តួកគី៖ហេតុអ្វីបានជាលោកអ៊ែរដូហ្កានហាក់បានធ្លាក់កូដនៅក្នុងយុទ្ធនាការសម្រាប់ការបោះឆ្នោតថ្ងៃទី២៤ មិថុនា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៨
នៅក្នុងប្រទេសតួកគី ការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភាមុនអាណត្តិនឹងត្រូវរៀបចំនាថ្ងៃទី២៤ មិថុនាចុងសប្តាហ៍នេះ។ លោកប្រធានាធិបតីផុតអាណត្តិអ៊ែរដូហ្កានដែលគេស្គាល់ជាអ្នកកាន់អំណាចកណ្តាប់ដៃដែកត្រូវបានគេមើលឃើញថា ហាក់កំពុងជួបការលំបាកក្នុងការជំនះ និងអូសទាញអ្នកបោះឆ្នោតឲ្យគាំទ្រលោក។ សូមជម្រាបជូនថា តាំងពីបានឡើងសោយរាជ្យលើឆាកនយោបាយតួកគីជាង ១៥ឆ្នាំកន្លងមក លោកអ៊ែរដូហ្កាន និងគណបក្សរបស់លោកតែងបានទទួលជ័យជំនះនៅគ្រប់ការបោះឆ្នោតទាំងអស់។ ចុះហេតុអ្វីបានជានៅក្នុងការបោះឆ្នោតនាថ្ងៃទី២៤ មិថុនាខាងមុខ មនុស្សខ្លាំងតួកគីរូបនេះបែរជាកំពុងធ្លាក់កូដទៅវិញ?
រហូតមកដល់ពេលនេះ ឆាកនយោបាយនៅក្នុងប្រទេសតួកគីគ្មានលោកអ៊ែរដូហ្កានហាក់មិនបានស្ថិតក្នុងក្រសែភ្នែករបស់ពលរដ្ឋតួកគីឡើយ។ កាន់តំណែងតាំងពីឆ្នាំ ២០០៣ ក្នុងនាមជានាយករដ្ឋមន្រ្តី រួចបន្តជាប្រធានាធិបតី មនុស្សខ្លាំងតួកគីរូបនេះបានសោយរាជ្យតែម្នាក់ឯងដោយគ្មានគូប្រជែង ឬបានកំចាត់គូប្រជែងដោយមិនញញើតដៃ។ ក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅ និងជាមួយទេពកោសល្យនៃការនិយាយស្តីគ្មានគូប្រៀប លោកអ៊ែរដូហ្កាន និងគណបក្សអ៊ីស្លាមអភិរក្សនិយមរបស់លោកតែងទទួលបានជ័យជំនះនៅសឹងគ្រប់ការបោះឆ្នោតទាំងអស់។ ការនិយាយយ៉ាងដូចនេះមិនមែនដោយសារតែតួកគីគ្មានបេក្ខជនប្រឆាំង ឬគណបក្សប្រឆាំងទេ តែដោយសារតែបេក្ខជនប្រឆាំងមិនសូវហ៊ានចេញមុខត តាំងខ្លាំងទលក់នឹងលោកអ៊ែរដូហ្កាន ក្រុមគណបក្សប្រឆាំងមិនបានរួមដៃគ្នានិយាយសម្លេងតែមួយ ឬមួយក៏បានទទួលរងការគាបសង្កត់ជាដើម។
នៅក្នុងការបោះឆ្នោតលើកនេះដែលជាការបោះឆ្នោតមុនអាណត្តិ លោកអ៊ែរដូហ្កានសង្ឃឹមពង្រឹងអំណាចផ្ទាល់ខ្លួន និងអំណាចនីតិប្រតិបត្តិដោយផ្អែកលើលទ្ធផលនៃការបោះឆ្នោតប្រជាមតិក្នុងឆ្នាំ ២០១៧។ នៅក្នុងប្រព័ន្ធអំណាចថ្មីដែលអនុម័តតាមរយៈការបោះឆ្នោតប្រជាមតិ រូបប្រធានាធិបតីនឹងមានអំណាចដាច់ខាតមួយដែលមិនធ្លាប់មានទេនៅក្នុងប្រវត្តិនៃសាធារណរដ្ឋតួកគី។ តែអ្វីជាការកត់សម្គាល់ និងដែលលោកអ៊ែរដូហ្កានហាក់មិនបានរង់ចាំនោះ គឺការលេចធ្លោរូបបេក្ខជនប្រធានាធិបតីមកពីក្រុមគណបក្សប្រឆាំងចំនួន ៣រូប គឺលោកមូហារ៉ិម អិន្សមកពីគណបក្សសាធារណរដ្ឋនៃប្រជាជន លោកសេឡាហាទីន ដេមីតាស់មកពីគណបក្សគួដឌីស្ថានដែលកំពុងជាប់ក្នុងពន្ធនាគារ និងលោកស្រីមេរ៉ាល់ អាក់សេនីស អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលគេស្គាល់ជាស្រ្តីកណ្តាប់ដៃដែក។
តែគេសង្កេតឃើញថានៅក្នុងចំណោមបេក្ខជនប្រធានាធិបតីមកពីបក្សប្រឆាំងទាំង ៣រូប គឺមានតែលោកមូហារ៉ិម អិន្សម្នាក់គត់ដែលកំពុងធ្វើឲ្យលោកអ៊ែរដូហ្កានញ័រជើងខ្លាំង។ ញ័រជើងខ្លាំងព្រោះលោកអិន្សហាក់បានប្តេជ្ញាចិត្ត និងដាក់ចិត្តប្រឈមមុខទល់នឹងលោកអ៊ែរដូហ្កានដោយមិនទុកបណ្តោយឲ្យមនុស្សខ្លាំងតួកគីរូបនេះបន្តគ្របដណ្តប់លើឆាកនយោបាយតួកគីតែម្នាក់ឯងទៀតឡើយ។ ក្រោមភ្នែក ច្រមុះរបស់លោកអ៊ែរដូហ្កាន លោកអ៊ិន្សជាគូប្រជែងស៊ីសាច់ហុតឈាមតែម្នាក់គត់សម្រាប់តំណែងប្រធានាធិបតី។ ពីអង្គមេទ្ទេញមួយទៅអង្គមេទ្ទេញមួយ លោកអ៊ែរដូហ្កាន និងលោកអ៊ិន្សបានប្រើសម្តីវ៉ៃប្រហារគ្នាឥឥត្រាប្រណី។ ជាក់ស្តែងក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ មិថុនាកន្លងទៅ លោកអ៊ែរដូហ្កានបានចុះធ្វើយុទ្ធនាការវ៉ែប្រហារលោកអ៊ីន្សដល់ទីក្រុងយ៉ាឡូវ៉ាដែលជាទីក្រុងកំណើតរបស់លោកអ៊ិន្សតែម្តង។
« លោកមូហារ៉ិម អិន្សដែលជាអ្នកតំណាងរាស្រ្តអាណត្តិទី៤ ក្នុងទីក្រុងយ៉ាឡូវ៉ា តើគាត់បានធ្វើអ្វីខ្លះសម្រាប់ទីក្រុងមួយនេះ? » នេះជាការចោទសួររបស់លោកអ៊ែរដូហ្កានដោយបានឆ្លៀតរម្លឹកថា រដ្ឋាភិបាលរបស់លោកបានកសាងសាកលវិទ្យាល័យមួយសម្រាប់ក្រុងយ៉ាឡូវ៉ា។ ជាការឆ្លើយបកវិញនៅមួយថ្ងៃក្រោយមក លោកអ៊ីន្សបានចុះធ្វើយុទ្ធនាការនៅកន្លែងដូចគ្នារបស់លោកអ៊ែរដូហ្កានដោយចោទជាសំណួរតាមបែបចំអកវិញថា « តើខ្ញុំបានធ្វើអ្វីខ្លះសម្រាប់ក្រុងយ៉ាឡូវ៉ា? បេក្ខជនដែលជាប់ឆ្នោតប្រធានាធិបតី »។ គេសង្កេតឃើញជារួមថា លោកអ៊ីន្សបានបើកការវាយប្រហារលោកអ៊ែរដូហ្កានលើគ្រប់ផ្នែកទាំងអស់។
ផ្ទាំងស៊ីបដែលបានធ្វើឲ្យលោកអ៊ែរដូហ្កានឈឺជាងគេរួមមាន កំណើនអតិផរណា ២ខ្ទង់ ប្រាក់តួកគីបានបាត់បង់តម្លៃដល់ទៅ ១៥% គិតតាំងពីដើមឆ្នាំ ២០១៨ ការគាបសង្កត់លើសារព័ត៌មាន ការរំលោភបំពានលើប្រព័ន្ធតុលាការឯករាជ្យ និងការផ្តល់ទីជម្រកឲ្យជនភៀសខ្លួនស៊ីរីចំនួន ៣លាន ៥សែននាក់។ បន្ទាប់មក លោកអ៊ិន្សបានឆ្លៀតឆ្កឺះកកាយរឿងអតីតកាលនៃកិច្ចសហប្រតិបត្តិការរវាងលោកអ៊ែរដូហ្កាន និងមេប្រឆាំងលោកហ្គូលែនដែលកំពុងជ្រកកោណក្នុងទឹកដីអាមេរិក។ តែសព្វថ្ងៃ លោកហ្គូលែនបានក្លាយជាសត្រូវទី១ របស់ទីក្រុងអង់ការ៉ាក្នុងបទចោទប្រកាន់ពីបានរៀបចំរដ្ឋប្រហារយោធាទម្លាក់លោកអ៊ែរដូហ្កានមិនបានសម្រេចកាលពីឆ្នាំ ២០១៦។
ការវាយប្រហារចំៗរបស់លោកអ៊ិន្សដូចនេះបានធ្វើឲ្យលោកអ៊ែរដូហ្កានក្តៅស្លឹកត្រចៀកដោយមិនញញើតចាត់ទុកលោកអ៊ិន្សជាអ្នកកំពុងរៀនសូត្រ និងរម្លឹកប្រាប់លោកអ៊ិន្សក្នុងអំណួតថា លោកជាប្រធានាធិបតីតួកគី និងជាមេបញ្ជាការកងទ័ព។ អ្វីជាការកត់សម្គាល់ ជំហរមិនចុះញ៉មរបស់លោកអ៊ិន្សចំពោះលោកអ៊ែរដូហ្កានពេលនេះបានទទួលគាំទ្រយ៉ាងពេញទំហឹងពីបេក្ខជនប្រឆាំងពីរទៀត គឺលោកសេឡាហាទីន ដេមីតា និងលោកស្រីមេរ៉ាល់ អាក់សេនីស។ នេះជាលើកទី១ ដែលគេឃើញក្រុមប្រឆាំងបានរួមដៃគ្នានិយាយសម្លេងតែមួយនៅក្នុងការបោះឆ្នោតលើកនេះ។ សរុបមក គឺបរិបទសេដ្ឋកិច្ចផុយស្រួយ និងការរួមកម្លាំងគ្នារបស់ក្រុមប្រឆាំងដែលបានធ្វើឲ្យលោកអ៊ែរដូហ្កានចុះខ្សោយឥទ្ធិពលនយោបាយជាងពេលណាៗទាំងអស់។
តែជាយ៉ាងនេះក្តី និងក្រោយពីបានសោយរាជ្យគ្មានគូប្រៀបរយៈពេល ១៥ឆ្នាំជានាយករដ្ឋមន្រ្តី ៣អាណត្តិ និងជាប្រធានាធិបតី ១អាណត្តិមក តួកគីហាក់មិនទាន់អាចទៅឆ្ងាយពីលោកអ៊ែរដូហ្កាននៅឡើយទេសម្រាប់ការបោះឆ្នោតពេលនេះ។ លទ្ធផលស្ទង់មតិថ្មីៗឲ្យដឹងថា លោកប្រហែលជាមិនអាចទទួលបានសម្លេងគាំទ្រ ៥១% ដែលចាំបាច់សម្រាប់ជាប់ឆ្នោតចាប់ពីជុំទី១ ទៅទេ តែយ៉ាងហោចណាស់ក៏ទទួលបានក្នុងចន្លោះពី ៣៩ ទៅ ៤៧% ដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ