អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្នុង​​ការ​​ប្រកួត​​ World Cup ​​នៅ​​រុស្ស៊ី​​ ៣ ​សប្តាហ៏ ​កន្លង​ទៅ ​​មាន​​កើត​​ឡើង​​ជា “ បដិវត្តន៍​បាល់ទាត់”​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃសុក្រទី ៦ កក្កដានេះ World Cup -​2018 នៅរុស្ស៊ី ឈានដល់ដំណាក់ ១ភាគ៤ផ្តាច់ព្រ័ត្រ ចូលរួមប្រកួត ដោយ ៨ ក្រុមជម្រើស ចែកជា ៤ គូ ។ វគ្គនេះ ចាប់ផ្តើមដោយការប្រកួតរវាង បារាំង និង អ៊ុយរុយហ្កាយ នៅម៉ោង ៥ ល្ងាច ត្រូវនឹងម៉ោង ៩យប់ ម៉ោងនៅកម្ពុជា។ ក្នុង ចំណោម ៨ ក្រុមនោះ រុស្ស៊ី ដែលលើកនេះ ក្លាយជាប្រទេសម្ចាស់ផ្ទះ ចេះឈានឡើង​ដល់​វគ្​គ​១​ភាគ​៤នេះ គឺ ជាលើកដំបូងបង្អស់ ក្នុង ប្រវត្តិទាំង ៨៨ ឆ្នាំ នៃ World Cup ហេតុដែលញ៉ាំងឲ្យ​មាន​ការភ្ញាក់ផ្អើលមែនទែន លុះរហូតដល់ ត្រូវគេ ហៅថាជា”បដិវត្តន៍បាល់ទាត់” ដោយចេះ​ដណ្តើម​បានជ័យជំនះលើ អេស្ប៉ាញ ដែល ធ្លាប់ជា ជើងឯកអឺរ៉ុប ឆ្នាំ ២០០៨ និង ជើងឯក​ពិភពលោក​ទៅទៀត ក្នុងឆ្នាំ ២០១០។ សូម្បី ព្រះចៅអេស្ប៉ាញ ដែល ក្រោយពី បានទត ការ​ប្រកួត​នេះនៅកីឡាដ្ឋានផ្ទាល់ ក៏ ពេលអបអរសរសើរលោកប្រធានាធិបតីរុស្ស៊ី ទ្រង់បានកត់ សម្គាល់ ថា នេះជាជ័យជំនះ”សឹងមិនអាចជឿបាន”។ ត្រូវចាត់ ទុកជា”បដិវត្តន៍” ដែរ គឺ ក្រុម ជម្រើស អាល្លឺម៉ង់-អ្នកជើងឯកពិភពលោកឆ្នាំ ២០១៤  ដែលជាប់ចំណាត់ថ្នាក់ទី១ របស់ FIFA  ស្រាប់តែ ទាត់ចាញ់កូរ៉េខាងត្បូង ដែលជាប់ត្រឹមតែលេខ ៥៧ ហើយអភ័ព្វ មិនអាចចេញ​ផុតពី​ពូល​ខ្លួន ទៅ កាន់ វគ្គ១ភាគ៨ទៅផង។ សម្រាប់បារាំង គេផ្តោតការយកចិត្តទុកដាក់លើ អ្នកទាត់​ឈ្មោះ​ Mbappe អាយុ មិនទាន់បាន២០ឆ្នាំផង ព្រោះបានកើតមក លុះក្រោយពីបារាំង បាន​ទទួល​​ពាន​រង្វាន់ World Cup ឆ្នាំ ១៩៩៨ ទៅហើយ។ យុវបុរសនេះ ដែលក្លាយ​ជា​”តារាបាល់​ទាត់​បារាំង”ចេះស៊ុតចូលតែម្នាក់ឯង បានដល់ ទៅ ២ គ្រាប់ ច្រានក្រុម អាហ្សង់ទីន អតីតអ្នក​ជើង​ឯក​ពិភពលោកជាច្រើនដង ឲ្យធ្លាក់ក្នុងបរាជ័យមិនអាច ឈានដល់ វគ្គ ១ភាគ៤ ទៅផង។ 

ក្រុម​កីឡាបាល់ទាត់​ប្រេស៊ីល​ហាត់ហ្វឹកហ្វឺន​នៅ​កីឡាដ្ឋាន ​Samara Arena  Samara​ ប្រទេស​រុស្ស៊ីថ្ងៃ​ទី១​ខែកក្កដា​ឆ្នាំ​២​០១៨ Marcelo និង Neymar របស់ប្រេស៊ីលអំឡុងពេលហ្វឹកហាត់​
ក្រុម​កីឡាបាល់ទាត់​ប្រេស៊ីល​ហាត់ហ្វឹកហ្វឺន​នៅ​កីឡាដ្ឋាន ​Samara Arena Samara​ ប្រទេស​រុស្ស៊ីថ្ងៃ​ទី១​ខែកក្កដា​ឆ្នាំ​២​០១៨ Marcelo និង Neymar របស់ប្រេស៊ីលអំឡុងពេលហ្វឹកហាត់​ REUTERS/David Gray
ផ្សាយពាណិជ្ជកម្ម

ដោយមកពីបរាជ័យនេះ តារាបាល់ទាត់អាហ្សង់ទីន ឈ្មោះ មេស្ស៊ី ជាបង្អែកក្រុមជម្រើសខ្លួន ក៏ ដូចជា តារាបាល់ទាត់ព័រទុយហ្កាល់ ឈ្មោះ រ៉ូដាល់ដូ ក៏ជាបង្អែកនៃក្រុមជម្រើសប្រទេសខ្លួន ដែល​បាន ទាត់ ចាញ់ ក្រូអាស៊ី គឺសុទ្ធតែធ្លាក់ទឹកមុខស្រពោន ពីព្រោះ ការប្រកួត​ពិភពលោក​លើក​នេះ អាចជាលើកចុង ក្រោយក្នុងជីវិតខ្លួន ទោះបីអ្នកទាំងពីរត្រូវពួកអ្នកកាសែត ដាក់​រហ័ស​នាម​​ថា​ជា​អ្នកទាត់ជើងមាសក្តី ដ្បិត ៤ ឆ្នាំទៀត លោក មេស្ស៊ី នឹងមានអាយុ ៣៥ឆ្នាំ ហើយ​លោក​ រ៉ូដាល់ដូ នឹងមានអាយុ ៣៧ឆ្នាំ ដែល សុទ្ធតែជាវ័យចំណាស់​ទៅហើយ​សម្រាប់​កីឡាបាល់​ទាត់។​

ការដែលកូរ៉េខាងត្បូង បានទាត់ឈ្នះ អាល្លឺម៉ង់ បានបើកផ្លូវ ឲ្យម៉ិចស៊ីក ចេញពីពូលខ្លួន ទៅ​ប្រកួត​​ក្នុងវគ្គ ១ភាគ៨ ដែលរីកថ្លើមសប្បាយចិត្ត លុះទាល់​ក្នុង​ឋានៈ​ជាកាយវិការ​សំដែង​អំណរ​គុណ​ បាននាំយកស្រា តេគីឡា ពេញមួយកែស ទៅជូន ឯកអគ្គរដ្ឋទូត  កូរ៉េខាង​ត្បូង​ប្រចាំ​សហព័ន្ធ​រុស្ស៊ីនៅក្រុងម៉ូស្គូ ដើម្បី ជប់លាង ស្ថានទូតទាំងមូល។

អំពី​ករណីរុស្ស៊ី គួរនិយាយថា ក្នុងសារអបអរសរសើរក្រុមជម្រើសបាល់ទាត់ខ្លួន លោក​ប្រធានាធិបតី ពូទីន ដែលដូចប្រទេសរុស្ស៊ីទាំងមូល បានតាមដានមើលការប្រកួត រវាងក្រុម​បាល់ទាត់​រុស្ស៊ី និង អេស្ប៉ាញ កត់សម្គាល់ថា ៖

-ជ័យជំនះនេះ ដណ្តើមបាន ដោយសារ ស្នៀតប្រកួតដ៏ទៀងត្រូវ ដែលជ្រើសយក​ដោយ​គ្រូ​បង្វឹក។ ​

គឺដោយលទ្ធផល ៤ ទល់នឹង ៣ ដែល ក្រុមរុស្ស៊ី បានទាត់ឈ្នះក្រុម អេស្ប៉ាញ ល្ងាចថ្ងៃ អាទិត្យ ទី ១ កក្កដា ហើយ ឈានចេញ ពីដំណាក់១ភាគ៨ ឡើងទៅ ដំណាក់ ១ភាគ៤ នៃវគ្គផ្តាច់ព្រ័ត្រ ។ ក្នុងវគ្គ ១ភាគ៤ រុស្ស៊ី ត្រូវជល់ជាមួយ ក្រុមជម្រើស ក្រូអាស៊ី  នៅថ្ងៃសៅរ៏ ៧ កក្កដា ឯ កីឡាដ្ឋាន ក្រុង Sotchi

ជាការកត់សម្គាល់

ក្នុងប្រវត្តិទាំងមូល នៃ World Cup តាំងពីឆ្នាំ ១៩៣០ មក ពោល គឺ ៨៨ ឆ្នាំហើយ នេះជាលើកទី១ ដែល ក្រុមបាល់ទាត់រុស្ស៊ី ចេះឈានដល់ដំណាក់ ១ភាគ៤ផ្តាច់ព្រ័ត្រ។ ក្រុមបាល់ទាត់រុស្ស៊ី ធ្លាប់បានឈានដល់តែ ដំណាក់១ភាគ៨ ផ្តាច់ព្រ័ត្រ គឺ កាលពី ៣២ ឆ្នាំមុន - ក្នុងឆ្នាំ ១៩៨៦ ជំនាន់ សហភាពសូវៀត)

-ប៉ុន្តែ ក្នុងឆ្នាំ ១៩៦០ ពេលប្រកួតជាលើកដំបូង ដើម្បីដណ្តើមពានវង្វាន់ទ្វីបអឺរ៉ុបគឺ ពិតជា​ក្រុម​ជម្រើស សូវៀតតែម្តង ដែលបានទទួលពានរង្វាន់នេះ ហើយក្លាយជា ជើងឯកបាល់ទាត់អឺរ៉ុប មុនគេបង្អស់។

-លុះក្នុងឆ្នាំ ២០០៨ ពេលប្រកួតបាល់ទាត់អឺរ៉ុប ដែរ ក្រុមជម្រើសបាល់ទាត់រុស្ស៊ី ចេះដណ្តើមបាន មេដាយសំរិទ្ធ ដោយជាប់លេខ៣ កាលណោះឈ្នះលើ ក្រុមជម្រើស ហូឡង់។

ពួកអ្នកឯកទេស ឯកភាពនឹងមតិប្រមុខរដ្ឋរុស្ស៊ី ដែលថា ៖

-ជម្រើសដ៏ត្រូវតែមួយគត់ ធ្វើដោយគ្រូបង្វឹករុស្ស៊ីដែលសម្រេចថា មានតែ ស្នៀតរាយក្រឡា​ការពារ​យ៉ាងស្អិត  ទើបអាចប្រឈមនឹង ក្រុមតារាបាល់ទាត់អេស្ប៉ាញ ដែលធ្លាប់ក្លាយ​ទៅ​ហើយ​ជា ​ជើងឯកអឺរ៉ុបផង  ពីភព លោកផង។  ក្នុងការប្រកួតជាមួយរុស្ស៊ី ស្របនឹងស្ថិតិ ៖ បាល់បាន​ស្ថិតនៅ​ជាប់នឹងជើង ពួកអ្នកទាត់ អេស្ប៉ាញ គឺដល់ទៅ ៧៤% ចំណែកតែ ២៦% ប៉ុណ្ណោះ បាន​ស្ថិត​​នៅជាប់នឹងជើង ពួកអ្នកទាត់ជាតិរុស្ស៊ី ប៉ុន្តែ មិនអាចស៊ុតចូលហ្គោលរុស្ស៊ីដូចចិត្តឡើយ។  

មិនមែនចៃដន្យទេ ដែលពួកអ្នកជំនាញបាល់ទាត់ ដោយបញ្ចេញយោបល់ទៅ ទស្សនាវដ្​តីអាល្លឺម៉ង់​ Spiegelបានសង្កេតឃើញថា ការរាយរបង​ការពារ​របស់​ក្រុម​ជម្រើ​រុស្ស៊ី​ទល់​នឹង​អេស្ប៉ាញ មានទម្រង់ជារនាំងដែកតែម្តង ចូលមិនចុះសោះ។

កាសែតអង់គ្លេស The Guardian

-គេតែងបាននិយាយថា ក្រុមជម្រើសរុស្ស៊ី ជាក្រុមបាល់ទាត់អន់បំផុតក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែ​ក្រុម​នេះ ​នៅតែ បន្តប្រកួត ទេតើ។ គេតែងបាននិយាយថា គូប្រជែងរបស់ក្រុមរុស្ស៊ី គឺ ក្រុមជម្រើស​អេស្ប៉ាញ​ដ៏​ឆើតបំផុត ។  បើនិយាយ ត្រង់ភ្លឹងទៅ ការប្រកួតនេះ គឺពិបាកមើលណាស់។ មាន​តាំងពី​ទាត់ចូលហ្គោលខ្លួនឯង  បន្ទាប់ មក ពិន័យ Penalty ក្រោយពីទាត់ចាវគ្នាអស់ ១២០ នាទី​ គឺឈានដល់ Serie Penalty ជាករណីដំបូងក្នុង  World Cup លើកនេះ។ នេះជា World Cup ចម្លែកសែនសម្លែក សម្រាប់ អេស្ប៉ាញ។

កាសែតអង់គ្លេស The Times

-ដោយចាប់ផ្តើមការប្រកួត ទាំងសង្ឃឹមតិចតួចសោះ ឥឡូវ ក្រុមម្រើសរុស្ស៊ី នឹកស្រមៃ​ឲ្យ​ឈ្មោះ​ខ្លួន​បាន លាន់រន្ទឺ។

-សម្រាប់អេស្ប៉ាញ ការប្រកួតកន្លងទៅ ធ្វើឲ្យនឹកឃើញពីកាលសម័យបរាជ័យ មុនដលជ័យជំនះ​ឆ្នាំ​ ២០០៨ លើក្រុមអាល្លឺម៉ង់ ១ ទល់នឹង ០ ហើយបានទទួលពានរង្វាន់អឺរ៉ុបឆ្នាំនោះឯង។ ​គ្មាន​ក្រុម​ណាមួយ ចេះទាក់បាល់ជាប់យ៉ាងស្អិតនឹងជើងខ្លួន ដូច ពួកអ្នកទាត់អេស្ប៉ញឡើយ ប៉ុន្តែ ក្នុង ការប្រកួត ៤ លើក មានតែ មួយលើកប៉ុណ្ណោះ ដែលអេស្ប៉ាញបាន ទទួលជ័យជំនះ ដោយ ២ លើក ​ទាត់ ចាវ គឺ ជាមួយ ព័រទុយហ្កាល់ផង និង ម៉ារ៉ុក ផង ទាត់ឈ្នះតែ ១លើក លើ អ៊ីរ៉ង់  រួច ១លើក ទាត់ចាញ់ Russia ។ លទ្ធផលនេះ ស្រដីឲ្យឃើញដោយឯងៗ ទៅហើយ។  

កាសែតស៊ុយអែត Expressen  

-រុស្ស៊ី ទាត់មិនមែនជាខ្ញង់ប៉ុន្មានទេ ប៉ុន្តែ យូរមកហើយ ដែលគេមិនធ្លាប់ឃើញ ក្រុមជម្រើសរុស្ស៊ី ខំ​ប្រយុទ្ធ រហូតដល់អស់លទ្ធភាព​ ដរាបណាដែលមិនទាន់ រីងរៃអស់កម្លាំងពីខ្លួនទេ។

-ប្រាកដណាស់ ដែល គ្មាននរណារង់ចាំពីការប្រកួត អេស្ប៉ាញ-រុស្ស៊ី នូវកម្រិតខ្ពស់ ដូច ការ​ប្រកួត​រវាង ក្រុមជម្រើស អ៊ុយរុយហ្កាយ-ព័រទុយហ្កាល់ ឫ បារាំង-អាហ្សង់ទីន។ ប៉ុន្តែ ទោះយ៉ាងណាក្តី ក៏ទស្សនិកជន បាន សង្ឃឹមឃើញការប្រកួតនោះ គួរឲ្យទាក់ភ្នែកដែរ។ អ្នកស្រុករុស្ស៊ី ដោយ សប្បាយចិត្តត្រេកអរពេក នាំគ្នា ស្រែកហ៊ោ ទាល់តែស្អក បំពង់ក សឹងបាត់សម្លេងទៅហើយ។

កាសែតអេស្ប៉ាញ El Pais

-ការប្រកួតនេះ បានចាប់ផ្តើមដោយមានលាភសម្រាប់អេស្ប៉ាញ នៅពេលដែល អ្នកទាត់រុស្ស៊ី បានភ្លាត់ជើង កៀសបាល់ចូលហ្គោលរុស្ស៊ីខ្លួនឯង។ ទោះបី លេខលើ Tableau ចង្អុល ១-០ សម្រាប់ជាប្រយោជន៍ខ្លួនក្តី ក៏ អេស្ប៉ាញ បែរទៅជាបង្ហាញល្បែងប្រកួតដោយចង្វាក់យឺត មិនបង្កើតជា ឱកាសគ្រោះថ្នាក់ ដើម្បី សម្រុក ទៅស៊ុតចូលហ្គោលរុស្ស៊ី ឡើយ។ ចំណែករុស្ស៊ីវិញ ដោយសម្រុកបកវិញ បន្តស្ថិតនៅ ស្មោះត្រង់នឹង ផែនការ ពីដើមទីរបស់ខ្លួន ការពារហ្គោលខ្លួន​យ៉ាង​មាំ ដោយឥតប្រែប្រួលសោះឡើយ៕. 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ