ការប្រកួត World Cup - 2018 នៅរុស្ស៊ីបន្តទៅ៨ថ្ងៃហើយទាំងហែរហមដោយចំណុចខ្លះគួរអោយភ្ញាក់ផ្អើល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៥
តាមដែលក្រសួងការបរទេសបានប្រកាស យោងទៅលើទិន្នន័យផ្តល់ដោយប៉ុស្តកុងត្រូលនៅតាមព្រំដែនមានពួកអ្នកគាំទ្រក្រុមជម្រើសបាល់ទាត់ជាតិខ្លួនទាំង ៣២ ប្រទេសនិងទេសចរបរទេសនានាសរុបទៅជាង ២ លាននាក់ បានមកដល់ប្រទេសរុស្ស៊ីដើម្បីតាមដានការប្រកួតនៅនឹងកន្លែងផ្ទាល់។ នៅតាមសង្កាត់កណ្តាលក្រុងទាំង ១១ ជាទីដែលការប្រកួតនោះប្រព្រឹត្តទៅក៏ដូចជានៅតាមកីឡាដ្ឋាននិងទីលានណាដែលមានដំឡើង អេក្រង់យក្សបញ្ចាំងការប្រកួតនោះប៉ុន្មានថ្ងៃនេះ គេឮសូរសំនៀងភាសាបរទេសញឹកញយជាងភាសារុស្ស៊ី។ ជាទូទៅ ដោយនិយាយតាមមេក្រូប្រព័ន្ធផ្សព្វផ្សាយ គេសុទ្ធតែលើកឡើងអំពីបរិយាកាសទទួលភ្ញៀវបរទេសយ៉ាងរាក់ទាក់អស់ពីចិត្តពីថ្លើមពីសំណាក់ប្រទេសម្ចាស់ស្រុកខុសស្រឡះពីការសរសេរបំភ័យជាមុនដោយកាសែតបស្ចិមលោកខ្លះជាពិសេសកាសែតអង់គ្លេសដែលរដ្ឋាភិបាលគេសត្រូវខ្លាំងនឹងរុស្ស៊ី ធ្លាប់បានសរសេរថា “ ប្រយ័ត្នទៅ នៅរុស្ស៊ីមាន” ខ្លាឃ្មុំ ៧០.០០០ ក្បាលដែលកំពុងអត់ឃ្លានចាំតែហែកមនុស្សស៊ីទាំងរស់ “ មិនតែប៉ុណ្ណោះ ប្រទេសរុស្ស៊ីជាប្រទេសល្បីដោយក្រុមចោរ”ចាប់ជម្រិតទារលុយ” ។ ប៉ុន្តែ ក្នុងដំណើរប្រព្រឹត្តទៅនៃការប្រកួតកាសែតលោកខាងលិច បែរទៅជាកែប្រែឥរិយាបថខ្លួន ចាប់សរសេរល្អទៅវិញអំពីមុខមាត់ប្រទេសរុស្ស៊ី។ ចំណែក ការប្រកួតផ្ទាល់ស្រាប់តែបានហែហមទៅដោយលទ្ធផលខ្លះដែលនាំឲ្យគេភ្ញាក់ផ្អើលដោយគេមិនបាននឹកស្មានឡើយ។
ជាបឋម អំពីចំណុចគួរឲ្យភ្ញាក់ផ្អើលទី១ ៖
-ក្រុមជម្រើសបាល់ទាត់រុស្ស៊ី ដែលក្នុងតារាងចំណាត់ថ្នាក់ របស់ សហព័ន្ធអន្តរជាតិនៃសមាគមន៍បាល់ទាត់ជាតិ ហៅថា FIFA ជាប់បានតែលេខ ៧០ លើ ក្រុមជម្រើសជាតិចំនួន ២១១ ដោយស្ថិតក្នុងពូល A ចេះទាត់ឈ្នះ ក្រុម ជម្រើស អារ៉ាប៉ិ-សាអ៊ូឌីត ដែលជាប់លេខ ៦៧ ដោយស៊ុតចូល ៥ គ្រាប់ទល់នឹងសូន្យ ព្រមទាំងឈ្នះលើក្រុមជម្រើស អេហ្ស៊ីព ដែលជាប់លេខ ៤៥ ដោយស៊ុតចូល ៣ គ្រាប់ទល់និង ១។ ជាសរុប ក្នុងការប្រកួតពីរលើកនេះ ក្រុមជម្រើស រុស្ស៊ី ចេះស៊ុតចូល ដល់ទៅ ៨ គ្រាប់ទល់នឹង១ រហូតដល់បំបែក ឯតទគ្គកម្ម ដណ្តើមបានដោយក្រុមជម្រើសអ៊ីតាលី តាំងពីក្នុងឆ្នាំ ១៩៣៤ ម៉្លេះ ពេលដែល អ៊ីតាលីជាម្ចាស់ផ្ទះទទួល World Cup សម័យនោះ ដែលបានស៊ុតចូល ៨ គ្រាប់ទល់នឹង ២។ លទ្ធផលដ៏ឆើត បានអនុញ្ញាត ឲ្យក្រុមជម្រើសរុស្ស៊ី ចេញពីពូលខ្លួន ទន្ទឹមនឹងក្រុមជម្រើស អ៊ុយរូហ្គេ ទៅប្រកួត ក្នុងដំណាក់ ១ភាគ៨ នៃ វគ្គផ្តាច់ព្រ័ត្រ។ សម្រាប់រុស្ស៊ី នេះ ជាលើកទី ១ ក្រោយពីអាក់ខានអស់ ៣២ ឆ្នាំមក។ ម៉្លោះហើយ បានជា កាសែតបស្ចិមលោកដែលជាទូទៅ តែងចុះផ្សាយថា ក្រុមជម្រើសរុស្ស៊ីមិនខ្មេះទេ ឥឡូវ នាំគ្នាលេបសំដីខ្លួនទៅវិញ ហើយសុំការអត់អោនទោសពីរុស្ស៊ីតែម្តង។
យ៉ាងណាមិញ ទស្សនាវដ្តីអាល្លឺម៉ង់ Spiegel ក្រោមចំណងជើងថា “ រុស្ស៊ី សូមអភ័យទោសយើងផង! យើង បានគិតខុស “។ កាសែតនេះ ទទួលស្គាល់ថា ខ្លួនបានមើលស្រាល ចំពោះសមត្ថភាពក្រុមបាល់ទាត់រុស្ស៊ី ជាប្រទេសម្ចាស់ផ្ទះ នៃ World Cup-2018 ហើយសរសេរថា ក្រុមជម្រើសរុស្ស៊ី បានបង្ហាញថ្វីដៃគ្រាន់បើ ជាង គូប្រជែងខ្លួនជាច្រើន។
កាសែតអង់គ្លេស Daily Mail ក៏មិនកំណាញ់នឹងពោលពាក្យស្ងើចសរសើរឡើយ។ កាសែតនេះ សរសេរថា ក្រុមបាល់ទាត់ប្រទេសម្ចាស់ផ្ទះ ដោយប្រកួតតែពីរលើក ចេះទាត់ចូលហ្គោល ដល់ទៅ ៨ គ្រាប់។ ក្រុមនេះ បានបង្ហាញថ្វីដៃ លើសពីការដែលគេអាចនឹកស្មាន។
កាសែតអង់គ្លេស The Sun ក៏បញ្ចេញមតិជាវិជ្ជមានដែរ អំពីក្រុមជម្រើសរុស្ស៊ី។ តាមសំដីពួក អ្នកយក ការណ៍ ឲ្យកាសែតនេះ ក្រុមជម្រើសរុស្ស៊ី បានញ៉ាំងឲ្យពួកអ្នកគាំទ្រដែលសូម្បីសុទិដ្ឋិនិយមបំផុតក្តី ឲ្យគេ ភ្ញាក់ផ្អើលក្រៃ ដោយចេះសម្រេចបានលទ្ធផល ដែលអ្នកតាមដានភាគច្រើន មិនបានកិតឃើញឡើយ។
កាសែតអង់គ្លេស The Guardian ដែលមានឥទ្ធិពល ដោយធ្វើវិភាគអំពីអ្វីៗ ដែលប្រទេសរុស្ស៊ី ចេះ សម្រេចបាន ក្នុងដំណើររៀបចំទទួល World Cup-2018 កត់សម្គាល់ថា រុស្ស៊ី ជា ទីកន្លែងវិសេសវិសាល ណាស់ សម្រាប់ការប្រព្រឹត្តទៅ នៃ ការប្រកួតកីឡាទ្រង់ទ្រាយធំបែបនេះ។
ព្រមជាមួយនេះ កាសែត The Guardian ក៏សង្កេតឃើញថា ៖
-ភាពតានតឹងនយោបាយ និង បញ្ហាផ្សេងទៀត ក្នុងទំនាក់ទំនង ជាមួយអាជ្ញាធររុស្ស៊ី បន្តស្ថិតនៅជ្រងោង ដដែល ទាំងក្រោយពីចប់ទៅ World Cup-2018 ប៉ុន្តែ តាមមើលទៅ ភ្ញៀវជាច្រើននឹងចាកចេញពីប្រទេស រុស្ស៊ី ទៅវិញ ដោយពាំនាំទៅជាមួយនូវ ចំណាប់អារម្មណ៍ដ៏ល្អ និង ទស្សនៈយល់ឃើញ ខុសពីមុនស្រឡះ អំពីប្រទេសរុស្ស៊ី។ ឥឡូវ រុស្ស៊ី បង្ហាញមុខមាត់ខ្លួន ក្នុងចំហៀងដ៏ល្អប្រសើរ។ អ្នកស្រុករុស្ស៊ី បានទទួលយ៉ាង រីករាយ ទាំងការប្រកួតផ្ទាល់ ទាំងពួកអ្នកគាំទ្រក្រុមជម្រើស របស់ប្រទេសគេ ហើយការនេះ ញ៉ាំងឲ្យមានសូរ ខ្ទ័រ សែនវិជ្ជមាន។
ចំណុចគួរឲ្យភ្ញាក់ផ្អើលទី២ គឺ ក្រុមជម្រើសបាល់ទាត់អាល្លឺម៉ង់ ដែលបានទទួលពានរង្វាន់ World Cup នៅប្រេស៊ីល ឆ្នាំ ២០១៤ ហើយជាប់ចំណាត់ថ្នាក់លេខ១ របស់ FIFA ស្រាប់តែទាត់ចាញ់ ក្រុមជម្រើស ម៉េចស៊ីក ដែលជាប់តែលេខ ១៥ ដោយលទ្ធផល សូន្យ ទល់នឹង ១ ។ ដោយសារជ័យជំនះនេះ សង្កាត់ កណ្តាលក្រុងម៉ូស្គូ ត្រូវពួកអ្នកគាំទ្រ ម៉េចស៊ីកទាំងពាន់ៗនាក់ ច្រៀងផង រាំឡកលោកកញ្ឆេងផង សឹងរញ្ជួយ ដី អស់ពេញមួយយប់។
ចំណុចគួរឲ្យភ្ញាក់ផ្អើលទី៣ គឺ អាហ្សង់ទីន ដែលជាប់លេខ ៥ របស់ FIFA បានទាត់ដោយលទ្ធផលចាវ ជាមួយ អ៊ីស្លង់ជាប់តែលេខ ២២ គឺ ១ ទល់នឹង១ ។ សម្រាប់អាហ្សង់ទីន គឺជាលើកទី ១ បើគិតពីឆ្នាំ ១៩៩០ មក ដែលខ្លួនមិនបានទទួលជ័យជំនះពេលទាត់ក្នុងពូល របស់ខ្លួន។ ចំណែក ប្រទេសអ៊ីស្លង់ ដែលមានបណ្តាជនតែ ៣ សែននាក់ ការទាត់បាល់បានស្មើនឹង អាហ្សង់ទីន គឺប្រៀបបានជ័យជំនះ។
ចំណុចគួរឲ្យភ្ញាក់ផ្អើលទី៤ គឺប្រេស៊ីល ដែលជាប់លេខ២ របស់ FIFA បានទាត់ចាវដែរ ជាមួយស្វីស ដែលជាប់លេខ៦ ដោយលទ្ធផល ១ ទល់នឹង១។ សម្រាប់ប្រេស៊ីល នេះជាលើកទី១ បើគិតក្នុង ៤០ ឆ្នាំ ចុងក្រោយ ដែលមិនបានទាត់ឈ្នះ ក្នុងពូលខ្លួន។
ចំណុចគួរឲ្យភ្ញាក់ផ្អើលទី៥ គឺ ជប៉ុន ដែល ជាប់លេខ ៦១ របស់ FIFA ចេះទាត់ឈ្នះ កូឡុំប៊ីដែលជាប់ លេខ១៦ ដោយស៊ុតចូល ២ គ្រាប់ទល់នឹង ១។ គឺជាលើកទី១ ដែលក្រុមជម្រើសអាស៊ីនេះ បានទទួល ជ័យជំនះលើ ក្រុមជម្រើសអាមេរិកឡាទីន។ ជ័យជំនះនេះ ប្រហែលបានមក ដោយការវត្តមានលើកទឹកចិត្ត នៃព្រះអង្គម្ចាស់ក្សត្រីជប៉ុន Hisako Takamado ដែលអស់២០ឆ្នាំមកហើយ តែងវត្តមានលើកទឹកចិត្ត ក្រុមបាល់ទាត់ជប៉ុន ក្នុងការប្រកួត World Cup។ ហើយនេះ ជាលើកទី១ ដែរដែលមានតំណាង រាជវង្សានុង្ស អធិរាជជប៉ុន បានមកទស្សនាប្រទេសរុស្ស៊ី បើគិតក្នុង ១០០ ឆ្នាំចុងក្រោយ ។
ចំណុចមួយគួរឲ្យកត់សម្គាល់ គឺ ពួកអ្នកគាំទ្រជាតិជប៉ុន ក្រោយពីចប់ទៅការប្រកួតមួយលើកៗនៃក្រុមខ្លួន តែងនាំគ្នា ដើរប្រមូលដាក់ថង់ប៉្លាស់ស្ទីក សម្រាម រាយប៉ាយនៅតាមកន្លែងអង្គុយនៃទស្សនិកជន ដែល តាមការអធិប្បាយនៃ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC គឺជាទម្លាប់មានជាប់ជាហូរហែរយូរមកហើយ របស់ ជាតិជប៉ុន សំអាត បរិស្ថាន។ ទាំងពួកអ្នកគាំទ្រជាតិ សេណេហ្កាល ដែលក្រុមជម្រើសគេ ចេះទាត់ឈ្នោះ ក្រុមប៉ូឡូញ ក៏បានដើរប្រមូលសម្រាមបែបនេះដែរ ក្រោយពីចប់ទៅការប្រកួត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ