​បាន​ដំឡើង​សរសៃ ក ដាក់​គ្នា​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ក្នុង​សំណុំរឿង​ជនអន្តោប្រវេសន៍។ បារាំង​បាន​ស្តីពី​បន្ទោស​អ៊ីតាលី​ក្នុង​រឿង​មិន​ទទួល​យក​ជនអន្តោប្រវេសន៍​ក្នុង​នាវា​មនុស្សធម៌ « Aquarius » ដែល​ស្ថិត​ក្បែរ​ឆ្នេរសមុទ្រ​របស់​ខ្លួន។ តែ​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា លោក​ម៉ាក្រុង និង​លោក​កុងតេ​បាន​ព្រមព្រៀង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​បញ្ហា​អន្តោប្រវេសន៍ និង​ការ​ធ្វើ​កំណែទម្រង់​នៅ​ក្នុង​តំបន់​អឺរ៉ូ។ លោក​ម៉ាក្រុង​បាន​ទទួល​ស្គាល់​ថា អ៊ីតាលី​ជា​ប្រទេស​នៃ​ការ​មក​ដល់​ជនអន្តោប្រវេសន៍​មុន​គេ តែ​ថា បារាំង​ក៏​មិនមែន​ជា​ប្រទេស​ដែល​បាន​ឆ្លៀត​កេងចំណេញ​ពី​ប្រព័ន្ធ​អឺរ៉ុប​ក្នុង​វិបត្តិ​អន្តោប្រវេសន៍​នេះ​ដែរ។

លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង (រូបឆ្វេង) និង​​លោក​នាយករដ្ឋមន្រ្តី​អ៊ីតាលី​យូសសេប៉េ កុងតេ
លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង (រូបឆ្វេង) និង​​លោក​នាយករដ្ឋមន្រ្តី​អ៊ីតាលី​យូសសេប៉េ កុងតេ Reuters
ផ្សាយពាណិជ្ជកម្ម

« ប្រទេស​អ៊ីតាលី​បាន​ទទួល​រង​ដោយ​ផ្ទាល់​នៃ​ការ​មក​ដល់​របស់​ក្រុម​ជនអន្តោប្រវេសន៍​យ៉ាង​ច្រើន​សម្បើម។ ប៉ុន្តែ​ជាមួយ​នឹង​ការងារ​យ៉ាង​សំខាន់​ដែល​សម្រេច​បាន ការ​មក​ដល់​នៃ​ក្រុម​ជនអន្តោប្រវេសន៍​មាន​ការ​កាត់​បន្ថយ។ នៅត្រីមាស​ទី១ នៃ​ឆ្នាំ ២០១៨ ការ​មក​ដល់​របស់​ជនអន្តោប្រវេសន៍​ដែល​ធ្វើ​ដំណើរ​មក​ពី​អាហ្រ្វិក​ខាង​ជើង ពិសេស​ពី​ប្រទេស​លីប៊ី​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៧៧%។

សម្រាប់​បារាំង​ខ្លួន​ឯង មិនមែន​ជា​ប្រទេស​ដែល​បាន​ឆ្លៀត​កេងចំណេញ​ពី​ប្រព័ន្ធ​សមូហភាព​របស់​អឺរ៉ុប​ទេ ពិសេស​កិច្ចព្រមព្រៀង​ដែល​គេ​ហៅ​ថា​កិច្ចព្រមព្រៀង​ក្រុង​ឌុយប្លាំង។ ចូរ​កុំ​ភ្លេច​ថា បារាំង​ជា​ប្រទេស​ដែល​មាន​បុរស និង​ស្រ្តី​ចូល​មក​កាន់​តែ​ច្រើន ទោះ​បី​ពួក​គេ​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​ប៉ែក​ខាង​ជើង ខាងកើត ឬ​មួយ​ខាង​លិច​ក្តី។

ប្រសិន​បើ​ក្នុង​រយៈ ៤ខែ​ដើម​ឆ្នាំ ២០១៨ នេះ ប្រទេស​អ៊ីតាលី​បាន​ទទួល​ពាក្យ​សុំ​សិទ្ធិជ្រកកោន​ចំនួន ១៨ ០០០ច្បាប់ ប្រទេស​បារាំង​មាន​ដល់​ទៅ ២៦ ០០០ច្បាប់។ បើ​គិត​ពេញ​មួយ​ឆ្នាំ ២០១៧ ប្រទេស​បារាំង​បាន​ទទួល​ពាក្យ​សុំ​សិទ្ធិជ្រកកោន​ចំនួន ១០០ ០០០ច្បាប់ ហើយ​អ៊ីតាលី​មាន ១២៩ ០០០ច្បាប់។ ឃើញ​ថា មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ខុស​ដោយ​ច្រឡំ​លេខ។

ពិត​ណាស់​ថា អ៊ីតាលី​ជា​ប្រទេស​ដែល​នៅ​ជាប់​ច្រក​សមុទ្រ​មេឌីទែររ៉ាណេ​ខ្លាំង​ជាង​គេ និង​ដែល​ប្រឈម​នឹង​ការ​មក​ដល់​នៃ​ក្រុម​ជនអន្តោប្រវេសន៍​មុន​គេ។ ចំណែក​បារាំង​ដែល​មិន​ប្រឈម​នឹង​ការ​មក​ដល់​ផ្ទាល់​នៃ​ក្រុម​ជនអន្តោប្រវេសន៍​ក៏​ជា​ប្រទេស​ដែល​ត្រូវ​បាន​បុរស ស្រ្តី​ដែល​ប្រទេស​ក្នុង​លំហ Schengen បដិសេធ​មិន​ព្រម​ចុះ​ឈ្មោះ ឬ​មិន​ព្រម​ឲ្យ​សិទ្ធិជ្រកកោន​លើក​ទី១ ចូល​មក​សុំ​សិទ្ធិជ្រកកោន​ជា​ថ្មី​ដែរ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ