វ៉ាក់សាំងប្រឆាំងមេរោគអេដស៍ នឹងមានរូបរាងនៅពេលឆាប់ៗខាងមុខ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៥២
តើអ្នកវិទ្យាសាស្រ្តនឹងអាចឈានទៅផលិតវ៉ាក់សាំង ប្រឆាំងនឹងជម្ងឺអេដស៍? ការសិក្សាមួយ ដែលត្រូវបានចុះផ្សាយ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត កាលពីថ្ងៃសៅរ៍ បានបង្ហាញពីលទ្ធផលពិសោធន៍ គួរឲ្យលើកទឹកចិត្ត មួយ នោះគឺ វ៉ាក់សាំងដែលគេបានធ្វើ តេស្ត សាកល្បងទៅលើមនុស្ស បានទៅបង្កើត ប្រព័ន្ធការពារសរីរាង្គ យ៉ាងរឹងមាំ និងបានជួយការពារសត្វស្វាពិសោធន៍ មិនឲ្យឆ្លងមេរោគ អេដស៍។
ក្តីសង្ឃឹមរកវ៉ាក់សាំងដើម្បីការពារកុំឲ្យឆ្លងមេរោគអេដស៍ ដែលគ្មានថ្នាំព្យាបាល នោះ កំពុងចាប់ចេញជាពន្លឺខ្លះហើយ។ កាលពីថ្ងៃសៅរ៍ ការសិក្សាថ្មីមួយ ដែលចុះផ្សាយនៅក្នុងទស្សនាវដ្តី វិទ្យាសាស្រ្ត The lancetបានបង្ហាញពីការបោះជំហានមួយដ៏សំខាន់ ក្នុងដំណើរការស្វែងរកវ៉ាក់សាំងប្រឆាំងមេរោគអេដស៍។ ដើម្បីបង្កើតវ៉ាក់សាំង ការពារមេរោគអេដស៍ អ្នកស្រាវជ្រាវបានធ្វើតេស្តសាកល្បងមួយទៅលើមនុស្ស ហើយនិងសត្វស្វា នៅក្នុងមន្ទីរពិសោធន៍។
សត្វស្វាចំនួន ៧២ក្បាលត្រូវបានគេជ្រើសរើស សម្រាប់ដំណាក់កាលសាកល្បង លើកទី១ ដែលនៅក្នុងនោះ មួយចំនួនបានទទួលចាក់វ៉ាក់សាំងប្រឆាំងមេរោគអេដស៍ និងមួយចំនួនទៀតបានទទួលត្រឹមថ្នាំ Placebo។ ជាលទ្ធផល នៅពេលដែលអ្នកវិទ្យាសាស្រ្តចាក់បញ្ចូល មេរោគ អេដស៍ទៅក្នុងរាងកាយរបស់សត្វសា្វ គេឃើញថា ពីរ ភាគបីនៃសត្វស្វាពិសោធន៍ មានអង់ទីករ ការពារ មិនឲ្យឆ្លងមេរោគ។
នៅក្នុងដំណាក់កាលទី២ គេបានចាក់វ៉ាក់សាំងដដែល ទៅលើមនុស្ស៣៩៣នាក់ ដែលបានស្ម័គ្រចិត្ត ចូលរួម ក្នុង ការស្រាវជ្រាវ នៅក្នុងប្រទេស ថៃ អាមេរិក ប្រទេសនៅតំបន់អាហ្វ្រិកខាងកើត ហើយនិងអាហ្រ្វិកខាងលិច។ អ្នកដែលទទួលចាក់វ៉ាក់សាំងសាកល្បង សុទ្ធតែមានមនុស្សដែលមានសុខភាពរឹងមាំ គ្មានមេរោគអេដស៍ និងមានអាយុ ពី១៨ រហូតដល់៥០ឆ្នាំ។ នៅក្នុងតេស្តសាកល្បង គេបានចាក់វ៉ាក់សាំង ដល់ទៅ ៤ដង ក្នុងរយៈពេល ៤៨សប្តាហ៍។
ការធ្វើតេស្តសាកល្បងបានបង្ហាញពីសុវត្ថិភាព គ្មានគ្រោះថ្នាក់ដល់ជីវិតមនុស្ស។ មានមនុស្សតែ៥នាក់ ប៉ុណ្ណោះ ដែលរងផលប៉ះពាល់ ដោយសារប្រតិកម្មរបស់វ៉ាក់សាំង ដូចជារាគរូស ហើមពោះ ឬឈឺខ្នង។ ប៉ុន្តែ ក្រៅពីនោះ វ៉ាក់សាំង បានទៅជួយបង្កើន ប្រព័ន្ធ ការពារសរីរាង្គរបស់មនុស្ស មិនឲ្យឆ្លងមេរោគអេដស៍។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ទស្សនាវដ្តី អ្នកជំនាញខាងមេរោគលោក Dan Barouch បានបញ្ជាក់ថា លទ្ធផលធ្វើតេស្តខាងលើ បានបង្ហាញពីការវិវឌ្ឍដ៏សំខាន់មួយ។ ប៉ុន្តែ យ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើន ក៏ដូចជាលោកBarouch ផងនៅមិនទាន់ហ៊ានធានាទេថា វ៉ាក់សាំង ដែលគេបានធ្វើតេស្តដោយជោគជ័យនៅពេលនេះ ជាអនាគត វ៉ាក់សាំង សម្រាប់ការពារមេរោគអេដស៍នោះ។
វ៉ាក់សាំងដែលគេបានចាក់សាកល្បង ទៅលើមនុស្ស និងសត្វ ជាវ៉ាក់សាំង ដែលផ្សំឡើងពីមេរោគច្រើនប្រភេទរបស់មេរោគអេដស៍ដែលត្រូវគេបានបន្សាំ ឲ្យលែងមានគ្រោះថ្នាក់។ គេសង្ឃឹមថា វ៉ាក់សាំងដែលផ្សំពីមេរោគ ដែលមិនគ្រោះថ្នាក់ នោះនឹងអាចជួយទៅបង្កើតប្រព័ន្ធការពាររាងកាយ ប៉ុន្តែ លទ្ធផលគឺល្អហួសពីការគិតទុក ព្រោះ វ៉ាក់សាំងបានទៅជំរុញ ពង្រឹងប្រព័ន្ធការពាររបស់មនុស្ស ឲ្យកាន់តែខ្លាំងជាងមុន។
ជាមួយនឹងលទ្ធផលពិសោធន៍ ដ៏វិជ្ជមាន និងគួរឲ្យជឿជាក់លើកនេះ គេនឹងអាចចាប់ផ្តើមធ្វើតេស្តជាលក្ខណៈសកល។ តាមគម្រោង គេនឹងចាក់ វ៉ាក់សាំង ទៅលើមនុស្ស ស្រ្តី ២៦០០នាក់ នៅបណ្តាប្រទេសនៅអាហ្រ្វិកខាងត្បូង ជាទីដែលមនុស្សប្រឈមខ្លាំងជាងគេនឹងការឆ្លងមេរោគ អេដស៍។ លទ្ធផលនៃការធ្វើតេស្តសាកល្បងលើកនេះ នឹងត្រូវផ្សព្វផ្សាយឲ្យដឹង នៅ៣ឆ្នាំខាងមុខ ឆ្នាំ ២០២១។
វ៉ាក់សាំងដែលគេទើបស្រាវជ្រាវរកឃើញថ្មី ស្ថិតនៅក្នុងការធ្វើតេស្តសាកល្បងនៅឡើយ។ សម្រាប់ អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តជាច្រើន ទោះបីជាវ៉ាក់សាំងថ្មីនេះ អាចមិនមែនជាអនាគតវ៉ាក់សាំងការពារមេរោគអេដស៍ ប៉ុន្តែ គេសង្ឃឹមថា ជាមួយនឹងការរកឃើញថ្មីៗ គេនឹងអាចរកឃើញ និងផលិតបានវ៉ាក់សាំងប្រឆាំងមេរោគអេដស៍ នៅក្នុងរយៈពេល១០ឆ្នាំ មុខ គឺនៅ៥៨ឆ្នាំក្រោយដែលគេប្រទះរកឃើញករណីមនុស្សឆ្លងមេរោគអេដស៍ លើកដំបូងគេកាលពីឆ្នាំ ១៩៨០។
ចាប់តាំងពីកើតឆ្លងទៅលើមនុស្ស នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ជម្ងឺអេដស៍ បានសម្លាប់មនុស្ស ៣៥លាននាក់។ តាមអង្គការសុខភាពពិភពលោក មនុស្ស ៣៧លាននាក់កំពុងរស់ជាមួយមេរោគអេដស៍ និងកើតជម្ងឺអេដស៍ ខណៈពេលដែលមនុស្សប្រមាណ ១លាន ៨សែននាក់បានឆ្លងមេរោគអេដស៍ជារៀងរាល់ឆ្នាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ