អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការ​​ប្រកួត​ World Cup - 2018 ​នៅ​រុស្ស៊ី​បន្ត​ទៅ​៨ថ្ងៃ​ហើយទាំង​ហែរហម​ដោយ​ចំណុច​ខ្លះ​គួរ​អោយ​ភ្ញាក់​ផ្អើល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាម​ដែល​ក្រសួងការបរទេស​បាន​ប្រកាស យោងទៅលើ​ទិន្នន័យ​ផ្តល់ដោយ​ប៉ុស្តកុងត្រូល​នៅ​តាម​ព្រំដែន​មានពួក​អ្នកគាំទ្រ​ក្រុម​ជម្រើស​បាល់ទាត់​ជាតិ​ខ្លួន​ទាំង ៣២ ប្រទេស​និងទេសចរ​បរទេស​នានា​សរុបទៅ​ជាង ២ លាន​នាក់ បាន​មក​ដល់​ប្រទេស​រុស្ស៊ី​ដើម្បី​តាមដាន​ការប្រកួត​នៅ​នឹង​កន្លែង​ផ្ទាល់។ នៅ​តាមសង្កាត់​កណ្តាល​ក្រុង​ទាំង ១១ ជាទីដែល​ការប្រកួត​នោះ​ប្រព្រឹត្ត​ទៅ​ក៏ដូចជា​នៅ​តាម​កីឡាដ្ឋាន​និង​ទីលាន​ណា​ដែល​មាន​ដំឡើង អេក្រង់យក្ស​បញ្ចាំង​ការ​ប្រកួត​នោះ​ប៉ុន្មាន​ថ្ងៃ​នេះ គេ​ឮ​សូរ​សំនៀង​ភាសា​បរទេស​ញឹកញយ​ជាងភាសា​រុស្ស៊ី។ ជាទូទៅ ដោយនិយាយ​តាមមេក្រូ​ប្រព័ន្ធផ្សព្វផ្សាយ គេសុទ្ធតែ​លើក​ឡើង​អំពីបរិយាកាស​ទទួលភ្ញៀវបរទេស​យ៉ាង​រាក់ទាក់​អស់ពីចិត្ត​ពីថ្លើម​ពីសំណាក់​ប្រទេស​ម្ចាស់ស្រុក​ខុស​ស្រឡះ​ពីការសរសេរ​បំភ័យ​ជាមុន​ដោយ​កាសែត​បស្ចិម​លោកខ្លះ​ជាពិសេសកាសែតអង់គ្លេស​ដែល​រដ្ឋាភិបាល​គេ​សត្រូវ​ខ្លាំង​នឹង​រុស្ស៊ី ធ្លាប់​បានសរសេរ​ថា “ ប្រយ័ត្ន​ទៅ នៅ​រុស្ស៊ី​មាន” ខ្លាឃ្មុំ ៧០.០០០ ក្បាល​ដែល​កំពុង​អត់ឃ្លាន​ចាំតែហែក​មនុស្ស​ស៊ីទាំង​រស់ “ មិនតែប៉ុណ្ណោះ ប្រទេស​រុស្ស៊ី​ជាប្រទេស​ល្បី​ដោយ​ក្រុមចោរ”ចាប់​ជម្រិត​ទារ​លុយ” ។ ប៉ុន្តែ ក្នុងដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ប្រកួត​កាសែត​លោកខាង​លិច បែរទៅ​ជា​កែប្រែ​ឥរិយាបថ​ខ្លួន ចាប់សរសេរល្អ​ទៅ​វិញ​អំពី​មុខមាត់​ប្រទេស​រុស្ស៊ី។ ចំណែក ការប្រកួត​ផ្ទាល់​ស្រាប់តែ​បាន​ហែហម​ទៅ​ដោយ​លទ្ធផលខ្លះ​ដែល​នាំ​ឲ្យ​គេភ្ញាក់ផ្អើល​ដោយ​គេ​មិនបាន​នឹក​ស្មាន​ឡើយ។

ពហុកីឡាដ្ឋាន​នៅ​ Saint-Pétersbourg
ពហុកីឡាដ្ឋាន​នៅ​ Saint-Pétersbourg Pixabay/CC0/quinntheislander
ផ្សាយពាណិជ្ជកម្ម

ជាបឋម អំពីចំណុចគួរឲ្យភ្ញាក់ផ្អើលទី១  ៖

-ក្រុមជម្រើសបាល់ទាត់រុស្ស៊ី  ដែលក្នុងតារាងចំណាត់ថ្នាក់ របស់ សហព័ន្ធអន្តរជាតិនៃសមាគមន៍បាល់ទាត់ជាតិ ហៅថា FIFA  ជាប់​បាន​តែ​លេខ​ ៧០ លើ ក្រុមជម្រើសជាតិចំនួន ២១១  ដោយស្ថិតក្នុងពូល A ចេះ​ទាត់​​ឈ្នះ ក្រុម ជម្រើស អារ៉ាប៉ិ-សាអ៊ូឌីត ដែលជាប់លេខ ៦៧ ដោយ​ស៊ុត​ចូល​ ៥ គ្រាប់ទល់នឹងសូន្យ ព្រមទាំងឈ្នះលើក្រុមជម្រើស អេហ្ស៊ីព ដែល​ជាប់​លេខ ៤៥ ដោយស៊ុតចូល ៣ គ្រាប់ទល់និង ១។ ជាសរុប ក្នុងការ​ប្រកួត​ពីរ​លើកនេះ ក្រុមជម្រើស រុស្ស៊ី ចេះស៊ុតចូល ដល់ទៅ ៨ គ្រាប់ទល់នឹង១ រហូត​ដល់បំបែក ឯតទគ្គកម្ម ដណ្តើមបានដោយក្រុមជម្រើសអ៊ីតាលី តាំង​ពី​ក្នុង​ឆ្នាំ ១៩៣៤ ម៉្លេះ ពេលដែល អ៊ីតាលីជាម្ចាស់ផ្ទះទទួល World Cup សម័យ​នោះ ដែលបានស៊ុតចូល ៨ គ្រាប់ទល់នឹង ២។ លទ្ធផលដ៏ឆើត បាន​អនុញ្ញាត ឲ្យក្រុមជម្រើសរុស្ស៊ី ចេញពីពូលខ្លួន ទន្ទឹមនឹងក្រុមជម្រើស អ៊ុយរូហ្គេ ទៅប្រកួត ក្នុងដំណាក់ ១ភាគ៨ នៃ វគ្គផ្តាច់ព្រ័ត្រ។ សម្រាប់រុស្ស៊ី នេះ ជាលើកទី ១ ក្រោយពីអាក់ខានអស់ ៣២ ឆ្នាំមក។ ម៉្លោះហើយ បានជា កាសែតបស្ចិមលោកដែលជាទូទៅ តែងចុះផ្សាយថា ក្រុមជម្រើស​រុស្ស៊ី​មិន​ខ្មេះ​ទេ ឥឡូវ នាំគ្នាលេបសំដីខ្លួនទៅវិញ ហើយសុំការអត់​អោន​ទោស​ពី​រុស្ស៊ី​តែ​ម្តង។

 យ៉ាងណាមិញ ទស្សនាវដ្តីអាល្លឺម៉ង់ Spiegel ក្រោមចំណងជើងថា “ រុស្ស៊ី សូមអភ័យទោសយើងផង! យើង បានគិតខុស “។ កាសែតនេះ ទទួល​ស្គាល់​ថា ខ្លួនបានមើលស្រាល ចំពោះសមត្ថភាពក្រុមបាល់ទាត់រុស្ស៊ី ជាប្រទេសម្ចាស់ផ្ទះ នៃ World Cup-2018 ហើយសរសេរថា ក្រុម​ជម្រើស​រុស្ស៊ី​ បានបង្ហាញថ្វីដៃគ្រាន់បើ ជាង គូប្រជែងខ្លួនជាច្រើន។

កាសែតអង់គ្លេស Daily Mail ក៏មិនកំណាញ់​នឹង​ពោល​ពាក្យស្ងើច​សរសើរ​ឡើយ។​ កាសែតនេះ សរសេរថា ក្រុមបាល់ទាត់ប្រទេសម្ចាស់ផ្ទះ ដោយ​ប្រកួត​តែពីរលើក ចេះទាត់ចូលហ្គោល ដល់ទៅ ៨ គ្រាប់។ ក្រុមនេះ បាន​បង្ហាញ​ថ្វីដៃ លើសពីការដែលគេអាចនឹកស្មាន។

កាសែតអង់គ្លេស The Sun  ក៏បញ្ចេញមតិជាវិជ្ជមានដែរ អំពីក្រុមជម្រើស​រុស្ស៊ី។​ តាមសំដីពួក អ្នកយក ការណ៍ ឲ្យកាសែតនេះ ក្រុមជម្រើសរុស្ស៊ី បាន​ញ៉ាំង​ឲ្យពួកអ្នកគាំទ្រដែលសូម្បីសុទិដ្ឋិនិយមបំផុតក្តី ឲ្យគេ ភ្ញាក់ផ្អើលក្រៃ ដោយចេះសម្រេចបានលទ្ធផល ដែលអ្នកតាមដានភាគច្រើន មិន​បាន​កិត​ឃើញ​ឡើយ។

កាសែតអង់គ្លេស The Guardian  ដែលមានឥទ្ធិពល ដោយធ្វើវិភាគអំពីអ្វីៗ ដែលប្រទេសរុស្ស៊ី ចេះ សម្រេចបាន ក្នុងដំណើររៀបចំទទួល World Cup-2018  កត់សម្គាល់ថា រុស្ស៊ី ជា ទីកន្លែងវិសេសវិសាល ណាស់ សម្រាប់​ការ​ប្រព្រឹត្តទៅ នៃ ការប្រកួតកីឡាទ្រង់ទ្រាយធំបែបនេះ។

ព្រមជាមួយនេះ កាសែត The Guardian  ក៏សង្កេតឃើញថា ៖

-ភាពតានតឹងនយោបាយ និង បញ្ហាផ្សេងទៀត ក្នុងទំនាក់ទំនង ជាមួយ​អាជ្ញាធ​រ​រុស្ស៊ី បន្តស្ថិតនៅជ្រងោង ដដែល ទាំងក្រោយពីចប់ទៅ World Cup-2018 ប៉ុន្តែ តាមមើលទៅ ភ្ញៀវជាច្រើននឹងចាកចេញពីប្រទេស រុស្ស៊ី ទៅវិញ ដោយពាំនាំទៅជាមួយនូវ ចំណាប់អារម្មណ៍ដ៏ល្អ និង ទស្សនៈយល់​ឃើញ​ ខុសពីមុនស្រឡះ អំពីប្រទេសរុស្ស៊ី។ ឥឡូវ រុស្ស៊ី បង្ហាញមុខមាត់ខ្លួន ក្នុងចំហៀងដ៏ល្អប្រសើរ។ អ្នកស្រុករុស្ស៊ី បានទទួលយ៉ាង រីករាយ ទាំងការ​ប្រកួត​ផ្ទាល់ ទាំងពួកអ្នកគាំទ្រក្រុមជម្រើស របស់ប្រទេសគេ ហើយការនេះ ញ៉ាំងឲ្យមានសូរ ខ្ទ័រ សែនវិជ្ជមាន។

ចំណុចគួរឲ្យភ្ញាក់ផ្អើលទី២  គឺ ក្រុមជម្រើសបាល់ទាត់អាល្លឺម៉ង់ ដែល​បាន​ទទួល​ពានរង្វាន់ World Cup នៅប្រេស៊ីល ឆ្នាំ ២០១៤ ហើយ​ជាប់​ចំណាត់​ថ្នាក់​លេខ​១ របស់ FIFA ស្រាប់តែទាត់ចាញ់ ក្រុមជម្រើស ម៉េចស៊ីក ដែល​ជាប់​តែ​លេខ ១៥ ដោយលទ្ធផល សូន្យ ទល់នឹង ១ ។ ដោយសារជ័យជំនះនេះ សង្កាត់ កណ្តាលក្រុងម៉ូស្គូ ត្រូវពួកអ្នកគាំទ្រ ម៉េចស៊ីក​ទាំងពាន់ៗនាក់ ច្រៀងផង រាំឡកលោកកញ្ឆេងផង សឹងរញ្ជួយ ដី អស់ពេញមួយយប់។

ចំណុចគួរឲ្យភ្ញាក់ផ្អើលទី៣ គឺ អាហ្សង់ទីន ដែលជាប់លេខ ៥ របស់ FIFA  បានទាត់ដោយលទ្ធផលចាវ ជាមួយ អ៊ីស្លង់ជាប់តែលេខ ២២  គឺ ១ ទល់​នឹង​១ ។ សម្រាប់អាហ្សង់ទីន គឺជាលើកទី ១ បើគិតពីឆ្នាំ ១៩៩០ មក ដែល​ខ្លួន​មិន​បាន​ទទួលជ័យជំនះពេលទាត់ក្នុងពូល របស់ខ្លួន។ ចំណែក ប្រទេស​អ៊ីស្លង់ ដែលមានបណ្តាជនតែ ៣ សែននាក់ ការទាត់​បាល់​បាន​ស្មើនឹង អាហ្សង់ទីន គឺប្រៀបបានជ័យជំនះ។

ចំណុចគួរឲ្យភ្ញាក់ផ្អើលទី៤ គឺប្រេស៊ីល ដែលជាប់លេខ២ របស់ FIFA បាន​ទាត់​ចាវដែរ ជាមួយស្វីស ដែលជាប់លេខ៦ ដោយលទ្ធផល ១ ទល់នឹង១។ សម្រាប់ប្រេស៊ីល នេះជាលើកទី១ បើគិតក្នុង ៤០ ឆ្នាំ ចុងក្រោយ ដែលមិន​បាន​ទាត់ឈ្នះ ក្នុងពូលខ្លួន។  

ចំណុចគួរឲ្យភ្ញាក់ផ្អើលទី៥ គឺ ជប៉ុន ដែល ជាប់លេខ ៦១ របស់ FIFA ចេះទាត់ឈ្នះ កូឡុំប៊ីដែលជាប់ លេខ១៦ ដោយស៊ុតចូល ២ គ្រាប់ទល់នឹង ១។ គឺជាលើកទី១ ដែលក្រុមជម្រើសអាស៊ីនេះ បានទទួល ជ័យជំនះលើ ក្រុមជម្រើសអាមេរិកឡាទីន។ ជ័យជំនះនេះ ប្រហែលបានមក ដោយការ​វត្តមាន​លើកទឹកចិត្ត នៃព្រះអង្គម្ចាស់ក្សត្រីជប៉ុន Hisako Takamado ដែលអស់២០ឆ្នាំមកហើយ តែងវត្តមានលើកទឹកចិត្ត ក្រុមបាល់ទាត់ជប៉ុន ក្នុងការប្រកួត World Cup។ ហើយនេះ ជាលើកទី១ ដែរ​ដែលមានតំណាង រាជវង្សានុង្ស អធិរាជជប៉ុន បានមកទស្សនាប្រទេសរុស្ស៊ី បើគិតក្នុង ១០០ ឆ្នាំចុងក្រោយ ។

ចំណុចមួយគួរឲ្យកត់សម្គាល់ គឺ ពួកអ្នកគាំទ្រជាតិជប៉ុន ក្រោយពីចប់ទៅ​ការ​​ប្រកួតមួយលើកៗនៃក្រុមខ្លួន តែងនាំគ្នា ដើរប្រមូលដាក់ថង់ប៉្លាស់ស្ទីក សម្រាម រាយប៉ាយនៅតាមកន្លែងអង្គុយនៃទស្សនិកជន ដែល តាមការ​អធិប្បាយនៃ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC គឺជាទម្លាប់មាន​ជាប់ជា​ហូរហែរ​​យូរមកហើយ របស់ ជាតិជប៉ុន សំអាត បរិស្ថាន។ ទាំងពួកអ្នកគាំទ្រជាតិ សេណេហ្កាល ដែលក្រុមជម្រើសគេ ចេះទាត់ឈ្នោះ ក្រុមប៉ូឡូញ ក៏បានដើរប្រមូលសម្រាមបែបនេះដែរ ក្រោយពី​ចប់ទៅការប្រកួត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ