អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើបារាំង និងអាល្លឺម៉ង់​អាច​ជំនះលើ​និន្នាការមិន​ស្វាគម​ជនអន្តោប្រវេសន៍​ដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បារាំង និង​អាល្លឺម៉ង់​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តីរួមគ្នា នៅ​ថ្ងៃ​អង្គារ​ទី ១៩ មិថុនា នៅ​ទឹកដី​អាល្លឺម៉ង់ ក្រោម​អធិបតីភាព​របស់​លោក​ម៉ាក្រុង​ប្រធានាធិបតី​បារាំង និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អង់ហ្គេឡា មែរកិល។ កិច្ចប្រជុំ អាល្លឺម៉ង់ បារាំង ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​របស់​អឺរ៉ុប មាន​ទិសដៅ ស្វែងរក​ជំហរ​រួម​របស់​អឺរ៉ុប មិនថា លើ​បញ្ហា​ជនអន្តោប្រវេសន៍ ថវិកា​អឺរ៉ុប ហើយ​និង​កងកម្លាំង​យោធា​អឺរ៉ុប។ បញ្ហា​ជនអន្តោប្រវេសន៍ កំពុងក្លាយ​ជា​សំណុំរឿង​ឈឺក្បាល​របស់​អឺរ៉ុប នៅបន្ទាប់ពី​អ៊ីតាលី បដិសេធ​មិន​ឲ្យ​ទូកមនុស្សធម៌ ដឹកជនអន្តោប្រវេសន៍ នៅ​សមុទ្រ​មេឌីទែរ៉ាណេ​ចូលចត​នៅកំពង់ផែ​អ៊ីតាលី នៅ​សប្តាហ៍មុននេះ។ 

ប្រធានាធិបតី បារាំង និងលោកស្រី​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ នៅទីក្រុង​ប៊ែរឡាំង ខែ​មេសា ឆ្នាំ​២០១៧
ប្រធានាធិបតី បារាំង និងលោកស្រី​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ នៅទីក្រុង​ប៊ែរឡាំង ខែ​មេសា ឆ្នាំ​២០១៧ Kay Nietfeld/Pool via Reuters
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី បារាំង និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ត្រូវ​ជួប​គ្នា នៅថ្ងៃ​អង្គារ​នេះ ដើម្បី និយាយ​ពី​សំណុំរឿង​សំខាន់​ពីរ គឺ​បញ្ហាជនអន្តោប្រវេសន៍ និង​ថវិការួម​របស់​អឺរ៉ុប។ ប៉ុន្តែ បញ្ហា​អន្តោប្រវេសន៍ ដែល​ត្រលប់​មក​ធ្វើ​ឲ្យ​អឺរ៉ុប​បែកបាក់គ្នា បាន​លុបបាំង​ជិត​បញ្ហា​ថវិការួម​របស់អឺរ៉ុប

រដ្ឋាភិបាល​បារាំង និង​អាល្លឺម៉ង់ ត្រូវជជែក​ពី​បញ្ហា​ជនអន្តោប្រវេសន៍ ជាអាទិភាព ព្រោះ​បារាំង និង​អាល្លឺម៉ង់ ចង់​រក​ឲ្យ​ឃើញ ជំហរួមគ្នា​ថ្មី​មួយ ស្តី ពីជនអនោ្តប្រវេសន៍ ឲ្យ​បាន​មុន​ការបោះឆ្នោត​សភា​អឺរ៉ុប ដែល​ត្រូវ រៀបចំ​នៅចុងខែ មិថុនា​នេះ។ មួយវិញទៀត អាល្លឺម៉ង់ និង​បារាំង ក្នុង​នាមជា​ប្រទេស​សេដ្ឋកិច្ច​នាំមុខគេ​នៅ​រង្វង់​សហភាព​អឺរ៉ុប យកចិត្តទុកដាក់ លើ​បញ្ហា​អន្តោប្រវេសន៍ នៅពេលនេះ ក៏ដោយសារ​តែ​រឿងនេះ កំពុង​តែ​ធ្វើ​ឲ្យ​សមាជិក​សហភាព អឺរ៉ុប ចាប់ប្រេះឆា​គ្នា​សាជាថ្មី ជាពិសេស នៅក្រោយ​ពេល​ដែល​អ៊ីតាលី​ទើប​បាន​បដិសេធ មិន​ទទួល​ឲ្យ​ទូក​ដឹក​ជនអន្តោប្រវេសន៍ ចូលចត​ក្នុង​កំពង់ផែ​របស់ខ្លួន។ អ៊ីតាលី​ដែល​ទទួល​បន្ទុក​ជនអន្តោប្រវេសន៍​ច្រើនជាងគេ ដោយសារ​តែ​អ៊ីតាលី ជា​ទឹកដី​មកដល់​ដំបូងគេ​របស់​ជនអន្តោប្រវេសន៍ គឺ បាន​ប្តូរ​ជំហរ​លែង​ចង់​ទទួល​ខុសត្រូវ​លើ​បញ្ហា​ជនអន្តោប្រវេសន៍​តទៅទៀត បន្ទាប់​ពីអ៊ីតាលី​មាន​រដ្ឋាភិបាល​ថ្មី មក​បក្ស​ស្តាំនិយមជ្រុល ដែល​មិន​ស្វាគម​ជនបរទេស។

បញ្ហា​ជនអន្តោប្រវេសន៍ ត្រូវ​ក្រុមស្តាំនិយមជ្រុល​នៅ​អឺរ៉ុប​កេងយក​ចំណេញ​នយោបាយ

បញ្ហា​ជនអន្តោប្រវេសន៍ ជាដើមហេតុ​មួយ ដែល​ធ្វើ​ឲ្យ​ក្រុម​ជាតិ​និយម និង​ក្រុមស្តាំ​និយម​ជ្រុល មាន​សំឡេង​កើនឡើង នៅក្នុង​បណ្តា​ប្រទេស​អឺរ៉ុប ទាំងមូល។ អ៊ីតាលី និង​អាល្លឺម៉ង់ ដែល​ទទួល​បន្ទុក​ជនអន្តោប្រវេសន៍​ច្រើន​ជាងគេ បើប្រៀបធៀប​នឹង​ប្រទេស​ផ្សេងទៀត នៅអឺរ៉ុប កំពុង​ប្រឈម​នឹង​ការកើនឡើង​នៃ​ចលនា​ស្តាំនិយមជ្រុល ជាក់ស្តែង នៅ​អ៊ីតាលី ក្រុមស្តាំនិយមជ្រុល បាន​ឈ្នះឆ្នោត ចូលដឹកនាំ​រដ្ឋាភិបាល ចំណែក​នៅ​អាល្លឺម៉ង់ ដោយសារ​តែតែ​គ្មាន​សំឡេងឆ្នោត​គ្រប់គ្រាន់ លោកស្រី​ម៉ែរកិល​ត្រូវ​បង្ខំចិត្ត​ចាប់ដៃ​ជាមួយ​បក្ស​ស្តាំនិយមជ្រុល។ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​អាល្លឺម៉ង់ មក​ពី​បក្ស​ស្តាំ​និយមជ្រុល បាន​គំរាមរួចហើយ​ថា នឹង​ចាប់បញ្ជូន ជនអន្តោប្រវេសន៍ ទៅ​ព្រំដែន​អាល្លឺម៉ង់វិញ បើសិន លោកស្រី ម៉ែរកិល​បរាជ័យ មិនអាច​រក​កិច្ចព្រមព្រៀង អឺរ៉ុប មួយ នៅ​ខែ​មិថុនា ដើម្បី​ទប់ស្កាត់​លំហូរចូល​ជនអន្តោប្រវេសន៍។

សូមអាន៖ HCR បាន​បរិហារ​​ថា​​"​ការបដិសេធ​​របស់​​អឺរ៉ុប​​មិន​​ទទួល​​ជនភៀសខ្លួន​​គឺ​​ជា​​រឿង​​អាម៉ាស់​​មួ​យ"​

រដ្ឋមន្រ្តី​មហាផ្ទៃ​អាល្លឺម៉ង់ ហ៊ាន​គំរាម​ទាំង​នាយក​រដ្ឋមន្រ្តី មិន​ខ្លាច​នឹង​ត្រូវ​លោកស្រី​ម៉ែកិលដក​ចេញ​ពី​តំណែង ព្រោះថា បើសិន​លោកស្រី ម៉ែកិល ហ៊ាន​ធ្វើដូច្នេះ រដ្ឋាភិបាល​ចម្រុះ​ជាមួយ​បក្ស​ស្តាំនិយមជ្រុល​អាល្លឺម៉ង់ នឹង​ត្រូវ​ដួលរលំ ហើយ​អាល្លឺម៉ង់​នឹង​អាច​ជួប​វិបត្តិ​នយោបាយ​សាជាថ្មី ចំណែក​អំណាច​របស់លោកស្រី ម៉ែរកិល​ផ្ទាល់​នឹងកាន់តែ​ធ្លាក់ចុះខ្សោយ​ជាងមុន។

ក្រុមប្រទេស​មិន​ស្វាគម​ជនអន្តោប្រវេសន៍ រួមគ្នា តទល់​នឹង​នយោបាយ​អឺរ៉ុប ដែល​គាំទ្រ​ដោយ​អាល្លឺម៉ង់ និង​បារាំង

នៅមួយថ្ងៃ​មុន​បើក​កិច្ចប្រជុំ​អន្តររដ្ឋាភិបាល​ជាមួយ បារាំង លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​បញ្ជាក់ថា លោកស្រី​នឹង​ព្យាយាម​រកឲ្យ​ឃើញ​កិច្ចព្រមព្រៀង​នេះ ឲ្យ​បាន​មុន​ការបោះឆ្នោត​អឺរ៉ុប ប៉ុន្តែ ជាមួយ គ្នានោះ លោកស្រី​បាន​ព្រមានផងដែរ ថា បើសិន​អាល្លឺម៉ង់ ចាប់បញ្ជូន​ចេញវិញ ជនភៀសខ្លួន នោះ​អាល្លឺម៉ង់​នឹង​ខាតបង់ ហើយ​វា​នឹង​អាច​គំរាម ដល់​អនាគត រួម​គ្នា​ជាធ្លុងមួយ​របស់​អឺរ៉ុប។ អឺរ៉ុប​ជាធ្លុងមួយ តាមពិត​បាន​រលាយ​បាត់រូប តាំង​តែ​ពី​កើតមាន​វិបត្តិ​ជនអន្តោប្រវេសន៍​នៅឆ្នាំ ២០១៣​ម្ល៉េះ។ បន្ទាប់​ពី​ហុងគ្រី ដែល​បដិសេធ​មិនទទួល​ជនភៀសខ្លួន ដោយសារ​ហេតុផល​គ្រោះថ្នាក់​ដល់​អរិយធម៌​សាសន៍ ស ប្រទេស​អូទ្រីស ដែល​នឹង​ចូល​ធ្វើ​ជាប្រធាន​ដឹកនាំ​សហភាព​អឺរ៉ុប ចាប់ពី​ខែ កក្កដា ទើប​បាន​ចរចា​ជាមួយ​ប្រទេស​នៅ បាល់កង់ ដើម្បី​បង្កើត​ជំរំ​នៅទីនោះ ក្នុងពេល​រង់ចាំ ចាប់បញ្ជូន​ទៅ​ប្រទេស​ដើមកំណើត​របស់​ជនភៀសខ្លួនវិញ។

ប្រធានាធិបតី​បារាំង និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ យល់ស្រប ដូចគ្នា​ថា បញ្ហា​ជនអន្តោប្រវេសន៍​ត្រូវ​តែដោះស្រាយ​នៅ​ថ្នាក់អឺរ៉ុប។ ទាំង​លោក​ម៉ាក្រុង និង​លោកស្រី ម៉ែកិល​សុទ្ធតែ​យល់​ដូចគ្នា ថា ប្រទេស​អឺរ៉ុប​នៅតំបន់​មេឌីទែរ៉ាណេ ដូចជា​អ៊ីតាលី និង​ក្រិក​ពិតជា​កំពុង​​ប្រឈម​ខ្លាំងជាងគេ នឹង​លំហូរ​ជនអន្តោប្រវេសន៍។ សម្រាប់​ប្រមុខរដ្ឋាភិបាល​បារាំង និង​អាល្លឺម៉ង់ អឺរ៉ុប​ត្រូវ​បង្កើន​ថវិកា​សម្រាប់​ជួយ​ប្រទេស​ទាំងនោះ ដូចជា អនុវត្ត​នយោបាយ​លើក​ទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ជាថ្នូរ​នឹង​ការយល់ព្រម​ទទួល​ជនអន្តោប្រវេសន៍។ បារាំង និង​អាល្លឺម៉ង់​យល់ស្រប​គ្នាដែរថា ត្រូវ​បង្កើន​ថវិកា​សម្រាប់ឆ្មាំសមុទ្រ​អឺរ៉ុប ដែល​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​សកម្មភាព​របស់​ពួកឈ្មួញ ដឹក​ជនអន្តោប្រវេសន៍ ខុសច្បាប់​ចូល​អឺរ៉ុប។

គណៈកម្មការអឺរ៉ុប​ធ្លាប់បាន​ចាត់​វិធានការ​កន្លងម ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​គេ​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​មក​អឺរ៉ុប ដូចជា​ផ្តល់​ជំនួយ​ថវិកា​សម្រាប់ជំរំ​ជនភៀសខ្លួន នៅតួកគី ឬ​លីបង់ ហើយ​និង​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​គម្រោងអភិវឌ្ឍន៍​ក្នុងប្រទេស​ដើម​របស់​ជនអន្តោប្រវេសន៍ ជាដើម។ ថ្មីៗនេះ ប្រធានាធិបតី​បារាំង បាន​បង្កើប​ពី​គម្រោង​ចង់​បង្កើត​ជំរំ សម្រាប់​ដាក់​ជនអន្តោប្រវេសន៍ ជនភៀសខ្លួន នៅក្នុង​ទឹកដី​អាហ្វ្រិក ដែល​ជា​ប្រភព​ចាកចេញ​មួយផ្នែក​នៃ​ជនអន្តោប្រវេសន៍ (ដោយសារ​វិបត្តិ​សេដ្ឋកិច្ច ឬ​សង្រ្គាម ជម្លោះ​ប្រដាប់អាវុធ)។

ឧត្តមស្នងការ​របស់​អង្គការ​សហប្រជាជាតិ៖ មនុស្សផ្លាស់ទី កើនឡើង​ដល់​៦៨,៥លាន​នាក់ នៅឆ្នាំ ២០១៧

និន្នាការ​នេះ កំពុង​ដើរ​ផ្ទុយស្រឡះ ពី​អ្វី​ដែល​កំពុង​កើតឡើង ព្រោះថា បើតាម​ការកត់ត្រា​របស់​អង្គការ​សហប្រជាជាតិ ចំនួន​ជនភៀសខ្លួន ជនផ្លាស់ទី បាន​កើនឡើង ខ្លាំង​នៅ​ឆ្នាំ ២០១៧ រហូត​ដល់​ចំនួន​សរុប ៦៨,៥លាននាក់ នៅ​ទូទាំង​ពិភពលោក។ តាម​ឧត្តមស្នងការ​ទទួល​បន្ទុកជនភៀសខ្លួន ចំនួន​ជនភៀសខ្លួន បានកើនឡើង ៣លាន​នាក់​បន្ថែមទៀត តែ​ក្នុង​មួយ​ឆ្នាំ ២០១៧ ដោយសារ​តែ​សង្រ្គាម​នៅ​ស៊ីរី ស៊ូដង់ ហើយ​និង​ចុងក្រោយ​ដោយសារ​តែអំពើហិង្សា នៅ​រដ្ឋរ៉ាឃីន នៅ​ប្រទេស​ភូមា​ដែល​ធ្វើ​ឲ្យ​ជនភាគតិច រ៉ូហ៊ីងយ៉ាង ជាង ៧សែននាក់ រត់គេចខ្លួន​ទៅប្រទេស​បង់ក្លាដែស។

នៅក្នុងពេល​ដែល​ក្រុមជាតិនិយម​នៅ​អឺរ៉ុប ឬ​មេដឹកនាំ​អាមេរិក នៅ​តំបន់​ភាគខាងជើង​ផែនដី និយាយ​ត្អូញត្អែរ​ពី​បញ្ហា​ជនភៀសខ្លួន នៅក្នុងទឹកដី​របស់ខ្លួន នៅ​បាយការណ៍ អ្នកនិពន្ធ​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ទៅវិញ ថា ៨៥%​នៃ​ចំនួន​មនុស្ស​ភៀសខ្លួន ឬ​ផ្លាស់ទី​ដោយសារ​សង្រ្គាម ឬ​វិបត្តិ​សេដ្ឋកិច្ច ក្នុង​ពិភពលោក កំពុង​រស់នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​ភាគច្រើន មាន​នៅ​ភាគខាងត្បូង​នៃ​ផែនដី​ទៅវិញទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ