អានតួអត្ថបទ
រុស្ស៊ី

បាល់ទាត់​ពិភពលោក៖ អ្នកឈ្នះ​ពិត​ប្រាកដ គឺ​រុស្ស៊ី និង​ប្រធានាធិបតី​ពូទីន

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨នេះ នឹងត្រូវបិទបញ្ជប់នៅយប់ថ្ងៃអាទិត្យទី១៥កក្កដា។ រុស្ស៊ី ដែលជាប្រទេសម្ចាស់ផ្ទះ រៀបចំការប្រកួត ត្រូវបានគេសរសើរ ថាបានរៀបចំព្រឹត្តិការណ៍នេះ ប្រកប​ដោយជោគជ័យ។ វាគឺជាកិត្តិយស និងមុខមាត់ របស់រដ្ឋាភិបាលរុស្ស៊ី ក៏ដូចជារបស់ លោកប្រធានាធិបតីពូទីន ផ្ទាល់តែម្តង ដែលបានបង្ហាញឲ្យពិភពលោក ឃើញពីសក្តានុពល ក៏ដូចជាលទ្ធភាពរបស់រុស្ស៊ី ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ ដ៏ធំដូចនេះ។

ពានបាល់ទាត់ពិភពលោក លក់​ជា​វត្ថុអនុស្សាវរិយ៍ នៅក្បែ​រ​រូប​តំណាង​វិហារ​កាតេត្រាល់​ សាំងបាស៊ីល ក្រុងមូ​ស្គូ
ពានបាល់ទាត់ពិភពលោក លក់​ជា​វត្ថុអនុស្សាវរិយ៍ នៅក្បែ​រ​រូប​តំណាង​វិហារ​កាតេត្រាល់​ សាំងបាស៊ីល ក្រុងមូ​ស្គូ Reuters
ផ្សាយពាណិជ្ជកម្ម

មិនថាក្រុមជំរើសជាតិ​ខាងណាឈ្នះនោះទេ តែអ្នកដែលឈ្នះពិតប្រាកដ គឺរដ្ឋាភិបាល​រុស្ស៊ី និងលោកប្រធានាធិបតីពូទីន​ផ្ទាល់តែម្តង ដែលបានជោគជ័យ ក្នុងការប្រកួតកីឡាបាល់ទាត់​ពិភពលោកឆ្នាំ២០១៨នេះ។ ភាពជោគជ័យ នៅពីក្រោយការរៀបចំព្រឹត្តិការណ៍កីឡា ដែលពេញនិយមបំផុតនេះ បានធ្វើឲ្យរុស្ស៊ី អាចធ្វើឲ្យគេភ្លេច នូវជំលោះ ក៏ដូចជាភាពមិនចុះសម្រុងការទូត រវាងរុស្ស៊ី និងប្រទេសលោកខាងលិច បានមួយគ្រាដែរ។

ជាការពិត ដំណើរការរៀបចំព្រឹត្តិការណ៍កីឡា ដែលរុស្ស៊ី ទទួលធ្វើជាម្ចាស់ផ្ទះនេះ បានប្រព្រឹត្តិទៅ យ៉ាងល្អ សឹងតែឥតខ្ចោះ។ ពហុកីឡាដ្ឋានទំនើបៗ បំពាក់ដោយគ្រឿងបរិកា្ខគ្រប់គ្រាន់​។ សន្តិសុខត្រូវបានធានា ដល់អ្នកគាំទ្រ មិនថានៅក្នុងពហុកីឡាដ្ឋាន ឬនៅទីលានខាងក្រៅ ដែលអ្នកគ្រាំអាចតាមដានការប្រកួត តាមរយៈការផ្សាយបន្តផ្ទាល់។

បណ្តញព័ត៌មានទូទាំងពិភពលោក បានផ្សព្វផ្សាយសរសើរ ថាបរិយាកាសនៅរុស្ស៊ី ក្នុងកំឡុងព្រឹត្តិការណ៍នេះ គឺពោរពេញដោយភាពសប្បាយរីករាយ រាក់ទាក់ និងអឺងកង ដោយសុវត្ថិភាព។ យ៉ាងណាមិញ ព័ត៌មានទាំងនេះ ត្រូវបានវិមានក្រឹមឡាំង ឆ្លៀតឃោសនា​បន្ថែម ថា ឱកាសបាល់ទាត់ពិភពលោកលើកនេះ រុស្ស៊ីបានបណ្តាលចិត្ត ឲ្យបណ្តាញព័ត៌មានទូទាំងពិភពលោក បានស្គាល់ ថាការពិត រុស្ស៊ីគឺជាអ្នកណា ព្រោះកន្លងមក បណ្តាញព័ត៌មានទាំងនោះ មិនសូវជានិយាយល្អពីរុស្ស៊ីនោះទេ។

គួតកត់សំគាល់ថា រូបភាពផ្សព្វផ្សាយ ពីរុស្ស៊ីរីកចំរើន រុស្ស៊ី សប្បាយរីករាយ​ រុស្ស៊ីមានសុវត្ថិភាព មានកំលាំងសមជាមហាអំណាច គឺជាអ្វីដែលប្រធានាធិបតីពូទីនចង់បង្ហាញប្រាប់ទៅពិភពលោកទាំងមូល។ ពាក្យរិះគន់ ឬមើលស្រាលមកលើរុស្ស៊ីដែលមានកន្លងមក ពេលនេះ អាចលែងមានប្រសិទ្ធិភាពទៀតហើយ។ តែយ៉ាងណាក៏ដោយ បើយើងក្រឡេក មកមើលការរំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយវិញ គឺគ្មានអ្វីប្រសើរឡើងទេ នៅរុស្ស៊ី។ រដ្ឋាភិបាលរុស្ស៊ី នៅតែបន្តរារាំង ការសំដែងមតិ និងចាប់បង្ឃាំង សកម្មជនការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ក៏ដូចចា​សកម្មជនតវ៉ា ដើម្បីលិទ្ធិប្រជាធិបតេយ្យ ជាច្រើននាក់ផ្សេងទៀត។

ជាងនេះទៅទៀត គេសង្ឃឹមថា ក្រោយការប្រកួតកីឡាបាល់ទាត់ពិភពលោកនេះ ហេដ្ឋារចនាសម្ព័ន្ធ ពហុកីឡាដ្ឋាន ក៏ដូចជាអាគារនានា ដែលត្រូវបានសាងសង់ថ្មី សម្រាប់ព្រឹត្តិការណ៍នេះ នឹងត្រូវគេកែច្នៃ រៀបចំយកទៅប្រើប្រាស់ ឲ្យបានជាប្រយោជន៍រួម ដល់ប្រជាជនរុស្ស៊ីទាំងអស់។ អ្នកតាមដានរិះគន់ ខ្លាចក្រែងថា រុស្ស៊ីជួបបទពិសោធន៍អាក្រក់ម្តងទៀត ដូចការរៀបចំកីឡាអូឡាំពិករដូវរងារ នៅក្រុងសុតឈីល ដែលក្រោយចប់ការប្រកួតរួចរាល់ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ តម្លៃរាប់ពាន់លានដុល្លារ ត្រូវបោះបង់ចោល ដូចវាលរហោស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ