អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី បានជា​ អូទ្រីស​ចោទអាល្លឺម៉ង់​ថា លួច​យកការណ៍​សម្ងាត់​ពីខ្លួន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​អូទ្រីស នៅថ្ងៃ​សៅរ៍​ម្សិលមិញ បាន​ទាមទារ​ឲ្យ​ប្រទេស​ជិតខាង អាល្លឺម៉ង់ បកស្រាយ​បំភ្លឺ ពី​ការចោទប្រកាន់​ដែល​ថា អាល្លឺម៉ង់​បាន​ស៊ើប យកការណ៍​សម្ងាត់​ពី​ស្ថាប័ន រដ្ឋ និងឯកជន ក្នុងទឹកដី​អូទ្រីស។ សម្រាប់​ប្រមុខរដ្ឋអូទ្រីស ការស៊ើបយកការណ៍​សម្ងាត់​ពីប្រទេស​ជាមិត្ត មិនត្រឹម​តែ​ជារឿង​ដ៏កម្រ និង​មិន​គួរ​ឲ្យ​ចូលចិត្ត​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​ជា​រឿង ដែល​គេ​មិនអាច​ទទួល​បាន​យក​ទៀតផង។

Austria's President Alexander Van der Bellen and Chancellor Sebastian Kurz address a news conference in the presidential office in Vienna, Austria, June 16, 2018.
Austria's President Alexander Van der Bellen and Chancellor Sebastian Kurz address a news conference in the presidential office in Vienna, Austria, June 16, 2018. © REUTERS/Kirsti Knolle
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​អូទ្រីស​បាន​ប្រកាស​ជាផ្លូវការ ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ចេញមុខ មក​ពីពន្យល់ ពីសំណុំរឿង​ចារកម្ម លើ​ប្រទេស​អូទ្រីស នៅបន្ទាប់​ពី​កាសែត​ធំពីរ​របស់​អូទ្រីស កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​បាន​ចុះផ្សាយ បញ្ជី​លេខទូរស័ព្ទ សារអេឡិចត្រូនិក​ដល់​ទៅ ២ពាន់ របស់​ស្ថានទូត ស្ថាប័ន​រដ្ឋ និង​ស្ថាប័ន​អន្តរជាតិ ដែល​ក្រុមចារកិច្ច​អាល្លឺម៉ង់ ហៅកាត់ថា BND បាន​ប្រើ​សម្រាប់​លួចស្តាប់ តាមដាន​យកការណ៍​សម្ងាត់​តាំងពី​ឆ្នាំ ១៩៩៩ រហូត​ដល់​ឆ្នាំ ២០០៦។ កាសែត​អូទ្រីស គឺ​សមាជិក​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាល្លឺម៉ង់ ផ្ទាល់ ដែល​បាន​លួច​ផ្តល់​ឯកសារ​សម្ងាត់​ ដែល​បាន​រាយឈ្មោះ សកម្មភាព​ធ្វើ​ចារកម្ម​របស់​អាល្លឺម៉ង់ នៅ​ក្នុង​ទឹកដី​អូទ្រីស។

នៅក្នុង​សន្និសីទ​កាសែត ប្រធានាធិបតី អូទ្រីស លោក​Alexander Van der Bellen និង​នាយករដ្ឋមន្រ្តី អូទ្រីស លោក​Sebastian Kurz បាន​និយាយថា អូទ្រីស​បាន​ដាក់ពាក្យរួចហើយ​ទៅ​ភាគី​អាល្លឺម៉ង់ ដើម្បី​ឲ្យ​អាល្លឺម៉ង់ ស្រាយបំភ្លឺ​ពីរឿង​នេះ។ អូទ្រីស​ក៏​ចង់​ដឹង ចង់​បាន​ការបញ្ជាក់​ផងដែរ ពី​ភាគី​អាល្លឺម៉ង់ ថា តើ​សកម្មភាព​លួច​យក​ការណ៍​សម្ងាត់​នេះ ជារឿង​ថ្មី​មួយ ទៀត ហើយ​ថា តើ​អាល្លឺម៉ង់ នៅ​តែ​កំពុង​បន្ត​លួច​ស៊ើបការណ៍​សម្ងាត់​ពី​អូទ្រីស​ទៀតឬយ៉ាងណា។ បើ​មាន​មែន អូទ្រីស​ទាមទារ​ឲ្យ​អាល្លឺម៉ង់ បញ្ឈប់​ជា​បន្ទាន់ ព្រោះថា វា​ជារឿង​មិន​អាច​ទទួល​យកបាន​ទេ ដែល​ប្រទេស​ជា​មិត្ត និង​សមាជិក​ដូចគ្នា របស់​សហភាព​អឺរ៉ុប ធ្វើចារកម្ម​លើ​គ្នា​នោះ។

សូមអាន៖ចារកិច្ច​អាមេរិក​ និង​ភាព​កំខ្សោយ​របស់​អឺរ៉ុប

នេះ​មិនមែន​ជា​លើកទី១​ទេ ដែល​អាល្លឺម៉ង់​រងការចោទ​ប្រកាន់​ថា បានធ្វើ​ចារកម្ម​លើ​ប្រទេស​នៅ​អឺរ៉ុប។ នៅ​ឆ្នាំ ២០១៤ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាល្លឺម៉ង់ BND ត្រូវ​បាន​គេ​ចោទ​ប្រកាន់ ចង្អុរមុខ​ថា បាន​លួច​យកការណ៍​សម្ងាត់​ពី​មន្រ្តី ហើយ​និង​ម្ចាស់ក្រុមហ៊ុន អឺរ៉ុប ដើម្បី​ផលប្រយោជន៍​សហរដ្ឋអាមេរិក។ នៅឆ្នាំ ២០១៥ មួយឆ្នាំ​ក្រោយ​រឿង​អាស្រូវ អូទ្រីស​បាន​ដាក់​ពាក្យ​បណ្តឹង ប្តឹង អាល្លឺម៉ង់ ប៉ុន្តែ អូទ្រីស​បាន​ទម្លាក់​ពាក្យ​បណ្តឹង​ចោលវិញ នៅបន្ទាប់​ពី​រដ្ឋអាជ្ញា​អូទ្រីស​រក​មិន​ឃើញ ភស្តុតាង​ច្បាស់ ដាក់​បន្ទុក អាល្លឺម៉ង់។ ម្យ៉ាង​ដោយសារ​អាល្លឺម៉ង់​មិន​ព្រម​សហការផ្តល់​ព័ត៌មាន​ផង។ សម្រាប់​នាយករដ្ឋមន្រ្តី​អូទ្រីស រដ្ឋអាជ្ញា​អូទ្រីស​នឹង​ពិនិត្យសំណុំរឿងនេះ​ឡើងវិញ នៅក្រោយ​មាន​ការចុះផ្សាយ​របស់​កាសែត​លើកនេះ។

ស្ថាប័ន​អន្តរជាតិ ដែល​មានទីស្នាក់ការ​នៅ​ទីក្រុង​វីយ៉ែន ជាផ្ទាំងស៊ីប​របស់​BND

តាម​កាសែត អូទ្រីស ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាល្លឺម៉ង់ តាមដាន លួចស្តាប់ទូរស័ព្ទ​របស់​មន្រ្តីរដ្ឋាភិបាល​អូទ្រីស​ផង និង​អ្នកជំនួញ បរទេស ដែល​ធ្វើការ​នៅ ក្នុងទឹកដី​អូទ្រីសផង។ ក្រៅតែ​ពី​លួចតាមដាន​យកការណ៍​សម្ងាត់​ពី​ស្ថានទូត​បរទេស នៅក្នុង​ទឹកដី អូទ្រីស ចារកិច្ច​អាល្លឺម៉ង់ តាមដាន​យកការណ៍​ផង​ដែរថា ពី​ស្ថាប័ន​អន្តរជាតិ ដែល​មាន​ទីស្នាក់ការ នៅ​ទីក្រុង​វីយ៉ែន ដូចជា អង្គការ​ប្រទេស​នាំចេញប្រេង OPEP អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​អឺរ៉ុប OSCE ហើយ​និង​ទីភ្នាក់ងារ​អន្តរចាតិ​ផ្នែក​ថាមពល​បរិមាណូ AIEA ជាដើម។

សូមអាន៖ អឺរ៉ុប​ក៏​ប្រើ​ប្រព័ន្ធ​ចារកិច្ច​ដូច​សហរដ្ឋ​អាមេរិក​ដែរ

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាល្លឺម៉ង់​អាច​ធ្វើការ​ដោយ​គ្មាន​ភ្លើងខៀវ​ពីរដ្ឋាភិបាល​អាល្លឺម៉ង់?

ប្រធាន​គណៈកម្មការ ស៊ើបការណ៍​សម្ងាត់ របស់​សភា​អាល្លឺម៉ង់​បាន​និយាយប្រាប់​អ្នកកាសែត នៅថ្ងៃ​ម្សិលមិញ​ថា នឹង​បើកការពិភាក្សា​ពី​សំណុំរឿងនេះ នៅ​សប្តាហ៍ក្រោយ។ សម្រាប់​ប្រធាន​គណៈកម្មការ​សភា អាល្លឺម៉ង់ គេនឹង​ស្រាវជ្រាវ​ឲ្យ​ដឹងច្បាស់​ថា តើ​ព័ត៌មាន​ស្តីពី​សកម្មភាព​លួចយកការណ៍​សម្ងាត់ អាល្លឺម៉ង់ ទៅលើ​ប្រទេស​អូទ្រីស ជា​រឿងថ្មីមួយទៀត ឬ​ជា​ផ្នែក​មួយ នៃសំណុំរឿង​អាស្រូវ ដ៏ធ្ងន់ធ្ងរនៅ​ឆ្នាំ ២០១៥ ដែល​កាលណោះ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាល្លឺម៉ង់ ត្រូវ​បាន​គេ​រកឃើញ​ថា បាន​ធ្វើ​ចារកម្ម​ទៅលើ​ប្រទេស​សម្ព័ន្ធមិត្ត ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួនផង និង​ដើម្បី​ផ្តល់​ទៅ​ឲ្យ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក NSA ផង។ អ្នកទទួល​ខុសត្រូវ​របស់​ក្រសួងការបរទេស​បារាំង ប្រធានាធិបតី​បារាំង គណៈកម្មការ​អឺរ៉ុប និង​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​សមាជិក​អឺរ៉ុប​ជាច្រើន ត្រូវ​ស្ថិតក្នុង​សំណាញ់​លួចយកការណ៍​សម្ងាត់​របស់​BND។

ប៉ុន្តែ នៅក្រោយ​រឿងអាស្រូវ ដើម្បី​បន្ថយ​កំហឹង​របស់​ប្រទេស​សម្ព័ន្ធមិត្ត អាល្លឺម៉ង់ នៅ​ឆ្នាំ ២០១៦ ក៏​បាន​បោះឆ្នោត​ច្បាប់​ថ្មី​មួយ ដើម្បី គ្រប់គ្រង រៀបចំ​ឡើងវិញ សកម្មភាព​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាល្លឺម៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ