អានតួអត្ថបទ
បារាំង-អន្តោប្រវេសន៍

បារាំង៖​ព្រឹទ្ធសភា​កំពុង​សិក្សា​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិជ្រកកោន និង​អន្តោប្រវេសន៍

នៅ​ថ្ងៃ​អង្គារ ទី១៩ មិថុនា ព្រឹទ្ធសភា​បារាំង​បាន​ផ្តើម​ពិនិត្យសិក្សា​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិជ្រកកោន និង​អន្តោប្រវេសន៍។ សេចក្តីព្រាង​ច្បាប់​មួយ​នេះ​ត្រូវ​បាន​សភា​អនុម័ត​លើកទី១ នា​ដំណាច់​ខែ​មេសា។ អ្វី​ដែល​រដ្ឋាភិបាល​ចង់​បាន​នៅ​ក្នុង​សេចក្តីព្រាងច្បាប់​នោះ គឺ​ការ​កាត់​បន្ថយ​រយៈពេល​នៃ​នីតិវិធី​សុំសិទ្ធិជ្រកកោន ពង្រឹង​យុទ្ធនាការ​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ខុសច្បាប់ និង​ធានា​សិទ្ធិស្នាក់នៅ​របស់​ជនបរទេស​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ស្របច្បាប់។ តែ​សេចក្តីព្រាងច្បាប់​មួយ​នេះ​កំពុង​ទទួល​ការ​បរិហារ និង​រិះគន់​ពី​ក្រុម​សមាគម​ជួយ​ជនអន្តោប្រវេសន៍។

លោក Gerard Collomb រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង
លោក Gerard Collomb រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង REUTERS/Stephane Mahe
ផ្សាយពាណិជ្ជកម្ម

ខុស​ពី​នៅ​សភា​ដែល​សម្លេង​ភាគ​ច្រើន​ស្ថិត​ក្នុង​ដៃ​គណបក្ស​កាន់អំណាច គឺ​គណបក្ស​សាធារណរដ្ឋ​បោះជំហាន​ទៅ​មុខ​របស់​លោក​ប្រធានាធិបតី​ម៉ាក្រុង ព្រឹទ្ធសភា​កំពុង​ស្ថិត​ក្នុង​ដៃ​គណបក្សប្រឆាំង គឺ​គណបក្ស​សាធារណរដ្ឋ។ លោក​ហ្វីលីប បាស ប្រធាន​គណៈកម្មការ​ច្បាប់​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​អះអាង សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិជ្រកកោន និង​អន្តោប្រវេសន៍​របស់​រដ្ឋាភិបាល​មិន​មាន​វិធានការ​អ្វី​ច្បាស់លាស់​ទាក់ទង​នឹង​ជនអន្តោប្រវេសន៍​ខុសច្បាប់ ឬ​ការ​ធ្វើ​សមាហរណកម្ម​ជនអន្តោប្រវេសន៍​ដែល​កំពុង​មាន​ស្ថានភាព​ស្របច្បាប់​ជា​ដើម។

នៅ​ក្នុង​ន័យ​នេះ គណៈកម្មការ​ច្បាប់​បាន​បង្កើត​ចេញ​នូវ​គម្រោង​ប្រឆាំង​មួយ​ដែល​មាន​លក្ខណៈ​ស៊ីសង្វាក់​គ្នា​ជាង រឹងមាំ​ជាង និង​ប្រាកដប្រជា​ជាង។ ទន្ទឹម​គ្នា​នេះ គណៈកម្មការ​ច្បាប់​ក៏​បាន​លុបចោល​វិធានការ​មួយ​ចំនួន​ដែល​សមាជិក​សភា​បាន​បោះឆ្នោត ដូច​យ៉ាង​ការ​សម្រាល​បទល្មើស​នៃ​សាមគ្គីភាព ឬ​មួយ​ក៏​ពង្រីក​នយោបាយ​ជួបជុំ​គ្រួសារ​រហូត​ដល់​បងប្អូន​ប្រុស ស្រី​ដែល​មិន​ទាន់​ពេញ​វ័យ។ បន្ទាប់​មក គណៈកម្មការ​បាន​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​លើ​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​សំខាន់ៗ​របស់​រដ្ឋាភិបាល​ដែល​បាន​កាត់​បន្ថយ​រយៈពេល​តវ៉ា​ពី ៣០ថ្ងៃ​មក​នៅ​ត្រឹម ១៥ថ្ងៃ​វិញ​ក្នុង​ករណី​ដែល​មាន​ការ​បដិសេធ​សុំសិទ្ធិជ្រកកោន។

តែ​គណៈកម្មការ​ច្បាប់​បាន​គ្រោង​ថា ចម្លើយ​បដិសេធ​ជា​ស្ថាពរ​បិទផ្លូវ​តវ៉ា​មាន​ន័យ​ស្មើ​នឹង​ការ​ចាកចេញ​ពី​ទឹកដី​បារាំង។ ចំណែក​ជនបរទេស​ដែល​ស្ថិត​ក្នុង​ស្ថានភាព​មិន​ស្របច្បាប់ និង​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​មួយ​បទល្មើស​ដែល​ត្រូវ​ដេក​ក្នុង​គុក​រយៈពេល ៥ឆ្នាំ​នឹង​ត្រូវ​បញ្ជូន​ចេញ​ពី​ទឹកដី​បារាំង។ តែ​ជា​ថ្មី​ម្តង​ទៀត ក្រុម​សមាគម​ជួយ​ជនអន្តោប្រវេសន៍​បាន​ចេញ​មុខ​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​នេះ​ដោយ​នាំ​គ្នា​ដាក់​ពង្រាយ​អាវកាក់​ជា​អ្នកសង្រ្គោះ​ចំនួន ៣៤៨អាវ​មាន​សរសេរ​ឈ្មោះ​សមាជិក​ព្រឹទ្ធសភា​ទាំង ៣៤៨រូប។

ចំណែក​អង្គការ Amnesty International បាន​បញ្ចាំង​លើ​ជញ្ជាំង​វិមាន​សភា​នូវ​ពាក្យស្លោក​មួយ​ចំនួន​គាំទ្រ​ជនអន្តោប្រវេសន៍​ដែល​មាន​ខ្លឹមសារ​ជា​អាទិ៍ « ពីព្រោះ​យើង​មិន​បាន​ជ្រើសរើស​ប្រទេស​ដែល​យើង​កើត​ទេ » ឬ​មួយ​ក៏ « ពីព្រោះ​វា​នឹង​អាច​កើត​មាន​លើ​យើង​គ្រប់​គ្នា​នៅ​ថ្ងៃ​ណា​មួយ » ជា​ដើម។ គួរ​ជម្រាប​ជូន​ថា បារាំង​បាន​ទទួល​ពាក្យ​សុំសិទ្ធិជ្រកកោន​ជាង ១០០ ០០០ច្បាប់​ក្នុង​ឆ្នាំ ២០១៧ ពោល​ច្រើន​ជាង​ឆ្នាំ ២០១៦ ចំនួន ១៧,៥%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ