អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ពិភពលោក​ប្រារព្វ​ទិវា​ជនភៀសខ្លួនអន្តរជាតិ ចំ​ពេល​អឺរ៉ុប​និង​អាមេរិក​​​មាន​បញ្ហាអន្តោប្រវេសន៍​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី ២០​មិថុនា ​ជា​ទិវា​ជនភៀសខ្លួន​អន្តរជាតិ។ ទិវា​នេះ​ត្រូវ​បាន​រៀប​ចំធ្វើ​​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០១ ប៉ុន្តែ​សម្រាប់​ឆ្នាំ២០១៨​​នេះ ទិវា​ជនភៀស​ខ្លួន​អន្តរជាតិ​បាន​ប្រារព្ធ​ឡើង​ក្នុង​បរិបទ​ដ៏​តាន​តឹងខ្លាំង​ជា​ពិសេស​តែ​​ម្តង។ បើ​តាម​របាយការណ៍​​ចុងក្រោយ​របស់​អង្គការ​សហប្រជាជាតិ ចំនួន​ជន​ភៀស​ខ្លួន និង​ជន​ធ្វើ​បំផ្លាស់​ទី​ក្នុងស្រុកបាន​កើន​ឡើង​ជា​លំដាប់​អត់​ដាច់​សោះ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ជាប់​គ្នា​នេះ និង​ឡើង​ខ្ពស់បំផុត មិន​ធ្លាប់មាន នៅ​​ឆ្នាំ​២០១៧​។ ដោយ​ជា​សរុប​ពិភពលោក​មាន​ចំនួន​ជនភៀ​ស​ខ្លួន​ ដល់​ទៅ ៦៨​លាន​នាក់​កន្លះ។ នៅ​សហភាព​អឺរ៉ុប និង​នៅ​អាមេរិក វិបត្តិ​​អន្តោប្រវេសន៍ កំពុង​តែ​ជា​​បញ្ហា​​ដ៏​ចម្រូងចម្រាស​បំផុត។

ជនភៀសខ្លួន និង​ជន​អន្តោប្រវេសន៍​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លក្ខខណ្ឌជីវិត​ដ៏​លំបាក​ក្នុង​ជំរំ​នៅ​ប្រទេ​សក្រិក ថ្ងៃទី ២៣​ឧសភា ២០១៨
ជនភៀសខ្លួន និង​ជន​អន្តោប្រវេសន៍​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លក្ខខណ្ឌជីវិត​ដ៏​លំបាក​ក្នុង​ជំរំ​នៅ​ប្រទេ​សក្រិក ថ្ងៃទី ២៣​ឧសភា ២០១៨ AFP/Sakis Mitrolidis
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​២០​មិថុនា ​ទិវា​ជន​ភៀស​ខ្លួន​អន្តរជាតិ

​​អង្គការ​សហប្រជាជាតិ​អនុម័ត​យក​ថ្ងៃទី ២០​មិថុនា ជា​ទិវា​ជនភៀស​ខ្លួន​អន្តរជាតិ នៅ​ក្នុង​មហាសន្និបាត កាលពី​ខែ​ធ្នូ​ឆ្នាំ​២០០០។ ទិវា​នេះ​ត្រូវ​បាន​ប្រារព្វ​ធ្វើ​ឡើង​ជា​លើក​ដំបូង នៅ​ឆ្នាំ​២០០១។

កម្មវត្ថុ​នៃ​ការ​​បង្កើត​ទិវា​នេះ មិនមែនដើម្បី​ចែក​ចាយ​បន្ទុក​គ្នា​ទទួល​ជនភៀស​ខ្លួន​ទេ តែ​ដើម្បី​បែងចែង​ទំនួល​ខុស​ត្រូវ​ពិភពលោក ដោយ​ឈរ​លើ​គោលការណ៍ មនុស្ស​ធម៌​ របស់​មនុស្សជាតិ និង​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ​ដែល​ប្រទេស​ជា​សមាជិក​មាន​កាតព្វកិច្ច​ត្រូវ​គោរព។ ព្រោះ​ថា​ជនភៀស​ខ្លួន​ជា​ជន​រងគ្រោះ នៃ​បញ្ហា នៃ​សង្គ្រាម និង​ការ​ស្អប់​ខ្ពើមគ្នា។

ប្រារព្វ​ទិវា​នេះ ជាការ​ឧទ្ទិស​ដល់​ជនភៀសខ្លួន ដល់​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន អ្នកធ្វើ​បំផ្លាស់​ទី និង​អ្នក​អត់​ប្រទេស និង​ជា​ការ​បញ្ជ្រាប​ព័ត៌មាន​ដល់​មតិ​សាធារណៈ​ទូទៅ​ឱ្យ​បាន​ដឹង និង​យល់​អំពី​ស្ថានភាព​ ព្រមទាំង​សេចក្តី​ត្រូវការ​របស់​ជន​ដែលបាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​មួយ គឺ​​បង្ខំ​ចិត្តចាក​ចេញ​ពី​ប្រទេស​ ពី​ផ្ទះ​ ដើម្បី​គេច ពី​សង្គ្រាម ពី​ភាព​ក្រីក្រអត់ឃ្លាន ពី​ការធ្វើ​ទុក្ខ​ទារុណ ដោយ​សង្ឃឹម​ថា​នឹង​អាច​រក​ឃើញ​អនាគត​ប្រសើរ​ឡើង។

​ជនភៀស​ខ្លួន និងជន​អន្តោប្រវេសន៍

​គ្រប់​ជនភៀស​ខ្លួន ជាជន​អន្តោប្រវេសន៍ តែ​ជន​អន្តោប្រវេសន៍​មិន​ប្រាកដ​ថា​ជន​ភៀសខ្លួន​ទេ ! នាពេល​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋនៅ​លើ​ពិភពលោក​ប្រមាណ​ជា​៣% មិន​រស់​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​ទេ ! គេ​ហៅ​ជន​ទាំង​អស់​នោះថា ខ្លះ​ជា​អន្តោប្រវេសន៍ ខ្លះ​ជា​ជនភៀស​ខ្លួន ខ្លះ​ជា​ជន​សុំ​ជ្រក​កោន។ ប៉ុន្តែ​ទោះ​ហៅ​ថា​អ្វី ក៏​ដោយ ក៏​ពួក​គេ​មិន​សូវ​បាន​ទទួល​ការ​ស្វាគមន៍​ឡើយ។

ជន​អន្តោប្រវេសន៍ គឺជា​ជន​បាន​ធ្វើ​បំលាស់​ទី​ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ដោយ​​មូលហេតុ​សេដ្ឋកិច្ច​ នយោបាយ ឬ​វប្បធម៌ និង​ដោយ​ចេតនា ក្នុង​ទស្សនវិស័យ​ស្វែងរក​​អ្វី​ដែល​ប្រសើរ​សម្រាប់​ខ្លួន​ឯង​ផ្ទាល់ ឬ​គ្រួសារ។​ ពួកគេ​អាច​ជា​អន្តោប្រវេសន៍ស្រប​ច្បាប់​ប្រសិន​បើ​អាជ្ញាធរ​ចេញ​បណ្ណ​ស្នាក់​នៅ​និងបណ្ណ​ការងារឱ្យ ឬ​ជា​អន្តោប្រវេសន៍​ខុស​ច្បាប់​ ប្រសិនបើ​អាជ្ញាធរ​គ្មានចេញ​កាត​ឱ្យ ឬ​ហៅ​អ្នក​អត់​ក្រដាសស្នាម។

រីឯ​ ជនភៀស​ខ្លួន ជា​​បុគ្គល​ដែល​បានរត់​គេច​ពី​អំពើ​ហិង្សា អំពី​សង្គ្រាម អំពី​ការ​គំរាមកំហែង​ដល់​ជីវិត ទៅ​សុំ​​សិទ្ធ​ជ្រកកោនឱ្យ​នៅ​ក្នុង​ប្រទេស​មួយ ដើម្បី​បាន​ការ​ការពារ​ពី​ប្រទេស​នោះ។ អ្នក​មាន​ឈ្មោះ​​ជា​ជនភៀស​ខ្លួន​ នឹង​ត្រូវ​ ​​ទទួលស្គាល់ និ​ងការពារ ដោយ​​​ច្បាប់​អន្តរជាតិ​ និង​ដោយ​សន្ធិសញ្ញា​​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៥១ ដែល​មាន​ប្រទេស​ចំនួន​១៤៥​ចុះ​ហត្ថលេខា និង​ពុំ​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ឱ្យ​ត្រលប់​ទៅប្រទេ​សកំណើត​វិញ​ទេ។

ដើម្បី​បាន​ទទួល​សិទ្ធិ​ជា​ជនភៀស​ខ្លួន បុគ្គល​នោះ​ត្រូវ​មានភស្តុតាង​បញ្ជាក់​ថា អាច​រងការ​គំរាមកំហែង​ប៉ះពាល់​ដល់​ជីវិត មិន​អាច​ត្រលប់​ចូល​​ប្រទេស​កំណើត​វិញ ដោយ​ហេតុ​ពូជសាសន៍ សង្គ្រាម អំពើហិង្សា សាសនា សញ្ជាតិ ឬ​និន្នាការ​នយោបាយ។​ នៅក្នុង​ពេល​ដាក់​ពាក្យ និង​ពុំ​ទាន់​បានទទួល​ចម្លើយ ពួក​គេ​មាន​ឈ្មោះ​ថា ​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ ក៏​បាន​ទទួល​ការ​ការពារ​ពី​ប្រទេស​នោះ​ដែរ។ ការ​សុំ​សិទ្ធជ្រកកោន ជា​សិទ្ធិសកល​ សម្រាប់​បុគ្គល​គ្រប់រូ​ប​ទាំង​អស់ ស្រប​​តាម​​ច្បាប់​អន្តរជាតិ​ និង​ជា​សិទ្ធ​ចុងក្រោយ​របស់មនុស្ស​លោក នៅ​ពេល​ដែល​គេ​អស់​អ្វីរំពឹង​រលីង។

​ច្បាប់អន្តរជាតិ និង​អធិបតេយ្យភាព​

ប៉ុន្តែ​​ក្នុង​អនុវត្ត​ជាក់​ស្តែង ច្បាប់អន្តរជាតិ​​ការពារ​​អន្តោប្រវេសន៍ ឬ​ជនភៀសខ្លួន ឬ​អ្នក​សុំ​សិទ្ធិជ្រកកោន ត្រូវ​គ្រឿង​នឹង​​​អធិបតេយ្យភាព​របស់​ប្រទេស​ដែល​គេ​ទៅ​ដល់។ មាន​​ន័យ​ថា​ ក្នុង​នាមជា​រដ្ឋ​​ឯករាជ្យ​មួយ រដ្ឋនោះ​​ក៏​មាន​សិទ្ធិ​សម្រេច​ មាន​ច្បាប់​ជា​របស់​គេ​ដែរ។ ជា​ទូទៅ​ ប្រទេសភាគច្រើន​​តែង​គោរព​តាម​គោលការណ៍​មនុស្សធម៌​ ទទួល​ស្គាល់​អំពីភាព​ចាំបាច់​នៃ​ការ​គោរព​​សិទ្ធ​ជនភៀស​ខ្លួន​។

​គ្រាន់​តែ​ថា​ សន្ធិសញ្ញា​អន្តរជាតិ​ឆ្នាំ​១៩៥១ មិន​បាន​ដាក់​កំហិត​ឱ្យ​រដ្ឋ​សមាជិក​ត្រូវ​តែ​គោរព​គោលការណ៍​នោះ​ឯណា ! ដូច្នេះ​ ទើប​រដ្ឋ​នីមួយៗ​អាចឆ្លៀត​ដាក់​ឱ្យ​ដំណើរ​ច្បាប់​ រឹត​បន្តឹង ឬ​ចាត់​វិធានការ​ដ៏​តឹង​តែង រុញ​ច្រាន​ជនភៀស​ខ្លួន ដោយ​ការ​បិទ​ព្រំដែន ឬ​ចាប់​បញ្ជូន​ចេញ​ទៅ​កន្លែង​ដើម ឬទៅ​ជំរំ​នៅ​កន្លែង​ផ្សេង ក្រោម​ផ្លាក​​ច្បាប់​ប្រឆាំង​អន្តោប្រវេសន៍​ ដើម្បី​សន្តិសុខ ដូច​អ្វី​ដែល​យើង​បា​ន​ឃើញ​យ៉ាង​ជាក់​ស្តែង ៖ អូស្ត្រាលីសម្រេច​​បិទ​ជំរំ​ជនភៀសខ្លួន​នៅតាមកោះ អាមេរិក​ប្រើ​វិធានការ​កាន់​តែ​អមនុស្ស​ធម៌ គ្មាន​ទេ​ការ​អនុវត្ត​សិទ្ធិ​សុំ​ជ្រកកោន ការរារាំង​​អន្តោប្រវេសន៍​ឆ្លង​ពីម៉ិចស៊ិក​ ​ ជា​ការ​រំលោភ​គោលការណ៍​ច្បាប់​អន្តរជាតិ​បាត់​ទៅ​ហើយ។

សហភាព​អឺរ៉ុបក៏​មិន​គ្រាន់​បើ ! អឺរ៉ុប​បាន​ជ្រើសរើស​កា​រ​បញ្ជូន​ជនភៀសខ្លួន​ទៅជំរំ​នៅ​​តួកគី​តាម​រយៈ​កិច្ចព្រមព្រៀង ឬ​នៅ ជំរំ​រខេករខាកតាម​ជាយ​ក្រុង។ ​ តាម​ការ​ពិត អឺរ៉ុបសហរដ្ឋ​អាមេរិក ចង់​រឹត​បន្តឹង និង​ប្រយុទ្ធ​ប្រឆាំង​ខ្លាំងនឹង​អន្តោប្រវេសន៍​សេដ្ឋកិច្ចទេ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់ ដូច​ករណី​អឺរ៉ុប អន្តោប្រវេសន៍​រត់​ឆ្លង​សមុទ្ទ​មេឌីទែរ៉ាណេ ភាគ​ច្រើន​ជា​ជនភៀសខ្លួនរត់​គេច​​សង្គ្រាម​ ​អំពើ​ហិង្សា និង​ការ​បង្ក្រាប មក​ពី​ប្រទេស​ស៊ីរី អ៊ីរ៉ាក់ អាហ្វហ្កានិស្ថាន លីប៊ី អេរីត្រេ...

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ