អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តួកគី៖​ហេតុអ្វី​បាន​ជា​លោក​អ៊ែរដូហ្កាន​ហាក់​បាន​ធ្លាក់​កូដ​នៅ​ក្នុង​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​ថ្ងៃទី២៤ មិថុនា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​តួកគី ការ​បោះឆ្នោត​ប្រធានាធិបតី និង​ការ​បោះឆ្នោត​សភា​មុន​អាណត្តិ​នឹង​ត្រូវ​រៀបចំ​នា​ថ្ងៃទី២៤ មិថុនា​ចុង​សប្តាហ៍​នេះ។ លោក​ប្រធានាធិបតី​ផុតអាណត្តិ​អ៊ែរដូហ្កាន​ដែល​គេ​ស្គាល់​ជា​អ្នក​កាន់​អំណាច​កណ្តាប់ដៃ​ដែក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ជំនះ និង​អូសទាញ​អ្នកបោះឆ្នោត​ឲ្យ​គាំទ្រ​លោក។ សូម​ជម្រាប​ជូន​ថា តាំង​ពី​បាន​ឡើង​សោយរាជ្យ​លើ​ឆាកនយោបាយ​តួកគី​ជាង ១៥ឆ្នាំ​កន្លង​មក លោក​អ៊ែរដូហ្កាន និង​គណបក្ស​របស់​លោក​តែង​បាន​ទទួល​ជ័យជំនះ​នៅ​គ្រប់​ការ​បោះឆ្នោត​ទាំង​អស់។ ចុះ​ហេតុអ្វី​បាន​ជា​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ថ្ងៃ​ទី២៤ មិថុនា​ខាង​មុខ មនុស្ស​ខ្លាំង​តួកគី​រូប​នេះ​បែរ​ជា​កំពុង​ធ្លាក់​កូដ​ទៅ​វិញ?

លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan
លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan REUTERS/Osman Orsal
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ ឆាកនយោបាយ​នៅ​ក្នុង​ប្រទេស​តួកគី​គ្មាន​លោក​អ៊ែរដូហ្កាន​ហាក់​មិន​បាន​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​ពលរដ្ឋ​តួកគី​ឡើយ។ កាន់​តំណែង​តាំង​ពី​ឆ្នាំ ២០០៣ ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី រួច​បន្ត​ជា​ប្រធានាធិបតី មនុស្ស​ខ្លាំង​តួកគី​រូប​នេះ​បាន​សោយរាជ្យ​តែ​ម្នាក់​ឯង​ដោយ​គ្មាន​គូប្រជែង ឬ​បាន​កំចាត់​គូប្រជែង​ដោយ​មិន​ញញើត​ដៃ។ ក្នុង​រយៈពេល ១៥ឆ្នាំ​កន្លង​ទៅ និង​ជា​មួយ​ទេពកោសល្យ​នៃ​ការ​និយាយ​ស្តី​គ្មាន​គូប្រៀប លោក​អ៊ែរដូហ្កាន និង​គណបក្ស​អ៊ីស្លាមអភិរក្សនិយម​របស់​លោក​តែង​ទទួល​បាន​ជ័យជំនះ​នៅ​សឹង​គ្រប់​ការ​បោះឆ្នោត​ទាំង​អស់។ ការ​និយាយ​យ៉ាង​ដូច​នេះ​មិន​មែន​ដោយសារ​តែ​តួកគី​គ្មាន​បេក្ខជនប្រឆាំង ឬ​គណបក្សប្រឆាំង​ទេ តែ​ដោយសារ​តែ​បេក្ខជនប្រឆាំង​មិន​សូវ​ហ៊ាន​ចេញ​មុខ​ត តាំង​ខ្លាំង​ទលក់​នឹង​លោក​អ៊ែរដូហ្កាន ក្រុម​គណបក្សប្រឆាំង​មិន​បាន​រួម​ដៃ​គ្នា​និយាយ​សម្លេង​តែ​មួយ ឬ​មួយ​ក៏​បាន​ទទួល​រង​ការ​គាបសង្កត់​ជា​ដើម។

នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ​ដែល​ជា​ការ​បោះឆ្នោត​មុន​អាណត្តិ លោក​អ៊ែរដូហ្កាន​សង្ឃឹម​ពង្រឹង​អំណាច​ផ្ទាល់ខ្លួន និង​អំណាច​នីតិប្រតិបត្តិ​ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​ក្នុង​ឆ្នាំ ២០១៧។ នៅ​ក្នុង​ប្រព័ន្ធ​អំណាច​ថ្មី​ដែល​អនុម័ត​តាម​រយៈ​ការ​បោះឆ្នោត​ប្រជាមតិ រូប​ប្រធានាធិបតី​នឹង​មាន​អំណាច​ដាច់ខាត​មួយ​ដែល​មិន​ធ្លាប់​មាន​ទេ​នៅ​ក្នុង​ប្រវត្តិ​នៃ​សាធារណរដ្ឋ​តួកគី។ តែ​អ្វី​ជា​ការ​កត់សម្គាល់ និង​ដែល​លោក​អ៊ែរដូហ្កាន​ហាក់​មិន​បាន​រង់ចាំ​នោះ គឺ​ការ​លេច​ធ្លោ​រូប​បេក្ខជន​ប្រធានាធិបតី​មក​ពី​ក្រុម​គណបក្សប្រឆាំង​ចំនួន ៣រូប គឺ​លោក​មូហារ៉ិម អិន្ស​មក​ពី​គណបក្ស​សាធារណរដ្ឋ​នៃ​ប្រជាជន លោក​សេឡាហាទីន ដេមីតាស់​មក​ពី​គណបក្ស​គួដឌីស្ថាន​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ និង​លោកស្រី​មេរ៉ាល់ អាក់សេនីស អតីត​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ដែល​គេ​ស្គាល់​ជា​ស្រ្តីកណ្តាប់ដៃដែក។

តែ​គេ​សង្កេត​ឃើញ​ថា​នៅ​ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្សប្រឆាំង​ទាំង ៣រូប គឺ​មាន​តែ​លោក​មូហារ៉ិម អិន្ស​ម្នាក់​គត់​ដែល​កំពុង​ធ្វើ​ឲ្យ​លោក​អ៊ែរដូហ្កាន​ញ័រជើង​ខ្លាំង។ ញ័រជើង​ខ្លាំង​ព្រោះ​លោក​អិន្ស​ហាក់​បាន​ប្តេជ្ញាចិត្ត និង​ដាក់ចិត្ត​ប្រឈម​មុខ​ទល់​នឹង​លោក​អ៊ែរដូហ្កាន​ដោយ​មិន​ទុក​បណ្តោយ​ឲ្យ​មនុស្សខ្លាំង​តួកគី​រូប​នេះ​បន្ត​គ្របដណ្តប់​លើ​ឆាកនយោបាយ​តួកគី​តែ​ម្នាក់​ឯង​ទៀត​ឡើយ។ ក្រោម​ភ្នែក ច្រមុះ​របស់​លោក​អ៊ែរដូហ្កាន លោក​អ៊ិន្ស​ជា​គូប្រជែង​ស៊ីសាច់​ហុតឈាម​តែ​ម្នាក់​គត់​សម្រាប់​តំណែង​ប្រធានាធិបតី។ ពី​អង្គមេទ្ទេញ​មួយ​ទៅ​អង្គមេទ្ទេញ​មួយ លោក​អ៊ែរដូហ្កាន និង​លោក​អ៊ិន្ស​បាន​ប្រើ​សម្តី​វ៉ៃប្រហារ​គ្នា​ឥឥ​ត្រាប្រណី។ ជាក់ស្តែង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មិថុនា​កន្លង​ទៅ លោក​អ៊ែរដូហ្កាន​បាន​ចុះ​ធ្វើ​យុទ្ធនាការ​វ៉ែប្រហារ​លោក​អ៊ីន្ស​ដល់​ទីក្រុង​យ៉ាឡូវ៉ា​ដែល​ជា​ទីក្រុង​កំណើត​របស់​លោក​អ៊ិន្ស​តែ​ម្តង។

« លោក​មូហារ៉ិម អិន្ស​ដែល​ជា​អ្នកតំណាងរាស្រ្ត​អាណត្តិទី៤ ក្នុង​ទីក្រុង​យ៉ាឡូវ៉ា តើ​គាត់​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ទីក្រុង​មួយ​នេះ? » នេះ​ជា​ការ​ចោទ​សួរ​របស់​លោក​អ៊ែរដូហ្កាន​ដោយ​បាន​ឆ្លៀត​រម្លឹក​ថា រដ្ឋាភិបាល​របស់​លោក​បាន​កសាង​សាកលវិទ្យាល័យ​មួយ​សម្រាប់​ក្រុង​យ៉ាឡូវ៉ា។ ជា​ការ​ឆ្លើយ​បក​វិញ​នៅ​មួយ​ថ្ងៃ​ក្រោយ​មក លោក​អ៊ីន្ស​បាន​ចុះ​ធ្វើ​យុទ្ធនាការ​នៅ​កន្លែង​ដូច​គ្នា​របស់​លោក​អ៊ែរដូហ្កាន​ដោយ​ចោទ​ជា​សំណួរ​តាម​បែប​ចំអក​វិញ​ថា « តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ក្រុង​យ៉ាឡូវ៉ា? បេក្ខជន​ដែល​ជាប់ឆ្នោត​ប្រធានាធិបតី »។ គេ​សង្កេត​ឃើញ​ជា​រួម​ថា លោក​អ៊ីន្ស​បាន​បើក​ការ​វាយប្រហារ​លោក​អ៊ែរដូហ្កាន​លើ​គ្រប់​ផ្នែក​ទាំង​អស់។

ផ្ទាំងស៊ីប​ដែល​បាន​ធ្វើ​ឲ្យ​លោក​អ៊ែរដូហ្កាន​ឈឺ​ជាង​គេ​រួម​មាន កំណើន​អតិផរណា ២ខ្ទង់ ប្រាក់តួកគី​បាន​បាត់បង់​តម្លៃ​ដល់​ទៅ ១៥% គិត​តាំង​ពី​ដើម​ឆ្នាំ ២០១៨ ការ​គាបសង្កត់​លើ​សារព័ត៌មាន ការ​រំលោភបំពាន​លើ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​ការ​ផ្តល់​ទីជម្រក​ឲ្យ​ជនភៀសខ្លួន​ស៊ីរី​ចំនួន ៣លាន ៥សែន​នាក់។ បន្ទាប់​មក លោក​អ៊ិន្ស​បាន​ឆ្លៀត​ឆ្កឺះ​កកាយ​រឿង​អតីតកាល​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​លោក​អ៊ែរដូហ្កាន និង​មេប្រឆាំង​លោក​ហ្គូលែន​ដែល​កំពុង​ជ្រកកោណ​ក្នុង​ទឹកដី​អាមេរិក។ តែ​សព្វថ្ងៃ លោក​ហ្គូលែន​បាន​ក្លាយ​ជា​សត្រូវ​ទី១ របស់​ទីក្រុង​អង់ការ៉ា​ក្នុង​បទ​ចោទប្រកាន់​ពី​បាន​រៀបចំ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​អ៊ែរដូហ្កាន​មិន​បាន​សម្រេច​កាល​ពី​ឆ្នាំ ២០១៦។

ការ​វាយប្រហារ​ចំៗ​របស់​លោក​អ៊ិន្ស​ដូច​នេះ​បាន​ធ្វើ​ឲ្យ​លោក​អ៊ែរដូហ្កាន​ក្តៅ​ស្លឹកត្រចៀក​ដោយ​មិន​ញញើត​ចាត់​ទុក​លោក​អ៊ិន្ស​ជា​អ្នក​កំពុង​រៀនសូត្រ និង​រម្លឹក​ប្រាប់​លោក​អ៊ិន្ស​ក្នុង​អំណួត​ថា លោក​ជា​ប្រធានាធិបតី​តួកគី និង​ជា​មេបញ្ជាការ​កងទ័ព។ អ្វី​ជា​ការ​កត់សម្គាល់ ជំហរ​មិន​ចុះ​ញ៉ម​របស់​លោក​អ៊ិន្ស​ចំពោះ​លោក​អ៊ែរដូហ្កាន​ពេល​នេះ​បាន​ទទួល​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​បេក្ខជន​ប្រឆាំង​ពីរ​ទៀត គឺ​លោក​សេឡាហាទីន ដេមីតា និង​លោកស្រី​មេរ៉ាល់ អាក់សេនីស។ នេះ​ជា​លើកទី១ ដែល​គេ​ឃើញ​ក្រុមប្រឆាំង​បាន​រួមដៃ​គ្នា​និយាយ​សម្លេង​តែ​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ។ សរុប​មក គឺ​បរិបទ​សេដ្ឋកិច្ច​ផុយស្រួយ និង​ការ​រួមកម្លាំងគ្នា​របស់​ក្រុមប្រឆាំង​ដែល​បាន​ធ្វើ​ឲ្យ​លោក​អ៊ែរដូហ្កាន​ចុះ​ខ្សោយ​ឥទ្ធិពល​នយោបាយ​ជាង​ពេល​ណាៗ​ទាំង​អស់។

តែ​ជា​យ៉ាង​នេះ​ក្តី និង​ក្រោយ​ពី​បាន​សោយរាជ្យ​គ្មាន​គូប្រៀប​រយៈពេល ១៥ឆ្នាំ​ជា​នាយករដ្ឋមន្រ្តី ៣អាណត្តិ និង​ជា​ប្រធានាធិបតី ១អាណត្តិ​មក តួកគី​ហាក់​មិន​ទាន់​អាច​ទៅ​ឆ្ងាយ​ពី​លោក​អ៊ែរដូហ្កាន​នៅ​ឡើយ​ទេ​សម្រាប់​ការ​បោះឆ្នោត​ពេល​នេះ។ លទ្ធផល​ស្ទង់មតិ​ថ្មីៗ​ឲ្យ​ដឹង​ថា លោក​ប្រហែល​ជា​មិន​អាច​ទទួល​បាន​សម្លេង​គាំទ្រ ៥១% ដែល​ចាំ​បាច់​សម្រាប់​ជាប់ឆ្នោត​ចាប់​ពី​ជុំទី១ ទៅ​ទេ តែ​យ៉ាង​ហោច​ណាស់​ក៏​ទទួល​បាន​ក្នុង​ចន្លោះ​ពី ៣៩ ទៅ ៤៧% ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ