អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង៖​ពានរង្វាន់​បាល់ទាត់ពិភពលោក​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច និង​ស្តារ​ប្រជាប្រិយភាព​ប្រធានាធិបតី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រកួតបាល់ទាត់​ពិភពលោក​រយៈពេល ១ខែ​ពី​ថ្ងៃទី១៤ មិថុនា​ដល់​ថ្ងៃទី១៥ កក្កដា​ក្នុង​ប្រទេស​រុស្ស៊ី​បាន​បិទ​បញ្ចប់​ដោយ​ពានរង្វាន់​បាន​ធ្លាក់​ក្នុង​ដៃ​ក្រុម​ជម្រើសជាតិ​បារាំង។ នេះ​ជា​លើកទី២ ដែល​បារាំង​ទទួល​បាន​ពានរង្វាន់បាល់ទាត់​ពិភពលោក បន្ទាប់​ពី​ទទួល​បាន​លើកទី១ ក្នុង​ឆ្នាំ ១៩៩៨។ ក៏​ដូច​ជា​កាល​ពី ២០ឆ្នាំ​មុន​ដែរ ជោគជ័យ​លើក​ទី២​ក្នុង​វិស័យ​កីឡា​មួយ​នេះ​បាន​ទទួល​ការ​សាទរ​ពី​ពលរដ្ឋ​បារាំង​គ្រប់​ស្រទាប់​វណ្ណៈ​តាំង​ពី​ជនសាមញ្ញ​រហូត​ដល់​អ្នក​នយោបាយ​គ្រប់​និន្នាការ​ទាំង​អស់។ ក្រៅ​ពី​នោះ ពានរង្វាន់​មួយ​នេះ​ក៏​អាច​ចូលរួម​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច និង​ជួយ​ស្តារ​កម្រិត​ប្រជាប្រិយភាព​របស់​លោក​ប្រធានាធិបតី​ម៉ាក្រុង​ដែល​កំពុង​មាន​កាន់​តែ​តិច​ទៅៗ​ដែរ។

បារាំង៖​ពានរង្វាន់​បាល់ទាត់ពិភពលោក​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច និង​ស្តារ​ប្រជាប្រិយភាព​ប្រធានាធិបតី?
បារាំង៖​ពានរង្វាន់​បាល់ទាត់ពិភពលោក​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច និង​ស្តារ​ប្រជាប្រិយភាព​ប្រធានាធិបតី? REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

កាល​ពី ២០ឆ្នាំ​មុន ពោល​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់ពិភពលោក​ឆ្នាំ ១៩៩៨ បារាំង​បាន​ក្លាយ​ជា​ជើងឯក​បាល់ទាត់ពិភពលោក​ដោយ​ទាត់​ឈ្នះ​ក្រុមជម្រើសជាតិ​ប្រេស៊ីល ៣ទល់​នឹង​សូន្យ។ ២០ឆ្នាំ​ក្រោយ​មក គឺ​ក្រុម​ជម្រើសជាតិ​ក្រូអាស៊ី​ដែល​ក្រុមជម្រើសជាតិ​បារាំង​បាន​ទាត់​ឈ្នះ​ដោយ​ទទួល​បាន​ពិន្ទុ ៤ ទល់​នឹង ២។ ក៏​ដូច​ជា ២០ឆ្នាំ​មុន​ដែរ ជ័យជំនះ​របស់​ក្រុមជម្រើសជាតិ​បារាំង​ពេល​នេះ​បាន​ទទួល​ការ​សាទរ​យ៉ាង​គគ្រឹកគគ្រេង​ដូច​គ្នា។ គួរ​រម្លឹក​ជូន​បន្តិច​ថា លោក Didier Deschamps ដែល​ជា​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​បារាំង​បច្ចុប្បន្ន គឺ​ជា​ប្រធាន​ក្រុមជម្រើសជាតិ​បារាំង​ជើងឯក​ឆ្នាំ ១៩៩៨។

កុំ​ថា​ឡើយ​ទទួល​បាន​ពានរង្វាន់ពិភពលោក​ផ្នែកកីឡាបាល់ទាត់​ដែល​ជា​កីឡា​ដ៏​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​គេ​ក្នុង​លោក ទោះបី​ជា​ក្នុង​ផ្នែក​កីឡា​អ្វី​ក៏​ដោយ ក៏​វា​ជា​មោទនភាព​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ទេ​សម្រាប់​មុខមាត់​ប្រទេស ថ្នាក់ដឹកនាំ និង​ប្រជាជន។ ទន្ទឹម​គ្នា​នេះ ពានរង្វាន់ពិភពលោក​ក្នុង​កីឡាបាល់ទាត់​ក៏​បាន​រួម​ចំណែក​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​បន្តិចបន្តួច​ដែរ។ តែ​អ្នក​ដែល​អាច​ទាញ​ផលចំណេញ​បាន​ច្រើន​ជាង​គេ​ពី​កីឡាបាល់ទាត់ និយាយ​ជា​រួម និង​ពី​ពានរង្វាន់បាល់ទាត់​ពិភពលោក និយាយ​ដោយឡែក គឺ​គ្មាន​នរណា​ក្រៅ​ពី​ប្រមុខរដ្ឋ ឬ​ប្រមុខ​រដ្ឋាភិបាល​ដែល​កំពុង​មាន​កម្រិត​ប្រជាប្រិយភាព​ធ្លាក់​ចុះ​ខ្លាំង​ទេ។

ជាក់ស្តែង ពានរង្វាន់បាល់ទាត់​ពិភពលោក​ដែល​បារាំង​ទទួល​បាន​ឆ្នាំ ១៩៩៨ បាន​ធ្វើ​ឲ្យ​កម្រិត​ប្រជាប្រិយភាព​របស់​លោក​ប្រធានាធិបតី Jacques Chirac ជំនាន់​នោះ​ស្ទុះ​ឡើង ១៥ពិន្ទុ។ លោក Chirac មិនមែន​ជា​អ្នក​ចូលចិត្ត​មើល និង​គាំទ្រ​បាល់ទាត់​ប៉ុន្មាន​ទេ តែ​លោក Chirac បាន​ចូលរួម​ទស្សនា​គ្រប់​ការ​ប្រកួត​របស់​ក្រុម​ជម្រើសជាតិ​បារាំង​ទាំង​អស់។ ករណី​ដូច​លោក Chiarc ត្រូវ​បាន​លោក​ប្រធានាធិបតី​បច្ចុប្បន្ន​ម៉ាក្រុង​យក​គំរូ​តាម និង​បាន​ធ្វើ​លើស​លោក Chirac កាល​ពី ២០ឆ្នាំ​មុន​ទៅ​ទៀត។ ក៏​ដូច​ជា​លោក Chirac លោក​ម៉ាក្រុង​បាន​ទៅ​ជួប​ក្រុម Les Bleus ឬ​ក្រុម​អាវខៀវ ព្រម​ទាំង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ហ្វឹកហាត់​របស់​ពួក​គេ​តាំង​ពី​មុន​បើក​ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ក្នុង​ប្រទេស​រុស្ស៊ី។

បន្ទាប់​មក និង​ដើម្បី​ជួយ​លើក​ទឹកចិត្ត Les Bleus លោក​ម៉ាក្រុង​បាន​ធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​ចំនួន ២ដង​ដើម្បី​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​ការ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បារាំង បែលហ្ស៊ិក និង​វគ្គ​ផ្តាច់ព្រ័ត្រ​បារាំង ក្រូអាស៊ី។ អាច​ថា​ជា​សំណាង​ក៏​បាន ជា​ឱកាស​ក៏​បាន​ដែរ ព្រោះ​ពានរង្វាន់បាល់ទាត់​ពិភពលោក​ដែល​បារាំង​ទទួល​បាន​ពេល​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​កម្រិត​ប្រជាប្រិយភាព​របស់​លោក​ម៉ាក្រុង​ដាំ​ក្បាល​ចុះ​ខ្លាំង និង​ចំ​ពេល​ដែល​សង្គម​បារាំង​មាន​ភាព​ប្រេះឆា​ដោយសារ​តែ​ពលរដ្ឋ​ហាក់​លែង​មាន​ជំនឿ​លើ​នយោបាយ​របស់​រដ្ឋាភិបាល។ ដូច្នេះ​ចង់ ឬ​មិនចង់ តិច ឬ​ច្រើន ពានរង្វាន់បាល់ទាត់ពិភពលោក​ពេល​នេះ​ជា​បំពង់​ខ្យល់​អុកស៊ីសែន​ថ្មី​សម្រាប់​ជួយ​ស្តារ​ប្រជាប្រិយភាព​លោក​ម៉ាក្រុង។

ម្យ៉ាង​ទៀត ជ័យជំនះ​ផ្នែក​កីឡា​មួយ​នេះ​ក៏​អាច​ជួយ​រុញ​ចរន្ត​សេដ្ឋកិច្ច​ឲ្យ​ស្ទុះ​ឡើង​មួយ​កម្រិត​ដែរ។ ក្រុម​អ្នកសេដ្ឋវិទូ​បាន​ប្រមើលមើល​ពី​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា​តិចតួច គឺ ០,១ពិន្ទុ និង​កំណើន​ចាយវាយ​របស់​ពលរដ្ឋ​ក្នុង​អត្រា ០,២ពិន្ទុ។ វា​ពិត​ជា​រឿង​ល្អ​ណាស់​ដែល​ពានរង្វាន់ពិភពលោក​ក្នុង​ផ្នែក​កីឡា​បាន​ចូលរួម​លើក​ដំកើង​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គម តែ​បញ្ហា​នៅ​ត្រង់​ថា ឥទ្ធិពល ឬ​ចំហាយ​វិជ្ជមាន​បាន​មក​ពី​វិស័យ​កីឡា​ហាក់​មាន​រយៈពេល​ខ្លី ពោល​បាន​តែ​មួយ​ឆាវ​ដំបូង​ប៉ុណ្ណោះ។ ប៉ុន្មាន​ខែ​ក្រោយ​មក ឥទ្ធិពល​របស់​ពានរង្វាន់ពិភពលោក​មួយ​នេះ​នឹង​ថមថយ​បន្តិច​ម្តងៗ ហើយ​អ្វីៗ​ក៏​នឹង​ត្រឡប់​មក​រក​ភាព​ដើម​របស់​វា​វិញ​ដែរ។

មែនទែន​ទៅ និង​បើ​និយាយ​តែ​ពី​កីឡាបាល់ទាត់​មួយ គឺ​មាន ២ប្រទេស​ដែល​បាន​ទទួល​ផលចំណេញ​ច្រើន​ជាង​គេ គឺ​ប្រទេស​ដែល​ទទួល​ពានរង្វាន់ពិភពលោក និង​ប្រទេស​ម្ចាស់ផ្ទះ​ដែល​បាន​រៀបចំ​ការ​ប្រកួត​ដោយ​រលូន​ពី​ដើម​ដល់​ចប់។ សម្រាប់​ការ​ប្រកួត​ឆ្នាំ ២០១៨ នេះ គឺ​រុស្ស៊ី​ជា​ប្រទេស​អ្នក​រៀបចំ ហើយ​បារាំង​បាន​ក្លាយ​ជា​ប្រទេស​ជើងឯក​បាល់ទាត់ពិភពលោក។ ដូច្នេះ គឺ​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង និង​សមភាគី​រុស្ស៊ី​លោក​ពូទីន​កំពុង​ក្លាយ​ជា​តួឯក​ដូច​គ្នា។ លោក​ម៉ាក្រុង​បាន​ប្រើ​ការទូត​កីឡា​ដើម្បី​ស្តារ​ប្រជាប្រិយភាព​របស់​លោក​ឡើង​វិញ ចំណែក​លោក​ពូទីន​បាន​ប្រើ​ការទូតកីឡា​ដើម្បី​បង្ហាញ​ប្រាប់​បស្ចិមលោក​ពី​មុខមាត់​ពិត​របស់​រុស្ស៊ី។

ជា​រួម​គេ​សង្កេត​ឃើញ​ថា វិស័យ​កីឡា​ត្រូវ​បាន​គេ​ប្រើ​ជា​មធ្យោបាយ​ដើម្បី​កេងចំណេញ​ខាង​នយោបាយ ឬ​មួយ​ក៏​ដើម្បី​សម្រុះសម្រួល​ភាព​តានតឹង​មួយ​ចំនួន​ជា​ដើម។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា នេះ​គ្រាន់​ជា​ជម្រើស​បណ្តោះអាសន្ន និង​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ