អានតួអត្ថបទ
អូតង់-បែលហ្ស៊ិក

លោកដូណាល់ ត្រាំ​ថា ប្រទេស​អាល្លឺម៉ង់​ជា​អ្នកទោស​របស់​ប្រទេស​រុស្ស៊ី

នៅ​ក្នុង​ឱកាស​នៃ​ជំនួបកំពូល​អង្គការ​អូតង់​ដែល​បាន​ចាប់​ផ្តើម​នា​ថ្ងៃ​ពុធ ទី១១ កក្កដា​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក ក៏​មាន​ជំនួប​ជា​លក្ខណៈ​ទ្វេភាគី​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​សមាជិក​អូតង់​ដែរ។ ជំនួប​ទ្វេភាគី​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​ត្រូវ​បាន​លោក​ត្រាំ​ចាត់​ទុក​ថា​ល្អប្រសើរ និង​ថា លោក និង​លោកស្រី​មែរកិល​បាន​និយាយ​ពី​ការ​ចំណាយ​ក្នុង​វិស័យ​ការពារ ពាណិជ្ជកម្ម រួម​ទាំង​បញ្ហា​អន្តោប្រវេសន៍។ តែ​ភាព​ល្អូកល្អឺន​នេះ​បាន​កើត​ឡើង ប៉ុន្មាន​បន្ទាប់​ពី​លោកត្រាំ​និយាយ​បរិហារ​អាល្លឺម៉ង់​មិន​សំចៃមាត់​ក្នុង​រឿង​ចំណាយ​តិច​ក្នុង​វិស័យ​ការពារ និង​បាន​ចូលរួម​វិភាគទាន​តិចតួច​សម្រាប់​អង្គការ​អូតង់។ ទន្ទឹម​គ្នា​នេះ លោក​ត្រាំ​ថែម​ទាំង​ចាត់​ទុក​អាល្លឺម៉ង់​ជា​អ្នកទោស​របស់​ប្រទេស​រុស្ស៊ី​ទៀត​ផង។

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល ក្នុង​ឱកាស​ជំនួបកំពូល​អូតង់​នៅ​បែលហ្ស៊ិក ថ្ងៃទី១១ កក្កដា ២០១៨
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល ក្នុង​ឱកាស​ជំនួបកំពូល​អូតង់​នៅ​បែលហ្ស៊ិក ថ្ងៃទី១១ កក្កដា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

« ប្រទេស​អាល្លឺម៉ង់​បាន​ចូលរួម​ចំណែក​ត្រឹម​តែ​ជាង ១ភាគរយ​ប៉ុណ្ណោះ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ខ្លួន។ ចំណែក​អាមេរិក​វិញ​បច្ចុប្បន្ន​នេះ អាមេរិក​បាន​ចូលរួម​ដល់​ទៅ ៤,២% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។ អាល្លឺម៉ង់​ជា​ប្រទេស​អ្នកមាន។ អ្វី​ដែល​អាល្លឺម៉ង់​បាន​លើក​ឡើង​នោះ​គឺ​ថា គេ​អាច​នឹង​ដំឡើង​ការ​ចំណាយ​យោធា​របស់​គេ​បាន​តែ​បន្តិចបន្តួច​ទេ​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០៣០។

អ៊ីចឹង​វា​ពិត​ជា​រឿង​ប្រសើរ​ណាស់​ដែល​អាល្លឺម៉ង់​អាច​ដំឡើង​ការ​ចំណាយ​យោធា​របស់​គេ​បាន​ភ្លាមៗ ដំឡើង​នៅ​ថ្ងៃ​ស្អែក​តែ​ម្តង​ទៅ ហើយ​រឿង​នេះ​នឹង​មិន​បង្ក​ឲ្យ​មាន​បញ្ហា​អ្វី​ទេ​សម្រាប់​អាល្លឺម៉ង់។ ខ្ញុំ​គិត​ថា វា​មិន​យុត្តិធម៌​សោះ​ឡើយ​ចំពោះ​អាមេរិក។ បន្ទាប់​មក ហេតុ​អ្វី​បាន​ជា​អាល្លឺម៉ង់​សុខចិត្ត​ចាយ​លុយ​ជា​ច្រើន​ពាន់លានដុល្លារ​ទៅ​ឲ្យ​ប្រទេស​រុស្ស៊ី​ដើម្បី​បំពេញ​តម្រូវការ​ថាមពល​របស់​ខ្លួន?។ អាល្លឺម៉ង់​ជា​អ្នកទោស​របស់​រុស្ស៊ី។

អាល្លឺម៉ង់​បាន​លុប​បំបាត់​ចោល​នូវ​ថាមពល​ដែល​បាន​មក​ពី​ការ​ប្រើ​ធ្យូងថ្ម និង​នុយក្លេអ៊ែរ។ សព្វថ្ងៃ​នេះ អាល្លឺម៉ង់​បាន​ទិញ​ប្រេង និង​ឧស្ម័ន​ពី​រុស្ស៊ី​ក្នុង​បរិមាណ​យ៉ាង​ច្រើន​សម្បើម។ វា​ពិត​ជា​មិន​យុត្តិធម៌​ទាល់​តែ​សោះ។ អាល្លឺម៉ង់​បង់​លុយ​រាប់សិបពាន់​លានដុល្លារ​ឲ្យ​រុស្ស៊ី ចំណែក​យើង​វិញ​ពេល​នេះ យើង​បែរ​ជា​ត្រូវ​ការពារ​អាល្លឺម៉ង់​ពី​រុស្ស៊ី​ទៅ​វិញ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ