អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក

លោក Mike Pompeo ថា​ កិច្ចពិភាក្សា​រវាង​លោក​ជាមួយ​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​ពោរពេញ​ដោយ​ផលវិជ្ជមាន

លោក​ប្រមុខ​ការទូត​អាមេរិក Mike Pompeo បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ទឹកដី​កូរ៉េខាងជើង។ គោលដៅ​នៃ​ទស្សនកិច្ច គឺ​ដើម្បី​និយាយ​ពី​នីតិវិធី​នៃ​ដំណើរ​ការ​រំសាយ​នុយក្លេអ៊ែរ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នៃ​ជំនួបកំពូល​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន​កាល​ពី​ថ្ងៃទី១២ មិថុនា​ក្នុង​ប្រទេស​សិង្ហបុរី។ ថ្លែង​នៅ​ចំពោះ​មុខ​អ្នកកាសែត​នា​ថ្ងៃ​សៅរ៍ ទី៧ កក្កដា​ដែល​ជា​ថ្ងៃទី២ និង​ថ្ងៃ​ចុង​ក្រោយ​នៃ​ទស្សនកិច្ច លោក Pompeo បាន​ចាត់​ទុក​កិច្ចពិភាក្សា​រវាង​លោក​ជាមួយ​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​ថា​ពោរពេញ​ដោយ​ផលវិជ្ជមាន។ តែ​ផលវិជ្ជមាន​កម្រិត​ណា​នោះ​មិន​ត្រូវ​បាន​លោក Pompeo បញ្ជាក់​ទេ។ យ៉ាង​ណា​ក៏​ដោយ ប្រមុខ​ការទូតអាមេរិក​រូប​នេះ​មាន​ទំនុកចិត្ត​ផង និង​ប្រយ័ត្នប្រយែង​ផង។

លោក Mike Pompeo ថា​ កិច្ចពិភាក្សា​រវាង​លោក​ជាមួយ​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​ពោរពេញ​ដោយ​ផលវិជ្ជមាន
លោក Mike Pompeo ថា​ កិច្ចពិភាក្សា​រវាង​លោក​ជាមួយ​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​ពោរពេញ​ដោយ​ផលវិជ្ជមាន Reuters
ផ្សាយពាណិជ្ជកម្ម

« កិច្ចពិភាក្សា​របស់​យើង​មាន​រយៈពេល​ជា​ច្រើន​ម៉ោង និង​ទទួល​បាន​ផលវិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់។ នៅ​ក្នុង​កិច្ចពិភាក្សា​នោះ យើង​បាន​លើក​យក​បញ្ហា​គ្រប់​យ៉ាង​ទៅ​និយាយ ហើយ​មាន​ការងារ​ជា​ច្រើន​ដែល​យើង​បាន​ធ្វើ​ឲ្យ​ចម្រើន​ទៅ​មុខ ពិសេស​បញ្ហា​ស្នូល និង​សំខាន់ៗ។ មាន​ភាព​រីកច្រើន​នៅ​ក្នុង​បញ្ហា​ខ្លះ ហើយ​បញ្ហា​ខ្លះ​ទៀត​តម្រូវ​ឲ្យ​យើង​ធ្វើ​ការងារ​បន្ត។

យើង​មាន​កិច្ចប្រជុំ​មួយ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១២ កក្កដា​ខាង​មុខ​ក្នុង​ស្រុក​ព្រំដែន Panmunjom ដែល​ខ័ណ្ឌ​ចែក​កូរ៉េ​ជា​ពីរ តែ​ប្រហែល​ជា​អាច​លើក​ពេល ២ ឬ ៣ថ្ងៃ។ វា​នឹង​មាន​កិច្ចចរចា​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ស្តីពី​ការ​បញ្ជូន​ទៅ​អាមេរិក​នូវ​ឆ្អឹង​សពទាហានអាមេរិក​ដែល​បាន​ស្លាប់​ក្នុង​សម័យ​សង្រ្គាមកូរ៉េ។

នីតិវិធី​មួយ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​កិច្ចប្រជុំ​ក្នុង​ស្រុក​ព្រំដែន Panmunjom។ ទន្ទឹម​គ្នា​នេះ ភាគី​កូរ៉េខាងជើង​ក៏​បាន​បញ្ជាក់​ពី​ការ​រំលាយ​មជ្ឈមណ្ឌល​សម្រាប់​សាកល្បង​នុយក្លេអ៊ែរ​ដែរ។ យើង​បាន​និយាយ​គ្នា​ថា តើ​ការ​រំលាយ​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ដូចម្តេច។ នៅ​ក្នុង​ប្រធានបទ​មួយ​នេះ ក៏​យើង​មាន​ភាព​រីកចម្រើន​ទៅ​មុខ​ដែរ។ បន្ទាប់​មក យើង​ក៏​បាន​រៀបចំ​យន្តការ​សម្រាប់​កិច្ចចរចា​ថ្នាក់​ក្រុម​ការងារ​នៅ​ថ្ងៃ​ខាង​មុខ។ ដូច្នេះ ភាគី​ទាំង​ពីរ​អាច​នឹង​ជួប​គ្នា និង​បន្ត​កិច្ចពិភាក្សា​ជាមួយ​គ្នា »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ