អានតួអត្ថបទ
តួកគី

បោះឆ្នោត​តួកគី៖​យុទ្ធនាការ​ឃោសនា​វាយប្រហារ​គ្នា​ចុង​ក្រោយ​រវាង​លោក​អ៊ែរដូហ្កាន និង​លោកអ៊ិន្ស

ថ្ងៃ​អាទិត្យ ទី២៤ មិថុនា​នេះ​ជា​ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី និង​សភា​មុន​អាណត្តិ​នៅ​ក្នុង​ប្រទេស​តួកគី។ ពេញ​មួយ​ថ្ងៃ​សៅរ៍ ទី២៣ មិថុនា លោក​ប្រធានាធិបតី​ផុតអាណត្តិ​អ៊ែរដូហ្កាន និង​គូប្រជែង​ដ៏​សំខាន់​របស់​លោក​គឺ​លោក​មូហារ៉ិម អ៊ិន្ស​បាន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចុងក្រោយ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល។ យុទ្ធនាការ​ដែល​បង្កប់​ដោយ​ការ​វាយប្រហារ​ពាកយ​សម្តី​យ៉ាង​ផុសផុល​រវាង​បេក្ខជន​ទាំង​ពីរ។ ក្រៅ​ពី​បេក្ខជន​ប្រជែង​លោក​អ៊ីន្ស លោក​អ៊ែរដូហ្កាន​ក៏​កំពុង​ប្រឈម​នឹង​បេក្ខជន​ម្នាក់​ទៀត គឺ​បេក្ខនារី​មេរ៉ាល់ អាក់សេនីស​មក​ពី​គណបក្ស​ស្តាំជាតិនិយម។

លោក​ប្រធានាធិបតី​​តួកគី​អ៊ែរដូហ្កាន
លោក​ប្រធានាធិបតី​​តួកគី​អ៊ែរដូហ្កាន Murat Kula/Presidential Palace/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

បើ​គ្មាន​អ្វី​កើត​ឡើង​ធំ​ដុំ​ទេ ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​តួកគី​នៅ​តែ​មាន​ឈ្មោះ​រីស៊ីប តាយយ៉ីប អ៊ែរដូហ្កាន។ តែ​ដើម្បី​អាច​បន្ត​អង្គុយ​កៅអី​ប្រធានាធិបតី​អាណត្តិ​ថ្មី​បាន លោក​អ៊ែរដូហ្កាន​ត្រូវ​ប្រកួតប្រជែង​ទល់​នឹង​បេក្ខជន​មិន​ចេះ​តម​សម្តី​មួយ​ចំនួន ពិសេស​លោក​មូហារ៉ិម អ៊ិន្ស​មក​ពី​គណបក្ស​សាធារណរដ្ឋ​នៃ​ប្រជាជន។ នៅ​ថ្ងៃ​សៅរ៍ ទី២៣ មិថុនា​ដែល​ជា​ថ្ងៃ​ឃោសនា​ចុងក្រោយ ទីក្រុង​អ៊ីស្តង់ប៊ូល​បាន​ក្លាយ​ជា​ឆាក​នៃ​ការ​វាយប្រហារ​ដោយ​សម្តី​យ៉ាង​ផុសផុល​រវាង​លោក​អ៊ែរដូហ្កាន និង​លោក​អ៊ិន្ស។

ខុស​ពី​បេក្ខជន​ផ្សេង​ទៀត ដូច​យ៉ាង​លោកស្រី​មេរ៉ាល់ អាក់សេនីស​ដែល​កំពុង​ប្រជែង​ទល់​នឹង​លោក​ប្រធានាធិបតី​ផុត​អាណត្តិ​អ៊ែរដូហ្កាន លោក​អ៊ិន្ស​ជា​បេក្ខជន​ដែល​កំពុង​លេច​ធ្លោ​ខ្លាំង និង​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​ទូទៅ​មាន​ការ​ភ្ញាក់ផ្អើល​ជាមួយ​នឹង​ការ​បញ្ចេញ​វោហារ​ដោយ​មិន​ញញើត​នឹង​តតាំង​ទល់​នឹង​លោក​អ៊ែរដូហ្កាន​ទេ។ លើស​ពី​នេះ​ទៅ​ទៀត លោក​អ៊ិន្ស​មិន​បាន​ពាក់​សញ្ញា​គណបក្ស​របស់​លោក​នៅ​ជាប់​នឹង​អាវ​ទេ ព្រោះ​លោក​ចង់​តាំង​ខ្លួន​ធ្វើ​ជា​អ្នក​តំណាង​ឲ្យ​ក្រុម​គណបក្សប្រឆាំង​ទាំង​អស់។

ចំណែក​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​កម្មវីធី​ផ្សាយ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចុង​ក្រោយ​វិញ មាន​កាណាល់​ទូរទស្សន៍​ខ្លះ​បាន​ចែក​អេក្រង់​ជា​ពីរ​ដោយ​ដាក់​រូប​លោក​អ៊ែរដូហ្កាន និង​រូប​លោក​អ៊ិន្ស​កំពុង​ថ្លែង​សុន្ទរកថា។ នៅ​ក្នុង​សុន្ទរកថា លោក​អ៊ិន្ស​បាន​បង្ហាញ​រូបភាព​ប្រទេស​តួកគី​ស្ថិត​ក្នុង​រូបភាព​អាប់អួរ ប្រសិន​បើ​លោក​អ៊ែរដូហ្កាន​ឈ្នះ​ឆ្នោត ហើយ​មិន​ញញើត​នឹង​លើក​ឡើង​ពី​ចំណុច​អវិជ្ជមាន​របស់​លោក​អ៊ែរដូហ្កាន​រួម​មាន រូបិយប័ណ្ណ​តួកគី​បាត់បង់​តម្លៃ តម្លៃ​ទំនិញ​ឡើង​ថ្លៃ​ខ្លាំង អត្រា​អតិផរណា​មាន​ពីរ​ខ្ទង់ និង​វត្តមាន​ជនភៀសខ្លួន​ស៊ីរី​ជាង ៣លាន ៥សែន​នាក់​ក្នុង​ទឹកដី​តួកគី​ដែល​គ្មាន​ដំណោះស្រាយ។

លោក​អ៊ិន្ស​អួត​ថា បើ​លោក​ឈ្នះ គឺ​ពលរដ្ឋ​តួកគី​ទាំង ៨០លាននាក់​ជា​អ្នក​ឈ្នះ ប្រទេស​តួកគី​ជា​អ្នក​ឈ្នះ។ ចំណែក​លោក​អ៊ែរដូហ្កាន​បាន​លើក​ពាក្យពេចន៍​របស់​លោក​អ៊ិន្ស​ដែល​និយាយ​ថា លោក​នឹង​បោះ​ជំរំ​សំពត់​ដេក​នៅ​មុខ​គណកម្មាធិការជាតិ​​រៀបចំ​ការ​បោះឆ្នោត​ដើម្បី​ធានា​ពី​ការ​មិន​លួច​បន្លំ​សន្លឹកឆ្នោត។ ពាក្យ​សម្តី​ដូច​នេះ​របស់​លោក​អ៊ិន្ស​ត្រូវ​បាន​លោក​អ៊ែរដូហ្កាន​ចំអក​ថា មក​ពី​លោក​អ៊ិន្ស​ដឹង​ខ្លួន​ឯង​ចាញ់​រួច​ហើយ មុន​នឹង​បន្ថែម​ថា តួកគី​ជា​ប្រទេស​នីតិរដ្ឋ​ដែល​បាន​ចាត់​វិធានការ​គ្រប់បែប​យ៉ាង​ដើម្បី​ធានា​ពី​ដំណើរការ​បោះឆ្នោត​ត្រឹមត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ