អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វ៉ាក់សាំង​ប្រឆាំង​មេរោគ​អេដស៍ នឹងមាន​​រូបរាង​នៅពេល​ឆាប់ៗខាងមុខ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើ​អ្នកវិទ្យាសាស្រ្តនឹងអាច​ឈាន​ទៅ​ផលិត​វ៉ាក់សាំង ប្រឆាំង​នឹង​ជម្ងឺ​អេដស៍? ការសិក្សា​មួយ ដែល​ត្រូវ​បាន​ចុះផ្សាយ នៅក្នុង​ទស្សនាវដ្តី​វិទ្យាសាស្រ្ត កាលពី​ថ្ងៃ​សៅរ៍ បាន​បង្ហាញ​ពី​លទ្ធផល​ពិសោធន៍ គួរ​ឲ្យ​លើក​ទឹកចិត្ត មួយ នោះគឺ វ៉ាក់សាំង​ដែលគេ​បាន​ធ្វើ តេស្ត សាកល្បង​ទៅលើ​មនុស្ស បាន​ទៅ​បង្កើត ប្រព័ន្ធ​ការពារ​សរីរាង្គ យ៉ាងរឹងមាំ និង​បាន​ជួយ​ការពារ​សត្វស្វា​ពិសោធន៍ មិន​ឲ្យ​ឆ្លងមេរោគ អេដស៍។ 

វ៉ាក់សាំង​ពិសោធន៍ ដែល​គេ​ចាក់​សាកល្បង​សម្រាប់​ការពារ​ពីមេរោគអេដស៍ នៅ​អាហ្វ្រិក​ខាងត្បូង កាលពី​ឆ្នាំ ២០១៦
វ៉ាក់សាំង​ពិសោធន៍ ដែល​គេ​ចាក់​សាកល្បង​សម្រាប់​ការពារ​ពីមេរោគអេដស៍ នៅ​អាហ្វ្រិក​ខាងត្បូង កាលពី​ឆ្នាំ ២០១៦ MUJAHID SAFODIEN / AFP
ផ្សាយពាណិជ្ជកម្ម

ក្តីសង្ឃឹម​រក​វ៉ាក់សាំង​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លងមេរោគ​អេដស៍ ដែល​គ្មាន​ថ្នាំព្យាបាល នោះ កំពុង​ចាប់ចេញ​ជា​ពន្លឺ​ខ្លះហើយ។ កាល​ពី​ថ្ងៃ​សៅរ៍ ការសិក្សា​ថ្មីមួយ ដែល​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្តី វិទ្យាសាស្រ្ត The lancet​បាន​បង្ហាញ​ពី​ការបោះជំហាន​មួយ​ដ៏សំខាន់ ក្នុង​ដំណើរការ​ស្វែងរក​វ៉ាក់សាំង​ប្រឆាំង​មេរោគអេដស៍។ ដើម្បី​បង្កើត​វ៉ាក់សាំង ការពារ​មេរោគ​អេដស៍ អ្នកស្រាវជ្រាវ​បាន​ធ្វើតេស្ត​សាកល្បង​មួយ​ទៅលើ​មនុស្ស ហើយ​និង​សត្វស្វា នៅក្នុង​មន្ទីរពិសោធន៍។

សត្វស្វា​ចំនួន ៧២​ក្បាល​ត្រូវ​បាន​គេជ្រើសរើស សម្រាប់​ដំណាក់កាល​សាកល្បង លើកទី១ ដែលនៅក្នុង​នោះ មួយចំនួន​បាន​ទទួល​ចាក់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​អេដស៍ និង​មួយចំនួន​ទៀត​បាន​ទទួល​ត្រឹម​ថ្នាំ Placebo។ ជាលទ្ធផល នៅពេល​ដែល​អ្នកវិទ្យាសាស្រ្ត​ចាក់បញ្ចូល មេរោគ អេដស៍​ទៅក្នុង​រាងកាយ​របស់​សត្វសា្វ គេឃើញថា ពីរ ភាគ​បី​នៃ​សត្វស្វា​ពិសោធន៍ មាន​អង់ទីករ ការពារ មិន​ឲ្យ​ឆ្លង​មេរោគ។

នៅក្នុង​ដំណាក់កាល​ទី២ គេ​បាន​ចាក់​វ៉ាក់សាំង​ដដែល ទៅលើ​មនុស្ស​៣៩៣​នាក់ ដែល​បាន​ស្ម័គ្រចិត្ត ចូល​រួម ក្នុង ការស្រាវជ្រាវ នៅក្នុង​ប្រទេស ថៃ អាមេរិក ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ខាងកើត ហើយនិង​អាហ្រ្វិក​ខាងលិច។ អ្នកដែល​ទទួល​ចាក់​វ៉ាក់សាំង​សាកល្បង សុទ្ធ​តែ​មាន​មនុស្ស​ដែល​មាន​សុខភាព​រឹងមាំ គ្មានមេរោគអេដស៍ និង​មាន​អាយុ ពី​១៨ រហូត​ដល់​៥០ឆ្នាំ។ នៅក្នុង​តេស្ត​សាកល្បង គេ​បាន​ចាក់​វ៉ាក់សាំង ដល់​ទៅ ៤ដង ក្នុង​រយៈពេល ៤៨​សប្តាហ៍។

ការធ្វើ​តេស្ត​សាកល្បង​បាន​បង្ហាញ​ពី​សុវត្ថិភាព គ្មានគ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស។ មាន​មនុស្ស​តែ​៥នាក់ ប៉ុណ្ណោះ ដែល​រងផល​ប៉ះពាល់​ ដោយសារ​ប្រតិកម្ម​របស់​វ៉ាក់សាំង ដូចជា​រាគរូស ហើមពោះ ឬ​ឈឺខ្នង។ ប៉ុន្តែ ក្រៅពីនោះ វ៉ាក់សាំង បាន​ទៅ​ជួយ​បង្កើន ប្រព័ន្ធ ការពារ​សរីរាង្គ​របស់​មនុស្ស មិន​ឲ្យ​ឆ្លង​មេរោគអេដស៍។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទស្សនាវដ្តី អ្នកជំនាញ​ខាងមេរោគ​លោក Dan Barouch បាន​បញ្ជាក់ថា លទ្ធផល​ធ្វើតេស្ត​ខាងលើ បាន​បង្ហាញ​ពីការវិវឌ្ឍ​ដ៏សំខាន់​មួយ។ ប៉ុន្តែ យ៉ាងណាក៏ដោយ អ្នកជំនាញ​ជាច្រើន ក៏ដូចជា​លោក​Barouch ផង​នៅមិនទាន់​ហ៊ាន​ធានា​ទេថា វ៉ាក់សាំង ដែលគេ​បាន​ធ្វើតេស្ត​ដោយ​ជោគជ័យ​នៅពេលនេះ ជា​អនាគត វ៉ាក់សាំង សម្រាប់​ការពារ​មេរោគ​អេដស៍​នោះ។​

វ៉ាក់សាំង​ដែល​គេ​បាន​ចាក់សាកល្បង ទៅលើ​មនុស្ស និង​សត្វ ជា​វ៉ាក់សាំង ដែលផ្សំឡើង​ពី​មេរោគ​ច្រើនប្រភេទ​របស់​មេរោគ​អេដស៍​ដែល​ត្រូវ​គេ​បាន​បន្សាំ ឲ្យ​លែង​មាន​គ្រោះថ្នាក់។ គេសង្ឃឹមថា វ៉ាក់សាំង​ដែល​ផ្សំ​ពីមេរោគ ដែល​មិន​គ្រោះថ្នាក់ នោះ​នឹង​អាច​ជួយ​ទៅ​បង្កើត​ប្រព័ន្ធ​ការពារ​រាងកាយ ប៉ុន្តែ លទ្ធផល​គឺ​ល្អ​ហួស​ពី​ការគិតទុក ព្រោះ វ៉ាក់សាំង​បាន​ទៅ​ជំរុញ ពង្រឹង​ប្រព័ន្ធ​ការពារ​របស់​មនុស្ស ឲ្យ​កាន់​តែ​ខ្លាំង​ជាងមុន។

ជាមួយ​នឹង​លទ្ធផល​ពិសោធន៍ ដ៏​វិជ្ជមាន និង​គួរ​ឲ្យ​ជឿជាក់​លើកនេះ គេ​​នឹងអាច​ចាប់ផ្តើម​ធ្វើតេស្ត​ជា​លក្ខណៈ​សកល។ តាមគម្រោង គេ​នឹង​ចាក់ វ៉ាក់សាំង ទៅលើ​មនុស្ស ស្រ្តី ២៦០០​នាក់ នៅ​បណ្តា​ប្រទេស​នៅ​អាហ្រ្វិក​ខាងត្បូង ជាទី​ដែល​មនុស្ស​ប្រឈម​ខ្លាំង​ជាងគេ​នឹង​ការឆ្លងមេរោគ អេដស៍។ លទ្ធផល​នៃការធ្វើ​តេស្ត​សាកល្បង​លើកនេះ នឹង​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​ដឹង នៅ​៣ឆ្នាំ​ខាងមុខ ឆ្នាំ ២០២១។

វ៉ាក់សាំង​ដែល​គេ​ទើប​ស្រាវជ្រាវ​រកឃើញថ្មី ស្ថិតនៅក្នុង​ការធ្វើតេស្ត​សាកល្បង​នៅឡើយ។ សម្រាប់ អ្នកស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្រ្ត​ជាច្រើន ទោះបី​ជា​វ៉ាក់សាំង​ថ្មី​នេះ អាច​មិនមែន​ជា​អនាគត​វ៉ាក់សាំង​ការពារ​មេរោគអេដស៍ ប៉ុន្តែ គេ​សង្ឃឹមថា ជាមួយ​នឹង​ការរកឃើញ​ថ្មីៗ គេ​នឹង​អាច​រកឃើញ និង​ផលិត​បាន​វ៉ាក់សាំង​ប្រឆាំង​មេរោគ​អេដស៍ នៅក្នុង​រយៈពេល​១០​ឆ្នាំ មុខ គឺ​នៅ​៥៨​ឆ្នាំ​ក្រោយ​ដែល​គេ​ប្រទះ​រកឃើញ​ករណី​មនុស្ស​ឆ្លង​មេរោគ​អេដស៍ លើកដំបូងគេ​កាលពី​ឆ្នាំ ១៩៨០។

ចាប់តាំង​ពី​កើតឆ្លង​ទៅលើ​មនុស្ស នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ជម្ងឺអេដស៍ បាន​សម្លាប់​មនុស្ស ៣៥​លាន​នាក់។ តាម​អង្គការ​សុខភាព​ពិភពលោក មនុស្ស​ ៣៧លាន​នាក់​កំពុង​រស់​ជាមួយ​មេរោគអេដស៍ និងកើតជម្ងឺ​អេដស៍ ខណៈពេល​ដែល​មនុស្ស​ប្រមាណ ១លាន ៨សែននាក់​បាន​ឆ្លងមេរោគអេដស៍​ជារៀងរាល់ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ