តើបារាំង និងអាល្លឺម៉ង់អាចជំនះលើនិន្នាការមិនស្វាគមជនអន្តោប្រវេសន៍ដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៦
បារាំង និងអាល្លឺម៉ង់បើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរួមគ្នា នៅថ្ងៃអង្គារទី ១៩ មិថុនា នៅទឹកដីអាល្លឺម៉ង់ ក្រោមអធិបតីភាពរបស់លោកម៉ាក្រុងប្រធានាធិបតីបារាំង និងលោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ អង់ហ្គេឡា មែរកិល។ កិច្ចប្រជុំ អាល្លឺម៉ង់ បារាំង ក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់អឺរ៉ុប មានទិសដៅ ស្វែងរកជំហររួមរបស់អឺរ៉ុប មិនថា លើបញ្ហាជនអន្តោប្រវេសន៍ ថវិកាអឺរ៉ុប ហើយនិងកងកម្លាំងយោធាអឺរ៉ុប។ បញ្ហាជនអន្តោប្រវេសន៍ កំពុងក្លាយជាសំណុំរឿងឈឺក្បាលរបស់អឺរ៉ុប នៅបន្ទាប់ពីអ៊ីតាលី បដិសេធមិនឲ្យទូកមនុស្សធម៌ ដឹកជនអន្តោប្រវេសន៍ នៅសមុទ្រមេឌីទែរ៉ាណេចូលចតនៅកំពង់ផែអ៊ីតាលី នៅសប្តាហ៍មុននេះ។
ប្រធានាធិបតី បារាំង និងលោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ត្រូវជួបគ្នា នៅថ្ងៃអង្គារនេះ ដើម្បី និយាយពីសំណុំរឿងសំខាន់ពីរ គឺបញ្ហាជនអន្តោប្រវេសន៍ និងថវិការួមរបស់អឺរ៉ុប។ ប៉ុន្តែ បញ្ហាអន្តោប្រវេសន៍ ដែលត្រលប់មកធ្វើឲ្យអឺរ៉ុបបែកបាក់គ្នា បានលុបបាំងជិតបញ្ហាថវិការួមរបស់អឺរ៉ុប
រដ្ឋាភិបាលបារាំង និងអាល្លឺម៉ង់ ត្រូវជជែកពីបញ្ហាជនអន្តោប្រវេសន៍ ជាអាទិភាព ព្រោះបារាំង និងអាល្លឺម៉ង់ ចង់រកឲ្យឃើញ ជំហរួមគ្នាថ្មីមួយ ស្តី ពីជនអនោ្តប្រវេសន៍ ឲ្យបានមុនការបោះឆ្នោតសភាអឺរ៉ុប ដែលត្រូវ រៀបចំនៅចុងខែ មិថុនានេះ។ មួយវិញទៀត អាល្លឺម៉ង់ និងបារាំង ក្នុងនាមជាប្រទេសសេដ្ឋកិច្ចនាំមុខគេនៅរង្វង់សហភាពអឺរ៉ុប យកចិត្តទុកដាក់ លើបញ្ហាអន្តោប្រវេសន៍ នៅពេលនេះ ក៏ដោយសារតែរឿងនេះ កំពុងតែធ្វើឲ្យសមាជិកសហភាព អឺរ៉ុប ចាប់ប្រេះឆាគ្នាសាជាថ្មី ជាពិសេស នៅក្រោយពេលដែលអ៊ីតាលីទើបបានបដិសេធ មិនទទួលឲ្យទូកដឹកជនអន្តោប្រវេសន៍ ចូលចតក្នុងកំពង់ផែរបស់ខ្លួន។ អ៊ីតាលីដែលទទួលបន្ទុកជនអន្តោប្រវេសន៍ច្រើនជាងគេ ដោយសារតែអ៊ីតាលី ជាទឹកដីមកដល់ដំបូងគេរបស់ជនអន្តោប្រវេសន៍ គឺ បានប្តូរជំហរលែងចង់ទទួលខុសត្រូវលើបញ្ហាជនអន្តោប្រវេសន៍តទៅទៀត បន្ទាប់ពីអ៊ីតាលីមានរដ្ឋាភិបាលថ្មី មកបក្សស្តាំនិយមជ្រុល ដែលមិនស្វាគមជនបរទេស។
បញ្ហាជនអន្តោប្រវេសន៍ ត្រូវក្រុមស្តាំនិយមជ្រុលនៅអឺរ៉ុបកេងយកចំណេញនយោបាយ
បញ្ហាជនអន្តោប្រវេសន៍ ជាដើមហេតុមួយ ដែលធ្វើឲ្យក្រុមជាតិនិយម និងក្រុមស្តាំនិយមជ្រុល មានសំឡេងកើនឡើង នៅក្នុងបណ្តាប្រទេសអឺរ៉ុប ទាំងមូល។ អ៊ីតាលី និងអាល្លឺម៉ង់ ដែលទទួលបន្ទុកជនអន្តោប្រវេសន៍ច្រើនជាងគេ បើប្រៀបធៀបនឹងប្រទេសផ្សេងទៀត នៅអឺរ៉ុប កំពុងប្រឈមនឹងការកើនឡើងនៃចលនាស្តាំនិយមជ្រុល ជាក់ស្តែង នៅអ៊ីតាលី ក្រុមស្តាំនិយមជ្រុល បានឈ្នះឆ្នោត ចូលដឹកនាំរដ្ឋាភិបាល ចំណែកនៅអាល្លឺម៉ង់ ដោយសារតែតែគ្មានសំឡេងឆ្នោតគ្រប់គ្រាន់ លោកស្រីម៉ែរកិលត្រូវបង្ខំចិត្តចាប់ដៃជាមួយបក្សស្តាំនិយមជ្រុល។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាល្លឺម៉ង់ មកពីបក្សស្តាំនិយមជ្រុល បានគំរាមរួចហើយថា នឹងចាប់បញ្ជូន ជនអន្តោប្រវេសន៍ ទៅព្រំដែនអាល្លឺម៉ង់វិញ បើសិន លោកស្រី ម៉ែរកិលបរាជ័យ មិនអាចរកកិច្ចព្រមព្រៀង អឺរ៉ុប មួយ នៅខែមិថុនា ដើម្បីទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍។
សូមអាន៖ HCR បានបរិហារថា"ការបដិសេធរបស់អឺរ៉ុបមិនទទួលជនភៀសខ្លួនគឺជារឿងអាម៉ាស់មួយ"
រដ្ឋមន្រ្តីមហាផ្ទៃអាល្លឺម៉ង់ ហ៊ានគំរាមទាំងនាយករដ្ឋមន្រ្តី មិនខ្លាចនឹងត្រូវលោកស្រីម៉ែកិលដកចេញពីតំណែង ព្រោះថា បើសិនលោកស្រី ម៉ែកិល ហ៊ានធ្វើដូច្នេះ រដ្ឋាភិបាលចម្រុះជាមួយបក្សស្តាំនិយមជ្រុលអាល្លឺម៉ង់ នឹងត្រូវដួលរលំ ហើយអាល្លឺម៉ង់នឹងអាចជួបវិបត្តិនយោបាយសាជាថ្មី ចំណែកអំណាចរបស់លោកស្រី ម៉ែរកិលផ្ទាល់នឹងកាន់តែធ្លាក់ចុះខ្សោយជាងមុន។
ក្រុមប្រទេសមិនស្វាគមជនអន្តោប្រវេសន៍ រួមគ្នា តទល់នឹងនយោបាយអឺរ៉ុប ដែលគាំទ្រដោយអាល្លឺម៉ង់ និងបារាំង
នៅមួយថ្ងៃមុនបើកកិច្ចប្រជុំអន្តររដ្ឋាភិបាលជាមួយ បារាំង លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានបញ្ជាក់ថា លោកស្រីនឹងព្យាយាមរកឲ្យឃើញកិច្ចព្រមព្រៀងនេះ ឲ្យបានមុនការបោះឆ្នោតអឺរ៉ុប ប៉ុន្តែ ជាមួយ គ្នានោះ លោកស្រីបានព្រមានផងដែរ ថា បើសិនអាល្លឺម៉ង់ ចាប់បញ្ជូនចេញវិញ ជនភៀសខ្លួន នោះអាល្លឺម៉ង់នឹងខាតបង់ ហើយវានឹងអាចគំរាម ដល់អនាគត រួមគ្នាជាធ្លុងមួយរបស់អឺរ៉ុប។ អឺរ៉ុបជាធ្លុងមួយ តាមពិតបានរលាយបាត់រូប តាំងតែពីកើតមានវិបត្តិជនអន្តោប្រវេសន៍នៅឆ្នាំ ២០១៣ម្ល៉េះ។ បន្ទាប់ពីហុងគ្រី ដែលបដិសេធមិនទទួលជនភៀសខ្លួន ដោយសារហេតុផលគ្រោះថ្នាក់ដល់អរិយធម៌សាសន៍ ស ប្រទេសអូទ្រីស ដែលនឹងចូលធ្វើជាប្រធានដឹកនាំសហភាពអឺរ៉ុប ចាប់ពីខែ កក្កដា ទើបបានចរចាជាមួយប្រទេសនៅ បាល់កង់ ដើម្បីបង្កើតជំរំនៅទីនោះ ក្នុងពេលរង់ចាំ ចាប់បញ្ជូនទៅប្រទេសដើមកំណើតរបស់ជនភៀសខ្លួនវិញ។
ប្រធានាធិបតីបារាំង និងលោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ យល់ស្រប ដូចគ្នាថា បញ្ហាជនអន្តោប្រវេសន៍ត្រូវតែដោះស្រាយនៅថ្នាក់អឺរ៉ុប។ ទាំងលោកម៉ាក្រុង និងលោកស្រី ម៉ែកិលសុទ្ធតែយល់ដូចគ្នា ថា ប្រទេសអឺរ៉ុបនៅតំបន់មេឌីទែរ៉ាណេ ដូចជាអ៊ីតាលី និងក្រិកពិតជាកំពុងប្រឈមខ្លាំងជាងគេ នឹងលំហូរជនអន្តោប្រវេសន៍។ សម្រាប់ប្រមុខរដ្ឋាភិបាលបារាំង និងអាល្លឺម៉ង់ អឺរ៉ុបត្រូវបង្កើនថវិកាសម្រាប់ជួយប្រទេសទាំងនោះ ដូចជា អនុវត្តនយោបាយលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ជាថ្នូរនឹងការយល់ព្រមទទួលជនអន្តោប្រវេសន៍។ បារាំង និងអាល្លឺម៉ង់យល់ស្របគ្នាដែរថា ត្រូវបង្កើនថវិកាសម្រាប់ឆ្មាំសមុទ្រអឺរ៉ុប ដែលកំពុងប្រយុទ្ធប្រឆាំងនឹងសកម្មភាពរបស់ពួកឈ្មួញ ដឹកជនអន្តោប្រវេសន៍ ខុសច្បាប់ចូលអឺរ៉ុប។
គណៈកម្មការអឺរ៉ុបធ្លាប់បានចាត់វិធានការកន្លងម ដើម្បីទប់ស្កាត់កុំឲ្យគេធ្វើអន្តោប្រវេសន៍ខុសច្បាប់មកអឺរ៉ុប ដូចជាផ្តល់ជំនួយថវិកាសម្រាប់ជំរំជនភៀសខ្លួន នៅតួកគី ឬលីបង់ ហើយនិងផ្តល់ហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍន៍ក្នុងប្រទេសដើមរបស់ជនអន្តោប្រវេសន៍ ជាដើម។ ថ្មីៗនេះ ប្រធានាធិបតីបារាំង បានបង្កើបពីគម្រោងចង់បង្កើតជំរំ សម្រាប់ដាក់ជនអន្តោប្រវេសន៍ ជនភៀសខ្លួន នៅក្នុងទឹកដីអាហ្វ្រិក ដែលជាប្រភពចាកចេញមួយផ្នែកនៃជនអន្តោប្រវេសន៍ (ដោយសារវិបត្តិសេដ្ឋកិច្ច ឬសង្រ្គាម ជម្លោះប្រដាប់អាវុធ)។
ឧត្តមស្នងការរបស់អង្គការសហប្រជាជាតិ៖ មនុស្សផ្លាស់ទី កើនឡើងដល់៦៨,៥លាននាក់ នៅឆ្នាំ ២០១៧
និន្នាការនេះ កំពុងដើរផ្ទុយស្រឡះ ពីអ្វីដែលកំពុងកើតឡើង ព្រោះថា បើតាមការកត់ត្រារបស់អង្គការសហប្រជាជាតិ ចំនួនជនភៀសខ្លួន ជនផ្លាស់ទី បានកើនឡើង ខ្លាំងនៅឆ្នាំ ២០១៧ រហូតដល់ចំនួនសរុប ៦៨,៥លាននាក់ នៅទូទាំងពិភពលោក។ តាមឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន ចំនួនជនភៀសខ្លួន បានកើនឡើង ៣លាននាក់បន្ថែមទៀត តែក្នុងមួយឆ្នាំ ២០១៧ ដោយសារតែសង្រ្គាមនៅស៊ីរី ស៊ូដង់ ហើយនិងចុងក្រោយដោយសារតែអំពើហិង្សា នៅរដ្ឋរ៉ាឃីន នៅប្រទេសភូមាដែលធ្វើឲ្យជនភាគតិច រ៉ូហ៊ីងយ៉ាង ជាង ៧សែននាក់ រត់គេចខ្លួនទៅប្រទេសបង់ក្លាដែស។
នៅក្នុងពេលដែលក្រុមជាតិនិយមនៅអឺរ៉ុប ឬមេដឹកនាំអាមេរិក នៅតំបន់ភាគខាងជើងផែនដី និយាយត្អូញត្អែរពីបញ្ហាជនភៀសខ្លួន នៅក្នុងទឹកដីរបស់ខ្លួន នៅបាយការណ៍ អ្នកនិពន្ធរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ទៅវិញ ថា ៨៥%នៃចំនួនមនុស្សភៀសខ្លួន ឬផ្លាស់ទីដោយសារសង្រ្គាម ឬវិបត្តិសេដ្ឋកិច្ច ក្នុងពិភពលោក កំពុងរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលភាគច្រើន មាននៅភាគខាងត្បូងនៃផែនដីទៅវិញទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ