អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង​រៀបចំ​សន្និសីទ​ស្តីពី​វិបត្តិ​មនុស្សធម៌​នៅ​យេម៉ែន តែ​ត្រូវ​បាន​ក្រុម​អង្គការ​​ក្រៅរដ្ឋាភិបាល​ស្តី​បន្ទោស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី២៧ មិថុនា សន្និសីទ​វិបត្តិមនុស្សធម៌​នៅ​យេម៉ែន​ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​បារាំង និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស។ ពី​ដំបូង វិមាន​ប្រធានាធិបតី​បារាំង​ចង់​បាន​សន្និសីទ​មួយ​បើក​ចំហ​ជា​លក្ខណៈ​អន្តរជាតិ​ដោយ​មាន​ការ​ចូល​រួម​ក្នុង​កម្រិត​ក្រសួង តែ​ទីបំផុត សន្និសីទ​ពេល​នេះ​បាន​រៀបចំ​ដោយ​បិទទ្វារ និង​មាន​ការ​ចូលរួម​ត្រឹម​ក្រុម​អ្នកជំនាញ​មនុស្សធម៌​ប៉ុណ្ណោះ។ កំណត់​សម្គាល់​មួយ​ទៀត សន្និសីទ​មួយ​នេះ​កំពុង​បន្ត​ទទួល​រង​ការ​រិះគន់ ទិតៀន​ពី​សំណាក់​ក្រុម​អង្គការ​មនុស្សធម៌ និង​ក្រុមអង្គការ​សិទ្ធិមនុស្ស។ ក្រុម​អង្គការ​ទាំង​ពីរ​បាន​ស្តីបន្ទោស​បារាំង​ពី​បទ​លេង​ល្បែង​របស់​អារ៉ាប៊ីសាអូឌីត​នៅ​ក្នុង​វិបត្តិយេម៉ែន។ ហេតុ​អ្វី​បាន​ជា​យ៉ាង​ដូច្នេះ?

គ្រួសារ​យេម៉ែន
គ្រួសារ​យេម៉ែន ABDO HYDER / AFP
ផ្សាយពាណិជ្ជកម្ម

ដើម្បី​អាច​ពន្យល់​បកស្រាយ​នឹង​សំណួរ​នេះ​បាន គេ​គួរ​តែ​ត្រឡប់​ក្រោយ​ចាប់​អារម្មណ៍​បន្តិច​ពី​មូលហេតុ​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​យេម៉ែន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ និង​មនុស្សធម៌​មក​ដល់​សព្វថ្ងៃ។ មិន​ខុស​ពី​ប្រទេស​អារ៉ាប់​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ទេ យេម៉ែន​បាន​រងគ្រោះ​ដោយ​បដិវត្តន៍​អារ៉ាប់​ក្នុង​ឆ្នាំ ២០១១ តែ​ខុស​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​មេដឹកនាំ​បាន​ខ្ទាត​ពី​តំណែង​ដោយ​កម្លាំង​មហាជន ប្រធានាធិបតី​យេម៉ែន​លោក​សាឡេ​និកាយ​ឈីអ៊ីត​បាន​ចុះ​ពី​កៅអី​ដោយ​ខ្លួន​ឯង។ ការ​បោះឆ្នោត​មួយ​ក៏​បាន​រៀបចំ​ឡើង​ដោយ​លោក​ហាឌី​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១២ ហើយ​រដ្ឋាភិបាល​ថ្មី​មួយ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដែរ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ចំហាយ និង​ស្រមោល​បដិវត្តន៍​អារ៉ាប់​ហាក់​មិន​ទាន់​ទៅ​ឆ្ងាយ​ពី​យេម៉ែន​នៅ​ឡើយ​ទេ។ ផ្ទុយ​ពី​ការ​គិត​ទុក និង​ក្តីសង្ឃឹម​ទុក វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​អារ៉ាប់​មួយ​នេះ​បែរ​ជា​បាន​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​រវាង​ក្រុម​អ្នកកាន់​សាសនាអ៊ីស្លាម​និកាយឈីអ៊ីត និង​ក្រុម​អ្នកកាន់​សាសនាអ៊ីស្លាម​និកាយ​ស៊ុយនីត។ ក្នុង​ឆ្នាំ ២០១៤ ក្រុម​ឧទ្ទាមហ៊ូទី​និកាយ​ឈីអ៊ីត​ដែល​គាំទ្រ​លោក​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​សាឡេ​បាន​វាយ​ចូល​កាន់កាប់​ទីក្រុង​សាណា និង​ទីក្រុង​សំខាន់​មួយ​ចំនួន ហើយ​ក៏​បាន​បង្ខំ​លោក​ហាឌី​ឲ្យ​ភៀសខ្លួន​ទៅ​ជ្រកកោណ​ក្នុង​ទឹកដី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៥។

ចំណែក​រដ្ឋាភិបាល​របស់​លោក​ហាឌី​ក៏​បាន​រើ​ទៅ​បោះ​ទីតាំង​បណ្តោះអាសន្ន​នៅ​ប៉ែកខាងត្បូង​ក្នុង​ទីក្រុង​អាដេន​ដែល​ជា​ទីក្រុង​ធំ​ទី២ របស់​យេម៉ែន។ ក្រោម​ភ្នែក ច្រមុះ​របស់​សហគមន៍​អន្តរជាតិ រដ្ឋាភិបាល​របស់​លោក​ហាឌី​ជា​រដ្ឋាភិបាល​ស្របច្បាប់​តែ​មួយ​គត់​របស់​យេម៉ែន។ តែ​ការ​ពិត​ជាក់ស្តែង គឺ​ក្រុមឧទ្ទាមហ៊ូទី​នៃ​និកាយ​ឈីអ៊ីត​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រទេស​អ៊ីរ៉ង់​ទេ​ដែល​កំពុង​សោយរាជ្យ​កាន់​អំណាច​សឹង​ពេញ​ដៃ។ គឺ​ហេតុផល​នេះ​ហើយ​បាន​ជា​លោក​ហាឌី​បាន​ហា​មាត់​សុំ​ជំនួយ​អន្តរាគមន៍​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​លោក​កំពុង​ជ្រកកោណ​មក​ដល់​សព្វថ្ងៃ។

ដោយ​មិន​ចាំ​បាច់​ពិចារណា​ច្រើន​លើ​សំណើ​សុំ​របស់​លោក​ហាឌី អារ៉ាប៊ីសាអូឌីត​ក៏​បាន​បង្កើត​កម្លាំងសម្ព័ន្ធ​អារ៉ាប់​ចូល​អន្តរាគមន៍​លើ​ប្រទេស​យេម៉ែន​ក្នុង​ខែ​មីនា ឆ្នាំ ២០១៥ ដើម្បី​កំចាត់​ពួក​ឧទ្ទាម​ហ៊ូទី។ ទន្ទឹម​គ្នា​នេះ កម្លាំងសម្ព័ន្ធ​អារ៉ាប់​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ក៏​មាន​ការ​ជួយ​គាំទ្រ​ពី​អាមេរិក បារាំង និង​ប្រទេស​អង់គ្លេស​ដែរ។ ក្រៅ​ពី​អន្តរាគមន៍​ផ្លូវយោធា ទីក្រុង​រីយ៉ាដ​ក៏​បាន​ដាក់​ទណ្ឌកម្ម​បិទផ្លូវ​អាកាស ផ្លូវគោក និង​ផ្លូវសមុទ្រ​ក្នុង​គោលដៅ​កាត់ផ្តាច់​ផ្លូវ​ទទួល​គ្រឿងសព្វាវុធ​របស់​ពួកឧទ្ទាម​ហ៊ូទី​ដែល​អារ៉ាប៊ីសាអូឌីត​សង្ស័យ​ថា​អ៊ីរ៉ង់​ជា​អ្នក​ផ្គត់ផ្គង់។ តែ​បញ្ហា​នៅ​ត្រង់​ថា ការ​បិទច្រក​ផ្លូវ​ទាំង ៣ មិន​ខុស​អ្វី​នឹង​បិទខ្ទប់​ដង្ហើម​របស់​ពលរដ្ឋ​យេម៉ែន​ទូទៅ​ទេ។

ការ​លូកដៃ​របស់​អារ៉ាប៊ីសាអូឌីត​ជាង ៣ឆ្នាំ​នៅ​យេម៉ែន​បាន​ធ្វើ​ប្រទេស​ក្រីក្រ​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ជាង​គេ​ក្នុង​លោក​ជួប​វិបត្តិមនុស្សធម៌​យ៉ាង​ធ្ងន់ធ្ងរ។ ក្រៅ​ពី​ភាព​អត់ឃ្លាន ជម្ងឺអាសន្នរោគ និង​កង្វះខាត​សព្វបែបយ៉ាង ពលរដ្ឋ​យេម៉ែន​កំពុង​បន្ត​រងគ្រោះ​នឹង​ជម្លោះ​ប្រដាប់អាវុធ​រវាង​កម្លាំងសម្ព័ន្ធអារ៉ាប់​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត រួម​ដៃ​ជា​កម្លាំង​រដ្ឋាភិបាល​លោក​ហាឌី និង​ក្រុម​ឧទ្ទាម​ហ៊ូទី។ ជម្លោះ​ដែល​បាន​ឈាន​ចូល​ក្នុង​បរិបទ​ថ្មី​នៃ​សង្រ្គាម​យ៉ាង​ហិង្សា​នៅ​ទីក្រុង​ហូដីដា​ដែល​ជា​ទីក្រុង​កំពង់ផែ​ដ៏​សំខាន់ និង​យុទ្ធសាស្រ្ត​របស់​យេម៉ែន។ កំពង់ផែ​ដែល​កំពុង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​ឧទ្ទាមហ៊ូទី​មួយ​នេះ​ជា​ច្រក​សម្រាប់​នាំ​ទំនិញ​ចូល និង​ទទួល​ជំនួយមនុស្សធម៌។

គឺ​ប្រឈម​នឹង​វិបត្តិមនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​ដែល​យេម៉ែន​កំពុង​ជួប​ប្រទះ​ពេល​នេះ​ហើយ​បាន​ជា​បារាំង និង​អារ៉ាប៊ីសាអូឌីត​បាន​សហការណ៍​គ្នា​រៀបចំ​សន្និសីទ​ពេល​នេះ។ ជា​សន្និសីទ​ដែល​បាន​ផ្តួចផ្តើម​នៅ​ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ស្តេចទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាម៉ាន​ក្នុង​ប្រទេស​បារាំង​កាល​ពី​ខែ​មេសា​កន្លង​ទៅ។ វា​ពិត​ជា​រឿង​ល្អ​ណាស់​ដែល​ទីក្រុង​រីយ៉ាដ និង​ប៉ារីស​ចង់​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​នៅ​យេម៉ែន តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា គឺ​អារ៉ាប៊ីសាអូឌីត​នោះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​មនុស្សធម៌​នៅ​យេម៉ែន​ធ្លាក់​ដុនដាប​ខ្លាំង​នា​រយៈពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ។ តើ​វា​អាច​ទៅ​រួច​ឬ​ទេ​ដែល​អារ៉ាប៊ីសាអូឌីត​បាន​បន្ត​សង្រ្គាមផង និង​ចង់​សង្រ្គោះ​វិបត្តិ​មនុស្សធម៌​ផង?។ តើ​វា​អាច​ទៅ​រួច​ឬ​ទេ​ដែល​បារាំង​បាន​លក់​អាវុធ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ធ្វើ​សង្រ្គាម​នៅ​យេម៉ែន​ផង និង​ចង់​ដោះស្រាយ​វិបត្តិមនុស្សធម៌​នៅ​យេម៉ែន​ផង?។

ចម្លើយ​សម្រាប់​សំណួរ​នេះ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​អង្គការ​មនុស្សធម៌ និង​អង្គការ​សិទ្ធិមនុស្ស​មិន​ញញើត​នឹង​រិះគន់ ទិតៀន​សន្និសីទ​រៀបចំ​ដោយ​ទីក្រុង​រីយ៉ាដ និង​ប៉ារីស​ពេល​នេះ និង​បាន​ចោទ​បារាំង​ពី​បទ​កំពុង​លេង​ល្បែង​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដោយ​ប្រើ​នយោបាយ​មុខ​ពីរ នៅ​ម្ខាង ចង់​ដើរ​តួ​ជា​ដោះស្រាយ​វិបត្តិ​យេម៉ែន និង​នៅ​ម្ខាង​ទៀត បាន​លក់អាវុធ​ឲ្យ​ទីក្រុង​រភយ៉ាដ​យក​ទៅ​សម្លាប់​ជនស៊ីវិល​យេម៉ែន។ មាន​ការ​មើល​ឃើញ​ថា បារាំង​ជា​តួអង្គ​ល្អ​ឥតខ្ជោះ​ក្នុង​ការ​បិទបញ្ចប់​ជម្លោះ​រាំរ៉ៃ​នៅ​យេម៉ែន ព្រោះ​ទី១ បារាំង​ជា​សមាជិក​អចិន្រ្តៃយ៍​ម្នាក់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ និង​ទី២ បារាំង​កំពុង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​មហាអំណាច​ក្នុង​តំបន់ គឺ​អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និង​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​ស៊ូពូជ​របស់​អារ៉ាប៊ីសាអូឌីត។

តើ​បារាំង​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​ខ្លួន​មាន​ទឹកមាត់ប្រៃ និង​និយាយ​ទៅ​អ្នក​ផ្សេង​ស្តាប់ មាន​តែ​បារាំង​ខ្លួន​ឯង​ទេ​ដែល​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ