អានតួអត្ថបទ
បារាំង-អេស្ប៉ាញ

អេស្ប៉ាញ៖ បារាំង​យល់ព្រមទទួល​ជនអន្តោប្រវេសន៍ ពីទូក​ដែល​អ៊ីតាលី​មិន​ស្វាគម

បន្ទាប់ពី​ត្រូវ​អ៊ីតាលី​បដិសេធ​មិន​ឲ្យ​ចូលចត​នៅ កំពង់ផែ អ៊ីតាលី ទូក​ដឹក ជនអន្តោប្រវេសន៍​Aquarius របស់​អង្គការ​ជួយសង្រ្គោះ​មេឌីទែរ៉ាណេ និង​គ្រូពេទ្យ​គ្មាន​ព្រំដែន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅកំពង់ផែ​របស់​ប្រទេស​អេស្ប៉ាញ។ រដ្ឋាភិបាល​អេស្ប៉ាញ ​បាន​ប្រកាស​នៅថ្ងៃ​សៅរ៍​ម្សិលមិញ​ថា បារាំង​យល់ព្រម​ទទួល​ជន​អន្តោប្រវេសន៍ ដែល​គេ​ស្រង់​ពី​ទឹក​ក្បែរ​ប្រទេស​លីប៊ី។ 

កប៉ាល់Aquarius ដែល​ចេញ​ទៅជួយសង្រ្គោះ ជនអន្តោប្រវេសន៍ ដាក់​ឲ្យ​ដំណើរការ​ដោយ​​អង្គការ​SOS Mediterranee organisation នៅ​ឆ្នាំ ២០១៧
កប៉ាល់Aquarius ដែល​ចេញ​ទៅជួយសង្រ្គោះ ជនអន្តោប្រវេសន៍ ដាក់​ឲ្យ​ដំណើរការ​ដោយ​​អង្គការ​SOS Mediterranee organisation នៅ​ឆ្នាំ ២០១៧ © REUTERS/Tony Gentile/File Photo
ផ្សាយពាណិជ្ជកម្ម

នាវា​មនុស្សធម៌ Aquarius របស់​អង្គការ​ជួយសង្រ្គោះ​ជនអន្តោប្រវេសន៍ នៅ​សមុទ្រ​មេឌីទែរ៉ាណេ ត្រូវ​ចូលចត​នៅ​កំពង់ផែ​Valence ភាគខាងកើត​អេស្ប៉ាញ នៅថ្ងៃ​អាទិត្យ។ Aquarius  និង​កប៉ាល់​ពីរផ្សេងទៀត ដែល​ដឹក​ជនអន្តោប្រវេសន៍ ប្រមាណ ៦២៩នាក់ នៅ​រេរា អស់​ប៉ុន្មាន​ថ្ងៃ នៅ​សមុទ្រ​មេឌីទែរ៉ាណេ បន្ទាប់​ពី​អាជ្ញាធរ​អ៊ីតាលី បដិសេធ​មិន​ឲ្យចូលចត ដាក់ជន​អន្តោប្រវេសន៍ នៅ​កំពង់ផែ​អ៊ីតាលី។

នៅក្នុង​សេចក្តីថ្លែងការណ៍​នៅថ្ងៃ​សៅរ៍ រដ្ឋាភិបាល​អេស្ប៉ាញ​បាន​បញ្ជាក់ថា អេស្ប៉ាញ បានទទួល​តាម​សំណើ​របស់​ទីក្រុង​ប៉ារីស ដែល​បាន​យល់ព្រម​ទទួល​ជនអន្តោប្រវេសន៍ របស់​កប៉ាល់​មនុស្សធម៌ Aquarius។ នៅក្រោយ​ឆ្លងកាត់​ដំណាក់កាល​ទទួល​សព្វគ្រប់ នៅ​អេស្ប៉ាញ ជនអន្តោប្រវេសន៍​អាច​ធ្វើដំណើរ​ទៅ​ប្រទេស​បារាំង បើសិន​ពួកគេ​ចង់។

នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅក្រោយ​រិះគន់​អ៊ីតាលី ដែល​បដិសេធ​មិនទទួល​កប៉ាល់​ដឹក​ជនអន្តោប្រវេសន៍ ដែល​មាន​២៣​ជាតិសាសន៍ រដ្ឋាភិបាល​បារាំង​បាន​ប្រកាស​ថា បារាំង​យល់ព្រម​ទទួល​ជនអន្តោប្រវេសន៍ ណា​ដែល​អាច​ឆ្លើយតប​នឹង​លក្ខខណ្ឌ សុំសិទ្ធិ​ជ្រកកោន របស់​បារាំង។

ប្រមុខរដ្ឋាភិបាល​ថ្មីរបស់​អេស្ប៉ាញ បាន​ថ្លែងអំណរគុណ​ដល់​សណ្តានចិត្ត​របស់​ប្រធានាធិបតី​បារាំង ដែល​បានយល់ព្រម​ទទួល​ជនភៀសខ្លួន​ពី​កប៉ាល់ Aquarius។ សម្រាប់​ក្រុង​ម៉ាឌ្រីដ ការសហការ​របស់​បារាំង ជាកាយវិការ​ដែល​ប្រទេស​នៅ​អឺរ៉ុប ផ្សេង​ទៀត​គួរ​តែធ្វើ ដើម្បី ឆ្លើយតប​នឹង​វិបត្តិ​ជនអន្តោប្រវេសន៍។

អ៊ីតាលី សមាជិក​មួយ​របស់​អឺរ៉ុប​ដែល​ប្រឈម​ទទួល​ជនអន្តោប្រវេសន៍​ខ្លាំងជាងគេ (ទទួល​ជនអន្តោប្រវេសន៍ ៦ សែននាក់ តាំង​ពី​ឆ្នាំ ២០១៣) បាន​រង​ការរិះគន់ ពី​បារាំង និង​អង្គការ​ការពារ​សិទ្ធិមនុស្ស នៅក្រោយ​ដែល​រដ្ឋាភិបាល​ក្រុង​រ៉ូម បដិសេធ​មិន​ឲ្យ​កប៉ាល់ Aquarius ដែល​បាន​ស្រង់​ជនអន្តោប្រវេសន៍ នៅ​សមុទ្រ​លីប៊ី ឲ្យ​ចូលចត​កំពង់ផែ​អ៊ីតាលី។ បន្ទាប់​ពី​ Aquarius កប៉ាល់​ដឹកជនអន្តោប្រវេសន៍​ពីរផ្សេងទៀត ដែល​មាន​ទង់ជាតិ​ប្រទេស​ហូឡង់ ត្រូវ​បាន​ឆ្មាំសមុទ្រ​អ៊ីតាលី ស្រែក​ប្រកាស​មិន​ឲ្យ​ចូលចត​កំពង់ផែ​អ៊ីតាលី។

សម្រាប់​រដ្ឋមន្រ្តី​មហាផ្ទៃ​អ៊ីតាលី អំណើះតទៅ អ៊ីតាលី អនុញ្ញាត​ឲ្យចូលចត តែ​កប៉ាល់​អ៊ីតាលី ដែល​ចេញ ទៅ​ជួយ​សង្រ្គោះ ជនអន្តោប្រវេសន៍ នៅក្នុង​សមុទ្រ​តែប៉ុណ្ណោះ។ ក្នុង​រឿង​កប៉ាល់​ដឹកជនអន្តោប្រវេសន៍ អាជ្ញាធរ​អ៊ីតាលី​បាន​ហាមឃាត់ មិន​ឲ្យ​កប៉ាល់​បរទេស ចូលចត​កំពង់ផែ​អ៊ីតាលី ក្នុង​ហេតុផលថា អ៊ីតាលី​មិន​ចង់​ចូលរួម នៅក្នុង​គំនិតសុំគ្រលំ​របស់​ក្រុមជួញដូរ​មនុស្ស​ខុសច្បាប់។ សម្រាប់​ក្រុងរ៉ូម កប៉ាល់​របស់​អង្គការ​មួយចំនួន​ត្រូវ​បាន​ក្រុមទុច្ចរិត លួចបន្លំ ប្រើ​ដើម្បី ជួញដូរ​មនុស្ស​ខុសច្បាប់ មក​ទឹកដីអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ