ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 14/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/11 12h00 GMT

អូតង់៖​អ្វី​ទៅ​ជា​ហេតុផល​ដែល​កំពុង​ធ្វើ​ឲ្យ​អាមេរិក និង​អឺរ៉ុប​បន្ត​ដំឡើង​សរសៃ ក ដាក់គ្នា​?

អូតង់៖​អ្វី​ទៅ​ជា​ហេតុផល​ដែល​កំពុង​ធ្វើ​ឲ្យ​អាមេរិក និង​អឺរ៉ុប​បន្ត​ដំឡើង​សរសៃ ក ដាក់គ្នា​?
 
លោក​ប្រធានាធិបតី​អាមេរិក​ Donald Trump និង​អគ្គលេខាធិការ​អង្គការ​អូតង់​លោក​ Jens Stoltenberg ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក ថ្ងៃទី១១ កក្កដា ២០១៨ Reuters

អង្គការ​អូតង់​បើក​ជំនួបកំពូល​លើកទី២៦ របស់​ខ្លួន​រយៈពេល ២ថ្ងៃ គឺ​ថ្ងៃ​ពុធ ទី១១ និង​ថ្ងៃ​ព្រហស្បតិ៍ ទី១២ កក្កដា​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ ជំនួបកំពូល​ដែល​ចូលរួម​ដោយ​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ទាំង ២៩ប្រទេស​សមាជិក​អូតង់។ អ្វី​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ជំនួបកំពូល​ឆ្នាំ​នេះ គឺ​សង្រ្គាមពាក្យ​សម្តី​រវាង​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ និង​ប្រទេស​សមាជិក​ផ្សេង​ទៀត ពិសេស​នៅ​អឺរ៉ុប។

លោក​ប្រធានាធិបតី​អាមេរិក​បាន​ទាមទារ​ដល់​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​ឲ្យ​បង់​ថវិកា​ច្រើន​ជាង​នេះ​សម្រាប់​អង្គការ​អូតង់ និង​ថា វា​ពិត​ជា​អយុត្តិធម៌​ខ្លាំង​ណាស់​ចំពោះ​អាមេរិក​ដែល​បាន​ចំណាយ​លុយច្រើន​សម្រាប់​ការពារ​អ្នក​ដទៃ។ តែ​ក្រៅ​ពី​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​រឿង​ថវិកា ថ្នាក់ដឹកនាំ​អូតង់​ក៏​ហាក់​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​ធ្វើ​កំណែទម្រង់​ចាំ​បាច់​មួយ​ចំនួន​ដើម្បី​សម្របខ្លួន​ទៅ​នឹង​ការ​គំរាមកំហែង​របស់​អង្គការ​រដ្ឋអ៊ីស្លាម។

ចំណែក​វិភាគទាន​ដែល​ប្រទេស​សមាជិក​ម្នាក់ៗ​ក្នុង​អង្គការ​អូតង់​ត្រូវ​បង់​ប្រចាំ​ឆ្នាំ​មាន​បរិមាណ​មិន​ដូច​គ្នា​ទេ ពោល​បាន​គិតគូរ​ដោយ​ផ្អែក​លើ​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក​នីមួយៗ។ ប្រទេស​សមាជិក​ណា​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ត្រូវ​បង់​លុយ​ច្រើន ហើយ​ប្រទេស​សមាជិក​ណា​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​តូច​ត្រូវ​បង់​លុយ​តិច។ នេះ​ជា​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់ផ្ទៃក្នុង​របស់​អង្គការ​អូតង់។ បច្ចុប្បន្ន​នេះ អាមេរិក​តែ​ម្នាក់​ឯង​បាន​ផ្តល់ ២០% នៃ​ថវិកា​សរុប​របស់​អង្គការ​អូតង់ ហើយ​សមត្ថភាព​យោធា​ក្នុង​កម្លាំង​អូតង់​ដល់​ទៅ ៧៥% ត្រូវ​បាន​ធានា​រ៉ាប់រង​ដោយ​អាមេរិក។ អ្វី​ដែល​លោក​ត្រាំ​កំពុង​បន្ត​ទាមទារ​យ៉ាង​ទទូច​ពេល​នេះ គឺ​សុំ​ឲ្យ​ប្រទេស​សមាជិក​ផ្សេង​នៅ​អឺរ៉ុប​គោរព​តាម​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​នា​ជំនួបកំពូល​អូតង់​ឆ្នាំ ២០១៤។

កិច្ចព្រមព្រៀង​ឆ្នាំ ២០១៤ បាន​តម្រូវ​ឲ្យ​ប្រទេស​សមាជិក​ផ្សេង​ដំឡើង​ថវិកា​យោធា​ឲ្យ​បាន ២% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០២៤។ តែ​មក​ដល់​ពេល​នេះ ទើប​មាន ៤ប្រទេស​គត់​ដែល​សម្រេច​បាន​កម្មវត្ថុ​មួយ​នេះ គឺ​អាមេរិក អង់គ្លេស ក្រិក និង​ប្រទេស​អេស្តូនី ហើយ ៤ប្រទេស​ទៀត គឺ​លីទុយអានី ឡេតូនី ប៉ូឡូញ និង​ប្រទេស​រូម៉ានី​គ្រោង​នឹង​សម្រេច​បាន​នៅ​ដំណាច់​ឆ្នាំ ២០១៨។ ចំណែក​ប្រទេស​អឺរ៉ុប​ប្រមាណ​ជា ១៥ប្រទេស​ផ្សេង​ទៀត ក្នុង​នោះ​មាន​ទាំង​អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និង​បែលហ្ស៊ិក​ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​ឆ្នាំ​នេះ បូក​នឹង​ប្រទេស​កាណាដា​កំពុង​មាន​ថវិកា​យោធា​មិន​ដល់ ១,៤% នៃ​ផលិផល​សរុប​ក្នុង​ស្រុក និង​ប្រហែល​ជា​មិន​អាច​សម្រេច​បាន​កម្មវត្ថុ ២% ទេ។

ដូច្នេះ ការ​ដែល​លោក​ត្រាំ​បាន​ទាមទារ ដាស់តឿន ក្រើន​រម្លឹក​ពេល​នេះ​អាច​ជា​រឿង​សមហេតុ សមផល​មួយ ព្រោះ​អាមេរិក​ក្នុង​ជំនាន់​លោក​អូបាម៉ា​ក៏​ធ្លាប់​បាន​ក្រើន​រម្លឹក​ដូច​គ្នា​នេះ​ដែរ។ តែ​ខុស​ពី​លោក​អូបាម៉ា​ដែល​ចូលចិត្ត​ប្រើ​ធម៌ត្រជាក់ លោក​ត្រាំ​បាន​ប្រើ​ធម៌ក្តៅ​ដោយ​ចេញ​មុខ​គំរាម​ត្រង់ៗ​តែ​ម្តង។

រវាង​អាមេរិក និង​អឺរ៉ុប តើ​អ្នក​ណា​ទទួល​បាន​ប្រយោជន៍​ពី​អូតង់​ច្រើន​ជាង?

អង្គការ​អូតង់​គ្រាន់​ជា​ស្ថាប័ន​ពហុជាតិ​មួយ​ទៀត​ដែល​កំពុង​ទទួល​រងការ​វាយប្រហារ​ពី​លោក​ដូណាល់ ត្រាំ។ តាំង​ពី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​មក លោក​ត្រាំ​បាន​ឆ្កឹះឆ្កៀល សើរើ​លើ​សឹង​គ្រប់​កិច្ចព្រមព្រៀង​ទាំង​អស់ មាន​ទាំង​កិច្ចព្រមព្រៀង​ទ្វេភាគី​រវាង​អាមេរិក និង​ប្រទេស​មួយ​ចំនួន និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​អាមេរិក​មុនៗ។ ជាក់ស្តែង លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ប្រទេស​ផ្សេង​ដែល​នាំ​ចូល​អាមេរិក និង​កំពុង​បន្ត​គំរាម​លើ​កិច្ចព្រមព្រៀង​ផ្សេង​ទៀត។

អ្វី​ដែល​លោក​ត្រាំ​កំពុង​បន្ត​អាក់អន់ ស្រពន់ចិត្ត គឺ​ការ​ដែល​អាមេរិក​កំពុង​ត្រូវ​បាន​អ្នក​ផ្សេង​ស៊ីខូង ដើរ​ខ្សែលើ។ លោក​ត្រាំ​យល់​ឃើញ​ថា អាមេរិក​មិន​អាច​បន្ត​បម្រើ​ឲ្យ​ប្រយោជន៍​ឲ្យ​អ្នក​ដទៃ​ជាង​ប្រយោជន៍​អាមេរិក​ខ្លួន​ឯង​បាន​ទៀត​ឡើយ ព្រោះ​វា​ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ពលរដ្ឋ​អាមេរិកាំង។ អ្វី​ដែល​លោក​ត្រាំ​ចង់​បាន គឺ​ទំនាក់ទំនង​ស្មើភាព និង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ស្មើភាព​ដោយ​គ្មាន​នរណា​កេងចំណេញ​លើ​នរណា​ឡើយ។ សម្រាប់​លោក​ត្រាំ អង្គការ​អូតង់​បាន​ផ្តល់​ប្រយោជន៍​ឲ្យ​អឺរ៉ុប​ជាង​អាមេរិក តែ​សម្រាប់​ក្រុម​អ្នក​វិភាគ គឺ​អាមេរិក​ដែល​កំពុង​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​អង្គការ​អូតង់។

ការ​ហ៊ាន​អះអាង​យ៉ាង​ដូច្នេះ​ក៏​ដោយសារ​តែ​បេសកកម្ម​របស់​អង្គការ​ពហុជាតិ​មួយ​នេះ​មិន​បាន​កម្រិត​ត្រឹម​ព្រំដែន​ក្នុង​រង្វង់​សម្ព័ន្ធអាត្លង់ទិក​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​ធ្វើ​ឡើង​នៅ​ក្រៅ​ព្រំដែន​សម្ព័ន្ធអាត្លង់ទិក​ដោយ​ឆ្លង​ដល់​ប្រទេស​អាហ្វហ្កានីស្ថាន អ៊ីរ៉ាក់ រួម​ទាំង​បាន​ចូលរួម​អន្តរាគមន៍​នៅ​ក្នុង​បញ្ហា​អន្តោប្រវេសន៍។ បន្ទាប់​មក អាមេរិក​ក៏​បាន​ឆ្លៀត​ប្រើ​វេទិកា​អូតង់​ដើម្បី​ពង្រីក​ឥទ្ធិពល​យោធា​របស់​ខ្លួន​នៅ​លើ​សមរភូមិ​ផ្សេង​ទៀត ដូច​យ៉ាង​នៅ​មជ្ឈិមបូព៌ា និង​ការ​ចែករំលែក​ព័ត៌មាន​ស្តីពី​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម។ លោក​ត្រាំ​ពិត​ជា​យល់​ច្បាស់ណាស់​ក្នុង​រឿង​នេះ តែ​អ្វី​ដែល​លោក​ត្រាំ​កំពុង​គំរាម​អឺរ៉ុប​ពេល​នេះ គឺ​គ្រាន់​តែ​ជា​លេស​មួយ​ដើម្បី​ទទួល​បាន​សម្បទាន​ពាណិជ្ជកម្ម​ពី​អឺរ៉ុប។

អង្គការ​អូតង់​ត្រូវ​ការ​ធ្វើ​កំណែទម្រង់

អាទិភាព​នៅ​ចំពោះ​មុខ គឺ​កំណែទម្រង់​លើ​រចនាសម្ព័ន្ធ​របស់​អង្គការ​ដែល​មាន​ចំណាស់​ជិត ៧០ឆ្នាំ​ដោយ​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី​ដើម្បី​សម្រប​ខ្លួន​ឲ្យ​ត្រូវ​នឹង​ស្ថានការណ៍​ពិភពលោក​សព្វថ្ងៃ។ ស្ថានការណ៍​ពិភពលោក​សព្វថ្ងៃ​ដែល​កំពុង​ទទួល​រង​ការ​គំរាមកំហែង​ពី​អង្គការ​រដ្ឋអ៊ីស្លាម និង​ការ​ដែល​ក្រុម​ប្រទេស​មហាអំណាច​កំពុង​ផ្តើម​បញ្ចេញ​ធ្មុង​ដាក់​គ្នា​ជា​ថ្មី​ដូច​ក្នុង​សម័យ​សង្រ្គាមត្រជាក់។ នៅ​ក្នុង​ន័យ​នេះ អង្គការ​អូតង់​អាច​ដើរ​តួនាទី​ជា​អាជ្ញាកណ្តាល​ក្នុង​បំបែក​គូប្រជែង និង​ចៀសវាង​កុំ​ឲ្យ​សង្រ្គាម​ត្រជាក់​កើត​មាន​ជា​ថ្មី​ម្តង​ទៀត។

នៅ​ក្នុង​រចនាសម្ព័ន្ធ​ថ្មី អូតង់​គ្រោង​បន្ថែម​បុគ្គលិក​ថ្មី​ចំនួន ១ ២០០នាក់​ទៅ​លើ​បុគ្គលិក​មាន​ស្រាប់​ចំនួន ៦ ៨០០នាក់​នៅ​សេនាធិការដ្ឋាន និង​ត្រូវ​រៀបចំ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​សេនាធិការដ្ឋាន​ទ័ពជើងទឹក ទ័ពជើងគោក និង​ទ័ពជើងអាកាស។ បន្ទាប់​មក យុទ្ធសាស្រ្ត​ថ្មី​របស់​អូតង់​នៅ​ឆ្នាំ ២០២០ គឺ​មាន​សមត្ថភាព​ក្នុង​ការ​ដាក់​ពង្រាយ​កម្លាំង​របស់​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈពេល ៣០នាទី​ឲ្យ​បាន ៣០កងវរសេនាតូច ៣០កងអាកាស និង ៣០​នាវាចម្បាំង។ បន្ទាប់​មក​ទៀត ជំនួបកំពូល​ក៏​នឹង​សម្រេចចិត្ត​ពី​ការ​បន្ត​ពង្រាយ​កម្លាំង​ទាហាន​នៅ​ក្នុង​ក្រុមប្រទេស​ក្នុង​តំបន់​បាល់ទិច និង​ប្រទេស​ប៉ូឡូញ​ដូច​ដែល​ជំនួបកំពូល​ឆ្នាំ ២០១៤ បាន​អនុម័ត៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បែលហ្ស៊ិក-អូតង់

    លោកដូណាល់ ទូស្ក​ស្នើ​លោក​ដូណាល់ ត្រាំ​ឲ្យ​គោរព​សម្ព័ន្ធមិត្ត​ផ្សេង​​​ក្នុង​អង្គការ​អូតង់

    ស្វែងយល់បន្ថែម

  • អាមេរិក-អូតង់

    លោក​​ ដូណាល់​ ត្រាំ​​ ​ដាក់​​​​សម្ពាធ​​​​​​​ប្រទេស​​​​​សមាជិក​​​​​អូតង់​​​​​ឲ្យ​​​​​បង្កើន​​​​​ការ​​​​​ចំណាយ​​​​​​លើ​​​​​កិច្ច​​​ការពារ​​ជាតិ​​​​​​

    ស្វែងយល់បន្ថែម

  • អូតង់

    សមាជិក​​អូតង់​​​​​​​មិន​​និយាយ​​​​ភាព​តានតឹង​​ប្រឈម​​អាមេរិក​ ​តែ​​​សាមគ្គី​គ្នា​​ប្រឈម​​រុស្ស៊ី​​វិញ​​

    ស្វែងយល់បន្ថែម

  • អូតង់

    កងទ័ព​អូតង់ ដឹកនាំ​ដោយ​អាមេរិក ផ្តើម​សមយុទ្ធ​យោធា​នៅក្បែរ​ព្រំដែន​រុស្ស៊ី​ភាគ​ខាងលិច

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ